អានតួអត្ថបទ

ជំនួប​កំពូល​អូតង់ លើក​ទី៧០ ជាវេលា​នៃ​ការស្វែង​យល់​ចិត្ត​គ្នា ?

អូតង់​បើក​ប្រារព្ធ​ខួប​៧០​ឆ្នាំ​ ក្នុង​បរិបទ​ប្រេះឆា​ផ្ទៃក្នុង
អូតង់​បើក​ប្រារព្ធ​ខួប​៧០​ឆ្នាំ​ ក្នុង​បរិបទ​ប្រេះឆា​ផ្ទៃក្នុង REUTERS/Johanna Geron

មេ​ដឹកនាំប្រទេសនៃ​ក្រុម​​​សម្ព័ន្ធ​មិត្ត​​ចំណាស់​៧០​ឆ្នាំ អូតង់​ ត្រូវ​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ និង​ពុធ​នេះ នៅ​Watford ក្បែរ​ទី​ក្រុង​ឡុងដ៍ ក្នុង​​បរិយាកាសដ៏​​អាប់​អួរ​ខ្លាំង ដោយ​ហេតុ​តែ​សមាជិក​ខ្វែង​គំនិត​គ្នា​ច្រើន​រឿង​ពេក។ មុន​​ជំនួប​កំពូលចាប់​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ស្អែក នៅ​ពេញ​មួយ​ថ្ងៃ​អង្គារ​នេះ គេ​សង្កេត​ឃើញ​មាន​ជំនួប​ទ្វេ​ភាគី​ ពហុភាគី​តូចៗជា​ច្រើន ប្រធានាធិបតីបារាំង​និង​អាល្លឺម៉ង់ ត្រូវ​ជួប​ជាមួយ​​ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ ដាច់​ដោយ​ឡែក​ពីគ្នា។ បន្ទាប់​មក​ លោក​ម៉ាក្រុង​ លោកស្រី មែរកិល និង​នាយករដ្ឋមន្ត្រី​អង់គ្លេស នឹង​មាន​ជំនួប​មួយ ​ជាមួយ​ប្រធានាធិបតី​តួកគី ... ជំនួប​ទាំង​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​​បរិបទ​ដ៏​​តាន​តឹង​។

ផ្សាយពាណិជ្ជកម្ម

បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤៩ ក្រោយឈ្នះ​​សង្គ្រាម​លោកលើក​ទីពីរ ​អូតង់ ជា​តំណាង​ជោគជ័យ​ដ៏​គួរ​ឱ្យ​ស្ងប់ស្ងែង​មួយ។​ ប៉ុន្តែ៧០​ឆ្នាំក្រោយ ថ្ងៃ​បើក​​ជំនួប​កំពូល​ កំពុង​ក្លាយថ្ងៃ​​​ជួបវែក​ញែក​ស្វែង​​យល់​​គ្នា​ឡើង​វិញ។

គ្រប់​គ្នា​កំពុង​ចង់​បាន​ការ​បំភ្លឺ​ពី​ប្រធានាធិបតី​បារាំង ដែល​ចាត់​ទុក​អូតង់ថា​​កំពុង​ឈាន​មក​ដល់​មាត់ច្រាំង​នៃ​មរណៈ ​ព្រោះ​មាន​មូលហេតុ​ច្រើនតែ​សំខាន់ជាងគេ​​គឺ​បញ្ហាហិរញ្ញវត្ថុ។ ប្រធានាធិបតី​អាមេរិក​​ត្រូវ​ការ​ពិភាក្សា​តែ​ប្រធាន​បទ​ថវិកា​មួយ​ប៉ុណ្ណោះ ​រាល់​គ្រប់​ជំនួប​អូតង់​ និង​ដាក់​សម្ពាធ​ឱ្យ​សម្ព័ន្ធមិត្ត​បង់​វិភាគ​ទាន​​ក្នុង​វិស័យ​ការពារ​ជាតិ​ឱ្យ​បាន​កាន់​​ច្រើន។ អាល្លឺម៉ង់​បាន​បន្ទន់​ជំហរ​តាម​អាមេរិក ដោយ​សង្ឃឹម​ថាសម្ព័ន្ធ​ភាព​​អូតង់​នឹង​ប្រសើរ​ឡើង​​នៅមាន​កិច្ចព្រមព្រៀង​ថវិកា។ ប៉ុន្តែ​នរណា​អាច​ទុក​ចិត្ត​លោក​ត្រាំ​បាន ! ចំណែក​​បារាំង​មិនត្រូវ​ការ​និយាយ​អំពី​ការ​ដំឡើង​ថវិកាយោធាទេ បារាំង​ចាប់​អារម្មណ៍​នឹង​យុទ្ធ​សាស្ត្រ​រួម​ប្រឆាំង​សត្រូវ​ និង​ទំនាក់ទំនង​ក្នុង​រង្វង់​សម្ព័ន្ធមិត្ត។

ចាប់​ផ្តើម​ដំបូងគេ​គឺ​​តួកគី។ ​បារាំង​-​តួកគីកំពុង​តឹង​សរសៃកដាក់គ្នា​ រហូតដល់​ថ្នាក់​កោះ​ហៅ​ប្រមុខ​ការ​ទូត​ចូលជួប​ផង ពិត​ជា​ការ​ដ៏​កម្រ​បំផុត​ក្នុង​រង្វង់​សម្ព័ន្ធមិត្ត។ ជំនួប​រវាង​ប្រធានាធិបតី​បារាំង​និង​តួកគី អាច​នឹង​ពុះ​កញ្ជ្រោល​ខ្លាំង ព្រោះ​បារាំង​មិន​ពេញ​ចិត្ត​នឹង​ប្រតិបត្តិការ​យោធា​របស់​អង់ការ៉ានៅ​ស៊ីរី​ ដោយ​គ្មាន​ប្រាប់​សម្ព័ន្ធមិត្ត​ដូច្នេះ​ឡើយ។ ឯចំណែក​លោក​អ៊ែរដូហ្កាន គំរាម​ថា​នឹង​ខ្ទប់​ផែនការ​អូតង់ បើ​សម្ព័ន្ធមិត្ត​មិន​ព្រម​ចាត់​ទុក​ពួក​គូដឌីស្ថាន​ជា​ក្រុមភេរវជន។ សង្ឃឹម​ថា​នៅ​ក្នុង​ជំនួបស្តី​ពី​ស៊ីរី នៅ​ថ្ងៃនេះ ដោយ​មាន​​ប្រមុខ​ដឹកនាំអាល្លឺម៉ង់ និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ចូល​រួម​ជាមួយ​ផង ជា​ការ​ជួសបុស​ឱ្យ​ធ្លាយ​ជាសះ​នឹង​គ្នា​ឡើង​វិញ។

លោកដូណាល់​ ត្រាំ​ មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានអូតង់​នៅ​ពេល​ព្រឹក​ព្រលឹម មុន​នឹង​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង​។ មិន​ដឹង​ថា​តើ​លើក​នេះ​លោក​ត្រាំ នឹង​បញ្ជាក់​ជំហរ​យ៉ាង​ណា​ទេ បើ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ផង ថវិកាអូតង់​ផង​ជាមួយ​បារាំង​យ៉ាង​ដូច្នេះ។

រួម​រឹត​ដោយ​វិវាទ ជំនួប​កំពូល​នឹង​ខ្លី តែ​ប្រមាណ​បី​ម៉ោង ! នឹង​ផ្តល់​ចំណេញ​ដល់​រុស្ស៊ី។ នេះ​បើ​តាម​រដ្ឋមន្ត្រី​អឺរ៉ុប​ម្នាក់។ ប្រមុខ​អង្គការ​ទំនង​ជា​នឹង​បាន​ទទួល​ភារៈ​ដឹកនាំ​ពិចារណាមើល​ទំនាក់ទំនង​អូតង់​ជាមួយ​រុស្ស៊ី​​ តាម​សំណើ​របស់​បារាំង និង​អំពី​បញ្ហាសន្តិសុខ​រួម​ នាពេល​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ