អានតួអត្ថបទ

នាយករដ្ឋមន្ត្រីបារាំង ប្រកាសខ្លឹមសារនៃ​របប​ចូលនិវត្តន៍ថ្មី​ ខណៈ​សហជីព​ប្រកាស​បន្​តកូដកម្ម

French Prime Minister Edouard Philippe unveils the details of a pensions reform plan before the CESE (Economic, Social and Environmental Council) in Paris, France December 11, 2019.
French Prime Minister Edouard Philippe unveils the details of a pensions reform plan before the CESE (Economic, Social and Environmental Council) in Paris, France December 11, 2019. Thomas Samson/Pool via REUTERS

ដូចការសន្យា លោកនាយករដ្ឋមន្ត្រីបារាំង បានធ្វើការប្រកាស អំពីខ្លឹមសារនៃកំណែទម្រង់របបចូលនិវត្តន៍ កាលពីថ្ងៃពុធទី១១មិថុនា។ ហើយដូចអ្វីដែលគេរំពឹងទុក លោកនាយករដ្ឋមន្ត្រីបាន ប្រកាស អំពីគម្រោងលប់ចោលនូវរបបចូលនិវត្តន៍ពិសេសៗ ទាំង៤២ចោល ហើយចំនួសមកវិញ នូវរបបចូលនិវត្តន៍តែមួយ សម្រាប់ទាំងអស់គ្នា ហើយដែលផ្អែកលើការគិតចំនួន​ពិន្ទុ មិនមែនចំនួន​ឆ្នាំដូចមុនឡើយ។

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខក្រុមប្រឹក្សាជាតិ សេដ្ឋកិច្ច សង្គម និងបរិស្ថាន លោកនាយករដ្ឋមន្ត្រីបារាំង អ៊ែឌ័រ ហ្វ៊ីលីព បានថ្លែងថា “ដល់ពេលហើយ ដែលយើងទាំងអស់គ្នា ត្រូវកសាងប្រព័ន្ធចូលនិវត្តន៍រួមតែមួយ ដើម្បីភាពយុត្តិធម៌ទាំងអស់គ្នា”។ លោកបន្តថា "ក្នុងគម្រោងធ្វើកំណែទម្រង់នេះ គឺពុំមានអ្នកឈ្នះ ឬអ្នកចាញ់ទេ"។

នៅក្នុងសន្ទរកថា រយៈពេលមួយម៉ោង លោកនាយករដ្ឋមន្ត្រីបារាំង បានពន្យល់លំអិត អំពីខ្លឹមសាររបបចូលនិវត្តន៍ថ្មី។ របបចូលនិវត្តន៍ថ្មី នឹងមានតែមួយគត់ សម្រាប់គ្រប់បុគ្គលិកទាំងអស់ ទាំងរដ្ឋ ទាំងឯកជន។ ហើយរបបចូលនិវត្តន៍ពិសេសៗទាំង៤២ ក្នុងពេលបច្ចុប្បន្ននេះ នឹងត្រូវលប់ចោល។ របបចូលនិវត្តន៍ថ្មី នឹងផ្អែកទៅលើការសន្សំពិន្ទុ របស់បុគ្គលិកម្នាក់ៗ ហើយពិន្ទុនោះ នឹងត្រូវស្រង់គិតចេញជាចំនួន​ប្រាក់បំណាច់ចូលនិវត្តន៍ នៅពេលបុគ្គលិកនោះ​ដល់វ័យចូលនិវត្តន៍។ ទាក់ទិននឹងការកំណត់តម្លៃនៃពិន្ទុវិញ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមតំណាងនយោជិក និងនិយោជកទាំងអស់ មានតួនាទីចរចាគ្នា ដើម្បីកំណត់ ដោយមាន​រដ្ឋសភាជាអ្នកសម្របសម្រួល ត្រួតពិនិត្យ។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាយុចូលនិវត្តន៍គឺនៅតែ៦២ឆ្នាំដដែល។ ក៏ប៉ុន្តែ កំណែទម្រង់ថ្មី នឹងដាក់បន្ថែមអាយុមួយទៀត ហៅថាអាយុតុល្យភាព នៅវ័យ៦៤ឆ្នាំ ដើម្បីញ៉ាំងឲ្យបុគ្គលិកបន្តធ្វើការ បើសិនជាបុគ្គលិកនោះចង់ ហើយអាចមានលទ្ធភាពបន្ត។ ក្នុងន័យនេះ បុគ្គលិក នៅតែអាចសម្រេចចិត្តចូលនិវត្តន៍នៅអាយុ៦២ឆ្នាំដដែល ក៏ប៉ុន្តែបើចូលនិវត្តន៍មុន​អាយុ៦៤ឆ្នាំ តម្លៃគិតជាទឹកប្រាក់នៃពិន្ទុដែលសន្សំបាន នឹងត្រូវបន្ទាប។ តែបើបុគ្គលិកសម្រេចបន្តធ្វើការ ហើយចូលនិវិត្តន៍ក្រោយអាយុ៦៤ឆ្នាំ នោះតម្លៃគិតជាប្រាក់នៃពិន្ទុដែលសន្សំបាន នឹងត្រូវដំឡើងទៅតាមនោះ។

ចំណែកកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការនៃរបបចូលនិវត្តន៍ថ្មី នេះ លោកអ៊ែឌ័រ ហ្វ៊ីលីព បានបញ្ជាក់ថា នឹងធ្វើដោយសន្សឹមៗ ព្រោះថាវាមានភាពស្មុគស្មាញ។ របបចូលនិវត្តន៍ថ្មី នឹងអនុវត្តតែទៅលើបុគ្គលិក ដែលមានឆ្នាំកំណើត គិតចាប់ពីឆ្នាំ១៩៧៥មក។ ចាប់ពីឆ្នាំ២០២៥ទៅ ការបង់ភាគទានរបស់បុគ្គលិក ដែលកើតនៅឆ្នាំ១៩៧៥ និងក្រោយឆ្នាំ១៩៧៥ នឹងត្រូវចាប់គិតទៅក្នុងរបបថ្មី។ ចំណែកអ្នកដែលមានអាយុគ្រប់១៨ឆ្នាំ នៅឆ្នាំ២០២២ នឹងចាប់ផ្តើម រាប់បញ្ចូលទៅក្នុងរបបចូលនិវត្តន៍ថ្មីតែម្តង។

សូមបញ្ជាក់ថា ក្រោយការប្រកាសអំពីខ្លឹមសារនៃកំណែទម្រង់នេះ ក្រុម​សហជីពបុគ្គលិកទាំងអស់ បានសម្តែងការខកចិត្តជាខ្លាំង និងដោយបានអំពាវនាវ ឲ្យធ្វើកូដកម្មទូទាំងប្រទេសឲ្យកានតែធំ នឹងយូរអង្វែង ដើម្បី​បង្ខំឲ្យរដ្ឋាភិបាលលប់ចោលកំណែទម្រង់នេះ។ សូម្បីតែសហជីព CFDT ដែលធ្លាប់គាំទ្រកំណែទម្រង់នេះ ក៏បាន​បដិសេធ មិនគាំទ្រជាដាច់ខាត នូវបំណងរបស់រដ្ឋាភិបាលដែល បង្កើតឲ្យមាន​អាយុតុល្យភាព​៦៤ឆ្នាំ បន្ថែមពីលើអាយុចូលនិវត្តន៍៦២ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ