អានតួអត្ថបទ
យុត្តីធម៌-យូហ្គោស្លាវី

មេសម្លាប់​រង្គាល​នៅ​អតីត​យូហ្គោស្លាវី ​Ratko Mladic ​ជាប់​គុក​មួយ​ជីវិត​ពីបទ​ប្រល័យ​ពូជ​សាសន៍

ជនជាប់ចោទ Ratko Mladicពេល​ដើ់រចូល​​សវនាការ​​តុលាកា​រ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ថ្ងៃទី​​២២​ វិច្ឆិកា​២០១៧
ជនជាប់ចោទ Ratko Mladicពេល​ដើ់រចូល​​សវនាការ​​តុលាកា​រ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ថ្ងៃទី​​២២​ វិច្ឆិកា​២០១៧ REUTERS/Peter Dejong/Pool

តុលាការព្រហ្មទណ្ឌអន្តរជាតិ ទីក្រុងឡាអេ ដែលទទួលបន្ទុកកាត់ក្តី ក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍អតីតយូហ្គោស្លាវី នឹងត្រូវចេញសាលក្រមចុងក្រោយរបស់ខ្លួន នៅថ្ងៃពុធទី ២២ វិច្ឆិកានេះ។ នេះជាសាលក្រម ដែលគេកំពុងតាមដានបំផុត ដោយសារវាជាសាលក្រមសម្រេចទោស ទៅលើជនជាប់ចោទ ចុងក្រោយគេបង្អស់ ឈ្មោះ រ៉ាត់កូ មឡាឌីក ដែលជាអតីតមេទ័ពស៊ែរប៊ី ហើយដែលគេជឿថា ជននេះ ជាអ្នកបញ្ជារឲ្យមានការសម្លាប់រង្គាល ទៅលើជនជាតិបូសនី ប្រមាណជា៨ពាន់នាក់ នៅភូមិ ស្រេប្រេនីតសា។

ផ្សាយពាណិជ្ជកម្ម

ជាងម្ភៃឆ្នាំ បន្ទាប់ពីសង្រ្គាមស៊ីវីល នៅតំបន់បាល់កង់ បានបញ្ចប់ទៅ  តុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ កំពុងតែឈានទៅបិទបញ្ចប់ នីតិវិធីស៊ើបអង្កេត និងជំនំជំរះទោស នៅចុងឆ្នាំ២០១៧នេះហើយ។ ថ្ងៃពុធ ទី២២ វិច្ឆិកា នេះ តុលាការ នឹងចេញសាលក្រមចុងក្រោយរបស់ខ្លួន ដែលត្រូវសម្រេចទោស ទៅលើជនឈ្មោះ Ratko Mladic។ អង្គសវនាការ បានជួបការរអាក់រអួល ដោយសារតែជនជាប់ចោទ ស្រែកឡូឡា ជេរប្រមាថអង្គចៅក្រម។ គ្រូពេទ្យបានធ្វើអន្តាគមន៍វាស់សំពាធឈាមជនជាប់ចោទ មុននឹងអង្គសវនាការ ចាប់ផ្តើមឡើងវិញ ប្រមាណជា១ម៉ោងក្រោយមក។

អង្គចៅក្រម បានប្រកាសសាលក្រម ថាជនឈ្មោះ Ratko Mladic ពិត​ជា​បានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាពប្រព្រឹត្តិបទល្មើស ឧក្រិដ្ឋកម្ម​សង្រ្គាម ប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្នុងជំនាន់សង្រ្គាមនៅអតីតយូហ្គោស្លាវី។ តួយ៉ាង ការសំលាប់រង្គាល នៅតំបន់Srebrenica ក្នុងខែកក្កដា ឆ្នាំ១៩៩៥ និងការសម្លាប់មនុស្សនៅសារ៉ាហ្សេវ៉ូ។ តុលាការសម្រេច ផ្តន្ទាទោសជននេះ ឲ្យជាប់ពន្ធនាគារ អស់មួយជីវិត។

សូមបញ្ជាក់ថា ជនឈ្មោះ Ratko Mladic ដែលបច្ចុប្បន្ន មានអាយុ​៧៤​ឆ្នាំ គឺជាមេទ័ពស៊ែរប៊ីម្នាក់ ក្នុងជំនាន់សង្រ្គាមនៅអតីតយូហ្គោស្លាវី។ យោងតាមបទចោទប្រកាន់ ដែលមានភស្តុតាង និងសាក្សីជាច្រើន គឺ​ជននេះហើយ ដែលជាអ្នកបានបញ្ជា និងដឹកនាំដោយផ្ទាល់ ឲ្យមានការសម្លាប់រង្គាល ទៅលើអ្នកកាន់សាសនាអ៊ីស្លាម នៅតំបន់ Srebrenica ភាគខាងជើងបូសនី។ យ៉ាងហោចណាស់ មានមនុស្សប្រុស និងក្មេងប្រុស ជាជនជាតិបូសនីប្រមាណ៨ពាន់នាក់ ដែលត្រូវគេសម្លាប់ចោល យ៉ាងព្រៃផ្សៃ ក្នុងហេតុការណ៍នោះ។ រីឯករណីឡោមព័ទ្ធទីក្រុងសារ៉េហ្សេវ៉ូ កងទ័ពស៊ែរប៊ីក្រោមការបញ្ជាររបស់ជននេះ បានសម្លាប់ជនជាតិបូសនី ប្រមាណ១ម៉ឺននាក់។

ក្រោយចប់សង្រ្គាម និងបន្ទាប់ពីបានរត់គេចខ្លួនជាច្រើនឆ្នាំ Ratko Mladic ត្រូវបានចាប់ខ្លួននៅឆ្នាំ២០១១ ហើយ​បញ្ជូនទៅដាក់ឃុំនៅ ទីក្រុងឡាអេ ដើម្បីរងចាំសវនាការ។ ឆ្លងកាត់ការស៊ើបអង្កេត និងឃុំខ្លួន ច្រើនឆ្នាំមកនេះ ជន Ratko Mladic មិនដែលធ្លាប់បានសម្តែងការសោកស្តាយ ឬវិប្បដិសារីនៃអំពើរបស់ខ្លួនទេ។ មេធាវីការពារក្តីរបស់ជននេះ តែងតែលើកយកហេតុផល ថាជននេះមានបញ្ហាសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីចៀសវៀងមិនឆ្លើយបំភ្លឺ។

គួររំលឹកថា សង្រ្គាមនៅអតីតយូហ្គោស្លាវី ដែលកើតឡើង ពីគំនិតប្រកាន់ពូជសាសន៍រវាងក្រុមស៊ែរប៊ី ដែលជាអ្នកកានសាសនាគ្រិស្ត និងក្រុមជនជាតិបូសនី ដែលជាអ្នកកាន់សាសនាអ៊ីស្លាមនោះ បានយាយី ហែកហួរតំបន់នេះ យ៉ាងដំណំ។ មនុស្ស ជាង១សែននាក់ បានបាត់បង់ជីវិតមនុស្ស និងជាង២លាននាក់ ត្រូវភៀសខ្លួន។ ជាង២០ឆ្នាំមកនេះ របួសចាស់ ក្នុងសង្គមនៅមិនទាន់ផ្សះផ្សារបាននៅឡើយទេ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ