អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

សំឡេង ០៦:៣៩
នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់
នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់ Yui Mok/Pool

ថ្ងៃ​ពុធ ទី៤ ធ្នូ​នេះ​ជា​ថ្ងៃ​ទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួបកំពូល​អង្គការ​អូតង់ ឬ​ណាតូ។ មាន​ការ​កត់​សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​ជំនួបកំពូល​អូតង់​ឆ្នាំ ២០១៩ ទី១ គឺ​ដើម្បី​ឧទ្ទិស​ដល់​ខួបកំណើត ៧០ឆ្នាំ និង​ទី២ ចំ​ពេល​ដែល​អូតង់​កំពុង​ជួប​ការ​បែកបាក់ និង​ការ​ប្រទាញប្រទង់​ផ្ទៃក្នុង​យ៉ាង​ខ្លាំង ពិសេស​តាំង​ពី​លោក​ដូណាល់ ត្រាំ​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក។ ទោះ​ជា​យ៉ាង​នេះ​ក្តី អង្គការ​ដែល​ទទួល​មរតក​ពី​សង្រ្គាមត្រជាក់​មួយ​នេះ​ព្យាយាម​បង្ហាញ​ជំហរ​សាមគ្គី និង​ព្យាយាម​ស្តារ​ឯកភាព​ដែល​បាន​បាត់បង់។ តើ ៧០ឆ្នាំ​ក្រោយ​មក អង្គការ​អូតង់​នៅ​បន្ត​មាន​ទឹកមាត់ប្រៃ និង​ឥទ្ធិពល​ទៀត​ដែរ ឬ​ទេ?។

ផ្សាយពាណិជ្ជកម្ម

អង្គការ​អូតង់ ឬ​ណាតូ​បាន​ប្រសូត្រ​ចេញ​ក្នុង​ថ្ងៃទី៤ មេសា ឆ្នាំ ១៩៤៩ ហើយ​បាន​ប្រារព្ធ​ពិធី​នេះ​កាល​ពី​ថ្ងៃទី៤ មេសា ឆ្នាំ ២០១៩ នៅ​លើ​ទឹកដី​អាមេរិកាំង​ដោយ​មាន​ការ​ចូលរួម​ត្រឹម​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​របស់​សមាជិក​ទាំង ២៩ប្រទេស។ អូតង់ ឬ​ណាតូ​បាន​ប្រសូត្រ​ឡើង​នៅ​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមលោក​លើកទី២ ដោយ​មាន​កម្មវត្ថុ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​បស្ចិមលោក​ប្រឈម​នឹង​ការ​ឈ្លានពាន​​របស់​ចក្រព័ទ្ធ​អាឡឺម៉ង់ និង​មហិច្ឆតា​របស់​សហភាពសូវៀត។ តែ​តំាង​ពី​ជញ្ជាំង​ក្រុង​ប៊ែរឡាំង​ដួល​រលំ​ក្នុង​ឆ្នាំ ១៩៨៩ និង​តាំង​ពី​ការ​ដួល​រលំ​សហភាពសូវៀត​ក្នុង​ឆ្នំា ១៩៩១​មក អង្គការ​ពុហុជាតិ​ដែល​ទទួល​មរតក​ពី​សង្រ្គាមត្រជាក់​មួយ​នេះ​បាន និង​កំពុង​ប្រឈម​មុខ​នឹង​នឹង​ការ​គំរាមកំហែង​ថ្មីៗ​ទៀត​នៅ​ក្នុង​លោក​នា​សតវត្ស​ទី២១។

ការ​គំរាមកំហែង​ថ្មី​ទាំង​នោះ រួម​មាន ការ​គំរាមកំហែង​ភេរវនិយម​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ការ​វាយប្រហារ​ពី​ចោរ​សមុទ្រ ការ​គំរាមកំហែង​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ លើស​ពី​នេះ អូតង់​ដែល​បច្ចុប្បន្ន​មាន​សមាជិក​ដល់​ទៅ ២៩ប្រទេស​ដែល​ខ្លះ​ជា​ប្រទេស​មហាអំណាច​គ្រាក់ៗ​ក៏​កំពុង​ប្រឈម​នឹង​ឥទ្ធិពល​របស់​រុស្ស៊ី និង​ចិន​ដែល​មិនមែន​ជា​ប្រទេស​សមាជិក។ រុស្ស៊ី​ដែល​សព្វថ្ងៃ​បាន​ចូល​ប្រឡូក​កាន់​តែ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ចិន​ជា​ប្រទេស​ដែល​មាន​ថវិកា​យោធា​លំដាប់​ទី២ ក្នុង​លោក បន្ទាប់​ពី​សហរដ្ឋអាមេរិក។ សមាជិក​អូតង់​ភាគ​ច្រើន​យល់​ថា វា​ល្មម​ដល់​ពេល​ដែល​អូតង់​ត្រូវ​ធ្វើ​កំណែទម្រង់​ដើម្បី​ឆ្លើយ​តប​នឹង​បរិបទ​ពិភពលោក​សព្វថ្ងៃ។

អង្គការ​អូតង់​យល់ព្រម​កាត់បន្ថយ​ការ​ចូល​វិភាគទាន​របស់​អាមេរិក

កំណែទម្រង់​របស់​អង្គការ​ចំណាស់ ៧០ឆ្នាំ​មួយ​នេះ​មាន​តាំង​ពី​ការ​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​លើ​យុទ្ធសាស្រ្ត និង​ចំណែក​វិភាគទាន​ដែល​ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​បង់។ វិភាគទាន​ដែល​ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​បង់​ជា​វិភាគទាន​ប្រចាំ​ឆ្នាំ ហើយ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បង់ គឺ​គិតគូរ​ទៅ​តាម​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​នីមួយៗ។ គោលការណ៍​នេះ​មាន​ចែង​ច្បាស់​នៅ​ក្នុង​ច្បាប់ផ្ទៃក្នុង​របស់​អង្គការ​អូតង់។ បច្ចុប្បន្ន អាមេរិក​ម្នាក់​ឯង​បាន​ផ្តល់ ២២,១% នៃ​ថវិកា​សរុប​របស់​អង្គការ​អូតង់ ហើយ​សមត្ថភាព​យោធា​ក្នុង​កម្លាំង​អូតង់​ដល់​ទៅ ៧៥% ត្រូវ​បាន​ធានារ៉ាប់រង​ដោយ​ទាហាន​អាមេរិក។ តែ​តាំង​ពី​លោក​ដូណាល់ ត្រាំ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក លោក​ត្រាំ​បាន​ទាមទារ​ឲ្យ​ប្រទេស​សមាជិក​ផ្សេង​បង់​វិភាគ​បន្ថែម​ដោយ​លោក​ចោទ​ជា​សំណួរ​ថា តើ​វា​សក្តិសម​ឬ​ទេ​ដែល​អាមេរិក​ត្រូវ​ចេញ​លុយ​ច្រើន​ជាង​អ្នក​ផ្សេង​ដើម្បី​ការពារ​អ្នក​ផ្សេង?។

ក្នុង​ថ្ងៃទី២៨ វិច្ឆិកា​ថ្មីៗ​នេះ សមាជិក​ទាំង ២៩ប្រទេស​បាន​ព្រមព្រៀង​គ្នា​កាត់​បន្ថយ​ការ​បង់វិភាគទាន​របស់​អាមេរិក​ពី ២២,១% មក​នៅ​ត្រឹម ១៦,៣៥%។ ចំណែក​អាល្លឺម៉ង់​នឹង​ដំឡើង​ឲ្យ​ដល់​កម្រិត​ដូច​អាមេរិក ហើយ​ប្រទេស​សមាជិក​ផ្សេង​បាន​យល់ព្រម​ចូលរួម​បន្ថែម​ទៀត។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ជំនួបកំពូល​កាល​ពី​ឆ្នាំ ២០១៤ ប្រទេស​សមាជិក​អូតង់​បាន​ឯកភាព​ដំឡើង​ថវិកា​យោធា​របស់​ខ្លួន​ឲ្យ​បាន ២% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០២៤។ តែ​គិត​ត្រឹម​ឆ្នាំ ២០១៩ នេះ ទើប​មាន ៨ប្រទេស​ប៉ុណ្ណោះ​ដែល​សម្រេច​បាន​កម្មវត្ថុ​មួយ​នេះ គឺ​អាមេរិក ក្រិច អេស្តូនី លីទុយអានី ឡេតូនី អង់គ្លេស រូម៉ានី និង​ប្រទេស​ប៉ូឡូញ។

ឯកភាព​ជា​អាទិភាព​របស់​អង្គការ​អូតង់

អ្វី​ដែល​គ្រប់​គ្នា​ចង់​បាន​នៅ​ក្នុង​ជំនួបកំពូល​អូតង់​ពឹល​នេះ គឺ​ឯកភាព​ផ្ទែក្នុង បន្ទាប់​ពី​ផ្ទុះ​សង្រ្គាមពាក្យសម្តី​យ៉ាង​ផុសផុល​រវាង​តួអង្គ ៣ រូប គឺ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​សមភាគី​តួកគី​លោក​អ៊ែរដូហ្កាន។ អ្វីៗ​បាន​ផ្តើម​ដំបូង​ពី​លោក​ម៉ាក្រុង​ដែល​បាន​ចាត់​ទុក​អង្គការ​អូតង់​ជា​ស្ថាប័ន​ស្លាប់ និង​ដែល​លោក​ត្រាំ​បាន​វាយបក​វិញ​ដោយ​ចាត់​ទុក​សម្តី​របស់​លោក​ម៉ាក្រុង​ថា​ជា​ការ​ជេរប្រមាថ​លើ​អង្គការ​អូតង់។ តែ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ត្រាំ លោក​ម៉ាក្រុង​មិន​សោកស្តាយ​នូវ​អ្វី​ដែល​លោក​បាន​និយាយ និង​នៅ​តែ​ប្រកាន់​សំដី​ដើម​របស់​លោក​ដដែល។ បន្ទាប់​មក លោក​ម៉ាក្រុង​ក៏​បាន​លើក​ឡើង​ពី​ករណី​តួកគី​ដែល​ជា​សមាជិក​អូតង់​ម្នាក់​ដែល​លោក​សង្កេត​ឃើញ​ថា បាន​ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត​ដោយ​មិន​បាន​ពិគ្រោះយោបល់​ជាមួយ​អ្នក​ផ្សេង។

លោក​ម៉ាក្រុង​បាន​លើក​ឡើង​ពី​អន្តរាគមន៍​យោធា​របស់​តួកគី​លើ​ពួក​គួដឌីស្ថានស៊ីរី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​បស្ចិមលោក​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម និង​បាន​ចោទ​តួកគី​ពី​បទ​រួម​សហការណ៍​ជាមួយ​ក្រុម​ជ្រុលនិយម​ដែល​ស្និទ្ធ​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ជា​ប្រតិកម្ម​តប​វិញ ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ថា គឺ​លោក​ម៉ាក្រុង​ដែល​មាន​ស្ថានភាព​ដូច​មនុស្ស​ស្លាប់ ពោល​មិនមែន​អង្គការ​អូតង់​ទេ។ អ្វី​ដែល​គ្រប់​គ្នា​បារម្ភ​ពេល​នេះ គឺ​ការ​ដែល​លោក​អ៊ែរដូហ្កាន​រារាំង​មិន​ឲ្យ​អូតង់​អនុម័ត​លើ​ផែនការ ការពារ​ក្រុម​ប្រទេស​បាល់ទិច និង​ប្រទេស​ប៉ូឡូញ រួម​ទាំង​ការ​បិទខ្ទប់​មិន​ឲ្យ​អូតង់​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ។ តែ​ប្រមុខ​អង្គការ​អូតង់​លោក Jens Stoltenberg ហាក់​មិន​បាន​ភ្ញាក់ផ្អើល​នឹង​សង្រ្គាមពាក្យ​សម្តី​ពេល​នេះ​ទេ​លោក​យល់​ថា នេះ​មិនមែន​ជា​លើកទី១ ដែល​អូតង់​បាន​ប្រឈម​នឹង​ភាព​មិន​ចុះ​សម្រុង​គ្នា និង​ការ​យល់​ឃើញ​មិន​ដូច​គ្នា។

លោក Stoltenberg មាន​ជំនឿ​ថា អូតង់​អាច​នឹង​ឯកភាព​គ្នា​លើ​ផែនការ​ស្តីពី​ការ​ការពារ និង​យុទ្ធសាស្រ្ត​ថ្មី។ ចំណែក​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​ថ្លែង​ថា វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ដែល​អូតង់​ត្រូវ​បន្ត​រួម​សាមគ្គីគ្នា​ដោយ​លោក​សម្លឹង​ឃើញ​ថា សំណុំរឿង​ដែល​ធ្វើ​ឲ្យ​អូតង់​រួបរួម​គ្នា​មាន​ច្រើន​ជាង​សំណុំរឿង​ដែល​ធ្វើ​ឲ្យ​អូតង់​បែកបាក់​គ្នា​ទៅ​ទៀត។ តាម​លោក​ចនសុន សមាជិក​អូតង់​ម្នាក់ៗ​សុទ្ធ​តែ​ទទួល​ស្គាល់​ដូច​គ្នា​ពី​សារៈសំខាន់​របស់​អូតង់​ដើម្បី​ការពារ​សន្តិសុខ​រួម​ទាំង​អស់​គ្នា៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ