អានតួអត្ថបទ
រុស្ស៊ី-ហូឡង់

ក្រុងម៉ូស្គូ ជំទាស់​នឹង​សំណើ​ឲ្យ​បង្កើត​តុលាការ​អន្តរជាតិ ក្នុង​រឿង​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH១៧

លោក​ប្រធានាធិបតីវ្លាឌីមៀរ ពូទីន
លោក​ប្រធានាធិបតីវ្លាឌីមៀរ ពូទីន REUTERS/Grigory Dukor

គោលជំហរ​ម៉ូស្គូនេះ ត្រូវបាន​លាតត្រដាង ដោយ​លោកប្រធានាធិបតី​រុស្ស៊ី​ពូទីន ថ្ងៃ១៦កក្កដា ពេលគាត់​សន្ទនា​តាមទូរស័ព្ទ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហូឡង់ ដែលពលរដ្ឋ ប្រទេសនេះ បានធ្លាក់​ខ្លួន​ស្លាប់ច្រើន​ជាងគេ ក្នុង​មហន្តរាយ​ធ្លាក់​យន្តហោះ​នោះ។ តាមលោកពូទីន គឺ”មិនទាន់​ដល់ពេល” បង្កើត​ជា​តុលាការ​បែបនេះទេ ដ្បិតវា នឹង “ហុចផល បញ្ច្រាស​ទៅវិញ”។ សំណើនេះ ដែលដាក់ចេញ​ដោយម៉ាឡេស៊ី ហើយគាំទ្រ​ដោយ ហូឡង់ អូស្ត្រាលី បែលហ្ស៊ិក និង អ៊ុយក្រែន នឹងត្រូវ​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប. លើក​យកទៅ​ពិភាក្សា នៅថ្ងៃ២១​កក្កដា។ 

ផ្សាយពាណិជ្ជកម្ម

តាមវិមាន​ក្រេមឡាំង​ប្រកាស​ឲ្យដឹង គឺ​លោក​នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte ដែល បានទូរស័ព្ទ មកលោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។ រដ្ឋ​បុរសទាំងពីរ បានពិភាក្សា​ទៅលើ​ដំណើរ ស៊ើបអង្កេត អំពីមូលហេតុ​នៃ​មហន្តរាយយន្តហោះ Boeing  របស់​ក្រុមហ៊ុន Malaysia Airlines ហោះចេញ​ពី​ប្រទេស ហូឡង់ថ្ងៃ ១៧កក្កដាឆ្នាំ២០១៤ គឺមួយឆ្នាំ​មុនគត់ តាម​ផ្លូវ​តម្រង់ ទៅក្រុង Kuala Lumpur ហើយពេលហោះ​កាត់ដែន​អាកាស​អ៊ុយក្រែន ស្រាប់តែ ត្រូវបាន​បាញ់ធ្លាក់ នៅ លើដែនដី​មិនឆ្ងាយ​ប៉ុន្មានពី ខ្សែ​សមរភូមិ ដែល​ខ័ណ្ឌ តំបន់​ក្រោម​ការកាន់កាប់​ពួក​ឧទ្ទាម ផ្តាច់ ទឹកដី ដែលរុស្ស៊ី​និយម ពី តំបន់​ក្រោមការត្រួតត្រា​របស់​កងទ័ព​អ៊ុយក្រែន។ ម៉្លោះហើយ បានជា រហូតមកទល់​ឥឡូវ ម្ខាង​ចោទម្ខាង ថា ជាអ្នកប្រព្រឹត្ត​ឧក្រិដ្ឋកម្ម បាញ់កំទេច​យន្តហោះ​នោះ។

 
ក្នុង​មហន្តរាយនោះ ស្លាប់​គ្មានសល់​ម្នាក់ទេ គឺ ក្រុម​អ្នកបើកបរ​ទាំង១៥នាក់ និង រាល់តែ អ្នកធ្វើដំណើរ ២៨៣នាក់ ដែលតំណាង​ឲ្យ១០​រដ្ឋ​បរទេស​ឯណោះ។

តាមមតិប្រមុខរដ្ឋរុស្ស៊ី ដើម្បីអនុម័ត​សេចក្តីសម្រេច បង្កើត​យន្តការ​តុលាការ ហើយ​ផ្តន្ទាទោស តាមផ្លូវ​ព្រហ្មទណ្ឌ ទៅលើ​អ្នកដែលជាប់​ពិរុទ្ធ​ក្នុងឧក្រិដ្ឋកម្មនេះ គឺ” ចាំបាច់​ត្រូវធ្វើ​ការងារ យ៉ាង សកម្មសិន ឆ្ពោះទៅ​បញ្ចប់ឲ្យ​រួចស្រេចបាច់ ការស៊ើបអង្កេត​យ៉ាង ល្អិតល្អន់ និងកុំ​លំអៀង​ឡើយ ដែល​ត្រូវ​មាន​លក្ខណៈ​ឯករាជ្យ​គ្រប់ជ្រុងជ្រោយ។

លោកពូទីន ក៏បាន​ថ្លែង​ដែរ​ថា ជាការមិនអាច​បណ្តោយ​ឲ្យ​មាន​ទៅកើត​ឡើយ ការបកស្រាយ ប្លែកៗ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិមលោក ដែល​មានលក្ខណៈ​នយោបាយ​ត្រង់ៗ។

ក្រសួង​ការបរទេស​រុស្ស៊ី ពី​ចំណែកខ្លួន ដែលប្រឆាំង​នឹង​សំណើ​ម៉ាឡេស៊ី​នោះ ថ្លែង​ថា ឥឡូវ មាន​ជ្រងោង​ទៅហើយ សេចក្តីសម្រេច​លេខ ២១៦៦ របស់​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប. ដែល ចែង​ថា ចាំបាច់​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត ឲ្យបានយុត្តិធម៌​ត្រឹមត្រូវ និង ប្រកប​ដោយ​ប្រសិទ្ធិភាព អំពី​ឧប្បត្តិហេតុ​នោះ រួចមក ទម្លាក់​នាទី​ទទួលខុសត្រូវ​ទៅលើ​រាល់តែ​អ្នកណា ដែល​ជាប់​ពិរុទ្ធ។

ដោយបញ្ចេញ​យោបល់ ទៅលើសំណើ​ដែល​ស្នើ​ឲ្យ​បង្កើត​តុលាការ​អន្តរជាតិនោះ ក្រសួង ការបរទេសចិន មហា​អំណាច ដែល​ក៏​បំពាក់​ដោយ​សិទ្ធិវេតូ ដូច​រុស្ស៊ីដែរ បាន​ថ្លែងគាំទ្រ​ដល់ ការស៊ើបអង្កេត​អំពី​សោកនាដកម្ម  គឺ ក្នុងក្របខ័ណ្ឌ​នៃ​សេចក្តី​សម្រេច​លេខ ២១៦៦ ដែលមាន ស្រាប់ទៅ​ហើយ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ