អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

សំឡេង ១០:០០
ក្បួន​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍​ នៅទីក្រុង​ប៉ារីស ថ្ងៃទី ៥ ធ្នូ ២០១៩
ក្បួន​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍​ នៅទីក្រុង​ប៉ារីស ថ្ងៃទី ៥ ធ្នូ ២០១៩ © RFI/Bopha

ថ្ងៃទី​៥ធ្នូ ជាថ្ងៃ​ខ្មៅងងឹត​​ ​បំផុត​សម្រាប់​អ្នកដែល​ប្រើប្រាស់​សេវាដឹកជញ្ជូនសាធារណៈ នៅ​ប្រទេស​បារាំង ជាពិសេស​នៅទីក្រុង​ប៉ារីស ពីព្រោះថា អ្នកបើករថភ្លើង គ្រូបង្រៀន ប៉ូលិស និង​មេធាវីជាដើម បាននាំគ្នា​ធ្វើ​បាតុកម្ម និង​កូដកម្មយ៉ាងភ្លូកទឹក ភ្លូកដី ដើម្បី ប្រឆាំង​នឹង​កំណែទម្រង់​លើ​ការចូលនិវត្តន៍របស់​រដ្ឋាភិបាល​។ តាម​ការប្រកាស​របស់​រដ្ឋមន្រ្តីមហាផ្ទៃ​បារាំង បាតុកម្ម និង​ការប្រមូលផ្តុំ​ចំនួន ២៤៥​កន្លែង ត្រូវ​រៀបចំឡើង នៅទូទាំងប្រទេស ក្នុង​ពេល ប៉ូលិស​៦ពាន់នាក់​ នឹង​ត្រូវ​ដាក់​ពង្រាយ ដើម្បី​ធានារក្សា​សន្តិសុខ និង​ទប់ស្កាត់​បាតុកម្ម​ហិង្សា​របស់​ក្រុមអាវកាក់លឿង ជ្រុលនិយម ឬ​ក្រុមជនពាលអាវខ្មៅ។

ផ្សាយពាណិជ្ជកម្ម

បាតុករ​រាប់ពាន់នាក់ ចាប់ផ្តើមប្រមូលផ្តុំ នៅ​ស្ថានីយ៍​រថភ្លើង ដ៏ធំ​ Gare du de l’Est ដែល​ជា​ចំណុច​ប្រមូលផ្តុំ ដំបូង របស់​ក្រុមបាតុករ មុន​នឹង​ដង្ហែក្បួន​បាតុកម្ម ទៅកាន់​ទីលាន​République និង​ចុងបញ្ចប់​នៅ​Nation ដែល​សុទ្ធ​ជា​ទីតាំង​ជួបជុំ​ធ្វើ​បាតុកម្ម​ជា​ប្រពៃណី​របស់​ប្រជាជន​បារាំង។ នៅក្នុងអាកាសធាតុ​ដ៏ត្រជាក់ ៣អង្សា ​ក្រុមសហជីព​ចម្រុះ និង​ក្រុមគណបក្ស​ប្រឆាំង អ្នកបើករថភ្លើង គ្រូបង្រៀន សិស្សសាលា គិលានុបដ្ឋាន បុគ្គលិក​ធ្វើការ​នៅមន្ទីរពេទ្យ ប៉ូលិស មេធាវី​បានលើកគ្នា​ធ្វើ​បាតុកម្ម​ក្នុង​ទ្រង់ទ្រាយ​ដ៏ធំ គ្មានកំណត់ថ្ងៃ ដើម្បី​ប្រឆាំង​នឹង​កំណែទម្រង់លើ​ការចូលនិវត្តន៍ ​របស់​រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី​ម៉ាក្រុង។

តាម​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង បាតុកម្ម​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ ប្រមាណ​ជា ២៤៥​កន្លែង នៅទូទាំងប្រទេស​បារាំង។ ក្រៅតែពីធ្វើបាតុកម្ម និយោជិត​នៅតាម​បណ្តា​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុនជាច្រើន​ក៏បាននាំគ្នា​ធ្វើ​កូដកម្ម​ផងដែរ​។ កូដកម្ម​របស់បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដូចជា RATP និង​SNCF ដើម្បី​ដាក់សម្ពាធ​លើ​រដ្ឋាភិបាលលើកនេះ ប៉ះពាល់​រំខាន​ខ្លាំង​ អ្នកធ្វើការ​ នៅទីក្រុង​ប៉ារីស អ្នកជិះរថភ្លើង​ជាង ៤លាននាក់ ដែល​ជិះរទេះភ្លើង​ក្រោមដី​ជារៀងរាល់ថ្ងៃ។ ដោយសារ​តែ​កូដកម្ម​របស់​អ្នកបើកបរ ជាពិសេស ក្រុមហ៊ុន​RATP​លុបចោល​ចរាចរណ៍​ខ្សែ​រថភ្លើង​ក្រោមដី ប៉ារីស ដល់ទៅ​១០ខ្សែ ចំណែក​៤ខ្សែទៀតនៅបន្ត​រត់​​ទាំង​រអាក់រអួល។ រថយន្តក្រុង​បាន​កាត់បន្ថយ ចំនួនដឹកជញ្ជូន​របស់ខ្លួន ២ដង។ ចំណែក​ក្រុមហ៊ុន​រថភ្លើង​លឿន SNCF បាន​លុបចោល​៩០%​ខ្សែរត់​របស់ខ្លួនទៅ តាម​បណ្តា​ខេត្តបារាំង។

ក្រុមហ៊ុន​ដឹកជញ្ជូន​ក្រោមដី​លុបចោល ខ្សែ​រថភ្លើង​ក្រោមដី ដែល​មានអ្នកមានជិះ ប្រមាណ ៤លាន​នាក់ ក្នុង​មួយថ្ងៃ

ដោយសារ​តែ​គ្មាន​រថភ្លើង​ក្រោមដី បុគ្គលិក​ដែល​ត្រូវ​ចូល​មក​ធ្វើការ​នៅទីក្រុង ជាច្រើន ត្រូវ​បង្ខំចិត្ត​ឈប់​នៅផ្ទះ ធ្វើការ​ពីផ្ទះ ឬ​ត្រូវ​ប្រើ​មធ្យោបាយ​ផ្សេងទៀត ដែល​មិនមែនជា​សេវា​របស់​ក្រុមហ៊ុនរដ្ឋ ដូចជា​​ជិះ​ឡាន​តាក់ស៊ី ជិះកង់ ឬ​មួយ​ក៏សុំ​ស្នាក់​អាស្រ័យ​នៅ​ផ្ទះ​មិត្តភក្តិ​ដែលនៅជិត​កន្លែង​ធ្វើការបំផុត។ នៅថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃ​បើកដំបូង​នៃមហាបាតុកម្ម ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍ អ្នកបើកយន្តហោះ​មិន​ប្រកាស​ចូលរួម​ធ្វើ​បាតុកម្ម​ទេ ប៉ុន្តែ ដោយសារបុគ្គលិក​នៅព្រលាននៅព្រលាន​យន្តហោះ ធ្វើកូដកម្ម ​ក្រុមហ៊ុន​អាកាសចរណ៍ AirFrance បាន​ប្រកាស​លុបចោល​ការហោះហើរ​៣០ភាគរយ។

បាតុកម្ម​ និង​​កូដកម្ម​លើកនេះ មាន​ចូលរួម​ច្រើន​ពី​គ្រូបង្រៀន។ នៅបារាំង សាលារៀន ៤០៧ កន្លែង ក្នុង​ចំណោម​៦៥២កន្លែង​បិទទ្វារ ដោយសារតែ ​គ្រូបង្រៀន​ធ្វើកូដកម្ម បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​លើ​ការចូលនិវត្តន៍​របស់​លោកប្រធានាធិបតី​ម៉ាក្រុង។​

បាតុកម្ម និង​កូដកម្ម​ប្រឆាំង​នឹង​របបសកល សម្រាប់អ្នកចូលនិវត្តន៍

បាតុកម្ម និង​កូដកម្ម​នៅទូទាំងប្រទេស​ នៅថ្ងៃនេះ ធ្វើឡើង​ដើម្បី​ប្រឆាំង​នឹង​គម្រោងការ​របស់​រដ្ឋាភិបាល​ ដែល​ចង់​បង្កើត​ “របបសកលមួយ” សម្រាប់​អ្នកចូលនិវត្តន៍​គ្រប់រូប។

អ្នកដែល​ចូលរួម​ធ្វើ​បាតុកម្ម កូដកម្ម​នៅថ្ងៃ​នេះ ភាគច្រើន ជាអ្នកដែល​រង ប៉ះពាល់​បាត់បង់​ប្រយោជន៍​ដោយ​ផ្ទាល់ ដោយសារ“របបសកលមួយ” ដែល​លោក​ប្រធានាធិបតីម៉ាក្រុង​ចង់​បង្កើតឡើង​ដើម្បី​ទៅជំនួស “របប​ចូលនិវត្តន៍​ពិសេស” ដែល​គេ​បាន​បង្កើតឡើង​តាំង​ពីយូរណាស់​មកហើយ សម្រាប់​អ្នកធ្វើការ​ នៅកន្លែង​ដែល​មានការងារ​យ៉ាប់យ៉ឺន ដូចជា​នៅ​កន្លែង​ធ្វើអាជីវកម្ម​ជីករ៉ែ ឬ​អ្នកបើកបរ​រថភ្លើងជាដើម។

អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​​ចេញមុខ​ប្រឆាំង​ខ្លាំងជាងគេ​នៅក្នុង​បាតុកម្ម និង​កូដកម្ម​លើកនេះ ក៏ព្រោះតែ​ពួកគេ​ចង់​ការពារផល​ប្រយោជន៍​របស់ពួកគេ គឺ​“របប​ចូលនិវត្តន៍​ពិសេស” ដែលមាន​សម្រាប់តែ​អ្នកដែលធ្វើការធ្ងន់ធ្ងរ។ រហូតមកដល់​សព្វថ្ងៃនេះ អ្នកដែលធ្វើការ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន មាន​របប​ចូលនិវត្តន៍​ពិសេស និង​ល្អជាង​អ្នកធ្វើការ​ធម្មតា ដែល​ ទទួលបាន​របប​ធម្មតា ពោលគឺ​គេអាច​ចូល​និវត្តន៍​នៅមុនអាយុ​៦២ឆ្នាំ ​មុន អាយុចូលនិវត្តន៍ស្របច្បាប់​ ហើយ​ ជាមួយ​នឹង​ប្រាក់សោធនិវត្តន៍ពេញលេញ ១០០ភាគរយ ដោយ​មិនចាំបាច់​ធ្វើការ​រហូតដល់​អាយុ ៦៧ឆ្នាំ តាមការកំណត់​របស់ច្បាប់នោះទេ។ អាច​និយាយ​បាន​ថា អ្នកធ្វើការ​នៅក្នុង​សេវាដឹកជញ្ជូន​ ដូចជា​នៅក្រុមហ៊ុន​RATP នឹង​SNCF បាត់បង់​ប្រយោជន៍​ អាទិភាពទាំងនេះ បើសិន​ជា​ច្បាប់​ចូលនិវត្តន៍​លុបចោល របបពិសេស ដោយទុក​ឲ្យមានតែ​របបសកល តាម​ការចង់បាន​របស់​រដ្ឋាភិបាល។

គ្រូបង្រៀន​ចូលរួមធ្វើបាតុកម្ម ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ផែនការ​សន្សំពិន្ទុ

កំណែទម្រង់​ច្បាប់ចូលនិវត្តន៍​មិនត្រឹមប៉ះពាល់​ដល់​អ្នកបើករថភ្លើង មេធាវីដែល​សុទ្ធតែ​មាន​របប​ពិសេស​នោះទេ ប៉ុន្តែ វា​ប៉ះពាល់​ផងដែរ​ដល់​អ្នកដែល​ទទួល​របប​ធម្មតា ដូចជា គ្រូបង្រៀន​ជា​ដើម ព្រោះថា វា​មាននិយាយ​ពី​ការបង់វិភាគទានបែបថ្មី គឺការ​សន្សំពិន្ទុ។ មានន័យថា បើគេ​បង់វិភាគទាន​ចូល​កេស និវត្តន៍ កាន់តែ​ច្រើន នោះ​គេ​នឹង​មានពិន្ទុ​កាន់​តែច្រើន​ដែរ។ ប៉ុន្តែ វិធីនេះ មិនល្អ មិន​​ផ្តល់​ប្រយោជន៍ទាល់តែ​​សោះ​ដល់​គ្រូបង្រៀន ព្រោះគ្រូបង្រៀន​មាន​ប្រាក់ខែ​ទាប មិនអាច​បង់វិភាគទាន​ច្រើន​ដើម្បី​សន្សំពិន្ទុ​បាន​ច្រើន​នោះទេ។ តាម​គោលការណ៍​ចាស់​កន្លងមក សម្រាប់​មន្រ្តីរដ្ឋ គ្រូបង្រៀន គេ​យក​ប្រាក់ខែ​ ៦ខែ​ចុង​ក្រោយ​ដែល​ខ្ពស់បំផុត មុនចូលនិវត្តន៍ទៅ គណនាចែក សម្រាប់​អាច​ដឹង​ពី​ប្រាក់​សោធននិវត្តន៍​ ប៉ុន្តែ បើសិន​ជា​បង់វិភាគទាន ដើម្បីសន្សំពិន្ទុវិញ នោះ គ្រូបង្រៀន​ជាដើម នឹង​ខាតប្រយោជន៍​ខ្លាំង ព្រោះ​ពួកគេ​ចាប់ផ្តើមការងារដំបូង​ជាមួយ​ប្រាក់ខែ​ដ៏ទាប។ ដូច្នេះ​ដើម្បី​បាន​ប្រាក់សោធននិវត្តន៍​ពេញលេញ គ្រូបង្រៀន ត្រូវធ្វើការ​រហូត​ដល់​៦៧ ឆ្នាំ ឬ​ច្រើនជាងនេះ។ សម្រាប់​គ្រូបង្រៀន និង​សហជីព បារាំង ដោយ​ធ្វើកំណែទម្រង់ ច្បាប់​ចូល​និវត្តន៍​លើកនេះ រដ្ឋាភិបាល​របស់​លោកម៉ាក្រុង មិន​បាន​គិត​ពី​បញ្ហា​សុខភាព ការងារ​លំបាក និង​សមត្ថភាព​របស់​អ្នកធ្វើការ​នោះ​ទេ។ ផ្ទុយទៅវិញ មាន​តែ​ជំរុញ​ មនុស្ស​ឲ្យ​ធ្វើការ​កាន់តែយូរ ច្រើនជាង ៦៧ឆ្នាំ។

ហេតុអ្វី​រដ្ឋាភិបាល​បារាំង​នៅ​តែ​ចង់​ធ្វើ​កំណែទម្រង់?

អ្នកសរសេរ​គម្រោងការច្បាប់​ចូល​និវត្តន៍​ថ្មី​របស់​រដ្ឋាភិបាល បាន​អះអាង​ថា ប្រព័ន្ធ​ចូលនិវត្តន៍​សព្វថ្ងៃ ចែកមិន​ស្មើភាព ផ្តល់ប្រយោជន៍ច្រើន​ទៅតែ​អ្នកណាដែល​បាន​បង់​វិភាគទាន​គ្រប់គ្រាន់ ចំណែក​អ្នកដែល​គ្មាន​របប​ចូលនិវត្ត​ពិសេស ត្រូវ​ធ្វើការ​យូរ និង​បានទទួល​ប្រាក់និវត្ត​ន៍ទាប ដោយសារ​តែប្រាក់ខែរបស់ពួកគេ​ទាប។

សម្រាប់​រដ្ឋាភិបាល​ កំណែទម្រង់ថ្មី តាមរយៈ ការដាក់បញ្ចូល របបចូលនិវត្ត​ពិសេស ទៅក្នុង​ របបសកលតែមួយ ដោយ​គ្មានបែងចែក ដូចមុន គឺ​ធ្វើឡើង​ដើម្បី​នាំយក​ យុត្តិធម៌ សមភាព ហើយ​សាមគ្គីភាព ដល់​ប្រជាជន​បារាំង ជាពិសេស​មនុស្ស​ស្រី ជនពិការ និង​អ្នកក្រីក្រ ដែលបាន​​ធ្វើការដែរ ប៉ុន្តែ ដែល​គ្មានរបបពិសេស ដើម្បី​អាច​ទទួល​បាន​ប្រាក់សោធន៍និវត្តន៍​បាន​ពេញលេញ​កន្លងមក។

រដ្ឋាភិបាល​របស់លោកម៉ាក្រុង មិនមែន​អ្នកដំបូង​ដែល​ហ៊ាន​សើរើ​ច្បាប់ចូលនិវត្តន៍​ដែល​ជា​ចំណុច​រសើបខ្លាំង​នៅ​បារាំង​នោះទេ។ រដ្ឋាភិបាល​អាណត្តិមុនៗ​នៅពេល​ចូលកាន់អំណាច​ភ្លាម គឺ ​តែងធ្វើ​កំណែទម្រង់ ច្បាប់​ចូលនិវត្តន៍ ដោយសារ​ថា ប្រព័ន្ធ​ចូលនិវត្តន៍បារាំងវា​ធ្វើ​ឲ្យ​រដ្ឋខាតបង់​ថវិកា​រហូត។ នៅ​ឆ្នាំ ២០១០ នៅក្នុងអាណត្តិ​របស់​លោកប្រធានាធិបតី​សាកូហ្ស៊ី ប្រាក់ចំណាយ​ទៅលើ​សោធននិវត្តន៍​ស្មើ​នឹង​០,៧%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ ដោយសារ​ឱនភាព​នៅក្នុងប្រព័ន្ធ​ចូលនិវត្តន៍ លោក​សាកូហ្ស៊ី​ជំនាន់នោះ​បាន​ធ្វើ​កំណែទម្រង់ ច្បាប់ចូលនិវត្តន៍​ដោយ​បាន​បន្ថែមអាយុ​ចូលនិវត្តន៍​ស្របច្បាប់ ពី ៦០ ទៅ ៦២ឆ្នាំ។ រដ្ឋាភិបាល​បារាំង​អះអាងថា ប្រជាជនបារាំង មាន​អាយុ​កាន់​តែ​វែង ដូច្នេះ គេក៏ត្រូវ​បង្កើន​រយៈពេល​ធ្វើការដែរ។ ប្រសិន​បើ​គេ​មិន​ពន្យារពេល​អាយុ​ចូលនិវត្តន៍ទេ អ្នកចូល​និវត្តន៍​នឹង​មានចំនួនច្រើនហួសហេតុ ហើយ​រដ្ឋ​នឹង​ត្រូវ​ខ្វះ​ថវិកា​សម្រាប់​​សោធននិវត្តន៍។ ការលើកឡើង​របស់​រដ្ឋាភិបាល​បារាំង មិនសូវ​ជា​ខុសប៉ុន្មាន​ទេ។ ជាក់ស្តែង នៅក្នុង​ករណី​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​រដ្ឋបារាំងSNCF អ្នក ​ដែល​បង់​វិភាគទាន​សម្រាប់​​កេសចូលនិវត្ត មានចំនួន១សែន ៤ម៉ឺននាក់ ប៉ុន្តែ អ្នកដែល​ទទួល​ប្រាក់​សោធន​និវត្តន៍​​របស់​ក្រុមហ៊ុន SNCF មាន​ចំនួន សឹងជា ២ គឺ​ជាង ២សែន ៦ម៉ឺននាក់ នៅឆ្នាំ ២០១៧។

នៅពេល​ចំនួន​អ្នកបង់វិភាគទាន​តិចជាង ចំនួន​អ្នកចាំទទួល​ប្រាក់សោធននិវត្តន៍ គឺ​រដ្ឋបារាំង​ដែល​ត្រូវ​ចាំអន្តរាគមន៍​បង់បង្រ្គប់បន្ថែម។ នៅ​ឆ្នាំ ២០១៨ កន្លងទៅ រដ្ឋបាន​ចំណាយ​០,១​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុបសរុប ជិត ៣ពាន់លាន​អឺរ៉ូ សម្រាប់​បង្រ្គប់​កេស​សោធន​និវត្តន៍​ជាទូទៅ។ តាមរបាយការណ៍​របស់​ក្រុមប្រឹក្សា​កែតម្រង់ទិស ដើម្បី​ការចូលនិវត្តន៍ ប្រព័ន្ធចូលនិវត្តន៍​នឹង​ធ្វើ​ឲ្យ​រដ្ឋបារាំង​ខាតបង់​ប្រាក់​ពី​ជិត ៨ពាន់លានអឺរ៉ូ ដល់ ១៧ពាន់លាន​អឺរ៉ូនៅ​ឆ្នាំ ២០២៥។

ឆ្នាំ ២០២៥ គឺ​ជា​ឆ្នាំ ដែល​រដ្ឋាភិបាល​លោកម៉ាក្រុង​គ្រោង​នឹង​ដាក់ឲ្យ​អនុវត្ត​​ច្បាប់​ចូលនិវត្ត​ថ្មី។ ប៉ុន្តែ ជោគវាសនា​យ៉ាងណានោះ គេ​នៅមិនទាន់ដឹងច្បាស់ទេ។ លោកម៉ាក្រុង ដែល​ធ្លាប់​បាន​សន្យា​ធ្វើកំណែទម្រង់ ច្បាប់ចូលនិវត្តន៍ តាមរយៈ ការបង្កើត របប​សកល​ នឹង​អាច​ផ្អាកទុក មួយ​អន្លើសិន​ការពិភាក្សា​ច្បាប់ បើសិន​មាន​ការតវ៉ា​ប្រឆាំង​ខ្លាំងពេក៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ