អានតួអត្ថបទ
ICC-កូតឌីវ័រ

លោកឡូរ៉ង់ បាក់បូ និង​លោកឆាប្លេ ហ្គូដេ​ត្រូវ​បាន ICC ដោះលែង​ឲ្យ​មាន​សេរីភាព​ក្រោម​លក្ខខណ្ឌ

អតីត​ប្រធានាធិបតី​កូតឌីវ័រ​ លោកឡូរ៉ង់ បាក់បូ
អតីត​ប្រធានាធិបតី​កូតឌីវ័រ​ លោកឡូរ៉ង់ បាក់បូ CPI

នៅ​ថ្ងៃ​សុក្រ ទី១ កុម្ភៈ ក្រុម​ចៅក្រម​នៃ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បាន​សម្រេច​ដោះលែង​លោក​ឡូរ៉ង់ បាក់បូ និង​លោក​ឆាប្លេ ហ្គូដេ​ឲ្យ​មាន​ឲ្យ​មាន​សេរីភាព​ក្រោម​លក្ខខណ្ឌ​តឹងតែង។ គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃ​អង្គារ ទី១៥ មករា អតីត​ប្រធានាធិបតី​កូតឌីវ័រ​លោក​បាក់បូ និង​មនុស្សជំនិត​របស់​គាត់​គឺ​លោក​ហ្គូដេ​ត្រូវ​បាន​សាលាដំបូង​របស់ ICC សម្រេច​កាត់ក្តី​គ្មានទោស និង​ស្នើ​ឲ្យ​ដោះលែង​ជា​បន្ទាន់។ នៅ​ថ្ងៃ​សៅរ៍ ទី២ កុម្ភៈ និង​បន្ទាប់​ពី​បាន​សម្រាក​នៅ​ក្រៅ​ឃុំ​បាន​មួយ​យប់ ប្រទេស​បែលហ្ស៊ិក​បាន​ប្រកាស​ទទួលយក​លោក​បាក់បូ។ ចំណែក​លោក​ហ្គូដេកំពុងរង់ចាំ​ប្រទេស​ដែល​យល់ព្រម​ទទួល​យក​​ឲ្យ​ស្នាក់នៅ។

ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​រង់ចាំ​ដល់​ម៉ោង ១០ និង​៣០នាទី​យប់​ម៉ោង​ក្នុង​ប្រទេស​ហូឡង់​ទើប​តុលាការកំពូល​ក្នុង​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ ICC ប្រកាស​សាលក្រម​របស់​ខ្លួន​ដោយ​សម្រេច​ដោះលែង​លោក​ឡូរ៉ង់ បាក់បូ និង​លោក​ឆាប្លេ ហ្គូដេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ជាមួយ​នឹង​លក្ខខណ្ឌ​តឹងតែង។ សាលក្រម​ដែល​បាន​ទទួល​យល់ព្រម​ជា​ឯកច្ឆន្ទ​ពី​ចៅក្រម​ទាំង ៥រូប​នៃ​តុលាការកំពូល​ក្នុង ICC ត្រូវ​បាន​អាន​ដោយ​ប្រធាន ICC។ បន្ទាប់​ពី​មាន​ភាព​ស្រពិចស្រពិល​ទាក់ទង​នឹង​ប្រទេស​ដែល​ត្រូវ​ទទួល​យក​លោក​បាក់បូ និង​លោក​ហ្គូដេ​ឲ្យ​ស្នាក់នៅ​តាម​សំណើ​របស់​ប្រធាន ICC មក ប្រទេស​បែលហ្សិក​បាន​ប្រកាស​ទទួល​យកតែ​លោក​បាក់បូ​នៅ​ថ្ងៃ​សៅរ៍ ទី២ កុម្ភៈ​ដោយ​បញ្ជាក់​ថា លោក​បាក់បូមាន​ក្រុម​គ្រួសារ​រស់នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក។ ចំណែកលោក​​ហ្គូដេវិញ​នៅ​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​ទទួល​យក​នៅ​ឡើយ​ទេ។

អ្វី​ជា​ការ​កត់សម្គាល់ ការ​សម្រេច​របស់​តុលាការកំពូល​ក្នុង​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សាលាដំបូង​ក្នុង ICC បាន​សម្រេច​កាល​ពី​ថ្ងៃ​អង្គារ ទី១៥ មករា​ពី​ភាព​គ្មាន​ទោស​របស់​លោក​បាក់បូ និង​លោក​ហ្គូដេ ហើយ​បាន​ទាមទារ​ឲ្យ​ដោះលែង​ជា​បន្ទាន់។ តែ​ដោយ​មាន​

បណ្តឹងឧទ្ធរណ៍​របស់​រដ្ឋអាជ្ញា​ដែល​ប្តឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលាដំបូង ក្រុមចៅក្រម​របស់​តុលាការកំពូល​ក៏​បាន​សម្រេច​បន្ត​ឃុំ​បុរស​ទាំង​ពីរ​ដល់​ថ្ងៃ​បើក​សវនាការ​ថ្មី​ក្នុង​ថ្ងៃទី១ កុម្ភៈ។ ជាមួយ​នឹង​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ក្រោម​លក្ខខណ្ឌ​របស់​ក្រុមចៅក្រម​នៃ​តុលាការកំពូល​ពេល​នេះ លោក​បាក់បូ និង​លោក​ហ្គូដេ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​រៀងរាល់​មួយ​សប្តាហ៍​ម្តង​នៅ​ចំពោះ​មុខ​រដ្ឋអំណាចនៃ​ប្រទេស​ដែល​ទទួល​ឲ្យ​ស្នាក់នៅ។ បុរស​ទាំង​ពីរ​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ក្នុង​តំបន់​រស់នៅ​ក្នុង​ប្រទេស​នោះ ហើយ​បើ​ចង់​ចេញ​ពី​តំបន់​នោះ ឬ​មួយ​ចង់​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រទេសផ្សេង​ត្រូវ​​សុំ​ការ​អនុញ្ញាត​ពី ICC ជា​មុន។

គួរ​រម្លឹក​ឡើង​វិញ​ថា លោក​បាក់បូ និង​លោក​ហ្គូដេ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដូចជា​ការ​សម្លាប់ រំលោភ និង​ធ្វើ​ទុក្ខបុកម្នេញ​ក្នុង​អំពើ​ហិង្សា​កើត​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​កូតឌីវ័រ​ឆ្នាំ​ ២០១០ ២០១១ ដែល​លោក​បាក់បូ​ចាញ់ឆ្នោត។ អំពើហឹង្សា​រយៈពេល ៥ខែ​កាល​ណោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៣ ០០០នាក់។ បន្ទាប់​មក លោក​បាក់បូ និង​លោក​ហ្គូដេ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​របស់​គូប្រជែង​ចាប់​បញ្ជូន​ទៅ​ឲ្យ​តុលាការក្រុង​ឡាអេ​ឃុំខ្លួន​ក្នុង​ឆ្នាំ ២០១១។ ទីបំផុត និង​បន្ទាប់​ពី​បាន​ជាប់ឃុំ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ ៨ឆ្នាំ​មក ICC នៅ​មិន​អាច​រក​បាន​ភស្តុងតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​លោក​បាក់បូ និង​លោក​ហ្គូដេ​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ