អានតួអត្ថបទ
អង់គ្លេស-សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ​ផ្តល់ដំបូន្មាន​ឲ្យ​អង់គ្លេស​ដើរចេញ​ពី​សហភាព​អឺរ៉ុប ដោយ​​គ្មាន​កិច្ចព្រមព្រៀង

ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ នៅថ្ងៃទី ២០ឧសភា ២០១៩
ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ នៅថ្ងៃទី ២០ឧសភា ២០១៩ ©REUTERS/Carlos Barria

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​បាន​លូកដៃ ចូល​សាជាថ្មី ក្នុង​ការចរចា ស្តី​ការដើរចេញ​របស់​អង់គ្លេស ពី​សហភាពអឺរ៉ុប។ នៅមួយ​ថ្ងៃ​មុន​ផ្តើម​ទស្សនកិច្ច​នៅ​ប្រទេស​អង់គ្លេស ដែល​ត្រូវ​ចាប់ផ្តើម​ធ្វើ នៅថ្ងៃចន្ទនេះ ម្ចាស់សេតវិមាន​បាន​ផ្តល់​យោបល់​ឲ្យ​អង់គ្លេស​ត្រូវ​ដើរចេញ​ពី​សហភាពអឺរ៉ុប បើទោះបី​គ្មាន​រកឃើញ​កិច្ចព្រមព្រៀង ជាមួយ​ភាគី​អឺរ៉ុប។ តាម​ប្រធានាធិបតី​អាមេរិក អង់គ្លេស​ត្រូវ​តែ​ដើរចេញ​ពី​សហភាព​អឺរ៉ុប ដោយ​មិនចាំបាច់​បង់​សង ថ្លៃ​អ្វីទេ។ 

ផ្សាយពាណិជ្ជកម្ម

មិនទាន់​ដាក់ជើង ទឹកដី​អង់គ្លេស ប៉ុន្តែ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​ផ្តល់​គំនិត​ដំបូន្មាន​រួចហើយ​ទៅ​ថ្នាក់ដឹកនាំ​អង់គ្លេស។ នៅក្នុង​បទសម្ភាសន៍ ជាមួយ កាសែត​អង់គ្លេស​Sunday Times ចុះផ្សាយ កាលពី​ថ្ងៃ​អាទិត្យ លោកប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ផ្តល់យោបល់​ឲ្យ​អង់គ្លេស ដើរចេញ​ពី​សហភាព​អឺរ៉ុប ទាំង​គ្មាន​កិច្ចព្រមព្រៀង។ សម្រាប់​ប្រធានាធិបតី​អាមេរិក អនាគត​នាយករដ្ឋមន្រ្តី​ថ្មី ដែល​នឹង​ចូលដឹកនាំ​រដ្ឋាភិបាល​អង់គ្លេស បន្ត​ពីលោកស្រី តេរ៉េហ្សា មេ ត្រូវ​តែ​ហ៊ាន​ដើរ​ចេញ​ពីតុ ចរចា បើសិន អង់គ្លេស មិន​បាន​ទទួល​ប្រយោជន៍ តាមការចង់បាន ពី​សហភាព​អឺរ៉ុប។ មួយវិញ បើសិន​ជា​រូបលោក ជា​មេដឹកនាំ​អង់គ្លេស លោក​នឹង​មិន​ព្រម​ខាត បង់​ប្រាក់ ៥០​ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​សហភាព​អឺរ៉ុប​នោះទេ។ លោកដូណាល់​ត្រាំ​ចង់​សំដៅ ដល់កញ្ចប់​ប្រាក់ ប្រមាណ ៤៥​ពាន់​លាន​អឺរ៉ូ ដែល​អង់គ្លេស ក្នុង​នាមជា​សមាជិក​សហភាពអឺរ៉ុប បាន​ចុះ​កិច្ចសន្យា បង់​វិភាគទាន សម្រាប់​រយៈពេល ៦ឆ្នាំ រហូត​ដល់ឆ្នាំ ២០២០។

វិធីសាស្រ្ត ងើបដើរ​ចេញ​ពីតុចរចា ពី​បន្ទប់ប្រជុំ នេះ ធ្លាប់​ត្រូវ​លោកដូណាល់ ត្រាំ ធ្វើ​កន្លងមកហើយ នៅ​ក្នុង​ជំនួបកំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង នៅ​ប្រទេស​វៀតណាម។ នៅ​ក្នុង​កាសែត​អង់គ្លេស​មួយទៀត ឈ្មោះ The Sun ម្ចាស់សេតវិមាន​អាមេរិក បាន​រិះគន់​សាជាថ្មី លោកស្រី នាយករដ្ឋមន្រ្តី តេរ៉េហ្សា មេ ដែល​ទន់ខ្សោយ នៅ​ចំពោះ​មុខ ការទាមទារ​ពី​សហភាពអឺរ៉ុប។ លោក​ដូណាល់​ត្រាំ បាន​សំដែង​គាំទ្រ លោក Boris Johnson អតីត​រដ្ឋមន្រ្តី​ការបរទេស អង់គ្លេស ដែល​កំពុង​ឈរឈ្មោះ សម្រាប់​តំណែង​អនាគត​នាយករដ្ឋមន្រ្តី បន្ត​ពីលោកស្រី មេ។ លោក Boris Johnson ជា​បេក្ខជន​ម្នាក់​ដែល​គាំទ្រ​គំនិត ដើរចេញ​របស់​អង់គ្លេស បើទោះបី​ជា​គ្មាន​កិច្ចព្រមព្រៀង​ជាមួយ​អង់គ្លេស។

គឺ​ដោយសារ​តែ​ចង់​បាន​កិច្ចព្រមព្រៀង នៅក្រោយ​ការដើរចេញ​ពី​សហភាព​អឺរ៉ុប ដែល​រដ្ឋាភិបាល​អង់គ្លេស​របស់​លោកស្រី មេ សុខចិត្ត​លើក​ថ្ងៃ ដើរចេញពី​សហភាព​អឺរ៉ុប ដែល​តាមកំណត់​ត្រូវ​ធ្វើ នៅ​ថ្ងៃទី ២៩​មីនា​ដើមឆ្នាំនេះ។

ទំនាក់ទំនង​ពាណិជ្ជកម្ម​អង់គ្លេស អាមេរិក ជា​ប្រធានបទ​សំខាន់ នៅក្នុងជំនួបពិភាក្សា​រវាង​លោកស្រី នាយករដ្ឋមន្រ្តី​មេ និង​លោកដូណាល់ ត្រាំ នៅទីក្រុង​ឡុងដ៍។ នៅ​ថ្ងៃ​អាទិត្យ លោកដូណាល់ ត្រាំ បាន​បញ្ជាក់ថា លោកត្រៀមខ្លួន​រួចហើយ​ដើម្បី​ចរចា បង្កើត​ឲ្យ​លឿន​បំផុត កិច្ចព្រមព្រៀង ស្តីពី​ការដោះដូរ​សេរី រវាង​ប្រទេស​ទាំងពីរ។ តាម​ប្រធានាធិបតី​អាមេរិក អាមេរិក​ដៃគូពាណិជ្ជកម្ម​ដ៏មាន​សក្តានុពល​របស់អង់គ្លេស។ អាមេរិក​អាច​ដោះដូរ​ជាមួយ​អង់គ្លេស​បាន​ច្រើន ជាង​ជាមួយ សហភាពអឺរ៉ុប​ផង។ តាម​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅទីក្រុង​ឡុងដ៍ អាមេរិក​ទន្ទឹង​រង់ចាំ​ឲ្យ​អង់គ្លេស​បើកទ្វារ​ទិញនាំចូល​ផលិតផល​កសិកម្ម​អាមេរិក ដែល​ពេលនេះ​កំពុង​ប្រឈម​នឹង​វិបត្តិ ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយចិន៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ