អានតួអត្ថបទ
អាហ្រ្វិក-អឺរ៉ុប

លោកស្រីវ៉ុន ដឺ ឡាយយ៉ិន៖អឺរ៉ុប និងអាហ្រ្វិកអាចចាប់ដៃគ្នាក្នុងការប្រឆាំងនឹងការឡើងកម្តៅនៅក្នុងបរិយាកាស

ប្រធានថ្មីនៃគណៈកម្មការអឺរ៉ុបលោកស្រីវុន ដឺ ឡាយយ៉ិន និង​សមភាគី​សហភាពអាហ្រ្វិក​លោកមូសា ហ្វាគី ម៉ាហាម៉ាត
ប្រធានថ្មីនៃគណៈកម្មការអឺរ៉ុបលោកស្រីវុន ដឺ ឡាយយ៉ិន និង​សមភាគី​សហភាពអាហ្រ្វិក​លោកមូសា ហ្វាគី ម៉ាហាម៉ាត EDUARDO SOTERAS / AFP

ទ្វីបអាហ្រ្វិក ពិសេស​ប្រទេស​អេត្យូពី​ជា​ជម្រើសទី១ នៃ​ដំណើរទស្សនកិច្ច​ក្រៅ​តំបន់​អឺរ៉ុប​របស់​ប្រធាន​ថ្មី​នៃ​គណៈកម្មការ​អឺរ៉ុប​លោកស្រី​វុន ដឺ ឡាយយ៉ិន​នា​ថ្ងៃ​សៅរ៍ ទី៧ ធ្នូ។ នៅ​ក្នុង​ទីក្រុង​អាឌីសអាបេបា អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្រ្តី​អេត្យូពី​លោក​អាប៊ី អាម៉េដ និង​ប្រធាន​គណៈកម្មការ​សហភាពអាហ្រ្វិក​លោក​មូសា ហ្វាគី ម៉ាហាម៉ាត​ដែល​ជា​ជនជាតិ​ឆាដ។ នៅ​ក្នុង​ជំនួប លោកស្រី​វ៉ុន ដឺ ឡាយយ៉ិន​ធានា​ទ្វីបអាហ្រ្វិក​ពី​ការ​គាំទ្រ​យ៉ាង​ម៉ឹងម៉ាត់​របស់​សហភាពអឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

« សម្រាប់​យើង សម្រាប់​សហភាពអឺរ៉ុប អាហ្រ្វិក​ជា​ទ្វីប​មួយ​ដែល​យើង​រាប់រក និង​យក​ចិត្ត​ទុកដាក់​លើស​ពី​អ្នក​ជិតខាង​ទៅ​ទៀត ហើយ​ខ្ញុំ​សង្ឃឹម​ថា វត្តមាន​របស់​ខ្ញុំ​នៅ​ទីស្នាក់ការ​សហភាព​អាហ្រ្វិក​ពេល​នេះ​ជា​សារ​នយោបាយ​មួយ​ដ៏​ធំ​ចំពោះ​ទ្វីប​អាហ្រ្វិក​ក៏​ដូច​សហភាព​អាហ្រ្វិក » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​វ៉ុន ដឺ ឡាយយ៉ិន បន្ទាប់​ពី​បាន​ជួប​សន្ទនា​ជាមួយ​ប្រធាន​គណៈកម្មការ​សហភាពអាហ្រ្វិក​លោក​មូសា ហ្វាគី ម៉ាហាម៉ាត។ ប្រធាន​ថ្មី​នៃ​គណៈកម្មការ​អឺរ៉ុប​ដែល​ទើប​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃទី១ ធ្នូ​បាន​យល់​ឃើញ​ថា អាហ្រ្វិក​ជា​ទ្វីប​មួយ​ជាមួយ​នឹង​មហិច្ឆិតា​ដ៏​សម្បើម សេចក្តីប្រាថ្នា តែ​ក៏​មាន​តម្រូវការ​ដែរ។

លោកស្រី​វ៉ុន ដឺ ឡាយយ៉ិន​បាន​បន្ថែម​ថា វត្តមាន​របស់​លោកស្រី​ក្នុង​ទីក្រុង​អាឌីសអាបេបា ប្រទេស​អេត្យូពី​ពេល​នេះ​មិនមែន​ដើម្បី​ប្រកាស​ចេញ​នូវ​មហាផែនការ​អ្វី​ទេ តែ​ដើម្បី​ស្វែង​យល់​ពី​គំរូ​ទ្វីបអាហ្រ្វិក សហភាព​អាហ្រ្វិក ការ​អភិវឌ្ឍន៍​នៅ​ទូទាំង​ទ្វីបអាហ្រ្វិក អាទិភាព​នយោបាយ និង​សេដ្ឋកិច្ច។ បន្ទាប់​មក លោកស្រី​វ៉ុន ដឺ ឡាយយ៉ិន​ដែល​ត្រូវ​បង្ហាញ​កតិកាសញ្ញាបៃតង និង​ដែល​ចង់​ធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយ​ជា​ទ្វីបគំរូ​ស្តីពី​ផែនការ​អាកាស​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៥០ យល់​ឃើញ​ថា អាហ្រ្វិក និង​អឺរ៉ុប​អាច​រួម​សហការណ៍​គ្នា​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស។

ចំណែក​ប្រធាន​គណៈកម្មការ​សហភាពអាហ្រ្វិក​លោក​មូសា ហ្វាគី ម៉ាហាម៉ាត​បាន​គូសបញ្ជាក់​ពី​ដៃគូ​យុទ្ធសាស្រ្ត និង​ពហុវិស័យ​ជាមួយ​អឺរ៉ុប។ តាម​លោក​មូសា ហ្វាគី ម៉ាហាម៉ាត អាហ្វ្រិក​មាន​ការ​ចម្រើន​ទៅ​មុខ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច និង​នយោបាយ ពិសេស​ជាមួយ​នឹង​ការ​បង្កើត​ឲ្យ​មាន​តំបន់​ដោះដូរ​សេរី​ក្នុង​ទ្វីបអាហ្រ្វិក។ ទន្ទឹម​គ្នា​នេះ បញ្ហា​អន្តោប្រវេសន៍ និង​សន្តិសុខ​ក៏​ត្រូវ​បាន​លោកស្រី​វ៉ុន ដឺ ឡាយយ៉ិន និង​លោក​ហ្វាគី ម៉ាហាម៉ាត​លើក​ទៅ​និយាយ​ដែរ។ ទាក់ទង​នឹង​បញ្ហា​អន្តោប្រវេសន៍​ត្រូវ​បាន​លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ថា មិន​ទាន់​បាន​ទទួល​ចម្លើយ​គ្រប់គ្រាន់​ទេ តែ​លោកស្រី​ជឿជាក់​ថា​ទាំង​អស់​គ្នា គេ​អាច​រក​បាន​ចម្លើយ​ចំពោះ​បញ្ហា​នេះ។

បន្ទាប់​មក​នៅ​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​អេត្យូពី​លោក​អាប៊ី អាម៉េដ​ដែល​ជា​ជ័យលាភី​រង្វាន់ណូបែល​សន្តិភាព​ឆ្នាំ ២០១៩ លោកស្រី​វ៉ុន ដឺឡាយយ៉ិន​បាន​សាទរ​លោក​អាម៉េដ​ដែល​ទទួល​ជោគជ័យ​ក្នុង​ការ​រក​បាន​សន្តិភាព​ជាមួយ​ប្រទេស​អេរីត្រេ​ក្បែរខាង និង​ថា អេត្យូពី​បាន​ផ្តល់​ក្តីសង្ឃឹម​សម្រាប់​ទ្វីប​អាហ្រ្វិក​ទាំង​មូល។ ដោយឡែក​នៅ​ក្នុង​ជំនួប​រវាង​លោកស្រី​វ៉ុន ដឺឡាយយ៉ិន និង​លោក​អាម៉េដ​ដែរ មាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​ទឹកប្រាក់ ១៧០លានអឺរ៉ូ​ដែល​អឺរ៉ុប​ផ្តល់​ឲ្យ​អេត្យូពី​សម្រាប់​ធ្វើ​កំណែទម្រង់​លើ​វិស័យ​អាទិភាព​មួយ​ចំនួន៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ