អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ជុំវិញ​សកម្មភាព​ចារកិច្ច​លើ​ពលរដ្ឋ​បារាំង

សំឡេង ០៤:៥៨
Edward Snowden អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក (NSA) ដែល​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ស្តីពី​សកម្មភាព​លួច​ស្តាប់​ការសន្ទនា ឬ​លួច​យក​ទិន្នន័យ​ឯកជន​ នៅ​ជុំវិញ​ពិភពលោក​
Edward Snowden អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក (NSA) ដែល​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ស្តីពី​សកម្មភាព​លួច​ស្តាប់​ការសន្ទនា ឬ​លួច​យក​ទិន្នន័យ​ឯកជន​ នៅ​ជុំវិញ​ពិភពលោក​ Reuters

បញ្ហា​ចម្រូងចម្រាស ជុំវិញ​សកម្មភាព​​ចារកិច្ច​អាមេរិក​នៅ​បរទេស នៅតែ​បន្ត​កើតមាន។ ផុតពីរឿងអាស្រូវមួយ ផ្ទុះ​រឿង​មួយថ្មី​មកទៀត។ នៅថ្ងៃ​នេះ មាន​លេចចេញ​ព័ត៌មាន​មួយទៀត​ថា ទីភ្នាក់ងារចារកិច្ច​អាមេរិក​បានលបយក​ការណ៍សម្ងាត់ នៅ​ក្នុង​ប្រទេស​បារាំង ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត។ រដ្ឋមន្រ្តី​ការបរទេស​បារាំង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ជា​បន្ទាន់ នៅថ្ងៃ​នេះ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បកស្រាយ​បំភ្លឺ​ ជុំវិញ​រឿង​នេះ។

ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ស្តីពី​សកម្មភាព​ចារកិច្ច​របស់​អាមេរិក ទៅលើ​ពលរដ្ឋ​បារាំង ត្រូវបាន​ចុះផ្សាយ​ដោយ​កាសែត​បារាំង ឈ្មោះ Le Monde ដោយ​បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​ឯកសារ​សម្ងាត់​​បានមក​ពី Edward Snowden អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក NSA (National Security Agency) ដែល​បច្ចុប្បន្ន​កំពុង​ជ្រកកោន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

យោងតាម​ឯកសារ​ដែលកាសែត Le Monde បាន​ចុះផ្សាយ​នេះ ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក NSA ​បាន​លបយកការណ៍​សម្ងាត់​នៅ​ក្នុង​ប្រទេស​បារាំង តាមរយៈ​ការ​លបស្តាប់​ការ​សន្ទនា​តាមទូរស័ព្ទ និង​ការ​លួច​ស្ទាក់ចាប់​ការ​ផ្ញើ​សារតាម​ទូរស័ព្ទ។

ការលួចស្តាប់​ការសន្ទនា​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ។ គ្រាន់តែ​ក្នុងរយៈពេល ៣០ថ្ងៃ គឺ​ពីថ្ងៃ​ទី១០ ធ្នូ ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី៨​ មករា ២០១៣ កិច្ចសន្ទនា​តាមទូរស័ព្ទ​​ នៅ​ក្នុង​ប្រទេស​បារាំង ប្រមាណ​ជា​ជាង ៧០លាន ត្រូវ​បាន​ទីភ្នាក់ងារ NSA លួច​ថត។​ ​ការ​លួច​ស្តាប់​ការ​សន្ទនា​នេះ ត្រូវ​បាន​ធ្វើឡើង ទាំង​​ទៅលើ​មនុស្ស​ ដែល​មាន​ជាប់​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម និង​ទាំងទៅលើ​មនុស្ស​ក្នុង​​មជ្ឈដ្ឋាន​ក្រុមហ៊ុន​សហគ្រាស នយោបាយ និង​រដ្ឋបាល​សាធារណៈ​បារាំង។

ការលេចធ្លាយ​ព័ត៌មាន​សម្ងាត់ ស្តីពី​សកម្មភាព​ចារកិច្ច​លើ​ពលរដ្ឋ​បារាំង​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង​បញ្ចេញ​ប្រតិកម្ម​ដោយ​កំហឹង​ភ្លាមៗ នៅ​ព្រឹកថ្ងៃ​ចន្ទ​នេះ។ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង​បាន​ថ្លែង​ថា ការលួច​ស្តាប់​ការសន្ទនា​តាមទូរស័ព្ទ​របស់​ពលរដ្ឋ​បារាំង ដោយ​ទីភ្នាក់ងារចារកិច្ច​អាមេរិក​នេះ គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន។ ចំណែក​​​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំងវិញ​បាន​ឲ្យដឹង​ថា ក្រសួង​របស់​លោក​​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉ារីស ឲ្យ​មក​ជួប​ជា​បន្ទាន់ នៅថ្ងៃ​ចន្ទ​នេះ ដើម្បី​ធ្វើការ​បកស្រាយ​​បំភ្លឺ ជុំវិញ​សកម្មភាព​ចារកិច្ច​នេះ។

រហូតមកទល់នឹង​ពេលនេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​​ណាមួយ​នៅឡើយទេ ពី​ខាង​អាមេរិក។ ប៉ុន្តែ ការលេចធ្លាយ​ព័ត៌មាន​ចារកិច្ច​នេះ កើតឡើង នៅ​ចំថ្ងៃ​ដែល​លោក​ចន ឃែរី ត្រូវ​មក​ប៉ារីស ដើម្បី​ជជែក​ អំពី​សំណុំរឿង​ស៊ីរី។
 
គួរបញ្ជាក់ថា ទាក់ទង​នឹង​សកម្មភាព​ចារកិច្ច​អាមេរិក​នេះ តុលាការ​បារាំង​បាន​ចាប់បើក​ការ​ស៊ើបអង្កេត​បឋម តាំង​ពី​ខែ​កក្កដា​មក​ម៉្លេះ នៅ​ក្រោយ​ពេល​​ដែល Snowden បាន​បញ្ចេញ​ព័ត៌មាន​ដំបូង អំពីសកម្មភាព​​របស់ NSA ដែល​​លួច​ចូល​យក​ទិន្ន័យ​ឯកជន នៅ​ក្នុង​បណ្តាញ​អ៊ីនធ័រនែត នៅ​ទូទាំង​ពិភពលោក តាមរយៈ​កម្មវិធី ឈ្មោះ​ថា PRISM។
 
នៅ​ថ្ងៃ​នេះ​ដែរ ក្រៅពី​រឿង​ចារកិច្ច​នៅ​បារាំង គេ​ឃើញ​មាន​លេចធ្លាយ​រឿង​សម្ងាត់មួយទៀត គឺ​ការ​លួចយកការណ៍របស់​អាមេរិក ​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក។ ព័ត៌មាន​នេះ ត្រូវបាន​ចុះផ្សាយ​ដោយ​ ​ទស្សនាវដ្តី​​អាល្លឺម៉ង់ ឈ្មោះ Der Spiegel ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​ឯកសារ​របស់ Edward Snowden ដូចគ្នា។

​ទស្សនាវដ្តី Der Spiegel បាន​ចុះផ្សាយ​ឲ្យដឹង​ថា កាលពី​ខែ​ឧសភា ឆ្នាំ​២០១០ ទីភ្នាក់ងារ​ចារកិច្ច​ NSA របស់​អាមេរិកបាន​លួច​ចូល​មើល​សារអេឡិចត្រូនិក (Email) របស់លោក​ហ្វេលីប៉េ កាល់ដេរ៉ុន (Felipe Calderon) ដែល​កាលណោះ ជា​ប្រធានាធិបតី​ម៉ិចស៊ិក។ រដ្ឋាភិបាល​ម៉ិចស៊ិក​ក៏​បាន​ទាមទារ​ឲ្យ​អាមេរិក​ធ្វើការ​បកស្រាយ​បំភ្លឺ ជុំវិញ​ព័ត៌មាន​នេះ​ដែរ។

គួររំឭកឡើងវិញ​ថា កាល​ពី​ខែ​មុននេះ មានការ​ចុះផ្សាយ​ម្តងរួចមកហើយ​ អំពី​​ឯកសារ​សម្ងាត់​របស់​ Snowden ដែល​បង្ហាញ​ពី​សកម្មភាព​របស់​ទីភ្នាក់ងារ NSA ​លួច​ចូល​មើល​សារអេឡិចត្រូនិក​របស់ ​លោក​អិនរីកេ ប៉េញ៉ា ញ៉េតូ (Enrique Peña Nieto) ដែល​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​របស់​ម៉ិចស៊ិក បន្ត​ពី​លោក​កាល់ដេរ៉ុន។ ម្យ៉ាងទៀត នៅ​អាមេរិក​ឡាទីន មិនមែន​មានតែ​ប្រធានាធិបតី​​ម៉ិចស៊ិក​មួយទេ ដែល​ត្រូវ​អាមេរិក​តាមឃ្លាំមើល។ លោកស្រី​ឌីលម៉ា រូសេហ្វ (Dilma Rousseff) ប្រធានាធិបតី​ប្រេស៊ីល ក៏​ត្រូវ​បាន​ទីភ្នាក់ងារ NSA តាមឃ្លាំមើល​ដែរ។ ការលេចធ្លាយ​ព័ត៌មាន​ចារកិច្ច​នេះ បាន​ធ្វើ​ឲ្យ​លោកស្រី​ឌីលម៉ា រូសេហ្វ លុបចោល​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​សហរដ្ឋ​អាមេរិក។

ចាប់តាំង​ពី​ផ្ទុះ​រឿង​អាស្រូវ​ចារកិច្ច​អាមេរិក​នេះ​មក ​ឯកសារ​សម្ងាត់​បញ្ចេញ​ដោយ Edward Snowden បាន​បង្ហាញ​ឲ្យឃើញ​ថា សកម្មភាព​ឈ្លបយកការណ៍​សម្ងាត់​របស់​អាមេរិក​ត្រូវបាន​ធ្វើឡើង ទាំងទៅលើ​ប្រទេស​ដែល​ជា​គូប្រជែងផង (ដូចជា រុស្ស៊ី និង​ចិន) និង​ទាំង​ទៅលើ​ប្រទេស​សម្ព័ន្ធមិត្ត​ផង (ដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ ម៉ិចស៊ិក និង​ប្រេស៊ីល ជាដើម)។ ​គោលដៅ​នៃ​ការ​ឈ្លប​យកការណ៍​សម្ងាត់​នេះទៀតសោត មិនមែន​ធ្វើឡើង តែទៅលើ​អ្នក​ជាប់សង្ស័យ​រឿង​ភេរវកម្ម​ទេ ប៉ុន្តែ ជា​សកម្មភាព​យកការណ៍​សម្ងាត់​ដែល​មាន​លក្ខណៈ​ទូលំទូលាយ ទាំង​ក្នុង​រឿង​ភេរវកម្ម​ផង នៅ​ក្នុង​មជ្ឈដ្ឋាន​ក្រុមហ៊ុន​សហគ្រាសផង និងក្នុង​ជួរថ្នាក់ដឹកនាំ​រដ្ឋាភិបាល​បរទេស​ផង៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ