អានតួអត្ថបទ
បារាំង-អ៊ីរ៉ាក់

បារាំង​ចរចា​រក​យន្តការ​កាត់ទោស ពួកជីហាត​បរទេស​នៅ​តុលាការ​អ៊ីរ៉ាក់

រដ្ឋមន្រ្តីការបរទេស​បារាំង លោកJean-Yves Le Drian ជួបពិភាក្សាជាមួយ​នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោកAdel Abdul Mahdi នៅទីក្រុង​បាកដាដ​ថ្ងៃទី​១៧ តុលា​២០១៩
រដ្ឋមន្រ្តីការបរទេស​បារាំង លោកJean-Yves Le Drian ជួបពិភាក្សាជាមួយ​នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោកAdel Abdul Mahdi នៅទីក្រុង​បាកដាដ​ថ្ងៃទី​១៧ តុលា​២០១៩ ©Iraqi Prime Minister Media Office/Handout via REUTERS

ខណៈ​ដែល​តួកគី​បើកប្រតិបត្តិការ​វាយប្រហារ​ទៅលើ​តំបន់​គ្រប់គ្រង​ដោយ​កងកម្លាំង​គួដឌីស្ថាន​ស៊ីរី ប្រទេស​លោកខាងលិច បាន​បង្កើន​ការចរចា​ការទូត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ការគំរាមកំហែង​ភេរវកម្ម​របស់ក្រុមជីហាត​អាច​ងើបរើ​ឡើងវិញ។ នៅពេលប្រមុខការបរទេស​អាមេរិក​ធ្វើដំណើរ​ទៅបញ្ចុះបញ្ចូល ប្រធានាធិបតី តួកគី​ឲ្យ​ចរចា​បទឈប់បាញ់ ជាមួយ​ទាហាន​គួដឌីស្ថាន រដ្ឋមន្រ្តី​ការបរទេស លោក​ហ្សង់អ៊ីវ ឡឺ ឌ្រីយ៉ង់​ឯណោះវិញ បាន​ធ្វើដំណើរ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ទៅប្រទេស​អ៊ីរ៉ាក់។ គោលដៅ គឺ​ចរចា សុំ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ទទួល​កាត់ទោស ពួកជីហាត បរទេស ដែលមានផងដែរ ជនជាតិ បារាំង នៅ​តុលាការ​អ៊ីរ៉ាក់។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង​បាកដាដ ប្រមុខការបរទេស​បារាំង​បាន​ជួប​ពិភាក្សា​ជាមួយ ប្រមុខ​រដ្ឋាភិបាល អ៊ីរ៉ាក់ ស្តី​ពី​ការផ្ទេរ និង​កាត់ទោស ទាហាន​ជីហាត បរទេស នៅ តុលាការ​អ៊ីរ៉ាក់។ និយាយប្រាប់​អ្នកកាសែត នៅ​ក្រោយ​ជំនួប​ជាមួយ ប្រធានាធិបតី នាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ាក់ ប្រមុខការបរទេស​បារាំង បាន​អះអាងថា លោក​បាន​ជជែក​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ពី​ការបង្កើត​យន្តការ​តុលាការ​សមស្រប​មួយ ដើម្បី​ជំនុំជម្រះ ទាហាន​ជីហាត ជាជនជាតិ​បារាំង ដែល​ពេលនេះ កំពុង​ជាប់ក្នុង​ពន្ធនាគារ​របស់​ពួកគួដឌីស្ថាន ស៊ីរី។

គោលដៅ​សំខាន់ គឺ​ធ្វើយ៉ាងណា ឲ្យ​ការកាត់ទោស ការជំនុំជម្រះ ទាហាន​ជីហាត​បរទេស នៅ​តុលាការ​អ៊ីរ៉ាក់ ធ្វើឡើង​ដោយ​គោរព​តាម​គោលការណ៍​យុត្តិធម៌ និង​សិទ្ធិមនុស្ស។ នេះ​បើតាម​ប្រភព​មន្រ្តីទូត​បារាំង។

នៅ​អ៊ីរ៉ាក់ ទាហាន​ជីហាត​បរទេស ជាច្រើនរយនាក់ ធ្លាប់​ត្រូវ​បាន​តុលាការ​អ៊ីរ៉ាក់ កាត់ទោស​ប្រហារ​ជីវិត ឬ​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​អស់​មួយជីវិត ដោយសារតែ​មាន​ជាប់​ពាក់ព័ន្ធ​ជាសមាជិក​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ទាហានជីហាត​ដែលមាន​ដើមកំណើត បារាំង ១១​នាក់ ដែល​ក្រុមគួដឌីស្ថានស៊ីរី បានចាប់​ប្រគល់​ទៅ​អ៊ីរ៉ាក់ ត្រូវ​បាន​តុលាការ​អ៊ីរ៉ាក់ កាត់ទោស​ប្រហារជីវិត។

ការអនុវត្ត​ទោសប្រហារ​ជីវិត នៅ​អ៊ីរ៉ាក់ ជា​កង្វល់​ធំ សម្រាប់ ក្រុម​ប្រទេស​នៅ​អឺរ៉ុប ដែល​មាន​ជនជាតិ​របស់ខ្លួន ជា​អ្នកទោស ជីហាត នៅ​ក្នុង​មន្ទីរឃុំឃាំង​នៅ​ទឹកដី​ស៊ីរី។ នៅ​សប្តាហ៍នេះ បែលហ្ស៊ិក អង់គ្លេស ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហូឡង់ និង​ស៊ុយអែត​បាន​បញ្ជូនអ្នកជំនាញ​ច្បាប់​របស់ខ្លួន ទៅ​ទីក្រុង​បាកដាដ​ដើម្បី ពិភាក្សា​ផ្នែកបច្ចេកទេស ពីសំណុំរឿងនេះ។ តាមអ្នកជំនាញ​អ៊ីរ៉ាក់ ស្តីពី​ពួកជីហាត​អង្គការរដ្ឋអ៊ីស្លាម អាមេរិក បារាំង អង់គ្លេស​និង​អ៊ីរ៉ាក់​កំពុង​ពិភាក្សា​ពី​ការស្វែងរក​មូលនិធិ​ដើម្បី សាងសង់​ពន្ធនាគារ សម្រាប់​ដាក់អ្នកទោស ជីហាត ដែល​ត្រូវ​ផ្ទេរបញ្ជូន​ចេញពី​ទឹកដី​ស៊ីរី ទៅ​ប្រទេស​អ៊ីរ៉ាក់។ មន្រ្តីអ៊ីរ៉ាក់​ម្នាក់​បាន​និយាយ​ថា កាលពី​ខែ​មេសា​កន្លងទៅ រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ទាមទារ​ទឹកប្រាក់​២ពាន់​លានដុល្លារ ដើម្បី​កាត់ទោស​សមាជិក​ក្រុមជីហាត ជាតិបរទេស នៅ​ទឹកដី​អ៊ីរ៉ាក់។

បារាំង ក៏ដូចជា​ប្រទេស​អ៊ឺរ៉ុប​ផ្សេងទៀត គឺ​ចង់​បង្កើត​នីតិវិធី​កាត់ទោស​ពួក​ភេរវជន​ជីហាត បរទេស​ នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ ប្រទេស​នៅអឺរ៉ុបភាគច្រើន​រអែង មិន​ចង់​ទទួលយក​ពួកជីហាត​ដែល​មាន​ដើមកំណើត​ឬ​សញ្ជាតិ អឺរ៉ុប មក​កាត់ទោស ជាប់ឃុំ នៅ​ទឹកដី​អឺរ៉ុប ព្រោះ​មូហលហេតុ ច្រើនយ៉ាងដូចជា ​កង្វះ​ច្បាប់ ឬ ខា្លច​មាន​ភាពតានតឹង ប្រតិកម្ម​ប្រឆាំងខ្លាំង​ពី​សាធារណជន​ក្នុង​ស្រុក។

ប្រមុខ​ការបរទេស​បារាំង នៅថ្ងៃ​ព្រហស្បតិ៍ បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ឲ្យ​ចូលរួម សហការគ្នា​សាជាថ្មី ដើម្បីទប់ទល់​នឹង​គ្រោះថ្នាក់ ដែល​បង្កឡើង​ដោយសារ​សង្រ្គាមវាយប្រហារ​របស់​តួកគី​ទៅលើ​ក្រុមគួដឌីស្ថាន​ស៊ីរី។

រដ្ឋាភិបាល​របស់​បណ្តាប្រទេស​អឺរ៉ុប​កំពុង​បារម្ភ​ខ្លាចថា ប្រតិបត្តិការវាយប្រហារ​របស់​តួកគី​ទៅលើ​តំបន់គ្រប់គ្រង​របស់​កងទ័ព​គួដឌីស្ថាន​នឹងជួយ​ឲ្យ​ពួកអ្នកទោស ជីហាត​អង្គការអ៊ីស្លាម ជាង ១២ ០០០​នាក់ ដែល​ក្នុង​នោះ​មាន​ជាច្រើនពាន់នាក់​ជា​ជនជាតិ​អឺរ៉ុប អាច​រួចរត់ចេញពី​គុក របស់​កងទ័ព​គួដឌីស្ថាន និងអាចត្រលប់​ទៅ​បង្ក​អំពើភេរវកម្ម​សាជាថ្មី៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ