អានតួអត្ថបទ

អ៊ុយក្រែន កងទ័ពបដិបក្ខ ចាប់ផ្តើម​ដក​ចេញ​ពីខ្សែ​សមរភូមិ

កងទ័ព​សាធារណរដ្ឋស្វ័យប្រកាស Donetsk
កងទ័ព​សាធារណរដ្ឋស្វ័យប្រកាស Donetsk REUTERS / Alexander Ermochenko

នៅ​ថ្ងៃសៅរ៍ ៩ វិច្ឆិកា យោធាអ៊ុយក្រែន និង កងកម្លាំងផ្តាច់ទឹកដីស្និទ្ធ​នឹង​រុស្ស៊ី បានចាប់ ផ្តើមដកទ័ព​ចេញពី តំបន់គន្លឹះ នៅតាមខ្សែសមរភូមិ ប៉ែកខាងកើតអ៊ុយក្រែន ។ ព្រឹត្តិការណ៍នេះ អាចជា ប្រផ្នូល នៃជំនួបកំពូលចតុភាគី ៖ អ៊ុយក្រែន-រុស្ស៊ី ដោយមាន បារាំង និង អាល្លឺម៉ង់ ជាអន្តរការី ដើម្បី រកសន្តិភាព​ឲ្យអ៊ុយក្រែន។

ផ្សាយពាណិជ្ជកម្ម

ការដកក្រុមទ័ព និង សព្វាវុធ បានចាប់ផ្តើម រវាង ឃុំ Petrivske និង Bogdanivka - សេចក្តីនេះ ថ្លែងទៅកាន់​អ្នកកាសែត ដែលកំពុង​បង្ហាញ​វត្តមាននៅនឹងកន្លែងផ្ទាល់ ដោយ អ្នកមុខអ្នកការជាន់ខ្ពស់ នៃកងទ័ព អ៊ុយក្រែន លោក Bogdan Bondar ។ អាជ្ញាធរនៃ សាធារណរដ្ឋស្វ័យប្រកាស Donetsk ( DNR ) ផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការនៃ ពួកផ្តាច់ទឹកដី DAN និង បេសកជនរុស្ស៊ីក្នុងកិច្ចចរចាសន្តិភាព លោក Boris Gryzlov ដែលផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS សុទ្ធតែ​បានសំដែងការអបអរសាទរ ចំពោះប្រតិបត្តិការនេះ។

កងកម្លាំង សាធារណរដ្ឋស្វ័យប្រកាស Donetsk បានដកចេញអស់សព្វគ្រប់ទៅហើយ ពីតំបន់ជិត ឃុំ Petrivske នៅម៉ោង ១៥ ថ្ងៃសៅរ៍ដដែល​។ នេះ បើតាមតំណាង DNR ។ ចំណែក ភាគីអ៊ុយក្រែន ត្រូវការពេល ៣ ថ្ងៃ ពោលគឺរហូតដល់ថ្ងៃ ១២ វិច្ឆិកា ទើប​អាច​បញ្ចប់ការដកក្រុមទ័ព និង គ្រឿងបច្ចេកទេសសឹក របស់ខ្លួន។

ការដកទ័ព​ចេញ​ខ្សែខ័ណ្ឌនៃសមរភូមិ ចម្ងាយ ១គម បានប្រព្រឹត្តទៅ ក្រោមក្រសែភ្នែក​នៃ​អ្នកសង្កេតការណ៍ របស់​អង្គការ​ដើម្បីសន្តិសុខនិងសហប្រតិបត្តិការនៅទ្វីបអឺរ៉ុប OSCE។ តាមសំដី លោក Bogdan Bondar ទៅទល់ម៉ោង ១២ ថ្ងៃ ១២ វិច្ឆិកា ក្រុមទ័ព និង សម្ភារៈយោធា នឹង ដកចេញអស់ពីខ្សែខ័ណ្ឌនោះ ទៅបោះទីតាំងនៅកន្លែងថ្មី។ បន្ទាប់មក ក្នុងរយៈពេល ២៥ ថ្ងៃ នៅតំបន់ ដកចេញនោះ នឹងប្រព្រឹត្តទៅ ប្រតិបត្តិការដោះមីន លុបចោលលេណដ្ឋាន និង រុះរើចេញគ្រឿងទស់ទ័ព។

ឃុំ Petrivske ដែលត្រួតត្រាដោយ ពួកផ្តាច់ទឹកដី និង ឃុំ Bogdanivka ដែលត្រួតត្រា ដោយក្រុងគៀវ សុទ្ធតែស្ថិតនៅក្បែរ ក្រុង Donetsk ជារដ្ឋធានី សាធារណរដ្ឋស្វ័យប្រកាស DNR។ ការចាប់ផ្តើមដកចេញ ពីខ្សែសមរភូមិប្រវែងជាង ៤០០ គម ថ្ងៃសៅរ៍ម្សិលមិញ ជាបុរេល័ក្ខខ័ណ្ឌ សម្រាប់ ចាត់ចែងជំនួបកំពូលចតុភាគី រវាងមេដឹកនាំអ៊ុយក្រែន និង រុស្ស៊ី ដោយមាន សមភាគី បារាំង និង អាល្លឺម៉ង់ ជា អន្តរការី - ការនេះថ្លែងដោយ ប្រមុខការទូតអ៊ុយក្រែន លោក Vadym Prystaiko ។

បើ ម៉ូស្គូ មិនសូវ ប្រាកដក្នុងចិត្ត នោះ ក្រុង គៀវ សង្ឃឹមថា ជំនួបនេះ រវាងលោក Vladimir Poutine លោក Volodymyr Zelensky លោក Emmanuel Macron លោកស្រី Angela Merkel អាចប្រព្រឹត្តទៅ នៅ ខែវិច្ឆិកានេះ ក្នុងក្រុង ប៉ារីស ហើយនឹងក្លាយជាជំនួបថ្មី ក្នុងជាន់ខ្ពស់​បែប​នេះ​ បើគិតតាំងពីឆ្នាំ២០១៦ មក។ ប៉ុន្មានសប្តាហ៍ចុងក្រោយ បញ្ហាបើកធ្វើជំនួបកំពូលនេះ បានត្រូវគេនិយាយជាច្រើន ប៉ុន្តែ គ្មានអ្វី ច្បាស់លាស់សោះ ជាអាទិ៍ មកពីម៉ូស្គូ ចងល័ក្ខខ័ណ្ឌ ឲ្យកងកម្លាំងបដិបក្ខដកចេញសិន ពីតំបន់ ៣ តូចៗ នៅ តាមខ្សែ​សមរភូមិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ