អានតួអត្ថបទ

មនុស្សជាតិ​​ជំពាក់​​បំណុល​​ផែនដី​​កាន់​តែ​​ច្រើន​ថ្ងៃ​ឡើងៗ

ព្រៃ​Loyalsockនៅ​រដ្ឋ​  Pennsylanie សហរដ្ឋ​អាមេរិក
ព្រៃ​Loyalsockនៅ​រដ្ឋ​ Pennsylanie សហរដ្ឋ​អាមេរិក Pixabay/CC Domaine public

ថ្ងៃ​ទី២៩​កក្កដា​នេះ ​ជា​ថ្ងៃ​ដែល​មនុស្សជាតិ​រស់នៅ​ដោយ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​លើសពី​អ្វី​ដែល​ភពផែនដីមាន​សមត្ថភាព​ផលិតបាន​ក្នុងមួយឆ្នាំ ២០១៩។ ចាប់ពីថ្ងៃនេះ​​ទៅ រហូតដល់​ថ្ងៃទី៣១ធ្នូ មនុស្ស​ជាតិ​រស់ក្នុង​បំណុល​របស់​ភពផែនដី។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាមេរិក Global Footprint Network។ រយៈពេល​ដែល​មនុស្ស​ជំពាក់​បំណុល​ផែនដី កាន់​តែ​វែង​ឡើងៗ ជា​លំដាប់ ឬ ចំនួន​ថ្ងៃ​ដែល​មនុស្ស​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ផលិត​ដោយ​ផែនដី​ក្នុង​មួយ​ឆ្នាំៗ មាន​កាន់​តែ​ខ្លី​ទៅៗ​ ជា​លំដាប់ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​មក។

ផ្សាយពាណិជ្ជកម្ម

មនុស្ស​ជាតិ ជំពាក់​ផែន​ដី មាន​ន័យ​ថា មនុស្ស​លោក​បាន​ប្រើ​អស់​រលីង​នូវ​អ្វី​ដែល​ធម្មជាតិមាន​សមត្ថភាព​ផលិត​ សម្រាប់​និង​ក្នុង​​រយៈ​ពេល​មួយ​ឆ្នាំ (ដី​ដាំ​ដុះ ព្រៃ មច្ឆា ...)។ មនុស្ស​ជាតិ​នេសាទត្រី​​កាន់​តែច្រើន កាប់ព្រៃ​​ឈើ​កាន់​តែ​ខ្លាំង ធ្វើ​កសិកម្ម​លើ​ដី​កាន់​តែ​ធំ និង​ស្រូប​​ទឹក​​លើស​ពី​អ្វី​ដែល​ផែនដី​អាចមាន​សមត្ថភាព​ផលិតក្នុង​​មួយ​ឆ្នាំ​ៗ។​ មិន​តែ​ប៉ុណ្ណោះ មនុស្ស​ជាតិ​បាន​បញ្ចេញ​ឧស្ម័នកាបូនិក ក្នុង​បរិមាណ​ដ៏​ច្រើន ដែល​ព្រៃ និង​ទឹក​សមុទ្ទ​​​ស្រូបលែង​​អស់ និង​សល់​ច្រើន​នៅ​ក្នុង​បរិយាកាស ទើប​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្តៅ​កាន់​តែ​ខ្លាំងឡើងៗ។

វិសមភាព​ចំពោះ​​​ផែនដី​

ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល គឺ​ក្រុមប្រទេស​អភិវឌ្ឍន៍​ និង​ជឿន​លឿន​ ជា​អ្នក​ស្រូប​ប្រមូល​ធនធាន​ធម្មជាតិ​របស់​ភព​ផែនដី​ច្រើន​ជាង​គេ។ កាតា​ហូប​អស់​ផល​​ដែល​ផែនដី​ផលិត​បាន តាំង​ពី​ថ្ងៃទី​១១​កុម្ភៈ អាមេរិក តាំង​ពី ថ្ងៃទី ១៥​មិនា -បារាំង នៅ​ថ្ងៃទី ១៤​ឧសភា -ចិន នៅ​ថ្ងៃ​​១៦​មិថុនា ប្រេស៊ីល​នៅថ្ងៃ​ស្អែក (៣១កក្កដា) តែ​បើ​រស់​តាម​របៀប​ភូមា គឺ​អាច​ដល់​ថ្ងៃទី ២៥​ធ្នូ និង​២៦​ធ្នូ សម្រាប់​កៀស៊ីគីស្ថាន។​ តែ​បើ​គិត​ជាមធ្យមភាគពិភពលោក មនុស្ស​ជាតិ​ជាប់​បំណុល​ផែន​ដី​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ហើយ។

មាន​ន័យ​ថា ក្នុង​មួយ​ឆ្នាំ​មាន​១២​ខែ តែ​មនុស្ស​លោក​បាន​ប្រើប្រាស់​ធនធាន​ដែល​ផែនដី​ផលិត​បាន​ក្នុង​រយៈ​ពេល​តែ​៧​ខែ។ ​បើ​មនុស្ស​បន្ត​រក្សា​របៀប​របប​រស់​នៅ​បែប​នេះ​ដដែល ទាល់​តែ​មាន​ផែន​ដី​ (១,៧៥) ជិត​ពីរ​ទើប​អាច​ឆ្លើយ​តប​ទៅ​​នឹង​សេចក្តី​ត្រូវការ​របស់​មនុស្ស​លោក​បាន។ ហើយ​​​បើ​មនុស្ស​ជាតិ​ប្រកាន់​យក​​របៀបរបប​រស់​នៅដូច​ជនជាតិ​អាមេរិក​​ឬ​អូស្ត្រាលី ដែល​ទទួល​ទាន​សាច់​ច្រើន ធ្វើ​ដំណើរ​តាម​យន្តហោះ តាម​រថយន្ត​ច្រើន នោះ​គេ​ត្រូវ​ការ​មាន​ភពផែនដី​ដល់​ទៅ​៥ ​ទើប​គ្រប់គ្រាន់។ បើ​រស់​តាមបែប​​បារាំង គេ​ត្រូវការ​មាន​​ផែនដីជិត​បី​​ទៀត​មក​បន្ថែម ហើយ​បើ​រស់​តាម​បែប​ចិន គេ​មាន​ភពផែន​ដី​ជាងពីរ និង​ប្រសើរ​បំផុត​គឺ​ខ្សែ​ជីវិត​ឥណ្ឌា ដែល​ហូប​អស់ធនធាន​ធម្មជាតិពិភពលោក​​តែ​៦០%​ប៉ុណ្ណោះ។

អ្វី​ជា​កាត់​សម្គាល់​ខ្លាំង​ បើ​តាម​ការ​គណនា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាលអាមេរិក Global Footprint Network មនុស្ស​ជាតិទាំង​មូលរស់​ជំពាក់​បំណុល​ផែនដី​កាន់​តែ​វែងឡើងៗ និង​ធ្លាក់​មកដល់​ខែ​កក្កដា ជា​លើក​ទីមួយ​។ នៅឆ្នាំ ១៩៧០ មនុស្សជាតិ​ហូប​លើស​សមត្ថភាព​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​១៩៨០ មនុស្ស​ជាតិ​ជំពាក់​បំណុល​ផែន​ដី​តាំង​​ពី​ថ្ងៃទី ៤វិច្ឆិកា តាំង​ពី​១១​តុលា​នៅ​ឆ្នាំ​១៩៩០- ២៣កញ្ញា​នៅ​ឆ្នាំ​២០០០​សីហា- ៧​សីហា​នៅ​ឆ្នាំ​២០១០ និង ១សីហា កាលពី​ឆ្នាំ​ទៅ ២០១៨។ ​

តើ​មាន​ដំណោះស្រាយ​ទេ ?

ចាប់​រស់​នៅក្នុង​បំណុល​ចាប់​ពី​ថ្ងៃ​ទី ២៩​កក្កដា ទៅ មាន​តម្លៃ​ជា​និម្មិត្តរូប​មែន​ តែ​​ផលវិបាក​ មានស​ភាព​ធ្ងន់ធ្ងរ​និង​ជាក់ច្បាស់​ណាស់​ទៅ​លើ​ប្រព័ន្ធ​អេកូសាស្ត្រ​ ការ​ប្រែប្រួល​អាកាសធាតុ និង​រលត់​ផុត​ពូជ​នៃពពួក​សត្វ​និងរុក្ខជាតិ។ របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​អនុសាសន៍​ច្បាស់លាស់​ណាស់ ៖ កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដើរ​ចេញ​ពី​ថាមពល​ធ្យូងថ្ម ប្តូរ​គំរូ​ផលិតផលកសិឧស្សាហកម្ម ...

បើ​តាម​ Global Footprint Network កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​៥០% នឹង​បន្ថយ​បំណុល​ផែន​ដី​បាន​​៩៣​ថ្ងៃ។ កាត់​បន្ថយ ការ​ទទួល​ទាន​សាច់​​ពាក់កណ្តាល សង​បំណុល​ផែន​ដី​បាន​១៥​ថ្ងៃ។ នេះ​បើ​តាម​WWF៕​

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ