អានតួអត្ថបទ
បារាំង

បារាំង៖មធ្យោបាយធ្វើដំណើរ នៅបន្តកក់ស្ទះនិងរងការរំខានខ្លាំង នៅចុងសប្តាហ៍

បាតុកម្មបិទរថភ្លើងក្រោមដី​របស់​សហជីព​ខាងដឹកជញ្ជូន
បាតុកម្មបិទរថភ្លើងក្រោមដី​របស់​សហជីព​ខាងដឹកជញ្ជូន REUTERS/Benoit Tessier

ក្រុង​ប៉ារីស កំពុងតែ​រង​វិបត្តិ​គ្មាន​​មធ្យោបាយ​ធ្វើ​ដំណើរ ដែល​កាន់តែ​បន្ត​លំបាក​ខ្លាំងតទៅ​ទៀត ​ថ្ងៃអាទិត្យ​ ទី​១៥ធ្នូ។ ខ្សែរថភ្លើង​ចំនួន១៤ ដែល​ដឹកជញ្ចូន​អ្នក​ធ្វើ​ដំណើរ​រាប់​លាន​នាក់ ត្រូវ​បន្ត​បិទទ្វារ​​ឈឹង​តែម្តង។ នៅកន្លែង​នានា​ក្នុង​ក្រុង​ប៉ារីស ត្រូវ​កក់ស្ទះ​ខ្លាំងនៅត្រង់​កន្លែង​ខ្លះ ហើយ​កន្លែងខ្លះទៀត គ្មាន​ឡានក្រុង​ ឬ​មធ្យោបាយ​សាធារណៈ​ជិះ​ឡើយ​។ បញ្ហា​នេះគឺដោយសារ​តែ​កំហឹង​តវ៉ា​របស់​សហជីព​វិស័យ​ដឹកជញ្ជូន​ ដែល​ប្រឆាំង​នឹង​កំណែទម្រង់​ចូលនិវត្តន៍​របស់​រដ្ឋាភិបាល​បារាំង​។

ផ្សាយពាណិជ្ជកម្ម

ជាង​ដប់​ថ្ងៃ​ហើយ ដែលក្រុម​​អ្ន​កបើកបរ​ បុគ្គលិក​ធ្វើ​ការ​វិស័យ​ខាងដឹក​​ជញ្ចូន និង​ក្រុម​សហជីពខាង​សេវាសាធារណៈនេះ ​បាន​ធ្វើ​កូដកម្ម មិន​ធ្វើ​ការ​ រៀង​រាល់​ជាប់ៗគ្នា គ្មាន​ប្រដាក់ថ្ងៃសោះ​។

សម្រាប់​ថ្ងៃអាទិត្យ​ក៏ដូច​ថ្ងៃ​សៅរ៍​នេះដែរ TGV រថភ្លើង​រត់​​ផ្លូវ​ឆ្ងាយ ​បើ​គិត​ជាមធ្យម គឺ​ដំណើរការ​តែមួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​រថភ្លើង​ផ្លូវឆ្ងាយ​៤។ ចំណែ​ក រថភ្លើង​ចេញពី​រដ្ឋធានី ទៅកាន់​​ជាយ​ៗក្រុង គឺ​ដើរតែមួយ​គត់​ ក្នុង​ចំណោម​៥។ Métro រថភ្លើងរត់​​ក្រោម​ដី ចំនួន​ ១៤ ខ្សែ​ ត្រូវ​បន្ត​បិទច្រកទ្វារ​ជិត​ឈឹង​ ​ជាបន្តទៀត​។  ទន្ទឹមនេះ Tramway ​រថ​ភ្លើងនៅ​លើដីនិង​រថយន្តក្រុង​សាធារណៈខ្លះៗ ក៏​ភាគច្រើន​ មិន​ដំណើរ​ការ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​ហ៊ុន​ដឹកជញ្ជូន​របស់​រដ្ឋ SNCF និងក្រុម​ហ៊ុន​ RATP។ រីឯ​ការ​ធ្វើ​ចរាចរណ៍​ចេញចូល​អន្តរជាតិ ឆ្លងពីបារាំងទៅប្រទេស​ដទៃ​ ក៏​ត្រូវ​រងការ​ប៉ះពាល់​រំខាន​ខ្លាំង​ដែរ នៅ​ចុង​សប្តាហ៍​នេះ​។

ការ​​លំបាក​ខ្លាំងក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ដូច្នេះ គឺកើត​មាន​ជាង​១០ថ្ងៃ​មកនេះ ដែល​បង្ក​ជាក្តីបារម្ភ​រឹត​តែ​ច្រើន ចំពោះ​ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល និង​បុណ្យ​ឆ្លង​ថ្មី​ នាពេល​ខាងមុខនេះ​ ដែល​នៅ​តែប្រមាណ​​ជាង​១០ថ្ងៃ​ទៀត​ តែ​ប៉ុណ្ណោះ​។

បើ​តាម​ទិន្នន័យ​កាល​បុណ្យ​ពីឆ្នាំមុន នៅ​បើ​រាប់​តែនៅ​ក្រុង​ប៉ារីស​មួយ គឺ​មាន​អ្នក​ធ្វើ​ដំណើរ​ ជាង​៣លាន​ ដែល​បាន​​ជិះ​រថភ្លើង​ នៅពេល​បុណ្យ​ណូអែល។ ហើយ​មនុស្ស​ជាង​៨លាន​នាក់ ដែល​ធ្វើ​ដំណើរ​ផ្លាស់ទី ក្នុង​ឱកាស១៥​ថ្ងៃ ​នៃថ្ងៃ​ឈប់​សម្រាក​បុណ្យ​សំខាន់ៗទាំងពីរ នា​​ចុង​ឆ្នាំនេះ។

ដើម្បី​ជួយ​សម្រួល, រដ្ឋាភិបាល​បារាំង បាន​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ដឹកជញ្ជូន ​ត្រូវ​ធានា​ការ​ដឹកជញ្ជូន​ឡើងវិញ ក្នុង​ឱកាស​​ប្រចាំ​ឆ្នាំ​ដូច្នេះ និងត្រូវ​ចេញ​កាលវិភាគ​ម៉ោង​ពេល​រថភ្លើង​ និងប្លង់ ថ្មីមួយ សម្រាប់​ឱកាសបុណ្យ​ដ៏​សំខាន់​នេះ។ ក៏ប៉ុន្តែ ក្រុមហ៊ុន​ដឹកជញ្ជូន នៅ​មិន​ទាន់​តបអ្វី​ ឱ្យ​ច្បាស់​លាស់​នៅឡើយ​ទេ ហើយអ្នក​តំណាង​ខាង​​ក្រុមហ៊ុន​ដឹកជញ្ជូន ក៏​ធ្លាប់​បា​ននិយាយ​ដែរ ថា​អ្ន​ករស់​នៅ​ក្រុង​ប៉ារីស ​ប្រហែល​ជា​ត្រូវ​សម្រាក​នៅផ្ទះ​ជួប​ជុំ​គ្រួសារ ច្រើន​ជាង ​ធ្វើ​ដំណើរតា​មរថភ្លើង​​។

ដូច្នេះនៅក្នុង​ឱកាស​បុណ្យ​ទាន​ខាន​មុខនេះ​ សម្រាប់​អ្ន​កដែល​ត្រូវការ​​ធ្វើ​ដំណើរ ឬអ្នក​ដែល​​នៅ​ជាប់​ធ្វើ​ការ​ងារ​នោះ​ គឺ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈតទៅទៀត​​ ជាក់ជាមិន​ខាន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ