អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សង្គ្រាម​កម្ចាត់​ដង្កូវ​ដែល​ចេញពី​សាច់​ខ្លួនឯង!

សំឡេង ០៤:៤១
ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​ពី​ថ្ងៃ​អង្គារ ២៨ សីហា ២០១២
ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​ពី​ថ្ងៃ​អង្គារ ២៨ សីហា ២០១២ RFI/Channa Siv

ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់ និង​បក្ខពួក៣នាក់​ទៀត​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូនទៅ​តុលាការ​ក្នុង​សប្តាហ៍​នេះ​ក្នុង​បទ​ជួញដូរ​គ្រឿងញៀន។នេះ​ជា​ឧទាហរណ៍​ថ្មី​មួយទៀត​ដែល​បង្ហាញ​ពី​បណ្តាញ​ជួញដូរ​គ្រឿងញៀន​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​ពីព្រោះ​តែ​មេ​ឈ្មួញ​គ្រឿងញៀន​គឺជា​មន្ត្រី​មានបុណ្យ​ស័ក្តិ និង​មាន​ឥទ្ធិពល​ក្នុងសង្គម។ ករណីនេះ​ក៏​ជា​ភស្តុតាង​ដែល​បញ្ជាក់ថា​បញ្ហា​សង្គមធំៗជាច្រើន​ដែល​មិនអាច​លុបបំបាត់បាន​គឺ​ដោយសារ​តែមាន​មន្ត្រី​ខិលខូចខ្លះ​ជាប់​ពាក់ព័ន្ធ​​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល។ ដូច្នេះ​ដល់​ពេលដែល​រដ្ឋាភិបាល​ត្រូវ​កម្ចាត់​ដង្កូវ​ដែល​ចេញពី​សាច់​ខ្លួនឯង!

ផ្សាយពាណិជ្ជកម្ម

ការវែកមុខ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដែលមាន​ឋានៈ​ឧ​ត្ត​ម​សេនីយ៍​យោធា​ពាក់​ផ្កាយ​ពីរលើ​ស្មា​ គឺជា​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​ថ្មី​មួយទៀត ខណៈដែល​សំណុំរឿង​លោក​មឹក ដា​រ៉ា អតីត​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បី​កំពុងបើក​សវនាការ​នៅ​សាលាឧទ្ធរណ៍​នៅឡើយ។ ព្រឹត្តិការណ៍​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា បណ្តាញ​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​ពិតជា​មានការ​រៀបចំ​យ៉ាងរឹងមាំ​ពី​សំណាក់​មន្ត្រី​មានបុណ្យ​ស័ក្តិ​មួយចំនួន។ ពួកគេ​នៅតែ​បន្ត​ផ្គើន​នឹង​សមត្ថកិច្ច​ដោយ​គ្មាន​កោតញញើត​អ្វី​ឡើយ។

មាន​ភស្តុតាង​ស៊ីសង្វាក់​គ្នា​មួយចំនួន​ដែល​កើតឡើង​រយៈពេល​ចុងក្រោយ​នេះ​គួរ​លើក​មក​ពិចារណា។ ជាក់ស្តែង កាលពី​ខែ​មុន សមត្ថកិច្ច​បាន​រកឃើញ​សារធាតុ​ផ្សំ​គ្រឿងញៀន និង​ឧបករណ៍​សម្រាប់​ផលិត​គ្រឿងញៀន​ជាច្រើន​ដែល​ឈ្មួញ​បាន​ដឹក​តាម​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ។ មុននេះ​បន្តិច សមត្ថកិច្ច​ក៏បាន​រកឃើញ​ទីតាំង​សង្ស័យ​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយកន្លែង​ដែរ​ក្នុង​ខេត្តកំពង់ស្ពឺ។ ស្របពេល​ជាមួយគ្នានេះ ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយទៀត​ក៏បាន​កើតឡើង​កាលពី​សប្តាហ៍​កន្លងទៅ នោះ​គឺ​អាជ្ញាធរ​តៃវ៉ាន់​បាន​ចាប់​ទូក​នេសាទ​ដឹក​គ្រឿងញៀន៨០គីឡូក្រាម។ ទូក​នេសាទ​នោះ​ត្រូវបាន​គេ​អះអាងថា​បានចេញ​ពី​ប្រទេស​កម្ពុជា។

ប្រសិនបើ​ព័ត៌មាន​នេះ​ជាការ​ពិត កម្ពុជា​ទំនងជា​មិនមែន​ត្រឹមតែ​ជាទី​ឆ្លងកាត់​គ្រឿងញៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកឧក្រិដ្ឋជន​ក៏​ទំនងជា​កំពុង​យក​ទឹកដី​នេះ​ធ្វើជា​កន្លែង​ផលិត​និង​ចែកចាយ​គ្រឿងញៀន​ថែម​ទៀតផង។ កិច្ចការ​ដ៏​ធំ​បែបនេះ​មិនអាច​នឹងធ្វើ​បានឡើយ​ប្រសិនបើ​គ្មាន​ការឃុបឃិត ឬ​ចូលរួម​ដោយផ្ទាល់​ពី​សំណាក់​អ្នកមាន​ឥទ្ធិពល​ទេនោះ។

ជាការ​ពិតណាស់ មិន​ត្រឹមតែ​គ្រឿងញៀន​មួយ​មុខ​នោះទេ ប៉ុន្តែ បទល្មើស​ជាច្រើន​ទៀត ដូចជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ឬ​បទល្មើស​នេសាទ​ជាដើម ដែល​គេ​ពិបាក​នឹង​បង្ក្រាប​នោះ ត្រូវគេ​មើលឃើញថា ក៏មាន​ប្រភព​ចេញពី​ការឃុបឃិត ឬ​ការប្រព្រឹត្ត​របស់​មន្ត្រី​អ្នកមាន​បុណ្យស័ក្តិ​មួយចំនួន​នេះដែរ។ ក្នុង​បរិបទ​នេះ ទោះបីជា​រដ្ឋាភិបាល​ខិតខំ​យ៉ាង​យ៉ាងណាក៏ដោយ ក៏​នៅតែ​មិនអាច​ទប់ស្កាត់​និង​បង្ក្រាប​បានដែរ ​ពីព្រោះ​វា​ជា​ដង្កូវ​ដែល​លេច​ចេញពី​សាច់​ខ្លួនឯង។

ជាក់ស្តែង ការចាប់ខ្លួន​មន្ត្រីធំៗពាក់ព័ន្ធបទឧក្រិដ្ឋ​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​រយៈពេល​ចុង​ក្រោយនេះ​បានបង្ហាញ​ឲ្យ​ឃើញថា ការ​ឆ្លៀត​ប្រើប្រាស់​តួនាទី ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ពី​សំណាក់​មន្ត្រី​អ្នកមានអំណាច បុណ្យស័ក្តិ គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​ការប្រយុទ្ធប្រឆាំង​បទល្មើស​នានា​ជាច្រើន។ ផលវិបាក​ដែល​កើតចេញពី​បញ្ហា​នេះ​គឺ​អសន្តិសុខ​សង្គម​នេះឯង។ អសន្តិសុខ​សង្គម​ត្រូវគេ​ស្តីបន្ទោស​ជាទូទៅ​ថា ជា​កំហុស​របស់​អាជ្ញាធរ​រ​ដ្ឋា​ភិ​បាល។ ដូច្នេះ តើ​រដ្ឋាភិបាល​គួរ​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​ខិលខូច​មួយចំនួន​បន្តស​កម្ម​ភាព​ល្មើស​បែបនេះ​ទៀត​ដែរឬទេ?

ចម្លើយ​គឺ​ច្បាស់​ជា​ទេ។ ការ​បកស្បែក​មន្ត្រីធំៗក្នុង​ជំនួញ​គ្រឿងញៀន​ជា​បន្តបន្ទាប់​គឺជា​ភស្តុតាង​ស្រាប់។ ប៉ុន្តែ សម្រាប់​ក្រុមអ្នកវិភាគ​សង្គម​កម្ពុ​ជា នៅមាន​កិច្ចការ​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ។ ការ​គាស់​រំលើង​ខ្សែបណ្តាញ​ឃុបឃិត​គ្នា គឺជា​កិច្ចការ​មួយ រីឯ​ការតាមដាន​និង​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​របស់​មន្ត្រីរាជកា​រ​គឺជា​កិច្ចការ​មួយទៀត។ ជាក់ស្តែង ឧ​ត្ត​ម​សេនីយ៍​យោធា​ផ្កាយ​ពីរ​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​គួរ​ឲ្យ​ចម្លែក តែ​នៅ​កម្ពុជា ហាក់​គ្មាន​អ្នកណា​ចាប់អារម្មណ៍​ថា ទ្រព្យសម្បត្តិ​ទាំង​នោះបាន​មកពីណា​នោះឡើយ។

សរុប​មកវិញ កិច្ច​ការដែល​អាជ្ញាធរ​រដ្ឋាភិបាល​បានធ្វើ​ចុងក្រោយ​នេះ​គឺជា​ការណ៍​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ ប៉ុន្តែ តើ​អស់ហើយ​ឬ​នៅ​ជនល្មើស​ឬ​ឧក្រិដ្ឋជន​ដែល​កំពុង​ជ្រក​ក្រោម​បុណ្យស័ក្តិ​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល? នេះ​ជា​សំណួរ​ដែល​ត្រូវ​រក​ចម្លើយ ពីព្រោះ ចូរ​កុំភ្លេចថាការ​បណ្តែត​បណ្តោយ​ឲ្យ​មន្ត្រី​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ដើម្បី​ផលប្រយោជន៍ វា​មិន​ត្រឹមតែ​គ្រោះថ្នាក់​សម្រាប់​ប្រជាពលរដ្ឋ និង​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អ្នករងគ្រោះ​បន្ទាប់​នោះ គឺ​ច្បាស់​ជា​រដ្ឋាភិបាល​ខ្លួនឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ