អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្វែងយល់​ពីការបោះឆ្នោត​សភាអឺរ៉ុប

សំឡេង ០៦:៤៤
ប្រជាជន​អឺរ៉ុប​ត្រូវ​បោះឆ្នោត​នៅថ្ងៃ​ចុងក្រោយ សម្រាប់​ជ្រើសរើស​សភាអឺរ៉ុប នៅថ្ងៃ​ទី ២៥​ឧសភា ២០១៤
ប្រជាជន​អឺរ៉ុប​ត្រូវ​បោះឆ្នោត​នៅថ្ងៃ​ចុងក្រោយ សម្រាប់​ជ្រើសរើស​សភាអឺរ៉ុប នៅថ្ងៃ​ទី ២៥​ឧសភា ២០១៤ REUTERS/Eric Vidal

ប្រជាជន​នៅ​ក្នុង​ប្រទេស​ចំនួន ២១​របស់​សហភាព​អឺរ៉ុប​ត្រូវ​ចេញ​ទៅ​បោះឆ្នោត​នៅថ្ងៃ​នេះ ដើម្បី​ជ្រើសតាំង​អ្នកតំណាងរាស្រ្ត ឬ​សមាជិក​សភាអឺរ៉ុប។ ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​ចំនួន ៧ផ្សេងទៀត​របស់​សហភាព​អឺរ៉ុប ដូចជា​អង់គ្លេស ហូឡង់ ឬ​សាធារណរដ្ឋ​ឆែក​ជាដើម បាន​បោះឆ្នោត​រួចហើយ។ ជាសរុប ប្រជាជន​ប្រមាណ ៤០០​លាន​នាក់ នៅ​អឺរ៉ុប​ត្រូវ​បោះឆ្នោតជ្រើសរើស​សមាជិក​សភា​ចំនួន ៧៥១​នាក់។  

ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​សភា​អឺរ៉ុប​ជាការបោះឆ្នោត​ធំទីពីរ នៅក្នុង​ពិភពលោក បន្ទាប់ពី​ឥណ្ឌា ដែល​ចំនួន​អ្នកបោះឆ្នោត​មាន​ដល់​ទៅ ជាង​៨០០​លាន​នាក់។ ការបោះឆ្នោត​ត្រូវ​ប្រព្រឹត្ត​ទៅ​រយៈពេល​៤​ថ្ងៃ ដើម្បី រៀបចំ ទទួល​អ្នកបោះឆ្នោត​ប្រមាណ ជាង​៤០០​លាន​នាក់។ ចាប់តាំង​ពី​ឆ្នាំ ១៩៧៩ នេះ​ជាការបោះឆ្នោត​សភាអឺរ៉ុប​លើកទី៨​ហើយ។

 
វា​ជាការបោះឆ្នោត​សកល និង​ដោយផ្ទាល់ មានន័យថា នៅរៀងរាល់​៥​ឆ្នាំ​ម្តង ប្រជាជន​នៅ​ក្នុង​ប្រទេស​សមាជិក​ទាំង​២៨​របស់​សហភាព​អឺរ៉ុប​ត្រូវ​បោះឆ្នោត ជ្រើសរើស​តាំង​អ្នកតំណាងរាស្រ្ត​របស់ខ្លួន សម្រាប់​សភាអឺរ៉ុប។ ឧទាហរណ៍ ក្នុង​ប្រទេស​បារាំង នៅ​ឆ្នាំនេះ ប្រជាជន​បារាំង​ចំនួន​៤៦​លាន​ត្រូវ​បោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្រ្ត​ជាតិបារាំង ប្រមាណ ៧៤​នាក់ ដែល​នឹង​តំណាង​ឲ្យ​ប្រទេស​បារំាង នៅក្នុង​សភា​អឺរ៉ុប។ ប្រទេស​នីមួយៗ មានអាសនៈ​តិច ឬច្រើន នៅក្នុង​សភាអឺរ៉ុប គឺអាស្រ័យ​ទៅលើ​ទំហំ​តូច ឬ​ធំ​របស់​ប្រទេស។ ជាក់ស្តែង អាល្លឺម៉ង់​មាន​អាសនៈ​ដល់​ទៅ ៩៦ នៅ​សភា​អឺរ៉ុប បន្ទាប់​មក​គឺ​បារាំង​ដែល​មាន​៧៤​អាសនៈ។ ប្រទេស​ដែល​មាន​អាសនៈ​តិចជាង​គេ​នៅ​ក្នុង​សភា​អឺរ៉ុប គឺ​ប្រទេស​តូចៗ ដែល​មាន​ដូចជា​លុចសំបួរ អេស្តូនី ឬ​ស្ហីបជាដើម។

នៅក្នុង​សភាអឺរ៉ុបទៀត មាន​ប្រមូលផ្តុំ​ដោយ​គណបក្សធំៗ​ប្រមាណ​ប្រាំ គឺ​មានន័យថា ​ប្រទេស​ផ្សេងៗ​រួមគ្នា​ជាសំឡេង​បក្ស​តែមួយ ដូចជា​ក្រុមស្តាំនិយម មកពីបារាំង អាល្លឺម៉ង់ អ៊ីតាលី​ត្រូវរួមគ្នា​ជា​ក្រុមសំលេង​តែមួយ បន្ទាប់មក​ទៀត មាន​ក្រុម​ស្តាំនិយមជ្រុល ក្រុមឆ្វេងនិយម និង​ចុងក្រោយ​គឺ​គណបក្ស Ecologiste ដែល​ផ្តោត​ទៅលើ​ផ្នែក​បរិស្ថាន។

តួនាទី​របស់​សភាអឺរ៉ុប
សភាអឺរ៉ុប​មាន​តួនាទី​ធ្វើច្បាប់ បោះឆ្នោត​ទៅលើ​ច្បាប់ ឬ​គម្រោង​ដែល​គណៈកម្មការ​អឺរ៉ុប​ស្នើឡើង។ គណៈកម្មការ​អឺរ៉ុប​ត្រូវគេ​ចាត់ទុក​ជា​ស្ថាប័ន​នីតិប្រតិបត្តិ គឺ​ដូចជា​រដ្ឋាភិបាល​របស់​ប្រទេស​នីមួយៗដែរ។ នៅឆ្នាំ​នេះ ជា​លើកទីមួយ គឺ​សភាអឺរ៉ុប​ដែល​មាន​តួនាទី ជ្រើសរើស​ប្រធាន​គណៈកម្មការ​អឺរ៉ុប គឺ​រក​ប្រធានថ្មី មក​ជំនួស​លោក​បារ៉ូហ្សូ ដែល​កាន់តំណែង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​អស់​ពីអាណត្តិមកហើយនោះ។

មួយវិញទៀត សភាអឺរ៉ុប ថ្វី​បើ​មាន​អំណាច​ធ្វើ​ច្បាប់ ប៉ុន្តែ ត្រូវ​ចែករំលែក​អំណាច​នីតិប្បញ្ញត្តិ​ជាមួយ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប។ ត្រង់​ចំណុច​នេះ​ខ្ញុំ​ចង់​បញ្ជាក់​កុំ​ឲ្យ​ម៉ូនីការ​ច្រលំ​រវាង​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប។ ក្រុមប្រឹក្សា​អឺរ៉ុប​មាន​សមាជិក​ជា​នាយករដ្ឋមន្រ្តី ឬ​ប្រធានាធិបតី​របស់​ប្រទេស​ជា​សមាជិក ចំណែក​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ជាស្ថាប័ន​ដែល​មាន​សមាជិក ផ្លាស់វេន ជា​រដ្ឋមន្រ្តី​មក​ពី​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប។ និយាយ​ឲ្យ​ស្រួលស្តាប់ គឺ​ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់​ប្រទេស​អឺរ៉ុប​ទាំង​២៨​ជា​សមាជិក​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប។ បន្ទាប់មក អាច​ជា​រដ្ឋមន្រ្តី​កសិកម្ម​របស់​ប្រទេស​ទាំង​២៨។

សភា​អឺរ៉ុប​ត្រូវ​ចែករំលែក​អំណាច​នីតិប្បញ្ញត្តិ​ជាមួយ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ក្នុង​ការធ្វើច្បាប់ អនុម័ត​ច្បាប់ ដែល​នឹង​យក​ទៅ​អនុវត្តន៍ សម្រាប់​អឺរ៉ុប​ទាំងមូល។ គឺជាក់ស្តែង ​សភា​អឺរ៉ុប​នេះ​ឯង​ដែល​ជាអ្នកបោះឆ្នោត គាំទ្រ​ឲ្យ​មាន ឬ​គ្មាន កញ្ចប់​ថវិកា​ផ្តល់​ជំនួយ​ទៅ​សម្រាប់​ប្រទេស​ជា​សមាជិក ឬ​ប្រទេស​នៅក្រៅ​សហភាពអឺរ៉ុប។

អ្នកដែល​ស្រវាស្រទិញ ទៅ​បោះឆ្នោត​នៅថ្ងៃអាទិត្យនេះ គឺ​អ្នកដែល​ចង់​ឃើញ​អឺរ៉ុប​រួមគ្នា​ជា​ធ្លុងមួយ។ គេ​ចង់​ឲ្យ​ស្ថាប័នអឺរ៉ុប​រឹងមាំ និង​ដើរតួនាទី​តំណាង​ប្រទេស​សមាជិក​អឺរ៉ុប នៅក្នុង​នយោបាយ​ការបរទេស ដូចជា​ចូលរួម​នៅក្នុង​ការដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី​ជាដើម។ អ្នកបោះឆ្នោត​ដែល​ត្រូវ​ទៅ​បោះឆ្នោត​មាន​ជាង​៤០០​លាន​នាក់​ក៏ពិតមែនហើយ ប៉ុន្តែ ចំនួន​ពិតប្រាកដ​ដែល​ទៅចូល​ទៅបោះឆ្នោត និង​ចាត់ទុក​ជា​បានការ នោះ អាច​មិនមាន​ច្រើន​ឡើយ។

ការស្ទង់មតិ កន្លងមក​បង្ហាញថា ចំនួន​អ្នកទៅបោះឆ្នោត​បាន​ធ្លាក់ចុះ​ជា​លំដាប់ ចាប់តាំង​ពីការកកើត​សហភាពអឺរ៉ុប។ សួរថា ហេតុអ្វី​បានជា​មាន​អ្នកមិនចង់ ឬ​មិន​ចាប់អារម្មណ៍​ទៅ​បោះឆ្នោត​សភាអឺរ៉ុប? នោះ គឺ​មក​ពី​ប្រជាជន​ជាច្រើន របស់​ប្រទេស​សមាជិក​អឺរ៉ុប​មិន​សូវ​យល់​ពី​តម្លៃ ឬ​មិនឃើញ​តម្លៃ​របស់​សភាអឺរ៉ុប នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់ពួកគេ។ ប្រជាជន​ជាច្រើន​មិនស្គាល់​មុខ ឬ​នយោបាយ​របស់​គណបក្ស​ដែល​ខ្លួន​ត្រូវ​បោះឆ្នោត ឲ្យ​ទៅ​តំណាង​ខ្លួន នៅ​សភា​អឺរ៉ុបផង។

តើសហភាព​អឺរ៉ុប​បានធ្វើ​អ្វីខ្លះ​ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៤?
សភាអឺរ៉ុប​ អនុម័ត​បាន​ភាគច្រើន គឺ​ច្បាប់​ដែល​មិនសូវ​មាន​ ផ្តល់​ប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ប្រជាជន​នៅថ្នាក់​ជាតិ នៅក្នុង​ប្រទេស​សមាជិកអឺរ៉ុប។ សភា​អឺរ៉ុប​ធ្វើច្បាប់ ដែល​ការពារ ផ្តល់​ផលប្រយោជន៍​ដល់​សហភាព​អឺរ៉ុប​ទាំងមូល ប៉ុន្តែ ច្បាប់​ទាំង​នោះ មិនសូវ​មាន​​ឥទ្ធិពល​ជាក់ស្តែង​ទៅលើ​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​អឺរ៉ុបទេ។ ឧទាហរណ៍ កាលពី​អាណត្តិមុន ពី​ឆ្នា ២០០៩ ដល់​ឆ្នាំ ២០១៤នេះ សភាអឺរ៉ុប​បាន​ធ្វើ​ច្បាប់​ប្រឆាំង​ការជក់បារី ច្បាប់​នេសាទ​ដើម្បី​ការពារ​ប្រភេទ​ត្រី​នៅអឺរ៉ុប ឬ​ច្បាប់​ផ្តល់​ថវិកា​ដល់វិស័យ​កសិកម្ម​របស់​ប្រទេស​សមាជិក។

មួយវិញទៀត ក្រៅតែ​ពី​អ្នកមិនចង់​ទៅបោះឆ្នោត ក៏​មាន​អ្នកដែល​ស្អប់ មិន​ពេញចិត្ត​ឲ្យ​មាន​សហភាពអឺរ៉ុប។ ក្រុមនេះ​ភាគច្រើន​ជាក្រុម​ស្តាំនិយម ដែល​ចង់​ឲ្យ​ប្រទេសរបស់ពួកគេ​ដកខ្លួន​ចេញ ពី​សហភាព​អឺរ៉ុប។ តាមក្រុមស្អប់​អឺរ៉ុប​នេះ ដោយសារ​តែច្បាប់​របស់​សភាអឺរ៉ុប ​ប្រទេស​របស់​ពួកគេ​ទទួល​ការខាតបង់​ច្រើន ជាង​បាន​ប្រយោជន៍។ គេ​ចង់សំដៅ​ជាពិសេស​ទៅលើ​ការចាយប្រាក់​អឺរ៉ូ ជនអន្តោប្រវេសន៍ ដែល​ហូរចាក់ចូល​គ្រប់ប្រទេស​របស់​សហភាពអឺរ៉ុប ដោយសារ​តែ​គ្មាន​រនាំង​ព្រំដែន​រវាង​អឺរ៉ុប។

លើកនេះ ការស្ទង់មតិ​បាន​បង្ហាញ​ថា ក្រុមស្អប់​អឺរ៉ុប​កំពុង​ទទួល​ប្រជាប្រិយភាព និង​អាច​ទទួល​សំឡេង​ច្រើន ដើម្បី​ចូល​ទៅកាន់​អាសនៈ​នៅក្នុង​សភា​អឺរ៉ុប។ ប្រសិន​បើ​ក្រុមប្រឆាំង​នេះ​មាន​ច្រើន នៅក្នុង​សភា នោះ គេ​បារម្ភ​ច្បាប់​ជាច្រើន​នឹង​អាច​ត្រូវ​បោះឆ្នោត​ជំទាស់​ពី​ក្រុមប្រឆាំង។

សភាអឺរ៉ុបដែល​មាន​អំណាច​នីតិប្បញ្ញត្តិ​នៅ​សមត្ថភាព​មានកំរិត​រួចទៅហើយនោះ នឹង​អាច​ធ្លាក់ចុះ បាត់បង់​អំណាច​ឥទ្ធិពល​របស់ខ្លួន កាន់តែខ្លាំង ដោយសារ​តែ​ការចាំជំទាស់​ខ្វែងជើង​របស់​ក្រុមសមាជិក​សភា ដែលតាមពិតទៅ មិនចង់​ឲ្យ​មាន​សហភាពអឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ