អានតួអត្ថបទ
បារាំង-អាល្លឺម៉ង់

មេដឹកនាំ​បារាំង និង​អាល្លឺម៉ង់​មាន​ជំហរ​ដូចគ្នា គឺ​ការពារ​អ៊ីស្លាម និង​ប្រឆាំង​មនោគមវិជ្ជា​ភេរវនិយម

នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​លោកប្រធានាធិបតី​បារាំង
នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​លោកប្រធានាធិបតី​បារាំង REUTERS/Pascal Rossignol

ថ្លែង​នៅ​រដ្ឋសភា​អាល្លឺម៉ង់ នៅថ្ងៃ​ព្រហស្បតិ៍​ទី ១៥​មករា នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​សន្យា​ប្រយុទ្ធប្រឆាំង​រាល់​សំដី​ឈ្នានីស និង​មនោគមវិជ្ជា​ភេរវនិយម។ ចំណែក​លោក​ប្រធានាធិបតី​បារាំង​វិញ នៅក្នុង​ឱកាស​បើក​វេទិកា​នៅ​វិទ្យាស្ថាន​ពិភពអារ៉ាប់ បាន​ថ្លែងថា សាសនា​អ៊ីស្លាម​ជាអ្នករងគ្រោះ​មុនគេ ដោយសារ​ក្រុម​ជ្រុលនិយម។ 

ផ្សាយពាណិជ្ជកម្ម

អ៊ីស្លាម​ដើរ​ស្របទន្ទឹមគ្នា​នឹង​លទ្ធិប្រជាធិបតេយ្យ។ នេះ​ជាការថ្លែង​របស់​លោកប្រធានាធិបតី​បារំាង ហ្វ្រង់ស័រ ហូឡង់ នៅចំពោះមុខ​អ្នកចូលរួម​ដែល​ភាគច្រើន​ជា​អ្នកកាន់សាសនា​អ៊ីស្លាម នៅក្នុង​វេទិកា​មួយ​រៀបចំ​ដោយ​វិទ្យាស្ថាន​ពិភពលោក​អារ៉ាប់ ក្នុង​ក្រុង​ប៉ារីស។ ប្រធានាធិបតី​បារាំង​ព្រមាន​ផងដែរ កុំ​ឲ្យ​មាន​គំនិត​យល់​ច្រលំ និង​ការដាក់​បញ្ចូល ច្របូកច្របល់​គ្នា រវាង​ក្រុមអ្នកកាន់​សាសនា អ៊ីស្លាម និង​ភេរវកម្ម​របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម។

 
តាម​លោក​ហ្វ្រង់ស័រ ហូឡង់ គឺ​ជនជាតិ​អ៊ីស្លាម​ដែល​ប្រឈម រងគ្រោះថ្នាក់​មុនគេ ដោយសារ​មនោគម​វិជ្ជា ជ្រុលនិយម មិនចេះ​សណ្តោស​ប្រណី។ ជនជាតិ​អ៊ីស្លាម​ក៏​ជា​មិត្ត​របស់​បារាំង។ នៅ​ក្នុង​ទឹកដី​បារំាង ប្រជាជន​អ៊ីស្លាម នឹង​ទទួល​ការគោរព មាន​សិទ្ធិ​ទទួល​បាន​ការការពារ​តាមច្បាប់ ប៉ុន្តែ លោក​ប្រធានាធិបតី​បារាំង​អំពាវនាវ​ឲ្យ​សុំ​ឲ្យ​ប្រជាជន​អ៊ីស្លាម​នៅ បារាំង​គោរព​សាធារណរដ្ឋ​បារំាង។ លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ទាមទារ​ផងដែរ ឲ្យ​មាន​ការបង្រៀន និង​ពន្យល់​ឲ្យ​បាន​ច្បាស់ ពី​ប្រវត្តិសាស្រ្ត​សាសនា នៅតាម​សាលារៀន។

នៅ​ទីក្រុង​ប៊ែឡាំងវិញ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ដែល​បាន​ថ្លែង​ចូលរួម​រំលែកទុក្ខ​ជាមួយ​ប្រជាជន​បារាំង ដែល​រងគ្រោះ​ដោយ​អំពើ​ភេរវកម្ម កាលពីថ្ងៃ​ពុធ សប្តាហ៍​មុន។ ថ្លែង​នៅមុខ​សភា​អាល្លឺម៉ង់ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ សន្យា​ប្រយុទ្ធប្រឆាំង​នឹង​សំដី​ច្រណែន​និន្ទា និង​មនោគមវិជ្ជា​ភេរវនិយម។

សម្រាប់​លោកស្រី អង់ហ្គែឡា មែរគែល រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ប្រើ​រាល់​ច្បាប់ ដើម្បី​ផ្តន្ទាទោស​យ៉ាង​ចាស់ដៃ ប្រឆាំង​នឹង​អ្នកដែល​ធ្វើសកម្មភាព​ហិង្សា ក្នុង​នាម​សាសនា​អ៊ីស្លាម ឬ​មេមនោគមវិជ្ជា​ភេរវនិយម អន្តរជាតិ។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​សន្យា​ដែរថា នឹង​ប្រើ​គ្រប់មធ្យោបាយ​របស់​និតិរដ្ឋ​អាល្លឺម៉ង់ ដើម្បី​ទប់ស្កាត់​សកម្មភាព​ប្រឆាំង​សហគមន៍​ជ្វីហ្វ ហើយ​នឹង​សន្យា​ការពារ​សុវត្ថិភាព សន្តិសុខ​ឲ្យ​វិហារ​អ៊ីស្លាម​នៅ​អាល្លឺម៉ង់។

លោកស្រី នាយករដ្ឋមន្រ្តី អាល្លឺម៉ង់​ដែល​បាន​ថ្លែង​អបអរ​ចំណង​មិត្តភាព​បារាំង​អាល្លឺម៉ង់បាន​បញ្ជាក់ដែរ​ថា  “យើងដឹង​ច្បាស់ថា នឹង​គ្មានទេ សន្តិសុខ​នៅ​អាល្លឺម៉ង់ បើសិន​បារាំង​គ្មាន​សន្តិសុខ​នោះ។ បារាំង និង​អាល្លឺម៉ង់ ជា​ប្រទេស​មិនអាច​ខ្វះគ្នាបាន នៅក្នុង​សម័យ​សកលភាវូនីយកម្ម”។

កាលពីថ្ងៃ​ពុធទី ១៤​មករា រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ប្រកាស​ពង្រឹង​ការត្រួតពិនិត្យ​លើ​អ្នកដំណើរ ក្នុង​គោលដៅ​ទប់ស្កាត់​កុំ​ឲ្យ​ជនជីហាតនិយម​អាច​ចាកចេញ​ទៅ​ប្រយុទ្ធកៀក​ស្មា​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ