អានតួអត្ថបទ
អ.ស.ប.-អាកាសធាតុ

អ.ស.ប.អំពាវនាវ​ឲ្យ​ពិភពលោក​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​កាត់​បន្ថយ​កំដៅ​លើ​ភពផែនដី

លោកស្រី Christina Figueres អគ្គនាយការ​នៃ​សន្ធិសញ្ញា​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ និង​លោក​ប្រមុខ​ការទូត​បារំាង Laurent Fabius
លោកស្រី Christina Figueres អគ្គនាយការ​នៃ​សន្ធិសញ្ញា​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ និង​លោក​ប្រមុខ​ការទូត​បារំាង Laurent Fabius AFP PHOTO / PATRIK STOLLARZ

១ខែ មុន​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង អង្គការ​សហប្រជាជាតិ (អ.ស.ប.) បាន​កោតសរសើរ​ពិភពលោក​ពី​ការ​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆំាង​នឹង​ការ​ឡោះង​កំដៅ​នៅ​ក្នុង​បរិយាកាស។ តែ​ទន្ទឹម​គ្នា​នេះ អ.ស.ប. បាន​ឆ្លៀត​ព្រមាន​នៅ​ថ្ងៃ​សុក្រ ទី៣០ តុលា​ថា ប្រសិន​បើ​គេ​មិន​ឲ្យ​ចង់​សីតុណ្ហភាព​នៅ​ក្នុង​ភពផែនដី​កើន​លើស​ពី ២អង្សារ​ទេ ពិភពលោក​ត្រូវ​តែ​ប្រឹងប្រែង​ឲ្យ​ខ្លំាង​ជាង​នេះ​ថែម​ទៀត ពិសេស​ត្រូវ​តែ​មាន​គោលនយោបាយ​ស្ម័គ្រចិត្ត។

ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ​របៀប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ របាយការណ៍​បាន​បញ្ចាក់​ថា ការ​ប្រឹងប្រែង​របស់​​ពិភពលោក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​បាន និង​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម​នា​ពេល​សព្វថ្ងៃ។ ការ​ខិតខំ​ប្រឹងប្រែង​នេះ​នឹង​អនុញ្ញាត​ឲ្យ​សីតុណ្ហភាព​នៅ​ក្នុង​បរិយាកាស​មាន​កម្រិត​មិន​លើស​ពី ២អង្សារ។ តែ​ទន្ទឹម​គ្នា​នេះ អង្គការ​ពិភពលោក​ក៏​បាន​ព្រមាន​ទុក​ជា​មុន​ថា វិធានការ​កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​ជា​រឿង​ចំាបាច់​ដែល​នឹង​ត្រូវ​បន្ត​មាន​នៅ​ឆ្នំា​ខាង​មុខ​ដើម្បី​ឲ្យ​សីតុណ្ហភាព​ក្នុង​ភពផែនដី​ស្ថិត​ក្រោម​កម្រិត ២អង្សារ។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​បាន​ធ្លាក់​មក ១ខែ​មុន​ការ​បើក​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​ត្រៀមរៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង។ លោក​ឡូរ៉ង់ ហ្វាប៊ីយូស រដ្ឋមន្រ្តី​ការបរទេស​បារំាង និង​ជា​អនាគត​ប្រធាន​រៀបចំ​សន្និសីទ​បាន​បញ្ជាក់​ថា របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ពេល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រួមចំណែក​របស់​ប្រទេស​នីមួយៗ​ដែល​អនុញ្ញាត​ឲ្យ​ពិភពលោក​គេចផុត​ពី​គ្រោះមហន្តរាយ ពោល​គេចផុត​ពី​កម្រិត​សីតុណ្ហភាព​ចន្លោះ​ពី ៤ ទៅ ៥អង្សារ។ តែ​លោក​ហ្វាប៊ីយូស​បាន​រម្លឹក​ជា​ថ្មី​ថា បើ​ផ្អែក​តាម​ក្រុមអ្នកជំនាញ កិច្ចសន្យា​បច្ចុប្បន្ន​នៅ​មិន​ទាន់​អាច​ឲ្យ​សីតុណ្ហភាព​ធ្លាក់​នៅ​ក្រោម ២អង្សារ​ទេ ពោល​នៅ​បន្ត​ស្ថិត​ចន្លោះ​ពី ២,៧ ទៅ ៣អង្សារ។

យ៉ាង​ណា​ក៏​ដោយ លោកស្រី​គ្រីស្ទីណា ហ្វីហ្កេរ៉េស (Christina Figueres) អគ្គនាយការ​នៃ​សន្ធិសញ្ញា​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ពិភពលោក​ត្រូវ​ប្រឹងប្រែង​បន្ថែម តែ​បើ​គេ​អាច​បញ្ចុះ​មក​នៅ​ត្រឹម​កម្រិត ២,៧ ឬ ៣អង្សារ​ក៏​វា​គ្រាន់​បើ​ជាង ៣ ឬ​៤អង្សារ​ដែរ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ប្រទេស​ដែល​កំពុង​ចាក់​ចោល​ឧស្ម័នពុល​ទៅ​ក្នុង​បរិយាកាស​ច្រើន​ជាង​គេ គឺ​ចិន អាមេរិក សហភាពអឺរ៉ុប ឥណ្ឌា និង​ប្រទេស​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ