អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

ការ​ដួលរលំ​នៃ​ប្លុកកុម្មុយនិស្ត​នៅ​អឺរ៉ុប​ខាង​កើត

សំឡេង ០៨:១៣
ការដួលរលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង​នៅ​ឆ្នាំ​១៩៨៩ គឺ​ជា​​និមិត្តរូប​នៃ​ការ​បិទបញ្ចប់​ការខណ្ឌចែក​តំបន់​អឺរ៉ុប រវាង​ប្លុក​កុម្មុយនិស្ត និង​ប្លុក​សេរី
ការដួលរលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង​នៅ​ឆ្នាំ​១៩៨៩ គឺ​ជា​​និមិត្តរូប​នៃ​ការ​បិទបញ្ចប់​ការខណ្ឌចែក​តំបន់​អឺរ៉ុប រវាង​ប្លុក​កុម្មុយនិស្ត និង​ប្លុក​សេរី

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពី​ប្រវត្តិ​នៃ​សង្រ្គាម​ត្រជាក់ ដោយ​លើកឡើង​ពី​ការ​ដួលរលំ​នៃ​ប្លុក​កុម្មុយនិស្ត​នៅ​អឺរ៉ុប​ខាង​កើត។

ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ក្រោយការ​បញ្ចប់​សង្រ្គាម​លោកលើកទី២ នៅ​ឆ្នាំ​១៩៤៥ សង្រ្គាម​ត្រជាក់​បាន​បង្កើត​ជា "វាំងននដែក" ខ័ណ្ឌ​ចែក​តំបន់​អឺរ៉ុបជាពីរ គឺ​អឺរ៉ុប​ខាងលិច​​ស្ថិត​ក្នុង​ប្លុក​សេរី​ជាមួយ​សហរដ្ឋ​អាមេរិក (​បក្ស​សម្ព័ន្ធ​អូតង់) និង​អឺរ៉ុប​ខាង​កើត​ស្ថិត​ក្នុង​ប្លុក​កុម្មុយនិស្ត​ជាមួយ​សហភាព​សូវៀត (បក្ស​សម្ព័ន្ធ​វ៉ាសូវី)។ ក៏ប៉ុន្តែ ប្លុកកុម្មុយនិស្ត​​អឺរ៉ុប​ខាង​កើត​ត្រូវ​ដួលរលំ នៅ​ចុងទសវត្សរ៍​ឆ្នាំ​៨០ នៅ​ក្នុង​បដិវត្តន៍​មួយ ដែល​គេឲ្យឈ្មោះ​ថា “បដិវត្តន៍ឆ្នាំ​១៩៨៩”។

អ្វីៗ​ចាប់ផ្តើម​ជាមួ​យ​នឹង​កំណែទម្រង់​របស់​លោក​ហ្គ័របាឆូវ​ នៅ​សហភាព​សូវៀត គឺ​កំណែទម្រង់ “ប៉េរ៉េស្រ្តយកា” និង “ហ្ក្លាស្នូស្ត” ដែល​​បើក​ចំហ​ទាំង​ខាង​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ ពី​ការ​គ្រប់គ្រង​ដ៏តឹងរ៉ឹង​របស់​បក្ស​កុម្មុយនិស្ត។ ក្នុងពេល​ជាមួយគ្នា លោក​ហ្គ័របាឆូវ បាន​សម្រេច​កាត់បន្ថយ​អន្តរាគមន៍​យោធា​របស់​សូវៀត​នៅ​បរទេស​ ដើម្បី​​ងាក​មក​ផ្តោត​អាទិភាព​ទៅលើ​ការ​ស្តារសេដ្ឋកិច្ច​​ក្នុង​ប្រទេស​ខ្លួនឯង។ នយោបាយ​កាត់បន្ថយ​អន្តរាគមន៍​យោធា​នៅ​បរទេស ដែល​នាំទៅរក​ការ​ដកទ័ព​សូវៀត​ពី​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ​១៩៨៩ និង​ជាពិសេស ការ​បន្ធូរបន្ថយ​អំណាច​កុម្មុយនិស្ត នៅ​អឺរ៉ុប​ខាងកើត។

នៅ​​ខែ​ធ្នូ​ឆ្នាំ​១៩៨៨ នៅ​ក្នុង​សុន្ទរកថា​ជា​ប្រវត្តិសាស្រ្ត​មួយ នៅ​ក្នុង​មហាសន្និបាត​​អ.ស.ប លោក​ហ្គ័របាឆូវ​បាន​​ប្រកាស​ថា គ្រប់ប្រជាជាតិ​ទាំងអស់​គួរតែ​មាន​សិទ្ធិសេរីភាព​ក្នុងការ​ជ្រើសរើស​ផ្លូវដើរ​ដោ​យខ្លួនឯង ដោយ​គ្មាន​ការជ្រៀតជ្រែក​ពី​​ខាងក្រៅ។ អ្វីដែល​​ធ្វើ​ឲ្យ​គេ​កាន់តែ​ភ្ញាក់​ផ្អើល​ទៅទៀតនោះ លោក​ហ្គ័របាឆូវ​បាន​ប្រកាស​ឲ្យដឹង​អំពី​ផែនការ​​​កាត់បន្ថយ​ចំនួន​កងទ័ពសូវៀត​​ដែល​កំពុងឈរជើង​ នៅ​តាម​បណ្តា​ប្រទេស​​កុម្មុយនិស្ត​​ក្នុង​​​តំបន់​អឺរ៉ុប​ខាងកើត។

នយោបាយ​របស់​លោក​ហ្គ័របាឆូវ​បាន​បង្ក​នូវ​ផលវិបាក​ដ៏សំខាន់​មួយ ដែល​គេ​មិន​រំពឹង​ទុក គឺ​ការ​ធ្លាក់​ចុះ​ទន់ខ្សោយ​នៃ​របបកុម្មុយនិស្ត​នៅ​អឺរ៉ុប​ខាង​កើត និង​ការ​ផ្ទុះឡើង​នៃ​ចលនា​ប្រឆាំង​របស់​ប្រជាជន​នៅ​ទូទាំង​តំបន់​អឺរ៉ុប នៅ​ឆ្នាំ​​១៩៨៩។

ឆ្នាំ​១៩៨៩ គឺ​ជា​ខួបគម្រប់​២០០ឆ្នាំ​នៃ​បដិវត្តន៍​បារាំង ដែល​ប្រជាជន​សាមញ្ញ​ធម្មតា​បាន​ងើបឡើង​បះបោរ​រហូត​បាន​ជោគជ័យ​ក្នុងការ​ទម្លាក់​របបរាជានិយម​​សក្តិភូមិ កាល​ពី​ឆ្នាំ​១៧៨៩។ ២០០ឆ្នាំក្រោយ​មក ចលនា​បះបោរ​របស់​ប្រជាជន​បាន​ចាប់កក្រើក​ឡើង ដើម្បី​ប្រឆាំង​នឹង​របបដឹកនាំ​តាមបែប​កុម្មុយនិស្ត​ផ្តាច់ការ នៅ​តាម​បណ្តា​ប្រទេស​ក្នុង​ប្លុក​កុម្មុយនិស្តនៅ​អឺរ៉ុប​ខាងកើត។ ចលនា​បះបោរ​ប្រឆាំង​កុម្មុយនិស្ត​នេះ​ក៏​បាន​កើតមានឡើង​ផងដែរ នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ ចលនា​បះបោរ​នេះ​ត្រូវ​ទទួល​បរាជ័យ​ ដោយ​​ត្រូវ​ទទួល​រង​នូវការ​បង្រ្កាប​យ៉ាងឃោរឃៅ ពី​សំណាក់​កងទ័ព​ចិន នៅទីលាន​ធៀនអានមេន នៅ​ខែ​មិថុនា​ឆ្នាំ​១៩៨៩។

នៅ​សូវៀត​ដែល​ជា​ប្រទេស​ធ្លាប់​តែ​ប្រើ​វិធានការ​ក្តៅលើ​ចលនា​បះបោរ​ប្រឆាំង​កុម្មុយនិស្ត​ដែរនោះ លោក​ហ្គ័របាឆូវ​​មិនបានអបអរ​ជោគជ័យ​របស់​របបកុម្មុយនិស្ត​ចិន​ទៅលើ​ចលនា​បះបោរ​នេះ​ទេ ផ្ទុយ​ពីនេះ គឺ​មាន​តែ​អះអាង​នៅ​ចំពោះមុខ​​ក្រុមប្រឹក្សា​អឺរ៉ុប​ថា សូវៀត​នឹង​មិន​ប្រើ​កម្លាំង​បង្រ្កាប​ចលនា​ប្រឆាំងដូច​អ្វី​ដែល​ចិន​បាន​ធ្វើ​នោះទេ។ លើសពីនេះ​ទៅទៀត លោក​ហ្គ័របាឆូវ​ក៏​បាន​ប្រាប់​ផងដែរ​​ទៅ​បណ្តា​មេដឹកនាំ​កុម្មុយនិស្ត​​រណប​សូវៀត​នៅ​អឺរ៉ុប​ខាងកើត​ឲ្យ​បង្ហាញ​នូវ​ភាព​ទន់ភ្លន់​ចំពោះ​ចលនា​ប្រឆាំង។

នៅទីបំផុត ចលនា​បដិវត្តន៍​ឆ្នាំ​១៩៨៩​​បាន​ធ្វើ​ឲ្យ​របបកុម្មុយនិស្ត​អឺរ៉ុប​ខាង​កើត​ត្រូវ​ដួលរលំ​ជា​បន្ត​បន្ទាប់ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​ប៉ូឡូញ រាលដាល​ទៅដល់​ប្រទេស​ហុងគ្រី អាល្លឺម៉ង់​ខាងកើត ឆេកូស្លូវ៉ាគី ប៊ុលហ្ការី និង​រ៉ូម៉ានី។​ នៅ​ក្នុង​ឆ្នាំ​បន្ទាប់ៗ​មក​ទៀត អតីត​ប្រទេស​កុម្មុយនិស្ត​អស់ទាំងនេះ​បាន​ធ្វើការ​ជ្រើសរើស​មេដឹកនាំ​ថ្មី តាមរយៈ​ការ​បោះឆ្នោត​តាមបែបប្រជាធិបតេយ្យ​ជាលើកទី១ ហើយ​ព្រមទាំង​បាន​ដកខ្លួន​ចេញ​ពី​បក្ស​សម្ព័ន្ធ​យោធា​​នៃ​ប្លុក​កុម្មុយនិស្ត​​ គឺ​កតិកាសញ្ញា​វ៉ាសូវី។

ព្រឹត្តិការណ៍​ដ៏សំខាន់​ជា​ប្រវត្តិសាស្រ្ត​នៃ​បដិវត្តន៍​ឆ្នាំ​១៩៨៩ ហើយ​ដែល​បច្ចុប្បន្ន​ នៅតែ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​និមិត្តរូប​នៃ​ការ​បិទបញ្ចប់​ការខ័ណ្ឌចែក​តំបន់​អឺរ៉ុប គឺ​ការ​ដួលរលំ​នៃ​ជញ្ជាំង​ក្រុងប៊ែរឡាំង។

ជញ្ជាំងក្រុង​ប៊ែរឡាំង​ត្រូវ​បាន​អាជ្ញាធរ​កុម្មុយនិស្ត​​អាល្លឺម៉ង់​ខាងកើត​​សាងសង់ឡើង កាល​ពីឆ្នាំ​១៩៦១ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​​លួចរត់ភៀសខ្លួន​ទៅកាន់​អាល្លឺម៉ង់​ខាងលិច។ ក៏ប៉ុន្តែ បើទោះបីជា​មាន​វិធានការ​យ៉ាងតឹងរ៉ឹង​បែបនេះ​ក៏ដោយ ពលរដ្ឋ​អាល្លឺម៉ង់​ខាងកើត​ជាច្រើន​ នៅតែ​នាំគ្នា​ជម្នះ​ដោយខ្លះ​ត្រូវ​ប្តូរជីវិត ព្យាយាម​រត់ភៀសខ្លួន​​ចេញ​ពី​របបកុម្មុយនិស្ត។

នៅ​ខែ​តុលា​ឆ្នាំ​១៩៨៩ នៅ​ក្នុងបរិបទ​នៃ​ចលនា​បដិវត្តន៍​ប្រឆាំង​កុម្មុយនិស្ត​ បក្ស​កុម្មុយនិស្ត​អាល្លឺម៉ង់​ខាងកើត​បាន​ធ្វើការ​រុះរើ​រដ្ឋាភិបាល និង​ផ្លាស់ប្តូរ​មេដឹកនាំ​កំពូលៗ​របស់​ខ្លួន ហើយ​មួយខែ​ក្រោយ​មក​ទៀត នៅថ្ងៃ​ទី៩​​វិច្ឆិកា អាជ្ញាធរ​កុម្មុយនិស្ត​ក្រុង​ប៊ែរឡាំង​ខាងកើត​បាន​ប្រកាស​ឲ្យដឹង​ថា ចាប់ពី​ពាក់កណ្តាល​អធ្រាត​ថ្ងៃ​៩​វិច្ឆិកា​នោះទៅ ប្រជាជន​ដែល​រស់​នៅ​ប៊ែរឡាំង​ខាងកើត​ទាំងអស់​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ដោយសេរី ទៅប៊ែរឡាំង​ខាង​លិច។

ភ្លាមៗ​ក្រោយ​ពី​មាន​សេចក្តីប្រកាស​នេះ បណ្តា​ជន​ទាំង​នៅ​ប៊ែរឡាំង​ខាងកើត និង​នៅ​ប៊ែរឡាំង​ខាង​លិច ​បាន​មក​ប្រមូលផ្តុំគ្នា​នៅ​តាម​បណ្តោយ​ជញ្ជាំងក្រុង​ប៊ែរឡាំង ដើម្បី​នាំគ្នា​អបអរ​សាទរ​វិធានការ​ថ្មី និង​រង់ចាំ​ឆ្លងព្រំដែន ហើយ​ចាប់ពីពេលនោះមក ជញ្ជាំងក្រុង​ប៊ែរឡាំង​ត្រូវ​បាន​គេ​វាយទម្លាយ​​បន្តិចម្តងៗ​រហូត​ទាល់តែអស់។

ជាការពិត​ថា គេ​ត្រូវ​រង់ចាំ​រហូតដល់​មួយឆ្នាំក្រោយ គឺ​នៅថ្ងៃ​ទី៣ ខែតុលា ឆ្នាំ​១៩៩០ ទើប​អាល្លឺម៉ង់​ទាំងពីរ​អាច​បង្រួបបង្រួម​គ្នា​ជា​ប្រទេស​តែមួយឡើងវិញ ក្រោយ​ពី​របបកុម្មុយនិស្ត​នៅ​អាល្លឺម៉ង់​ខាង​កើត​ត្រូវ​គេ​រំលាយចោល។ ក៏ប៉ុន្តែ ការ​ដួលរលំ​នៃ​ជញ្ជាំងក្រុង​ប៊ែរឡាំង​ត្រូវ​បានគេ​ចាត់ទុក​ថា​ជា​និមិត្ត​រូប​នៃ​ការដួលរលំ “វាំងននដែក” ដែល​​​​មិនត្រឹមតែ​ខណ្ឌចែក​​​​ប្រជាជាតិ​អាល្លឺម៉ង់​មួយ​នោះទេ តែ​ខណ្ឌចែក​​ប្រជាជាតិ​​អឺរ៉ុប​ទាំងមូល​ អស់រយៈពេល​ជិត​កន្លះ​សតវត្សរ៍។

ការផ្លាស់ប្តូរ​ដែល​បាន​កើតឡើង​នៅ​អឺរ៉ុប​ខាងកើត​នៅ​ឆ្នាំ​១៩៨៩ គឺ​ជា​ផលផ្លែ​នៃ​ភាពក្លាហាន​របស់​ប្រជាជន ដែល​ហ៊ាន​ងើបឈរឡើង​រើបម្រះ​ពី​ការដឹកនាំ​តាមបែបផ្តាច់ការ​នៃ​របប​កុម្មុយនិស្ត ក៏ប៉ុន្តែ អ្នក​ប្រវត្តិសាស្រ្ត​ជាច្រើន​សុទ្ធតែ​យល់ថា​ ក្តីក្លាហាន​មោះមុត​របស់​ប្រជាជន​នៅអឺរ៉ុប​ខាងកើត​​នេះ​ក៏​មិន​អាច​សម្រេច​បានជោគជ័យ​ដែរ ប្រសិនបើ​គ្មាន​លោក​ហ្គ័របាឆូវ។ លោក​ហ្គ័របាឆូវ​​ត្រូវ​បាន​គេ​ផ្តល់​ពានរង្វាន់​ណូបែល​សន្តិភាព នៅឆ្នាំ​១៩៩០ ពោលគឺ មួយឆ្នាំ​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩៨៩។

ក៏ប៉ុន្តែ អ្វី​ដែល​លោក​ហ្គ័របាឆូវ​មិន​បាន​រំពឹងទុក ចំហាយ​នៃ​បដិវត្តន៍​ឆ្នាំ​១៩៨៩​បាន​រាលដាល​ចេញ​ពី​អឺរ៉ុប​ខាងកើត ទៅដល់​សហភាព​សូវៀត​ខ្លួនឯង​ផ្ទាល់ ​រហូត​ធ្វើ​ឲ្យ​សហភាព​សូវៀត​ត្រូវ​ដួលរលំ នៅ​ឆ្នាំ​១៩៩១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ