អានតួអត្ថបទ
ថៃ

ស្ថាបនិក​​ក្រុម​​អាវលឿង​​គាំទ្រ​រាជា​និយមថៃ​ ជាប់ពិរុទ្ធ​​​ពីបទ​​ប្រមាថ​ព្រះមហាក្សត្រ​​

លោក Sondhi Limthongkul (ស្តាំ) ក្នុង​ឱកាស​បាតុកម្ម​​​មួយ កាលពី​ខែសីហា​ ឆ្នាំ​២០០៨។
លោក Sondhi Limthongkul (ស្តាំ) ក្នុង​ឱកាស​បាតុកម្ម​​​មួយ កាលពី​ខែសីហា​ ឆ្នាំ​២០០៨។ ( Photo : AFP )

នៅថ្ងៃ​អង្គារ​ម្សិលមិញ​នេះ សាលាឧទ្ធរណ៍​ថៃ​បាន​​សំរេច​​​ដាក់ទោស​អ្នកគាំទ្រ​រាជា​និយម​មួយរូប អោយជាប់​ពន្ធនាគារ​​​ពីរឆ្នាំ​​ ពីបទ​​​ប្រមាថ​​ព្រះមហាក្សត្រ។​ ​ជនជាប់ទោស​នោះ គឺ​លោក សុន្ធិ លឹមថុងគល់ ជា​ស្ថាបនិក​នៃចលនា​ក្រុម​អាវលឿង​ថៃ ដែល​ធ្លាប់​បាន​ធ្វើសកម្មភាព​រាប់ខែ​ ប្រឆាំង​​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ការដាក់ទោស​នេះ សបង្ហាញ​ពី​ច្បាប់​​ដ៏តឹងតែង​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ការពារ​ព្រះមហាក្សត្រ។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃអង្គារ​ម្សិលមិញ​ សាលាឧទ្ធរណ៍ថៃ​​ មិន​បាន​យោគយល់​មុខ លោក សុន្ធិ លឹមថុងគល់ ​​ជា​ស្ថាបនិក​នៃ​ចលនា​ក្រុមអាវលឿងថៃ ដែល​ជាចលនាគាំទ្រ​រាជានិយម នោះទេ។ ​ច្បាប់​ការពារ​ព្រះមហាក្សត្រ​ដែល​រដ្ឋាភិបាល​អនុវត្ត​ឥតខ្ចោះ​នោះ តំរូវ​អោយ​សាលាឧទ្ធរណ៍​សំរេច​ដាក់ទោស​លោក សុន្ធិ ​អោយជាប់ពន្ធនាគារ​ពីរឆ្នាំ ពីបទបាន​​ប្រមាថព្រះមហាក្សត្រ។

លោក សុន្ធិ ដែលជាអ្នកគាំទ្រ​ព្រះមហាក្សត្រ​​យ៉ាង​មោះមុតនោះ ធ្លាប់​បាន​បរិហារ​​ស្ត្រីមួយរូប ដែល​ជា​​សកម្មជន​ក្រុមអាវក្រហម គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រីថៃ ថាក់ស៊ីន កាលពី​ឆ្នាំ​២០០៨។ ស្ត្រី​រូបនេះ ធ្លាប់​បាន​រិះគន់​ព្រះមហាក្សត្រ ហើយ​បាន​ទទួលទោសជាប់ពន្ធនាគារ​​១៥ឆ្នាំ។

អ្វីដែល​លោក សុន្ធិ មិន​បាន​ប្រុងប្រយ័ត្ន​ក្នុង​សន្ទរកថារបស់​លោក ក្នុង​ការ​បរិហារ​ស្ត្រីរូបនេះ​ គឺ​ថា សុន្ធិ បាន​លើកឡើង​នូវពាក្យពេចន៍​ប្រមាថ​ព្រះមហាក្សត្រ​​​របស់​ស្ត្រីរូបនោះ ដោយ​លោកបាន​និយាយ​ត្រាប់​តាម​គ្រប់ឃ្លាប្រយោគ ឥតខ្ចោះ ពីដើមដល់ចុង។ ដូច្នេះ ទោះជា​លោកសុន្ធិ ជាអ្នកគាំទ្រ​រាជានិយម​បែបណាក្តី លោកបាន​បញ្ចេញមក​ នូវ​ពាក្យពេចន៍ប្រមាថ​ព្រះមហាក្សត្រ ដែលច្បាប់ថៃ​មិន​អាចអត់ឳន​អោយ​បាន។ ​​

សុន្ធិ លឹមថុងគល់ បាន​ចាត់ទុក​ការកាត់ទោស​រូបលោក​ ថា​​​មាន​បែបផែន​​​នយោបាយ​។ ក្នុង​ពេល​កំពុងចាំ​​បន្ត​ការប្តឹង​ទៅតុលាការកំពូល​ទៀតនោះ លោកសុន្ធិ ត្រូវបាន​អនុញ្ញាត​អោយ​រួចខ្លួនបណ្តោះអាសន្ន តាមរយៈ​ការ​បង់​ប្រាក់​កក់។ គួររំលឹកថា កាលពី​ឆ្នាំ​២០១២​កន្លងទៅ សុន្ធិ លឹមថុងគល់ ត្រូវបាន​តុលាការ​សំរេច​អោយ​រួចខ្លួន ពីបទចោទប្រកាន់​ថា​បាន​​ប្រមាថ​ព្រះមហាក្សត្រ។ ប៉ុន្តែ ព្រះរាជអាជ្ញាថៃ​បាន​ទាមទារ​អោយ​មាន​ការ​ជំនុំជម្រះ​ឡើងវិញ។ ​

នៅប្រទេស​ថៃ ព្រះមហាក្សត្រ​គ្មាន​មុខងារ​ផ្លូវការ​អ្វី​ក្នុងឆាក​នយោបាយ​​ឡើយ ប៉ុន្តែ​​ ត្រូវបាន​ច្បាប់​ការពារ​។ ច្បាប់​ការពារព្រះមហាក្សត្រថៃនេះ គឺ​ជាច្បាប់​ដ៏តឹងតែង​បំផុត​មួយ​​ក្នុងពិភពលោក ដូចជា​ច្បាប់​ការពារ​ព្រះមហាក្សត្រ​នៅប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​យ៉ាងដូច្នោះដែរ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ