អានតួអត្ថបទ
អឺរ៉ុប

អ្នកជំនាញ​វាយតម្លៃថា ជាង​៥០%នៃ​ប្រភេទ​ដើមឈើ​នៅទឹកដី​អឺរ៉ុប​កំពុង​ប្រឈម​នឹង​ការរលាយ​ផុតពូជ

ដើមឈើ horse-chestnut ដែលមាន​ដុះតែ​នៅទឹកដីអឺរ៉ុប​កំពុង​ប្រឈម​នឹង​ការគំរាមកំហែងដោយសារ​សត្វល្អិតចង្រៃ​មកពី​បាល់កង់
ដើមឈើ horse-chestnut ដែលមាន​ដុះតែ​នៅទឹកដីអឺរ៉ុប​កំពុង​ប្រឈម​នឹង​ការគំរាមកំហែងដោយសារ​សត្វល្អិតចង្រៃ​មកពី​បាល់កង់ ©IUCN

បន្ទាប់ពី​សត្វស្លាប សត្វក្នុង​សមុទ្រ និង​សត្វលើគោក ចូល​ដល់​ដើមឈើ​ម្តង ដែល​អ្នកវិទ្យាសាស្រ្ត​បាន​ព្រមាន​ពី​គ្រោះថ្នាក់​រលាយផុតពូជ​ពីផែនដី។ នៅ​ថ្ងៃ​ម្សិលមិញ អង្គការ​ការពារ​ធម្មជាតិ ដែល​មានទីតាំង នៅ​ប្រទេស​ស្វ៊ីស បញ្ចេញ​ឲ្យ​គេឃើញ បញ្ជី​ក្រហម​មួយ ដែល​នៅក្នុង​នោះ ៥៨%​នៃ​ប្រភេទ​ដើមឈើ ដែល​មាន​ដុះ​តែ​នៅទឹកដី​អឺរ៉ុប កំពុង​រងការគំរាមកំហែង នឹង​ការជិតរលាយផុតពូជ ដោយសារតែ សកម្មភាព​របស់​មនុស្ស ហើយនិង​ការរាតត្បាត​របស់​សត្វល្អិត​ចង្រៃ។ 

ផ្សាយពាណិជ្ជកម្ម

សហភាពអន្តរជាតិ សម្រាប់​អភិរក្ស​ធម្មជាតិ ដែល​ជា​អង្គការ​ការពារ​ព្រៃធម្មជាតិ នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​ចេញផ្សាយ បញ្ជីក្រហម​មួយ​ស្តី​ពី​ដើមឈើ​នៅទឹកដី​អឺរ៉ុប ដែល​កំពុង​ប្រឈម​នឹង​ការរលាយផុតពូជ​ពីទឹកដី​អឺរ៉ុប។

តាម​បញ្ជី​របស់​អង្គការ ការពារ​ធម្មជាតិ ដែល​មានទីស្នាក់ការ​នៅប្រទេស​ស្វ៊ីស នៅក្នុង​ចំណោម​ដើមឈើ ៤៥៤ប្រភេទ ដែល​គេ​ជ្រើសរើស​យកមកសិក្សា គេឃើញថា ៤២%​នៃ​ប្រភេទ​ដើមឈើ ដែល​ដុះ​នៅទឹកដី​អឺរ៉ុប ប៉ុន្តែ ក៏​អាច​ដុះ​នៅកន្លែងផ្សេង កំពុង​រងការគំរាមកំហែង និង​ប្រឈម​នឹង​ការរលាយផុតពូជ។ អ្វីដែល​អ្នកជំនាញ​ខំប្រឹង​ទាញ​សញ្ញាអាសន្ន​ជាងគេ គឺ​ប្រភេទ​ដើមឈើ ដែលមាន​ដុះ​តែ​នៅទឹកដី​អឺរ៉ុប ដល់​ទៅ ៥៨%​ដែល​កំពុង​រងការគំរាមកំហែង​ខ្លាំង។ មានន័យថា បើសិន​វារលាយសាបសូន្យ នៅទឹកដី​អឺរ៉ុប គឺ​វា​រលាយបាត់មុខ​ពីលើ​ផែនដីតែម្តង។

តាម​អ្នកជំនាញ ការអភិវឌ្ឍន៍​ក្រុង និង​អាជីវកម្ម​កាប់ព្រៃឈើ​មិនត្រឹមត្រូវ ជាមូលហេតុ​សំខាន់ ដែល​ធ្វើឲ្យ ប្រភេទ​ដើមឈើ នៅអឺរ៉ុប​ធ្លាក់ថយចុះ។ ជម្ងឺ ការរាតត្បាត​របស់​សត្វល្អិត ចង្រៃ ការកាប់បំផ្លាញ​ព្រៃឈើ ការចិញ្ចឹមសត្វ ហើយ​និង​ភ្លើងឆេះព្រៃ​ដែល​ធ្វើ​ឲ្យ​ប្រែប្រួល ផ្លាស់ប្តូរ ប្រព័ន្ធ​អេកូឡូស៊ី គឺ​ជា​កត្តាបូកផ្សំ ធ្វើ​ឲ្យ​ប្រភេទ​ដើមឈើ នៅទឹកដី​អឺរ៉ុប​ធ្លាក់​ថយចុះ​ចំនួន។

សម្រាប់​អ្នកជំនាញ របស់​អង្គការ​ការពារ​ធម្មជាតិ ដើមឈើ ដើរតួ​សំខាន់ សម្រាប់ជីវិត​លើផែនដី។ ដើមឈើ​អឺរ៉ុប គ្រប់​ប្រភេទ ជា​ប្រភព​អាហារ ជំរក​របស់​សត្វជាច្រើនប្រភេទ ដូចជា​សត្វស្លាប កំប្រុក​ជាដើម ដែល​ដើរតួ​សេដ្ឋកិច្ច​ដ៏​សំខាន់។

ក្រៅពីសិក្សា​លើ​ប្រភេទ​ដើមឈើ ដែល​កំពុង​ប្រឈម​នឹង​ការរលាយផុតពូជ អ្នកជំនាញ​របស់​អង្គការ​ការពារ​ធម្មជាតិ ផ្តោតផងដែរ​ទៅលើ​រុក្ខជាតិតូចៗ ដូចជា​ស្លែ សត្វខ្ចៅខ្យង ដែល​ដើរតួសំខាន់​ដែរ ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ជួយ​ផ្តល់​ខ្យល់អុកស៊ីសែន​សម្រាប់​មនុស្ស ប៉ុន្តែ ដែល​គេ​មិនបាន​ចាប់អារម្មណ៍​ឲ្យ​តម្លៃ កន្លងមក។ ខ្ចៅខ្យង ជន្លេន ដែល​ជួយ​រក្សា​គុណភាព​ដីធម្មជាតិ គឺ​ជា​ចំណី​របស់​សត្វស្លាប និង​មនុស្ស។

របាយការណ៍​របស់​អង្គការ​ការពារ​ធម្មជាតិ ​ទាញ​សញ្ញាអាសន្ន ឲ្យ​គេ​ចាប់អារម្មណ៍ ពី​គ្រោះមហន្តរាយ​ដែល​កំពុង​កើតមាន​ទៅលើ​ដើមឈើ ពពួក​រុក្ខជាតិ និង​សត្វ​ល្អិតៗ តូចៗ ដែល​គេ​ធ្វេសប្រហែស មិន​ចាប់អារម្មណ៍​កន្លងមក។ ប្រភេទដើមឈើ និង​ពួករុក្ខជាតិ និង​សត្វល្អិតៗ នៅ​ទឹកដី​អឺរ៉ុប​មាន​សារៈសំខាន់​មិនចាញ់ ដំរី រមាស ដែល​កំពុង​ប្រឈម​នឹង​ការរលាយ​ផុតពូជនោះទេ។ មនុស្ស​ត្រូវ​កាត់បន្ថយ ផ្លាស់ប្តូរ​សកម្មភាព​របស់ខ្លួន ដើម្បី ការពារ​ប្រព័ន្ធអេកូឡូស៊ី និង​ចូល​រួម​ថែរក្សា​សុខភាព​របស់ភពផែនដី៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ