អានតួអត្ថបទ
អ៊ីរ៉ាក់-សហរដ្ឋអាមេរិក-អង់គ្លេស

ប្រតិកម្ម​លោក​អូបាម៉ា ក្រោយ​ការស្លាប់​អ្នក​កាសែត​អាមេរិក​ដោយ​ពួក​ជីហាត​អ៊ីរ៉ាក់​កាត់ក

រូបស្រង់​ចេញ​ពី​វីដេអូ​របស់​ពួក​ជីហាត បង្ហាញ​ពី​លោក James Foley ត្រូវ​ពួក​ជីហាត​អារ​ក​សម្លាប់ទាំងរស់
រូបស្រង់​ចេញ​ពី​វីដេអូ​របស់​ពួក​ជីហាត បង្ហាញ​ពី​លោក James Foley ត្រូវ​ពួក​ជីហាត​អារ​ក​សម្លាប់ទាំងរស់ REUTERS/Social Media Website via REUTERS TV

បន្ទាប់​ពី​អ្នកកាសែត​អាមេរិក​លោក James FOLEY ត្រូវ​បាន​ពួក​ជីហាត​អ៊ីរ៉ាក់​សម្លាប់​ដោយ​កាត់​កមតិ​អន្តរជាតិ​ទាំងមូល​បាន​ថ្កោលទោស​ពួក​នេះ​ ថា​ជា​ក្រុម​ព្រៃផ្សៃគ្មាន​ធម៌មេត្តា។វីដេអូ​ដែល​ក្រុម​ជីហាត​កាត់ក​អ្នក​កាសែត​នោះត្រូវ​បាន​ពួក​នេះ​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ីនធឺនែត​ កាល​ពី​ថ្ងៃ​ពុធ​ ទី​២០​សីហា។លោក​បារ៉ាក់អូបាម៉ាបាន​ថ្លែង​ក្នុង​សន្និសីទ​សារពត៌មាន​បន្ទាន់​មួយថ្កោលទោស​ក្រុម​អ៊ីស្លាម​ជីហាត​ ចំពោះ​ទង្វើ​ដ៏​ព្រៃផ្សៃ​នេះហើយ​លោក​ថា​អាមេរិក​នឹង​មិន​រារែក​ចំពោះ​ការប្រយុទ្ធ​ជាមួយ​ពួកនេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

វីដេអូ​បង្ហាញ​ពី​ការកាត់ក​ទាំងរស់​ចំណាប់​ខ្មាំង​ជា​អ្នកកាសែត​ជនជាតិ​អាមេរិក​ឈ្មោះ James FOLEY បាន​ធ្លាក់​ដល់​ដៃ​រដ្ឋាភិបាល​អាមេរិក​កាល​ពី​ថ្ងៃពុធ ២០​សីហា។ លោក​បារ៉ាក់ អូបាម៉ា បាន​ចេញ​មក​សម្តែង​សេចក្តី​សោកស្តាយ​ភ្លាមៗ​ ចំពោះ​ក្រុម​គ្រូសារ​ជន​រងគ្រោះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក លោក អូបាម៉ា បាន​ថ្កោលទោស​ពួក​ឧទ្ទាម​អ៊ីស្លាម​ជីហាត ដែល​ជា​ឃាតករ ថា​ជា​ពួក​បន​ព្រែផ្សៃ យង់ឃ្នង ឥតសាសនា។ លោក​បាន​បន្ត​ថា ពួក​ជីហាត​យក​សាសនា​អ៊ីស្លាម​ធ្វើ​ជា​លេស ដើម្បី​ធ្វើ​បាប កាប់​សម្លាប់​ជន​ស្លូតត្រង់ ដោយ​ងប់ងល់​តែ​ទៅ​លើ​មនោគមវិជ្ជា​ដ៏​ឃោឃៅ​របស់​ខ្លួន។ តាម​ការពិត គ្មាន​សាសនា​ឯណា តម្រូវ​ឲ្យ​សម្លាប់​មនុស្ស​ស្លូតត្រង់​នោះឡើយ។ លោក​បាន​អំពាវនាវ ឲ្យ​សហគមន៍​អន្តរជាតិ ពួត​ដៃ​គ្នា​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការ​កំទេច​ពួក​ជ្រុលនិយម​ជីហាត​ឲ្យ​អស់ ដើម្បី​ធានា​សុខសន្តិភាព​ដល់​ប្រជាជន​ស្លូតត្រង់​ ដែល​ត្រូវ​ពួកនេះ​ធ្វើ​ទារុណកម្ម​ឥត​ស្រាកស្រាន្ត។
 

"អំពើដ៏យង់ឃ្នងរបស់ពួកជីហាតអ៊ីរ៉ាក់ មិនបានធ្វើឡើងក្នុងនាមសាសនាណាមួយនោះទេ។ ជនរងគ្រោះដោយសាទង្វើពួកនេះ ភាគច្រើនសុទ្ធសឹងតែជាជនជាតិអ៊ីស្លាម។ ហើយគ្មានសាសនាឯណា តំរូវឲ្យសម្លាប់មនុស្សស្លូតត្រង់ ដូចពួកនេះធ្វើឡើយ។"

សំឡេងរបស់​លោក​អូបាម៉ា​​ ប្រែសម្រួលដោយ ម៉ម ពិសី

សូម​បញ្ជាក់​ថា លោក James FOLEY​ គឺ​ជា​អ្នក​យកពត៌មាន​ជនជាតិ​អាមេរិក ដែល​មាន​បទពិសោធន៍ ហើយ​ធ្លាប់​បាន​រាយការណ៏​ពត៌មាន​នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​សង្គ្រាម ដូចជា​នៅ ប្រទេស​ស៊ីរី ប្រទេស​លីប៊ី​ ប្រទេស​អាហ្វហ្គានីស្ថាន ជាដើម។ លោក​ធ្លាប់​បាន​ជាប់​ឃុំ​នៅ​លីប៊ី​អស់​រយៈ​ពេល​៦​ខែ​ផង​ដែរ។ នៅខែ វិច្ឆិកា ឆ្នាំ២០១២ លោក​ត្រូវ​បាន​ពួក​ជីហាត​ចាប់ខ្លួន​ នៅ​ប្រទេស​ស៊ីរី ក្នុង​ពេល​ដែល​គាត់​ចុះ​យក​ពត៌មាន។ កន្លង​មក​មាន​ប្រតិបត្តិការ​ជា​ច្រើន​លើក​ច្រើនសា​ ក្នុង​ការ​រំដោះ​លោក​ចេញ​ពី​ពួក​ភេរវករ​ជីហាត តែ​មិន​បាន​សម្រេច​ទាល់តែសោះ។ ពួក​ជីហាត ថែម​ទាំង​បាន​ផ្ញើ​ដំណឹង​ទៅ​ក្រុម​គ្រួសារ​លោក James FOLEY ទៀត​ផង ថា​ពួក​វា​នឹង​សម្លាប់​លោក​ចោល។

ជា​ការពិត​មែន ពួក​អ៊ីស្លាម​ជីហាត​បាន​បង្ហោះ​វីដេអូ ដែល​ក្នុង​នោះ​លោក​ James FOLEY​ត្រូវ​ពួកវា​កាត់ក​ទាំង​រស់ យ៉ាង​ព្រៃផ្សៃ​ជា​ទីបំផុត។ វីដេអូ​នោះ ត្រូវ​បាន​ពួកអ៊ីស្លាម​ជីហាត អះអាង​ថា​គឺ​ជា​សារ​ផ្ញើ​ឲ្យ​អាមេរិក ឆ្លើយ​តប​ចំពោះ​ប្រតិបត្តិការ​របស់​ទាហាន​អាមេរិក​ ដែល​បាន​វាយ​ប្រហារ​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់​ថ្មីៗ​នេះ។

បើ​តាម​ការ​ប៉ាន់ស្មាន ឃាតករ​ដែល​សម្លាប់​លោក James FOLEY​ នៅ​ក្នុង​វីដេអូ​នោះ អាច​ជា​ជនជាតិ​អង់គ្លេស ព្រោះ​ថា​ជន​នោះ​និយាយ​ភាសា​អង់គ្លេស តាម​របៀប​អ្នកក្រុងឡុងដ្រ៍​ បាន​យ៉ាង​ច្បាស់។ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​កំពុង​ស្រាវជ្រាវ​បញ្ហា​នេះ។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ជនជាតិ​អង់គ្លេស​ប្រហែល​ជា​៥០០​នាក់​ ដែល​បាន​ត្រូវ​ពួក​អ៊ីស្លាម​ជីហាត ពង្វក់  និង​អូសទាញ​ ឲ្យ​ទៅ​ជួយ​ប្រយុទ្ធ​ពួកវា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ