អានតួអត្ថបទ
សន្និសីទទីក្រុង​ប៉ារីស​​ស្តីពី​អាកាសធាតុ

អ្នកវិនិយោគ​កាន់តែច្រើន​បែរខ្នង​ដាក់​ថាមពល​បាន​មក​ពី​ធ្យូងថ្ម

រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​នៅ​ជប៉ុន។ ជប៉ុន​បែរ​ទៅរក​ថាមពល​ធ្យូងថ្ម នៅក្រោយ​គ្រោះថ្នាក់​រោងចក្រ​នុយក្លេអ៊ែរ ហ្វូគូស៊្ហីម៉ា
រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​នៅ​ជប៉ុន។ ជប៉ុន​បែរ​ទៅរក​ថាមពល​ធ្យូងថ្ម នៅក្រោយ​គ្រោះថ្នាក់​រោងចក្រ​នុយក្លេអ៊ែរ ហ្វូគូស៊្ហីម៉ា Reuters/Stringer

ស្ថាប័ន ក្រុមហ៊ុន​ជាង​៥០០ ក្នុង​ពិភពលោក​​បាន​ប្រកាស​​បដិសេធ​មិន​វិនិយោគ​លើ​វិស័យ​ថាមពល​ធ្យូងថ្ម។ តួលេខ​ដ៏​គួរ​ឲ្យ​លើក​ទឹកចិត្ត​នេះ ត្រូវ​បាន​​​អង្គការបរិស្ថាន​អន្តរជាតិ ឈ្មោះ ៣៥០ ប្រកាស នៅថ្ងៃ​ពុធទី ២ធ្នូ ថ្ងៃ​បើក​ទី​៣​ នៃសន្និសីទ​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​អាកាសធាតុ ដែល​កំពុង​បើក​ធ្វើ​នៅទីក្រុង​ប៉ារីស។ ​ 

ផ្សាយពាណិជ្ជកម្ម

ចំនួនសកលវិទ្យាល័យ ក្រុមហ៊ុន និ​ងរដ្ឋាភិបាល​ដែល​បាន​សម្រេច​លះបង់​ចោល​គម្រោង​វិនិយោគ​ទៅលើ​ថាមពល​ធ្យូងថ្ម​បាន​កើន​ឡើង​ជា​បន្តបន្ទាប់។ នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​បរិស្ថាន​អន្តរជាតិ ៣៥០ ស្ថាប័ន​ជាង ៥០០ ដែល​តំណាង​ឲ្យ​មូលធន ៣ពាន់ ៤រយ ពាន់​លាន​ដុល្លារ បាន​ប្រកាស​លែងវិនិយោគ​លើ​ថាមពល​ធ្យូងថ្ម និង​ បែរ​ទៅរក​វិនិយោគ​លើ​ថាមពល​មិនចេះ​រីងស្ងួត ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថានទៅវិញ។ សម្រាប់​ហូដា បារ៉ាកា មន្រ្តីព័ត៌មាន​របស់​អង្គការ ៣៥០ នេះ​ជា​ដំណឹង​ល្អ នៅពេល​ដែល​ក្រុមហ៊ុន​មាន​ទុន​រាប់លាន​ដុល្លារ លែង​វិនិយោគ​តទៅទៀត​លើ​ថាមពល​ធ្យូងថ្ម ដែល​គ្មាន​អនាគត និង​ដែល​ជាអ្នកទទួល​ខុសត្រូវ​ឲ្យ​មាន​ឧស្ម័ន​កាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​មូលហេតុ​ធ្វើ​ផែនដី​ឡើង​កំដៅ និង​ប្រែប្រួល​អាកាសធាតុ។

 
ហូដា បារ៉ាកា៖ “យុទ្ធនាការ​របស់យើង​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ២០១២ ប៉ុន្តែ​ទើប​តែ​ទទួល​ផល​គួរ​ឲ្យ​កត់សំគាល់​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ ជាក់ស្តែង កាលពី​ខែ​កញ្ញា យើង​រកឃើញថា មាន​ទឹកប្រាក់ប្រមាណ ២ពាន់ ៦រយ ពាន់​លាន​ដុល្លារ ​ ​ដែល​គេ​បែរលែង​យក​ទៅ​វិនិយោគ​លើ​ថាមពល​ធ្យូងថ្ម។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក តួលេខ​នេះ​បាន​លោត​ខ្ពស់​មែនទែន ពី​២ពាន់ ៦​រយ ពាន់​លាន​ដុល្លារ ទៅ​ដល់​៣ពាន់ ៤​រយ ពាន់​លាន​ដុល្លារ។ ហេតុអ្វីបាន​ជា​ដូច្នេះ? ខ្ញុំ​គិត​ថា មនុស្ស​ជាច្រើន​នៅក្នុង​ពិភពលោក​យល់​ដឹង​ពី​ភាពចាំបាច់ និង​បន្ទាន់ ក្នុងការផ្លាស់ប្តូរ​របៀប​ប្រើប្រាស់​ថាមពលដែល​ចេញ​មក​ពី​ធ្យូងថ្ម។ យើង​ទាំងអស់​គ្នា​យល់ស្រប​ថា មាន​ការប្រែប្រួល​អាកាសធាតុ ហើយ​ធ្យូងថ្មជា​ប្រភព​បញ្ចេញឧស្ម័នកាបូនិក ដែល​ជា​ឧស្ម័ន​ផ្ទះកញ្ចក់។  ម្យ៉ាងទៀត ក៏មាន​ផងដែរ​ទស្សន​វិស័យ​ហិរញ្ញវត្ថុ។ គេ​មើលឃើញថា ទីផ្សារ​ថាមពល​ពិភពលោក​មាន​ការផ្លាស់ប្តូរ ខុសពីមុន។ ធ្យូងថ្ម​មិនអាច​មាន​ជីវិត​អមតៈ គឺ​នឹង​អស់​នៅ​ថ្ងៃ​ណាមួយ​មិនខាន។ ដូច្នេះ គេ​មិនអាច​រំពឹង​យក​ផល​សេដ្ឋកិច្ច​ពីវា ជារៀងរហូត​នោះទេ គឺ​មិនដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះទេ។ ក្រុមហ៊ុន​ជាច្រើន​យល់​ថា មិនមែន​ជា​ការឆ្លាតវៃ​ទេ ដែល​គេ​វិនិយោគ​ទៅលើ​ធ្យូងថ្ម ដែល​កាន់​តែ​ហោចទៅៗ​នោះ។ និន្នាការ​ក្នុង​ពិភពលោក​កំពុង​ប្រែប្រួល មានងាករេ បែរ​ពី​ធ្យូងថ្ម ទៅរក​ថាមពល​មិនចេះ​រីងស្ងួតដូចជា​ពន្លឺព្រះអាទិត្យ។ ដូច្នេះ​គេ​នៅរង់ចាំតែ​មេដឹកនាំ​ពិភពលោក​ប៉ុណ្ណោះ​ដែល​ត្រូវ​ធ្វើ​នយោបាយ​ឲ្យ​ទាន់​សភាពការណ៍។

របាយការណ៍​ស្តីពីការ​បែរខ្នង​របស់​ក្រុមហ៊ុន​វិនិយោគ ទៅលើ​វិស័យ​ថាមពល​ធ្យូងថ្ម ត្រូវ​បាន​ចេញផ្សាយ នៅថ្ងៃទី ៣​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ ក្នុងទីក្រុង​ប៉ារីស។ តាម​មន្រ្តី​ព័ត៌មាន​របស់​អង្គការ​៣៥០ វា​ជាមធ្យោបាយ​ មួយសម្រាប់​ដាក់​សំពាធ​លើ​រដ្ឋាភិបាល ឲ្យ​ពន្លឿន​ការចរចា ឲ្យ​បាន​សម្រេច ពោល​គឺ​បង្កើត​កិច្ចព្រមព្រៀង​ ដែលនៅក្នុង​នោះ គេ​យល់ព្រម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ដើម្បី​ទប់ទល់​កុំ​ឲ្យ​ផែនដី​ឡើង​កំដៅ​ច្រើន​ជាង ២​អង្សារសេ ចាប់ពីពេលនេះ ដល់​ដំណាច់​សតវត្សរ៍ ទី ២១។

មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​មាន​សីលធម៌ សុខចិត្ត​លះបង់​ចោល​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់ខ្លួន ដែល​ពឹងផ្អែក​លើ​ថាមពល​ធ្យូងថ្ម​នោះទេ។ តាម​របាយការណ៍​ដាច់ដោយឡែក​មួយទៀត របស់​អង្គការ​មិត្ត​នៃផែនដី Friends of Earth ធនាគារ មាន​ប្រាក់​មហាសាល​ជាច្រើន នៅ​អាមេរិក ស្វ៊ីស ជាដើម នៅ​តែ​បន្ត​ផ្តល់​ប្រាក់​កម្ចី​ដល់​គម្រោង​វិនិយោគ​ទៅលើ​ធ្យូងថ្ម ជាជាងថាមពល​មិន​ចេះរីងស្ងួត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ