អានតួអត្ថបទ
បារាំង-គុយបា

ដំណើរទស្សនកិច្ច​លើកដំបូង​បង្អស់​របស់​ប្រធានាធិបតី​បារាំង នៅ​គុយបា

ប្រធានាធិបតី​បារាំង លោក​ហ្រ្វង់ស័រ ហូឡង់ នៅ​ព្រលាន​យន្តហោះ ឡាហាវ៉ាន នៅយប់​ថ្ងៃ​អាទិត្យ​ទី ១០​ឧសភា
ប្រធានាធិបតី​បារាំង លោក​ហ្រ្វង់ស័រ ហូឡង់ នៅ​ព្រលាន​យន្តហោះ ឡាហាវ៉ាន នៅយប់​ថ្ងៃ​អាទិត្យ​ទី ១០​ឧសភា Reuters/Enrique de la Osa

នៅ​ប្រទេស​គុយបា លោក​ហ្រ្វង់ស័រ ហូឡង់​បាន​ក្លាយ​ជា​ប្រធានាធិបតី​បារាំង ទី ១ ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​គុយបា។ នៅ​ក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​តែ​១​ថ្ងៃ នៅថ្ងៃ​ចន្ទ ទី ១១ ឧសភា ប្រធានាធិបតី​បារាំង ប៉ុនប៉ង​ចង់ រឹត​ចំណង​មិត្តភាព​ជាមួយ​នឹង​គុយបា នៅក្រោយពេល​ដែល​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ទើប​បាន​ស្តារ​ទំនាក់ទំនង​ល្អ​ឡើង​វិញ ជាមួយ សហរដ្ឋអាមេរិក។ តើ​អ្វីទៅ​ជា​ទិសដៅ​ពិតប្រាកដ នៃ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង នៅ​គុយបា? 

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំង​កំពុង​ផ្តើម​ទស្សនកិច្ច​នៅថ្ងៃ​ចន្ទនេះ នៅ​ឡាហាវ៉ាន រដ្ឋធានី​របស់​ប្រទេស​គុយបា។ លោក​ហ្វ្រង់ស័រ ហូឡង់ គឺ​ជា​ប្រធានាធិបតី បារាំង លើក​ដំបូង​បង្អស់ ដែល​បាន​ដាក់​ជើង​ជាន់​ទឹកដី​គុយបា ចាប់តាំង​ពី​គុយបា​ស្គាល់​បដិវត្តន៍​ផ្លាស់ប្តូរ​របប​នយោបាយ នៅ​ឆ្នាំ ១៩៥៩។ នៅ​ឡាហាវ៉ាន ប្រធានាធិបតី​បារាំង បាន​ប្រកាស​ផ្ញើ​សារ​ទៅកាន់​ប្រជាជន​គុយបា ​ទាំង​ជាង ១១​លាន​នាក់។ លោក​បាន​លើកសរសើរ​ពី​ការតស៊ូ​របស់​ប្រជាជន​គុយបា ដើម្បី សេរីភាព ឯករាជ្យភាព និង​ភាពក្លាហាន​របស់​ប្រជាជន​គុយបា ដែល​ហ៊ាន​ប្រឈម មិន​ចុះញ៉ម នឹង​មហាអំណាច​អាមេរិក។ លោក​ហ្រ្វង់ស័រ ហូឡង់ នៅ​បាន​ឆ្លៀត លើក​និយាយ​ពី​ទំនាក់ទំនង​ជា​ប្រវត្តិសាស្រ្ត​រវាង​ប្រជាជន​បារាំង និង​ប្រជាជន​គុយបា។

 
ចាប់តាំង​ពី​ឆ្នាំ ១៩៩១ បារាំង បាន​ដើរ​នយោបាយ​ផ្ទុយ ពី​សហភាព​អឺរ៉ុប ដោយ​បាន​បោះឆ្នោត ជា​រៀងរាល់​ឆ្នាំ នៅ​អង្គការ​សហហប្រជាជាតិ ដើម្បី​ទាមទារ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ចេញ​ពី​គុយបា។ សម្រាប់​បារាំង ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាមេរិក​បាន​ដាក់​ទៅ​លើ​គុយបា តាំង​ពី​ឆ្នាំ ១៩៦២​មក បាន​បិទខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​របស់​គុយបា ហើយ​ប្រជាជន​គុយបា​ដែល​ជា​ជនរងគ្រោះ​មុន​គេ។

ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង ទៅ​ប្រទេស​គុយបា ត្រូវ​បាន​រៀបចំ ប្រុងប្រៀប ទុកមុន ជា​យូរណាស់​មក​ហើយ។ នៅ​គុយបា បារាំង​បាន​វ៉ាដាច់​ប្រទេស​អេស្ប៉ាញ ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​គុយបា។ បារាំង និងគុយបា​កាន់តែ​ខិតចូលជិត​គ្នា នៅក្រោយ​គុយបា​ធ្វើ​នយោបាយ​បើក​ទូលាយ​ការទូត​ជាមួយ​អឺរ៉ុប នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ រដ្ឋមន្រ្តី​ការបរទេស​បារាំង លោក​ឡូរ៉ង់ ហ្វាប្យ៊ូស ផ្ទាល់ ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡាហាវ៉ាន កាលពី​ខែ​មេសា ឆ្នាំ ២០១៤ គឺ​នៅ​ប៉ុន្មាន​ខែ មុន​ពេល​ដែល​អាមេរិក និង​គុយបា បាន​ប្រកាស​ផ្សារភ្ជាប់​ទំនាក់ទំនង នឹង​គ្នា នៅ​ចុងឆ្នាំ ២០១៤ ក្រោយ​ពី​ប្រឈម​មុខ យក្ស​ដាក់​គ្នា អស់​កន្លះ​សតវត្សរ៍​ទៅ​ហើយនោះ។ វត្តមាន​លើក​ទីមួយ​របស់​ប្រមុខ​ការបរទេស​បារាំង នៅ​គុយបា កាលណោះ ធ្វើ​ឡើង​ក្នុង​បំណង ត្រួសត្រាយ​ផ្លូវ សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​បារាំង និង​គុយបា។

ទស្សនកិច្ច​របស់​ប្រមុខដឹកនាំ​បារាំង នៅ​គុយបា ធ្វើឡើង បន្ទាប់​ពី​គុយបា និង​អាមេរិក ប្រកាស​ចង​ភ្ជាប់​ទំនាក់ទំនង​ល្អ​នឹង​គ្នា ឡើងវិញ ជាមួយ គុយបា​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៤។

នៅ​ព្រលាន​យន្តហោះ ក្នុង​រដ្ឋធានី​គុយបា លោក​ហ្វ្រង់ស័រ ហូឡង់​បាន​ប្រកាស​ថា លោក​រំជួល​ចិត្ត​មែនទែន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​គុយបា ព្រោះ​លោក គឺ​ជា​ប្រធានាធិបតី​បារាំង​លើក​ទីមួយ ក្នុង​ប្រវត្តិសាស្រ្ត​បារាំង ដែល​ធ្វើ​ទស្សនកិច្ច​នៅ​គុយបា។ ប៉ុន្តែ គុយបា​ដែល​លោក​កំពុង​ធ្វើ​ទស្សនកិច្ច គឺ​ជា​គុយបា​បច្ចុប្បន្ន មាន​ន័យថា គុយបា​ដែល​បាន​បើកទ្វារ​ស្វាគម ប្រទេស​លោកខាង​លិច។ តាម​លោក​ហ្រ្វង់ស័រ ហូឡង់ បារាំង និង​អឺរ៉ុប ចង់​ជួយ​គុយបា ព្រោះ​គុយបា​នៅ​ខ្វះខាត​ច្រើន។ ចង់ ឬ​មិនចង់ ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ បារាំង គ្មាន​អ្វី​ក្រៅ​តែ​ពី​ចង់​រក្សា ផល​ប្រយោជន៍​សេដ្ឋកិច្ច ដែល​បារាំង កំពុង​មាន​ជាមួយ​គុយបា​នោះទេ។ បារាំង គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី ១០​របស់​គុយបា នៅក្រោយ​ចិន អាមេរិក។ ក្រុមហ៊ុន​បារាំង​មួយចំនួន បាន​បោះទុន​វិនិយោគ​ផ្នែក​ទេសចរណ៍ និង​ស្រា​នៅគុយបា។

នៅ​ក្នុង​ពេល​គុយបា ចាប់​មាន​ទំនាក់ទំនង​ល្អ​ឡើងវិញ ជាមួយ​អាមេរិក និង​ចាប់ផ្តើម​បើកទ្វារ​សេដ្ឋកិច្ច យ៉ាង​ដូច្នេះ លោក​ប្រធានាធិបតី​បារាំង​មិន​ចង់ ឲ្យ​បារាំង បាត់បង់​ចំណែកខ្លួន ក្នុង​ទីផ្សារ​គុយបា នោះទេ។ ទីផ្សារ​គុយបា ដែល​នឹងអាច​លុកលុយ ដោយ​ក្រុមហ៊ុន​អាមេរិក នៅ​ពេល​ខាងមុខ ពោល​គឺ​ក្រោយ ពេល​ដែល​រដ្ឋាភិបាល​អាមេរិក អាច លើក​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​គុយបា​នោះ។

នៅ​ឡាហាវ៉ាន ប្រធានាធិបតី​បារាំង ហែហម​ដោយ​ប្រធាន​ក្រុមហ៊ុន​ជាច្រើន តាំង​ពី​ក្រុមហ៊ុន​ផលិតស្រា ក្រុមហ៊ុនសំណង់ និង​ផ្នែក​សណា្ឋគារ​ទេសចរណ៍។ កិច្ចសន្យា​ពាណិជ្ជកម្ម​រវាង​បារាំង និង​គុយបា ត្រូវ​គេ​រំពឹងថា នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​មុន​ជំនួប រវាង​ដោយ​លោក​ហ្រ្វង់ស័រ​ហូឡង់ និង​ប្រធានាធិបតី​គុយបា លោក​រាអ៊ូល កាស្រ្តូ នៅយប់​ថ្ងៃ​ចន្ទនេះ។

បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ត្រូវ​ដាក់​នៅ​គន្លៀត​ជញ្ជាំង
នៅ​មុន​ឡើង​យន្តហោះ សំដៅ​ឡាហាវ៉ាន លោក​ហ្រ្វង់ស័រ ហូឡង់​បាន​និយាយថា លោក​នឹង​លើក​និយាយរាល់​បញ្ហា​ជាមួយ​ប្រធានាធិបតី​រ៉ាអ៊ូល កាស្ត្រូ។ “ខ្ញុំ​នឹង​លើក​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស ព្រោះ​នៅ​រាល់ពេល​ដែល​មាន​អ្នកទោស​នយោបាយ ខ្វះ​សេរីភាព បារាំង មិន​ដែល​ចងមាត់ បិទជិត​នោះទេ” នេះ​ជា​ការថ្លែង​របស់​លោក​ហ្រ្វង់ស័រ ហូឡង់។

លោក​ហ្រ្វង់ស័រ ហូឡង់​បាន​សន្យា​លើក​និយាយ​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស នៅពេល​លោក​ជួប​ប្រធានាធិបតី​រ៉ាអ៊ូល កាស្រ្តូ។ ប៉ុន្តែ បញ្ហា​រំលោភ​សិទ្ធិមនុស្ស នៅ​គុយបា​នឹង​ត្រូវ​ដោះស្រាយ ដោយ​វិធី​ណា​នោះ។ គេ​នៅ​មិនទាន់​ដឹង​នោះទេ។

បញ្ហា​សេដ្ឋកិច្ច​បាន​លុប បាំងជិត​បញ្ហា​សិទ្ធិមនុស្សនៅ​គុយបា។ នៅ​រាល់​ការថ្លែង​របស់​លោក​ហ្រ្វង់ស័រ ហូឡង់ គឺ​សំដៅតែ​ពី​នយោបាយ​បើកចំហរ​របស់​រដ្ឋាភិបាល​គុយបា ពី​ឱកាស​បោះទុន​វិនិយោគ នៅក្នុង​ប្រទេស​នេះ ដែល​ចង់​បើកទ្វារ​ស្វាគម​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ ប៉ុន្តែ គេ​មិន​បាន​លឺ​និយាយ​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការបិទ​សេរីភាព​នៅ​គុយបា ចេញពី​មាត់​របស់​ប្រធានាធិបតី​បារាំងនោះទេ។ ជាក់ស្តែង នៅគុយបា ជាទី ដែល​អ្នក​ប្រឆាំង ជាង ៩ពាន់​នាក់​ត្រូវ​ចាប់ចង ជា​អ្នកទោស​នយោបាយ នៅ​ឆ្នាំ ២០១៤ ហើយ សេរីភាព​របស់​អ្នកកាសែត និង​សិល្បករ​ឯករាជ្យ ត្រូវ​អាជ្ញាធរ រឹតបន្តឹង លោក​ប្រធានាធិបតី​បារាំង មិន​បាន​បង្ហើរ​សូម្បី​មួយម៉ាត់ ពី​បញ្ហា​សិទ្ធិមនុស្ស នៅ​គុយបា នៅក្នុង​ការថ្លែង ជា​សាធារណៈ​របស់​លោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ