អានតួអត្ថបទ
អឺរ៉ុប

សហភាពអឺរ៉ុប៖​លោកអេម៉ានុយអែល ម៉ាក្រុង​ជំទាស់​នឹង​ការ​ពង្រីក​បន្ថែម​សមាជិក​ថ្មី​នៅ​ក្នុង​សហភាព​អឺរ់ុប

ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង
ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង Reuters

ថ្ងៃ​សុក្រ ទី១៨ តុលា​ជា​ថ្ងៃទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល​អឺរ៉ុប។ ក្រៅ​ពី​បាន​អនុម័ត​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី Brexit ជាមួយ​ប្រទេស​អង់គ្លេស ជំនួបកំពូល​អឺរ៉ុប​បាន​លើក​យក​សំណុំរឿង​ផ្សេង​ទៀត​ទៅ​និយាយ ដូច​ជា​ប្រតិបត្តិការសឹក​របស់​តួកគី​ទៅ​លើ​កម្លាំងប្រដាប់អាវុធ​គួដឌីស្ថានស៊ីរី​នៅ​ប៉ែក​ខាង​ជើង​ស៊ីរី ឬ​មួយ​ក៏​នយោបាយ​ផ្ទៃក្នុង​អឺរ៉ុប​ដែល​ផ្តោត​លើ​ការ​ពង្រីក​សមាជិក​បន្ថែម​ជា​ដើម។ ថ្លែង​នៅ​ក្រោយ​ជំនួបកំពូល ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ចាត់​ទុក​អន្តរាគមន៍​ទាហាន​តួកគី​នៅ​ប៉ែក​ខាងជើង​ស៊ីរី​ថា​ជា​កំហុស​របស់​បស្ចិមលោក និង​អង្គការ​អូតង់។ តាម​លោក​ម៉ាក្រុង សំណុំរឿង​មួយ​នេះ​នឹង​លើក​ទៅ​ជជែក​នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ជា​លក្ខណៈ ៤ភាគី​រវាង​បារាំង តួកគី អាល្លឺម៉ង់ និង​អង់គ្លេស និង​ប្រហែល​ជា​រៀបចំ​ក្នុង​ទីក្រុង​ឡុងដ៏។ ទាក់ទង​នឹង Brexit ត្រូវ​បាន​លោក​ម៉ាក្រុង​បញ្ជាក់​ច្បាស់ៗ​ថា លោក​ប្រឆាំង​ដាច់ខាត​នឹង​ការ​ពន្យារ​ពេល​ចាកចេញ​បន្ថែម​ឲ្យ​អង់គ្លេស​នៅ​ក្រោយ​ថ្ងៃទី៣១ តុលា។ ចំណែក​សំណុំរឿង​ចង់​បន្ថែម​ប្រទេស​ម៉ាសេដ្វានខាងជើង និង​អាល់បានី​ជា​សមាជិក​ថ្មី​អឺរ៉ុប​ត្រូវ​បាន​បារាំង ហូឡង់ និង​ដាណឺម៉ាក​បដិសេធ។ លោក​ម៉ាក្រុង​បាន​យល់​ឃើញ​ថា ការ​ពង្រីក​សមាជិក​អឺរ៉ុប​បន្ថែម​មិន​ច្បាស់​ធ្វើ​ឲ្យ​អឺរ៉ុប​មាន​ដំណើរការ​ដោយ​រលូន និង​មាន​ប្រសិទ្ធិភាព​ទេ។

ផ្សាយពាណិជ្ជកម្ម

« អឺរ៉ុប​នៅ​មិន​ទាន់​បាន​ធ្វើ​កិច្ចការ​ទាំង​អស់​របស់​ខ្លួន​ដោយ​ជោគជ័យ​នៅ​ឡើយ​ទេ ជាក់ស្តែង​នៅ​ក្នុង​សំណុំរឿង​អន្តោប្រវេសន៍ និង​ការ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ច្បាប់​ទាំង​អស់​របស់​អឺរ៉ុប។ តែ​អ្វី​ដែល​ខ្ញុំ​បាន​ចាប់​អារម្មណ៍​ស៊ីជម្រៅ​ជាង​គេ យើង​ជា​មហាអំណាច​តែ​មួយ​នៅ​ក្នុង​លោក​ដែល​ចាត់​ទុក​ថា នយោបាយ​នៃ​ទំនាក់ទំនង​ជាមួយ​អ្នក​ជិតខាង គឺ​ការ​ស្នើ​អ្នក​ជិតខាង​ទាំង​អស់​ឲ្យ​ចូលរួម​នៅ​ក្នុង​សហគមន៍​តែ​មួយ។

យើង​បាន​ដឹង​ច្បាស់​ថា នយោបាយ​មួយ​នេះ​មាន​ដក់​ជាប់​នៅ​ក្នុង​ស្មារតី​រួម​របស់​អឺរ៉ុប។ ពិត​ជា​ចម្លែក​ខ្លាំង​ណាស់។ បើ​មាន​ដំណើរការ​មិន​រលូន​ជាមួយ​នឹង​សមាជិក ២៨ប្រទេស ហើយ​បើ​មាន​ដំណើរការ​មិន​ល្អ​ជាមួយ​នឹង​សមាជិក ២៧ប្រទេស​នោះ ខ្ញុំ​មិន​ជឿជាក់​ថា​វា​នឹង​មាន​ដំណើរការ​ដោយ​រលូន​នៅ​ពេល​អឺរ៉ុប​បន្ថែម​សមាជិក​ថ្មី។

ដូច្នេះ​ខ្ញុំ​សុំ​និយាយ​ម្តង​ទៀត មុន​នឹង​អឺរ៉ុប​បន្ថែម​សមាជិក​ថ្មី។ យើង​ត្រូវ​ចេះ​ធ្វើ​កំណែទម្រង់​ដោយ​ខ្លួន​ឯង។ ចំពោះ​ខ្ញុំ អឺរ៉ុប​នេះ​នឹង​ក្លាយ​ទៅ​ជា​សហភាព​មួយ​ដែល​ល្អ​មើល​តែ​ពី​ខាង​ក្រៅ ជាមួយ​នឹង​ទីផ្សារ​រួម​មួយ និង​ធ្វើ​ការ​មិន​សូវ​ចុះ​សម្រុង​គ្នា។ នេះ​ហើយ​ជា​ចក្ខុវិស័យ​មួយ​ដែល​កំពុង​ទាញ​អឺរ៉ុប​ពេល​នេះ។ គឺ​ជា​កំហុសឆ្គង​មួយ។

យើង​ស្ថិត​ក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​ដែល​យើង​ត្រូវ​ការ​បន្ថែម​នូវ​សមាហរណកម្ម ភាព​ច្បាស់លាស់​នៅ​ក្នុង​ជម្រើស​របស់​យើង និង​ត្រូវ​មាន​ឥទ្ធិពល​ខាង​ភូមិសាស្រ្តនយោបាយ »៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ