អានតួអត្ថបទ

តួកគីមិន​ប្តូរជំហរ​រឿង​ទិញ​មីស៊ីល​ពី​រុស្ស៊ី​ទេ

មីស៊ីល S-400 ដែល​រុស្ស៊ី​បង្ហាញ​ក្នុង​ព្យុហយាត្រា​នាថ្ងៃ​បុណ្យ​ជាតិ
មីស៊ីល S-400 ដែល​រុស្ស៊ី​បង្ហាញ​ក្នុង​ព្យុហយាត្រា​នាថ្ងៃ​បុណ្យ​ជាតិ ©REUTERS/Sergei Karpukhin

តួកគី​មិន​ប្តូរ​ចិត្ត​ទេ ! តួកគី​នៅ​តែ​រក្សា​កិច្ចសន្យា​ទិញ​មីស៊ីល​S-៤០០​ពី​រុស្ស៊ី​ដដែល ទោះ​បី​​ជា​សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​យ៉ាង​ណា​ក៏​ដោយ ! នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​សៅរ៍ទី​១៦​កុម្ភៈ ២០១៩​​នេះ ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ជំនួប​កំពូល​ជាមួយ​អ៊ីរ៉ង់​និង​រុស្ស៊ី នៅ​ស៊ុតឈី Sotchi។

ផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​លោក​ដូណាល់ ត្រាំ បាន​ដាក់​កំរិត ក្រៅ​ផ្លូវការ​​ និង​ទុក​ពេល​ឱ្យតួកគី​​ រហូត​ដល់​ថ្ងៃទី ១៥ កុម្ភៈ ​ក្នុង​ការ​សម្រេច​ចិត្ត​​​​បោះបង់​កិច្ចសន្យា​ទិញ​មីស៊ីល​ពីរុស្ស៊ី​។ កិច្ចសន្យាតម្លៃ​ជាង ២៥០០លាន​ដុល្លារដែល​​តួកគី​និង​រុស្ស៊ី ​បាន​ចុះ​ហត្ថលេខា​ កាលពី​ចុង​ឆ្នាំ​២០១៧​ ជាមួយ​នឹងគម្រោង​​ប្រគល់​មីស៊ី​ល​នៅ​ខែ​កក្កដា ២០១៩​ខាង​មុខ​នេះ។ ប៉ុន្តែ​ប្រធានាធិបតី​តួកគី​ មិនបាន​យក​ត្រចៀក​ស្តាប់​សារ​បែប​គំរាម​របស់​អាមេរិក​ឡើយ !

“តួកគី​បាន​ចុះ​កិច្ចសន្យា​​ទិញ​មីស៊ីល​S-៤០០ ជាមួយ​រុស្ស៊ី​រួច​រាល់ហើយ​ ដូច្នេះ​គ្មាន​ហេតុ​ផល​អ្វី​ដែល​តួកគី​ត្រូវ​សើរើ​វិញ​​ទេ។ ​នេះ​ជា​ប្រសាសន៍​របស់​លោក អ៊ែរដូហ្កាន ដោយ​គូស​បញ្ជាក់​ថា តួកគី​ក៏ចង់​​​ទិញ​មីស៊ីល​Patriotអាមេរិក​ដែរ​ ប្រសិន​បើ​កិច្ចសន្យា​ទិញ​ជាមួយ​អាមេរិក​អាច​ផ្តល់​ប្រយោជន៍​ឱ្យ​ប្រទេស​តួកគី ដូច​ជា​តួកគីមាន​ចំណែក​​ផលិត​រួម​គ្នា​ ផ្តល់​ភាព​ងាយ​ស្រួយ​ក្នុង​ការ​បង់​ប្រាក់ ហើយ​​រយៈ​ពេលនៃ​ការ​​ប្រគល់​ទំនិញ​​ខ្លី។

បើ​តាម​លោក​អ៊ែរដូហ្កាន ពេល​នេះ​អាមេរិក​និង​តួកគី​កំពុង​ចរ​ចា​គ្នា​ត្រង់​ចំណុច​ផលិតកម្ម​ ​និង​ថ្ងៃ​ប្រគល់​មីស៊ីល​នោះ​ឯង។ ប៉ុន្តែ​ខាង​​សហរដ្ឋ​អាមេរិក​វិញ ថ្វី​បើ​វ៉ាស៊ីនតោន មើល​ឃើញ​អំពី​ចំនុច​វិជ្ជមាន​នៃ​កាលបរិច្ឆេទ​ប្រគល់​មីស៊ីល​មែន ប៉ុន្តែអាមេរិក​មិន​ពេញ​ចិត្ត​នឹង​សំណើ​ពីរ​ទៀតរបស់​តួកគី​ឡើយ។​

ជា​ផ្លូវការ ​កិច្ចចរចា​ទិញ​មីស៊ីល​Patriotអាមេរិក តម្លៃ​ ៣៥០០​លាន​ដុល្លារ​ ត្រូវ​ផុត​ពេល​នៅ​ថ្ងៃទី ៣១​មីនា​ខាង​មុខ ហើយបើ​អាច​ចេញ​រួច ក៏​ទំនង​ជា​​នឹង​ត្រូវ​សភា​អាមេរិកប្រឆាំ​ង​ជំទាស់ទៀត ព្រោះអាមេរិក​មិន​ពេញ​ចិត្ត​នឹង​ឃើញ​តួកគី​ជាសមាជិក​អូតង់​ទិញ​មីស៊ីល​របស់​រុស្ស៊ី ​ជា​គូប្រជែង​ឡើយ។ អាមេរិក​​ធ្លាប់​បាន​ព្រមានអង់ការ៉ាហើយ​​ថា ​រក្សា​កិច្ចសន្យា​ជាមួយ​ម៉ូស្គូ​ អាច​នឹង​ប៉ះពាល់​ដល់​ការចង់​បញ្ជា​​ទិញ​យន្តហោះ​ចម្បាំង​F-៣៥​ពី​ក្រុមហ៊ុនLockheed Martin ​អាមេរិក ព្រមទាំង​ការ​ស្តារ​​ទណ្ឌកម្ម​អាមេរិកប្រឆាំង​នឹង​​តួកគីឡើង​វិញ​​ផង។

អាមេរិក​ត្រូវ​ប្រគល់​យន្តហោះ​ចម្បាំង​ប៉ុន្មាន​គ្រឿង​ដំបូង​មក​ឱ្យ​តួកគី តាំង​​ខែ​មិថុនា ២០១៨ ប៉ុន្តែ​យន្តហោះ​ទាំង​នោះ​មិន​ទាន់​បាន​ចាក​ចេញ​ពី​ទឹក​ដី​អាមេរិក​ទេ ដោយ​ត្រូវ​រង់ចាំឱ្យ​​អ្នក​បើក​បរ​តួកគី បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ចប់​សិន។ ការ​បណ្តុះ​បណ្តាល​អាច​ប្រើ​​ពេល មួយ​ទៅ​ពីរ​ឆ្នាំ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ