អានតួអត្ថបទ
ហូឡង់-អ៊ុយក្រែន

ក្រុមស៊ើបអង្កេត៖ យន្តហោះ​ម៉ាឡេស៊ី MH17​រង​​វាយប្រហារ​ដោយ​មីស៊ីល​ប៊ូក​ផលិត នៅ​រុស្ស៊ី

រូបគ្រោង​ផ្គុំឡើង​វិញ របស់​យន្តហោះ​ម៉ាឡេស៊ី MH17 ដែល​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​បង្ហាញ នៅថ្ងៃ​ទី ១៣​តុលា ថ្ងៃ ចេញផ្សាយ​របាយការណ៍​ផ្លុវការ​ស្តីពីការ​បាញ់​ទម្លាក់​យន្តហោះ ម៉ាឡេស៊ី
រូបគ្រោង​ផ្គុំឡើង​វិញ របស់​យន្តហោះ​ម៉ាឡេស៊ី MH17 ដែល​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​បង្ហាញ នៅថ្ងៃ​ទី ១៣​តុលា ថ្ងៃ ចេញផ្សាយ​របាយការណ៍​ផ្លុវការ​ស្តីពីការ​បាញ់​ទម្លាក់​យន្តហោះ ម៉ាឡេស៊ី ©REUTERS/Michael Kooren

ក្រុមអ្នកស៊ើបអង្កេត​អន្តរជាតិ នៅថ្ងៃ​អង្គារ​ទី ១៣​តុលា​បាន​ចេញផ្សាយ​របាយការណ៍​ផ្លូវការ ស្តី​ពី​លទ្ធផល​នៃការស៊ើបអង្កេត​ទៅលើ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH 17 កាលពី​ថ្ងៃ​ទី ១៧​កក្កដា ២០១៤ ដែល​បាន​សម្លាប់​មនុស្ស​នៅ​លើ​យន្តហោះ ទាំង ២៩៨​នាក់។ របាយការណ៍​បាន​លើកឡើង​ថា ​មីស៊ីល ប្រភេទ​ប៊ុក ផលិត​នៅ​រុស្ស៊ី បាន​ទៅ​បញ្ចេញ​គ្រាប់​ផ្ទុះ លើ​តួខាងមុខយន្តហោះ គឺ​បន្ទប់​អ្នកបើកបរ​យន្តហោះ​ផ្ទាល់តែ​ម្តង។ 

ផ្សាយពាណិជ្ជកម្ម

១៥​ខែក្រោយ​ព្រឹត្តិការណ៍​ផ្ទុះធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី នៅ​ភាគខាងកើត​អ៊ុយក្រែន ការិយាល័យ​ដើម្បី​សន្តិសុខ​របស់​ប្រទេស​ហូឡង់ ដែល​ដឹកនាំ​ការស៊ើបអង្កេត​ចេញ​ផ្សាយ នៅថ្ងៃ​អង្គារនេះ របាយការណ៍​ផ្លូវការ ស្តីពី​លទ្ធផល​នៃ​ការស៊ើប​អង្កេត លើ​ករណី​ផ្ទុះធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH 17។ ដំបូង គេ​បង្ហាញ​លទ្ធផល​ការស៊ើបអង្កេត ដល់​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ នៅទីក្រុង​ឡាអេ បន្ទាប់មកគេនឹង​ផ្សព្វផ្សាយ​របាយការណ៍​ដល់​អ្នកកាសែត នៅក្នុង​សន្និសីទ​កាសែត​មួយ ដែល​ត្រូវ​រៀបចំ​នៅ​មូលដ្ឋានទ័ពអាកាស​ហូឡង់។ តាម​របាយការណ៍​ មីស៊ីល​ប្រភេទ​ប៊ូក​បាន​ហោះ​ចំ​ក្បាល​យន្តហោះ​ម៉ាឡេស៊ី មុន​នឹង​ផ្ទុះ បំផ្លាញយន្តហោះ​នៅ​ភាគខាងកើត​អ៊ុយក្រែន។​ តាម​អ្នកស៊ើប​អង្កេត រដ្ឋាភិបាល​គួរ​តែ​បិទ​ដែន​អាកាស នៅ​ភាគខាងកើត​ ដែល​កំពុង​កើត​ជម្លោះ​ប្រដាប់រវាង​ពួក​ឧទ្ទាម និង​កងទ័ព​រដ្ឋាភិបាល។

 
កន្លងមក ក្រុមស៊ើបអង្កេត​ធ្លាប់​បាន​និយាយ​ត្រួសៗ​ពី​ចំនុច​៤ ដែល​គេ​ត្រូវ​ផ្តោត​ស៊ើបអង្កេត។ ទីមួយ គឺ មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ផ្ទុះធ្លាក់។ ទី២ ហេតុអ្វី​បាន​ជា​យន្តហោះ ម៉ាឡេស៊ី MH17​ហោះ​នៅ​ពីលើ​ទឹកដី​ដែល​កំពុង​កើតមាន​ជម្លោះ​ប្រដាប់អាវុធ។ ទីបី ហេតុអ្វី បាន​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ត្រូវ​រង់ចាំ​ដល់​ទៅ ៤​ថ្ងៃ ដើម្បី​ទទួល​ដំណឹងថា សាច់ញាតិ​របស់​ពួកគេ​បាន​ស្លាប់ នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ម៉ាឡេស៊ី នៅ​ភាគខាងកើត​អ៊ុយក្រែន។ និង​ចំណុច​ចុងក្រោយ គឺ​ទីកន្លែង ដែល​អ្នកដំណើរ និង​អ្នក​បើកយន្តហោះ ទើប​ដឹង​ពី​អ្វី​ដែល​បាន​កើតឡើង​ដល់​ពួកគេ។

ការិយាល័យ​ហូឡង់ ដើម្បី​សន្តិសុខ ដែល​ដឹកនាំ​ការស៊ើបអង្កេត​ជាមួយ​អ្នកជំនាញ មក​ពីអូស្ត្រាលី ម៉ាឡេស៊ី និង​ប៊ែលហ្ស៊ិក ធ្លាប់​បាន​ចេញ​ផ្សាយ​របាយការណ៍​បឋម មួយ ដែល​ថា យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​បាន​រងបុក​ដោយ​វត្ថុរឹង​ពី​ខាងក្រៅ មុន​នឹង​ឆេះ​ធ្លាក់​ទៅក្នុង​ទឹកដី​ភាគ​ខាងកើត​អ៊ុយក្រែន។

តាម​អ្នកចូលរួម​ក្នុង​ការស៊ើបអង្កេត ដែល​ដកស្រង់​សំដី ដោយ​កាសែត​ក្នុង​ស្រុក​ហូឡង់ ចេញផ្សាយ​នៅថ្ងៃ​អង្គារ យន្តហោះ ម៉ាឡេស៊ី ត្រូវ​ផ្ទុះ​ឆេះ​នៅលើ​មេឃ ដោយសារ តែ​ត្រូវ​រងគ្រាប់​មីស៊ីល​ប្រភេទ​ប៊ូក។ តាម អ្នកស៊ើបអង្កេត​អន្តរជាតិ ​ទីតាំងហោះ​ចុងក្រោយ​របស់​យន្តហោះ ម៉ាឡេស៊ី នៅលើ​រ៉ាដា នៅ​ថ្ងៃ​ទី ១៧ កក្កដា ឆ្នាំ ២០១៤ គេ​អាច​សន្និដ្ឋាន​ថា មីស៊ីល​ប្រភេទ​ប៊ូក​ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុមឧទ្ទាម​អ៊ុយក្រែន ដែល​គាំទ្រ​ដោយ​រុស្ស៊ី។ កាលពី​ខែ​សីហា​កន្លងទៅ រដ្ឋអាជ្ញារ​ហូឡង់​ក៏​ធ្លាប់​បាន​អះអាងថា គេ​បាន​រកឃើញ​វត្ថុធាតុ​រឹង ដែល​អាច​ជាផ្នែក​មួយ​នៃ​មីស៊ីល​ប្រភេទ​ប៊ូក ផលិត នៅរុស្ស៊ី។

សាច់ញាតិ​របស់​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ធ្លាក់យន្តហោះ​ម៉ាឡេស៊ី MH17 នៅ​ភាគខាងកើត​អ៊ុយក្រែន
សាច់ញាតិ​របស់​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ធ្លាក់យន្តហោះ​ម៉ាឡេស៊ី MH17 នៅ​ភាគខាងកើត​អ៊ុយក្រែន REUTERS/Sergei Karpukhin

របាយការណ៍​ ផ្តោត​តែ​ទៅលើ​បញ្ហា​បច្ចេកទេស ប៉ុន្តែ មិន​ទម្លាក់​កំហុស​លើ​ក្រុម​ណាទេ
របាយការណ៍​ជាផ្លូវការ​របស់​ការិយាល័យ ដើម្បី​សន្តិសុខ​ហូឡង់ ​និយាយ​តែ​ពី​ទីតាំង ដែល​គេ​បាញ់​មីស៊ីល ហើយ និង​ថា មីស៊ីល​នោះ គឺជា​មីស៊ីល​ប្រភេទ​ប៊ូក ប៉ុន្តែ របាយការណ៍​នេះ មិន​បាន​និយាយ​ចោទ ចង្អុល​មុខ​ថា ក្រុមណា ជា​អ្នកបាញ់​នោះ​ទេ។

ដើម្បី​ចង់ដឹង​មុខ​អ្នកទទួល​ខុសត្រូវ គឺ​គេ​ត្រូវ​រង់ចាំ ការស៊ើបអង្កេត​ដាច់​ដោយឡែក​មួយទៀត ផ្នែក​ព្រហ្មទណ្ឌ​របស់ រដ្ឋអាជ្ញា​ហូឡង់។ ការងារ​ស៊ើបអង្កេត​បទឧក្រិដ្ឋ នឹង​ត្រូវការ​ពេលវេលា​រាប់​ខែ​ទៅមុខទៀត។

តាម​អ្នកស៊ើបអង្កេត របស់​ការិយាល័យ​ហូឡង់ ទោះ​របាយការណ៍ នៅ​ថ្ងៃនេះ មិន​និយាយ​ចំៗ​អ្នកដែល​បាន​បាញ់​មីស៊ីល​ប្រភេទ​ប៊ូក ប៉ុន្តែ គេ​អាច​ដឹង​ថា គឺ​ក្រុម​ឧទ្ទាម​អ៊ុយក្រែន គាំទ្រ​ដោយ​រុស្ស៊ី ដែល​បាន​បាញ់​មីស៊ីល ប៊ូក ព្រោះ​មីស៊ីល​នោះ​បាញ់​ចេញ​ពី​ដែនដី​កាន់កាប់​របស់​ពួកឧទ្ទាម។ អ្នកស៊ើបអង្កេត​នៅ​ដល់​ទៅ​ហ៊ាន​និយាយ​ថា មិនមែន​ក្រុមឧទ្ទាម ដែល​អាច​មាន​សមត្ថភាព បាញ់​មីស៊ីល​ប្រភេទ​ប៊ូក​បាន​ដោយខ្លួនឯង។ ក្រុម​ឧទ្ទាម​ដែល​មិន​ស្គាល់ ចេះប្រើ​មីស៊ីល​ប៊ូក​ពីមុន​មក ប្រាកដ ជា​បាន​ទទួល​ជំនួយ​ពីទាហាន​រុស្ស៊ី។

រុស្ស៊ី​បាន​រុញច្រាន មិនទទួល​ស្គាល់​សេចក្តី​សន្និដ្ឋាន​របស់​អ្នកស៊ើបអង្កេត អន្តរជាតិ។ នៅថ្ងៃអង្គារ Almaz-Anteï ក្រុមហ៊ុន​ផលិត​មីស៊ីល​ប្រភេទ​ប៊ូករបស់​រុស្ស៊ី បាន​បញ្ចេញ​របាយការណ៍ មួយ នៅ​ព្រមគ្នា​នឹង​ការចេញផ្សាយ​របាយការណ៍​របស់​ក្រុមស៊ើបអង្កេត​អន្តរជាតិ។ ក្រុមហ៊ុន​រុស្ស៊ី​ដែល​បាន​ធ្វើ​ពិសោធន៍​ផ្ទាល់ខ្លួន ដោយ​បាន​បាញ់​មីស៊ីល​ប៊ូក​ទៅលើ​យន្តហោះ​ចាស់ ដែល​គេ​បោះបង់ចោល បាន​រុញច្រាន​ការសន្និដ្ឋាន​របស់​ក្រុម​អ្នកស៊ើប​អង្កេត​អន្តរជាតិ។ តាម​ក្រុមហ៊ុន​រុស្ស៊ី ប្រភេទ​មីស៊ីល​ប៊ូក​ដែល​គេ​បាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី គឺ​ជា​មីស៊ីល​ប្រភេទ​ចាស់ ដែល​រុស្ស៊ី លែង​ប្រើ​ទៀតហើយ។ រុស្ស៊ី​មាន​តែ​មីស៊ីល​ទំនើប​ថ្មីៗ​តែប៉ុណ្ណោះ ចំណែក​មីស៊ីល​ប្រភេទ​ចាស់ នោះ​គឺ​មាន​តែ​រដ្ឋាភិបាល​អ៊ុយក្រែន​តែប៉ុណ្ណោះ ដែល​មាន​នៅប្រើ។

កន្លងមក​រដ្ឋាភិបាល​រុស្ស៊ី ចោទ​ចោទប្រកាន់​កងទ័ព​អ៊ុយក្រែន​ថា ជាអ្នកបាញ់​មីស៊ីល ពីលើ​ដី ឬ​ប្រើ​យន្តហោះ​ចម្បាំង​បាញ់​ទម្លាក់​យន្តហោះ​ដឹកអ្នកដំណើរ ដើម្បី​ទម្លាក់​កំហុស ទៅលើ​ក្រុមឧទ្ទាម ដែលកំពុង​ទាមទារ​ផ្តាច់​ទឹកដី​នៅ​ភាគខាងកើត​អ៊ុយក្រែន។

ទាំង​រុស្ស៊ី និង​អ៊ុយក្រែន មាន​មីស៊ីល​ប្រភេទ​ប៊ូក​ដូចគ្នា។ ប៉ុន្តែ ការលើក​ឡើង​របស់​ភាគី​រុស្ស៊ី គឺ​ដើម្បី​តែ​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។ រូបភាព​ផ្កាយរណប​របស់​អាមេរិក​ធ្លាប់​បាន​បង្ហាញហើយ​ថា មីស៊ីល​បាញ់​ចេញ​ពីតំបន់​ដូនេតស៍ ដែល​កាន់កាប់ ដោយ​ក្រុមឧទ្ទាម​អ៊ុយក្រែន គាំទ្រ​ដោយ​រុស្ស៊ី។ តាម​អ្នកជំនាញ ពួកឧទ្ទាម​អ៊ុយក្រែន​អាច​បាញ់​ច្រលំ ព្រោះ គេ​គិតស្មាន​ថា យន្តហោះ​ដឹកអ្នកដំណើរ ជាយន្តហោះ​ចម្បាំង​របស់​កងទ័ព​អ៊ុយក្រែន។ ត្រូវ​ដឹងថា នៅក្នុង​ចន្លោះ ខែ​ឧសភា ដល់​ខែ​កក្កដា គឺ​រហូត​ដល់​ថ្ងៃ​ដែល​យន្តហោះ​ម៉ាឡេស៊ី ត្រូវ​គេ​បាញ់​ធ្លាក់​នៅ​ភាគខាងកើត​អ៊ុយក្រែន ពួកឧទ្ទាម​ធ្លាប់​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​របស់​កងទ័ព​អ៊ុយក្រែន ដល់​ទៅ ៧គ្រឿង​ឯណោះ។ កងទ័ព​អ៊ុយក្រែន​គ្មានហេតុផល​អ្វី​ដែល​ត្រូវ​ប្រើ​មីស៊ីល​ប្រភេទ​ប៊ូកទេ ព្រោះ​ក្រុមឧទ្ទាម គ្មាន​យន្តហោះ ហោះ​នៅលើ​មេឃ​ឲ្យ​គេ​បាញ់​នោះទេ។

ម្យ៉ាងទៀត នៅថ្ងៃ​ដែល​យន្តហោះ​ម៉ាឡេស៊ី​ធ្លាក់ មេទាហាន​ក្រុមឧទ្ទាម​ម្នាក់ បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន​ថា ក្រុមខ្លួន បាន​បាញ់​ទម្លាក់​យន្តហោះ អ៊ុយក្រែន។ ប៉ុន្តែ នៅក្រោយ​ដំណឹង​ថា គឺ​យន្តហោះដឹកអ្នកដំណើរ​ម៉ាឡេស៊ី ផ្ទុះធ្លាក់ទៅវិញ សារ​របស់​មេឧទ្ទាម​ត្រូវ​បាន​គេ​លុប​ចោល ភ្លាម ពី​អ៊ីនធ័រនែត។ បើមើល​ទៅលើ​ចំណុច​ខាងលើ​នេះ គេអាច​គិតថា គឺ​ពួកឧទ្ទាម ដែល​គាំទ្រ​រុស្ស៊ី ដែល​ជាអ្នកប្រព្រឹត្ត។ ប៉ុន្តែ ដោយសារ​តែ​ការខ្វែង​គំនិត នៅ​តែខ្លាំង​រវាង​រុស្ស៊ី គាំទ្រ​ក្រុមឧទ្ទាមអ៊ុយក្រែន ហើយ​និង​ក្រុមប្រទេស​លោក​ខាង​លិច គេ​គឺ​នៅ​តែ​មិនអាច​ចោទប្រកាន់ ឬ​ចាប់​អ្នកទទួល​ខុសត្រូវ​បាញ់​ទម្លាក់​យន្តហោះ ម៉ាឡេស៊ី​យក​មក​ថ្កោលទោស បាន​ទេ នោះបើទោះបី​ជា​រដ្ឋអាជ្ញា​ហូឡង់ អាចរក​ឃើញ​មុខ​ឧក្រិដ្ឋជន នៅក្រោយ​ការស៊ើបអង្កេត​ក្តី។

ជាក់ស្តែង រុស្ស៊ី កាលពី​ខែ​កក្កដា​កន្លងទៅ ធ្លាប់​បាន​ប្រឆាំង​មិន​ឲ្យ​អង្គការ​សហប្រជាជាតិ​បង្កើត​តុលាការ​អន្តរជាតិ ទៅ​តាម​ការទាមទារ​របស់​ហូឡង់ និង​ម៉ាឡេស៊ី។ ហូឡង់​ដែល​មាន​ជនរងគ្រោះ​ស្លាប់​ច្រើនជាងគេ នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី បាន​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ ឲ្យ​បង្កើត​តុលាការ​អន្តរជាតិ ដើម្បី​ស៊ើប​អង្កេត ស្វែងរក​ឧក្រិដ្ឋជន ដែល​បាញ់​ទម្លាក់​យន្តហោះ ម៉ាឡេស៊ី និង​យក​ទៅ​កាត់ទោស​នៅ​តុលាការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ