អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​បើក​ជំនួបកំពូល​លើកទី២ ដើម្បី​ធានា និង​ផ្តល់​សន្ទុះ​លើ​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ

សំឡេង ០៥:៣៨
ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង រូបឆ្វេង និង​សមភាគី​អ៊ីតាលី​​លោក​ Sergio Mattarella ថ្ងៃទី២២ មីនា ២០១៩ ក្នុង​ទីក្រុង​រ៉ូម
ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង រូបឆ្វេង និង​សមភាគី​អ៊ីតាលី​​លោក​ Sergio Mattarella ថ្ងៃទី២២ មីនា ២០១៩ ក្នុង​ទីក្រុង​រ៉ូម Alessandro Di Meo/Pool via REUTERS

ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ដល់​ថ្ងៃ​សៅរ៍ ទី២៧ មេសា ចិន​រៀបចំ​ជំនួបកំពូល​លើកទី២ ស្តីពី​គម្រោង« ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង។ ជំនួបកំពូល​លើកទី២ បើក​ធ្វើ​ឡើង ក្នុង​ពេល​ដែល​មាន​ប្រទេស​កាន់​តែ​ច្រើន​ឡើង​នៅ​អាស៊ី នៅ​អាហ្រ្វិក និង​នៅ​អឺរ៉ុប​បាន​ភ្ជាប់ខ្លួន និង​ចាប់ដៃ​រួមសហការណ៍​ជាមួយ​ចិន។ តែ​ក្នុង​ពេល​ជាមួយ​គ្នា គម្រោង​របស់​ក្រុង​ប៉េកាំង​មួយ​នេះ​ក៏​កំពុង​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​នៅ​ផ្ទែក្នុង​សហភាព​អឺរ៉ុប មាន​ប្រទេស​ខ្លះ​បន្ត​រារែក អល់អែក និង​មាន​ប្រទេស​ខ្លះ​ទៀត​បាន​ចេញ​មុខ​រិះគន់ ទិតៀន​ចិន​មិន​សំចៃ​មាត់​ដោយ​ចោទ​ចិន​ពី​បទ​ធ្វើ​អាណានិគម​សេដ្ឋកិច្ច ឬ​មួយ​ប្រើ​នយោបាយ​ការទូត​បំណុល​ទៅ​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ចិន​មិន​ឈឺ​ក្បាល ក្រាល​ព្រំក្រហម​ទទួល​មេដឹកនាំ​ដែល​បាន​សម្រេច​ចូលរួម​ជាមួយ​ខ្លួន និង​ទុក​ទ្វារ​ចំហ​គ្រប់​ពេល​ដើម្បី​ទទួល​ប្រទេស​សមាជិក​ថ្មី។

ផ្សាយពាណិជ្ជកម្ម

« ខ្សែក្រវ៉ាត់ និង​ផ្លូវ » ឬ« ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » គឺ​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សកល​ដែល​បាន​ផ្តួចផ្តើម​​ដោយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ក្នុង​ឆ្នាំ ២០១៣។ កម្មវត្ថុ​នៃ​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » គឺ​បង្កើន​ការ​ត ភ្ជាប់​ផ្លូវ​ពាណិជ្ជកម្ម​រវាង​ចិន​ជាមួយ​ទ្វីប​អាស៊ី អឺរ៉ុប អាហ្វ្រិក និង​ឆ្ងាយ​ពី​នេះ។ នៅ​ក្នុង​គម្រោង« ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » មាន​ការ​សាងសង់​កំពង់ផែ ផ្លូវ​រថភ្លើង អាកាសយានដ្ឋាន ឬ​មួយ​ក៏​ឧទ្យាន​ឧស្សាហកម្ម។ គម្រោង« ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » ត្រូវ​បាន​ចិន​បើក​សម្ពោធ​ជា​ផ្លូវការ​តាម​រយៈ​ការ​រៀបចំ​ជំនួបកំពូល​លើកទី១ ក្នុង​ឆ្នាំ ២០១៧។ ជំនួបកំពូល​លើកទី១ កាល​ណោះ​បាន​ចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​បរទេស​ចំនួន ២៩នាក់។

នៅ ២ឆ្នាំ​ក្រោយ​មក មាន​វត្តមាន​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​បរទេស​រហូត​ដល់​ទៅ ៣៧រូប​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​លើកទី២ រយៈពេល ៣ថ្ងៃ​ក្នុង​ទីក្រុង​ប៉េកាំង​ពេល​នេះ។ ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន រួម​ទាំង​ថ្នាក់ដឹកនាំ​មក​ពី​អាស៊ី អឺរ៉ុប និង​អាហ្រ្វិក​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ផ្ទាល់​នៅ​ក្នុង​ជំនួបកំពូល។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា « ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » របស់​ចិន​បាន និង​កំពុង​បន្ត​ទាក់ទាញ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រទេស​កាន់​ច្រើន ហើយ​នេះ​ក៏​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា « ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » របស់​ចិន​មិនមែន​ហុច​ប្រយោជន៍​ឲ្យ​តែ​ចិន​ម្នាក់​ឯង​ឯ​ណា។ ក្រៅ​ពី​ប្រទេស​ក្រីក្រ តូចតាច​ដែល​​ចិន​អាច​អូសទាញ​បាន​ដោយ​ងាយស្រួល ក៏​មាន​ការ​ចូលរួម​ដោយ​ប្រទេស​បស្ចិមលោក​គ្រាក់ៗ​មួយ​ចំនួន​ដែរ។

ក្នុង​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ ចិន​ទើប​ញ៉ែ​បាន​អ៊ីតាលី​ដែល​ជា​សមាជិក​អឺរ៉ុប សមាជិក​អង្គការ​អូតង់ និង​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សហកម្ម​ក្នុង​លោក​ហៅកាត់ G៧។ ឥឡូវ​នេះ ប្រទេស​ស្វ៊ីស​ក៏​កំពុង​ត្រៀមខ្លួន​ចូលរួម​ជាមួយ​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » របស់​ចិន​ដែរ ហើយ​ប្រធានាធិបតី​ស្វ៊ីស និង​នាយករដ្ឋមន្រ្តី​អ៊ីតាលី​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ផ្ទាល់​នៅ​ក្នុង​ជំនួបកំពូល​ក្នុង​ទីក្រុង​ប៉េកាំង។ គួរ​រម្លឹក​ថា តាំង​ពី​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » ត្រូវ​បាន​លោក​ស៊ី ជីនពីង​ប្រកាស​ក្នុង​ឆ្នាំ ២០១៣ មក ចិន​បាន​ចាយ​លុយ​អស់​ប្រមាណ ៨០ ០០០លានអឺរ៉ូ​នៅ​ក្នុង​គម្រោង​សាងសង់​ផ្សេងៗ ហើយ​ធនាគារកណ្តាល​ចិន​បាន​ផ្តល់​ប្រាក់កម្ចី​សរុប​ពី ១៧៥ ០០០លានអឺរ៉ូ ទៅ ២៦៥ ០០០លានអឺរ៉ូ។ គឺ​ជា​ប្រាក់កម្ចី​ដែល​ចិន​បាន​ផ្តល់​ទៅ​ប្រទេស​ដែល​បាន​ចូលរួម​នៅ​ក្នុង​គម្រោង « ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » និង​ដែល​ប្រទេស​នោះ​គ្មាន​សមត្ថភាព​ក្នុង​ការ​ចំណាយ​ដោយ​ខ្លួន​ឯង។

ចូរ​កុំ​ភ្លេច​ថា « ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » ជា​គម្រោង​ផ្តួចផ្តើម​ដោយ​ចិន​មែន តែ​ប្រទេស​ដែល​បាន​ចូលរួម​នៅ​ក្នុង​គម្រោង​នោះ​ត្រូវ​មាន​ចំណែក​ចំណាយ​របស់​ខ្លួន ហើយ​បើ​គ្មាន​លុយ​ទេ ចិន​បាន​ឲ្យ​ខ្ចី​ដោយ​មិន​ធ្ងន់​មាត់ និង​ដោយ​មិន​ទើសទាល់​ចិត្ត​សោះ​ឡើយ ហើយ​ចង់​បាន​ប៉ុន្មាន​ជូន​តាម​សំណូមពរ។ ចិន​បាន​អះអាង​ថា ប្រាក់កម្ចី​របស់​ខ្លួន​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ក្រុមប្រទេស​ក្រីក្រ​ដើម្បី​ចំណាយ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍។ តែ​បើ​គេ​និយាយ​ពី​ប្រាក់កម្ចី​ដែល​ខុស​គ្នា​នឹង​ប្រាក់អំណោយ គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ពី​ប្រាក់​ដែល​ត្រូវ​សង ទាំង​ដើម​បូក​ទាំង​ការ​នោះ​ទេ។ នេះ​ហើយ​ជា​បញ្ហា​ដែល​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​មួយ​ចំនួន​កំពុង​ជាប់​បំណុល​ចិន​វ័ន ក ដក​ខ្លួន​មិន​រួច និង​រហូត​មាន​ប្រទេស​ខ្លះ​បាន​សម្រេច​ប្រគល់​អាកាសយានដ្ឋាន ឬ​កំពង់ផៃ​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​ក្នុង​រយៈពេល​យ៉ាង​យូរ។

ជាក់ស្តែង ប្រទេស​ស្រីលង្ការ​បាន​ប្រគល់​កំពង់ផែ​ទឹកជ្រៅ​មួយ​ទៅ​ឲ្យ​ចិន​កាន់កាប់​រយៈពេល ៩៩ឆ្នាំ។ ចំណែក​ប្រទេស​ម៉ុងតេណេហ្គ្រោ​កំពុង​ជំពាក់​ចិន​ចំនួន ៨០០លាន​អឺរ៉ូ​ដែល​បាន​ខ្ចី​សង់​ផ្លូវ​ហាយវ៉េ​មួយ​ខ្សែ។ បើ​ទង្វើ​របស់​ចិន​របៀប​នេះ​មិនមែន​ជា​នយោបាយការទូត​បំណុល តើ​វា​ជា​នយោបាយ​ការទូត​អ្វី​ទៅ?។ នេះ​ជា​សំណួរ​ដែល​ក្រុម​អ្នក​វិភាគ​កំពុង​ចោទ​សួរ​ឡើង។ អ្នក​ទទួល​ខុស​ត្រូវ​នៃ​គម្រោង​« ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » លោក​សៀវ វ៉េម៉ីង​បាន​ឆ្លើយ​ថា គម្រោង​របស់​ចិន​មិន​មាន​បង្កប់​នូវ​គំនិត​អន្ទាក់បំណុល​អ្វី​ទេ និង​ថា មហិច្ឆតា​របស់​ចិន​មួយ​នេះ​មាន​គោលដៅ​ផ្តល់​ប្រយោជន៍​សម្រាប់​ទាំង​អស់​គ្នា ពិសេស​ក្រុម​ប្រទេស​ដែល​បាន​ចូលរួម។ អ៊ីតាលី​ដែល​ទើប​បាន​ចុះ​ហត្ថលេខា​ជាមួយ​ចិន​ក៏​បាន​យល់​ឃើញ​ដូច​គ្នា​ដោយ​បញ្ជាក់​ថា ​« ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » ជា​គម្រោង​ដ៏​ល្អ​សម្រាប់​អ៊ីតាលី សម្រាប់​ចិន និង​សម្រាប់​ពិភពលោក។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​មាន​ប្រទេស​ជា​ច្រើន ពិសេស​សហរដ្ឋអាមេរិក និង​ប្រទេស​សមាជិក​អឺរ៉ុប​មួយ​ចំនួន​ធំ រួម​ទាំង​ប្រទេស​អឺរ៉ុប​ប៉ែក​ខាង​លិច​ផង​កំពុង​សម្តែង​ក្តីបារម្ភ​របស់​ខ្លួន​ចំពោះ​គម្រោង​« ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » របស់​ចិន។ ក្រុម​អ្នកជំនាញ​ខ្លះ​បាន​មើល​ឃើញ​ថា គម្រោង​មួយ​នេះ​របស់​ចិន​នឹង​ហុច​ប្រយោជន៍​ឲ្យ​ចិន​ច្រើន​ជាង​ក្រុម​ប្រទេស​ដែល​បាន​ចូលរួម​ជាមួយ​ចិន។ ចំណែក​ក្រុម​អ្នក​ជំនាញ​ខ្លះ​ទៀត​មិន​ញញើត​នឹង​សារភាព​ត្រង់ៗ​ថា បើ​ចិន​ដែល​ជា​អ្នក​ផ្តួចផ្តើម​គម្រោង​នេះ​មិន​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​អ្នក​ផ្សេង​ទេ តើ​ចិន​ចាំ​បាច់​អី​នឹង​ខ្នះខ្នែង​ដើរ​បញ្ចុះបញ្ចូល​អ្នក​ផ្សេងឲ្យ​ចូលរួម​ជាមួយ​ខ្លួន?៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ