អានតួអត្ថបទ
អាល្លឺម៉ង់-អារ៉ាប៊ី សាអូឌីត

លក់អាវុធ​ទៅ​ឲ្យ​អារ៉ាប៊ី សាអូឌីត៖ ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទើសទាល់​ដោយសារ​ជំហររបស់​អាល្លឺម៉ង់​

យន្តហោះ​ចម្បាំង​របស់​អឺរ៉ុបឈ្មោះ Typhoon ដែល​អារ៉ាប៊ី សាអូឌីត​ទិញ​ទៅ​បំពាក់​ឲ្យ​កងទ័ព​របស់ខ្លួន
យន្តហោះ​ចម្បាំង​របស់​អឺរ៉ុបឈ្មោះ Typhoon ដែល​អារ៉ាប៊ី សាអូឌីត​ទិញ​ទៅ​បំពាក់​ឲ្យ​កងទ័ព​របស់ខ្លួន ©REUTERS/Michaela Rehle

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ប្រកាស​នៅថ្ងៃ​ព្រហស្បតិ៍ថា ខ្លួន​នឹង​បន្ត​ផ្អាក ការនាំចេញ​គ្រឿង​បរិក្ខា​យោធា ទៅ អារ៉ាប៊ី សាអូឌីត ៦ខែទៀត។ ទីក្រុង​ប៊ែរឡាំង​បាន​សម្រេច​ព្យួរ ការនាំចេញ​សព្វាវុធ​ទៅ​អារ៉ាប៊ី សាអូឌីត ចាប់តាំង​ពី​មាន​ករណី​ឃាតកម្ម​ទៅលើ​រូបលោក​ខាស្ហូជី អ្នកកាសែត រិះគន់​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ។ ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​អាច​បង្ក​ភាពតានតឹង ជាមួយប្រទេស​អឺរ៉ុប​ផ្សេងទៀត ដែល​ជាដៃគូ​របស់​អាល្លឺម៉ង់ ក្នុង​វិស័យ​លក់​នាំចេញ​អាវុធ។ 

ផ្សាយពាណិជ្ជកម្ម

តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ វិធានការ ព្យួរ​ការនាំចេញ​គ្រឿង​បរិក្ខា​យោធា ទៅ​អារ៉ាប៊ីសាអូឌីត នឹង​បន្ត​រហូត​ដល់​ខែ​កញ្ញា​ខាងមុខ។ ការសម្រេចចិត្ត​របស់​ភាគី​អាល្លឺម៉ង់ នឹង​ធ្វើ​ឲ្យ​ប្រទេសដៃគូ​អឺរ៉ុប​ផ្សេង​មិន​សប្បាយចិត្ត។ សូមបញ្ជាក់ថា នៅពេល​អាល្លឺម៉ង់ សម្រេច​ផ្អាក​ការនាំចេញ​អាវុធ​ទៅ​អារ៉ាប៊ី សាអូឌីត នៅក្រោយ​ឃាតកម្ម​ទៅលើ​អ្នកកាសែត ខាស្ហូហ្ស៊ី នៅ​ប្រទេស​តួកគី ប្រទេស​សម្ព័ន្ធមិត្ត​អឺរ៉ុប​ផ្សេងទៀត បាន​ដំឡើង​សំលេង​រិះគន់​ខ្លាំងៗ ព្រោះថា ការសម្រេចចិត្ត​របស់ អាល្លឺម៉ង់​នឹង​អាច​ធ្វើ​ឲ្យ​កិច្ចសន្យា​លក់​សព្វាវុធ ទៅ​ឲ្យ​អារ៉ាប៊ី សាអូឌីត ក្នុង​តម្លៃរាប់ពាន់​លាន​អឺរ៉ូ ស្ថិតក្នុង​ភាពមិនប្រាកដប្រជា។

ទៅតាម​ការសម្រេច នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​លែង​ផ្តល់​អាជ្ញាបណ្ណ​ដល់​ការនាំចេញ មីស៊ីល បាញ់​បាន​ចម្ងាយឆ្ងាយ ឈ្មោះ Meteor ដែល​គេ​បំពាក់​នៅ​លើ​យន្តហោះ​ចម្បាំង ដែល​កងទ័ព​អារ៉ាប៊ី សាអូឌីត បាន​ទិញ ពី​ក្រុមហ៊ុន​អឺរ៉ុប។ តួ​មីស៊ីល Meteor ត្រូវ​ផលិត​ដំឡើង ដោយ​ក្រុមហ៊ុនMBDA ដែលជា​សាខា​របស់​ក្រុមហ៊ុន​អឺរ៉ុប អ៊ែរប៊ូស ប៉ុន្តែ ​ក្បាលគ្រាប់​បំពាក់​នៅលើ​មីស៊ីល ផលិត​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​អាល្លឺម៉ង់។

នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​សមភាគី​អាល្លឺម៉ង់ ប្រមុខការ​បរទេស​អង់គ្លេស បាន​លើកឡើង​ថា អាល្លឺម៉ង់​ខ្វះ​ភាពស្មោះត្រង់ ចំណែក​រដ្ឋមន្រ្តី​ការបទេស​បារាំង​បានរិះគន់​នយោបាយ​នាំចេញអាវុធ​របស់​អាល្លឺម៉ង់ ដែល​ផ្លាស់ប្តូរ មិន​ឈប់។

ដើម្បី​កាត់បន្ថយ​ភាពតានតឹង និង​ការព្រួយ​បារម្ភ​របស់​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដូចជា​បារាំង និង​អង់គ្លេស​ជាដើម ដែល​អាច​រង​ប៉ះពាល់ ដោយសារ​វិធានការ​ថ្មី របស់​អាល្លឺម៉ង់ រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​បាន​យល់ព្រម​ពន្យារ​ពេល​អាជ្ញាបណ្ណ​នាំ​ចេញ​អាវុធ ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​ផ្តល់ឲ្យ នៅ​មុន​ខែ​តុលា ពោល​គឺ​នៅ​មុន​ឃាតកម្ម​ទៅលើ​អ្នកកាសែត ខាស្ហូហ្ស៊ី។

ជាមួយ​គ្នានេះ អាល្លឺម៉ង់​បាន​ក្រើនរំលឹក​ផងដែរ ដល់​រដ្ឋាភិបាល បារាំង និង​អង់គ្លេស ឲ្យចេញ​មុខ​ធានា ថា សព្វាវុធ​ដែល​លក់​ទៅ​ឲ្យ​អារ៉ាប៊ី សាអូឌីត ឬ​អេមីរ៉ា អារ៉ាប់រួម នឹង​មិន​ត្រូវ​គេ​យក​ទៅ​ប្រើ នៅក្នុង​សង្រ្គាម​យេម៉ែន ដែល​បាន​សម្លាប់មនុស្ស​ជាង ១ម៉ឺននាក់ តាំង​ពី​ឆ្នាំ ២០១៥មក។

សម្ព័ន្ធមិត្ត​អារ៉ាប់ ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ ទ័ពអាកាស វាយប្រហារ​ទៅ​លើ​ក្រុមប្រឆាំង​នៅ​យេម៉ែន បាន​រង​ចោទប្រកាន់​ថា បាន​បាញ់​មីស៊ីល សម្លាប់​ប្រជាជន​ស៊ីវិល នៅ​យេម៉ែន។ ទីក្រុងវ៉ាស៊ីនតោន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អារ៉ាប៊ី សាអូឌីត នៅថ្ងៃម្សិលមិញ បាន​ទាមទារ​ឲ្យ​មានការស៊ើបអង្កេត លើ​ប្រតិបត្តិការ​ទ័ព​អាកាស​របស់​អារ៉ាប៊ី សាអូឌីត ដែល​បាន​សម្លាប់មនុស្ស ៨នាក់ ដែលនៅក្នុង​មានកុមារ យេម៉ែន ៥នាក់។

នៅក្រោយ​ឃាតកម្ម​ទៅលើ​អ្នកកាសែត រិះគន់ អារ៉ាប៊ី សាអូឌីត ដែល​សមាជិក​ព្រឹទ្ធសភា​ទម្លាក់កំហុស​ទៅលើ​ព្រះរាជបុត្រ​ស្នងរាជ្យ ព្រឹទ្ធសភា អាមេរិក​បាន​បោះឆ្នោត ទាមទារ​ឲ្យ​រដ្ឋបាល​លោកដូណាល់ ត្រាំ ឈប់​ផ្គត់ផ្គង់​សម្ភារៈយោធា ហើយ​និង​ដកទ័ព​អាមេរិក ពី​សម្ព័ន្ធអារ៉ាប់ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​យោធា នៅ​យេម៉ែន៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ