អានតួអត្ថបទ
រុស្ស៊ី-អឺរ៉ុប

អឺរ៉ុប​ព្រមានដាក់​ទណ្ឌកម្ម​បន្ថែម​ទៅលើ​​រុស្ស៊ី​ក្នុង​រឿង​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី

ក្រុមបំបែកទាមទារ​ផ្តាច់​ទឹកដី​និយម​រុស្ស៊ី​ឈរយាម​ធ្វើ​រនាំង​មិន​ឲ្យ​អ្នកស៊ើបអង្កេត​​ចូល​ទៅ​កាន់​កន្លែង​ដែល​យន្តហោះ​ម៉ាឡេស៊ី​ធ្លាក់
ក្រុមបំបែកទាមទារ​ផ្តាច់​ទឹកដី​និយម​រុស្ស៊ី​ឈរយាម​ធ្វើ​រនាំង​មិន​ឲ្យ​អ្នកស៊ើបអង្កេត​​ចូល​ទៅ​កាន់​កន្លែង​ដែល​យន្តហោះ​ម៉ាឡេស៊ី​ធ្លាក់ ©REUTERS/Maxim Zmeyev

មេដឹកនាំ​បារាំង អង់គ្លេស និង​អង់គ្លេស​បាន​ជួប​ប្រជុំ​គ្នា​តាម​ទូរស័ព្ទ​ នៅព្រឹកថ្ងៃ​អាទិត្យ ទី ២០​កក្កដា ដោយ​បាន​សម្រេច​រួមគ្នា គំរាមដាក់​ទណ្ឌកម្ម​ទៅលើ​​រុស្ស៊ី ប្រសិន​បើ​រុស្ស៊ី​មិន​ដាក់​គំនាប​ទៅលើ​ក្រុម​បំបែក​ខ្លួន អ៊ុយក្រែន ដើម្បី​ឲ្យ​ក្រុម​នេះ​បើកផ្លូវ​អនុញ្ញាត​ឲ្យ​ក្រុមស៊ើប​អង្កេត​​ចូល​ទៅកាន់​ទីតាំង​ដែល​យន្តហោះ​ម៉ាឡេស៊ី MH ១៧​បាន​ធ្លាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ 

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំង នាយករដ្ឋមន្រ្តី​អង់គ្លេស និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​មូល​មតិ​គ្នា គំរាម​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅលើ​ប្រទេស​រុស្ស៊ី ក្នុង​ករណី​ទីក្រុង​ម៉ូស្គូ​នៅ​តែ​មិន​ព្រម​បញ្ចុះ​បញ្ចូល​ក្រុម​ឧទ្ទាម​​និយម​រុស្ស៊ី​ឲ្យ​បើក​ផ្លូវ​ដល់​អ្នកស៊ើបអង្កេត​អន្តរជាតិ។ ប្រមុខ​ដឹកនាំ​របស់​ប្រទេស​អឺរ៉ុប​ទាំងបី​បញ្ចេញ​ប្រតិកម្ម​​​ខ្លាំងៗ​ដាក់​រុស្ស៊ី​ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា អ្នកស៊ើបអង្កេត​របស់​អង្គការ​OSCE របស់​អឺរ៉ុប​ត្រូវ​រារាំង​មិន​ឲ្យ​ចូល​ទៅ​ជិត​បំណែក​យន្តហោះ ដែល​ជា​ភស្តុតាង​សំខាន់​នៃ​ការធ្លាក់​យន្តហោះម៉ាឡេស៊ី ដែល​បាន​សម្លាប់​អ្នកដំណើរ​ និង​អ្នកបើកបរ​ទាំងអស់ ២៩៨នាក់។

 
នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី​បារាំង ចេញផ្សាយ​នៅថ្ងៃ​អាទិត្យ ប្រមុខ​រដ្ឋ​របស់​ប្រទេស​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ បាន​ព្រមានថា បើ​សិន​រុស្ស៊ី​មិន​ធ្វើ​សម្មភាព​អ្វី​ដើម្បី​បន្ធូរ​ភាព​តានតឹង​នៅ​តំបន់​ខាងកើត​អ៊ុយក្រែន នោះ រុស្ស៊ី​ប្រឈម​នឹង​ទណ្ឌកម្ម​ថ្មីៗ​បន្ថែមទៀត ពី​សហភាព​អឺរ៉ុប។ រដ្ឋមន្រ្តី​ការបរទេស​របស់​សហភាព​អឺរ៉ុប​នឹង​ជួប​ប្រជុំ​គ្នា នៅថ្ងៃ​អង្គារ​ ទី ២២ កក្កដា ដើម្បី​ពិចារណា​ថា តើ​ត្រូវ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​រុស្ស៊ី​ដែរឬទេ។

ដោយសារ​តែ​រុស្ស៊ី​ភ្ជាប់​តំបន់​គ្រីមេ​របស់​អ៊ុយក្រែន​ចូល​ទៅក្នុង​ទឹកដីរបស់​ខ្លួន កាលពី​ខែ​មីនា​កន្លងទៅ សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី ដោយ​បាន​ហាម​មិន​ឲ្យ​បុគ្គល​រុស្ស៊ី និង​អ៊ុយក្រែន ៧០នាក់ មិន​ឲ្យ​ចូល​ទឹកដី​អឺរ៉ុប និង​ផ្អឹបទុក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​រុស្ស៊ី​ដែល​បាន​ចូលរួម​ចំណែក​ភ្ជាប់ទឹកដី​គ្រីមេ​ចូល​ទៅខាង​រុស្ស៊ី។
 

មន្រ្តី​របស់​អង្គការ​OSCE​ពិនិត្យ​សាកសព​របស់​ជនរងគ្រោះ​ធ្លាក់​យន្តហោះ​ដែល​ត្រូវ​ក្រុម​ឧទ្ទាម​ប្រមូល​ដាក់​ក្នុង​ទូររថភ្លើង ទឹកកក​នៅថ្ងៃ​អាទិត្យ​ទី ២០​កក្កដា
មន្រ្តី​របស់​អង្គការ​OSCE​ពិនិត្យ​សាកសព​របស់​ជនរងគ្រោះ​ធ្លាក់​យន្តហោះ​ដែល​ត្រូវ​ក្រុម​ឧទ្ទាម​ប្រមូល​ដាក់​ក្នុង​ទូររថភ្លើង ទឹកកក​នៅថ្ងៃ​អាទិត្យ​ទី ២០​កក្កដា ©REUTERS/Maxim Zmeyev

នៅភាគខាងកើត​អ៊ុយក្រែនវិញ មេដឹកនាំ​ក្រុម​បំបែកខ្លួនអ៊ុយក្រែន និយម​រុស្ស៊ី​បាន​អះអាង​នៅថ្ងៃ​អាទិត្យ​ថា គេ​រក​ឃើញ​ឧបករណ៍​មួយ​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ប្រអប់​ខ្មៅ។ ក្រុម​ឧទ្ទាម​បាន​រក្សា​វា​ទុក​នៅ​ទីក្រុង​ដូណេស​ដែល​ជា​បន្ទាយ​របស់ពួកគេ និង​រង់ចាំ​ប្រគល់​ទៅ​ឲ្យ​ក្រុម​អ្នកស៊ើប​​អង្កេត​អន្តរជាតិដែល​មក​ពី ខាង​​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ។

នៅ​លើ​ទីតាំង​ធ្លាក់​យន្តហោះ​ផ្ទាល់ ប្រធាន​ក្រុម​ស៊ើបអង្កេត​របស់​អង្គការ​OSCE​បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា បំណែក​យន្តហោះ​ត្រូវក្រុម​ឧទ្ទាម​​រុះរើ ផ្លាស់ទី ចំណែក​​សាកសព របស់​អ្នកដំណើរ​ត្រូវ​គេ​ដឹកចេញ​​ពី​កន្លែង​យន្តហោះធ្លាក់ និង​ប្រមូល​ដាក់ក្នុង​ទូររទេះភ្លើង ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ ពី​កន្លែង​កើតហេតុ​​។ តាម​មេដឹកនាំ​ក្រុមឧទ្ទាម គេ​ប្រមូល​សាកសព​ដាក់​ក្នុង​ទូររថភ្លើងទឹកកក ដើម្បី​រក្សា​សាកសព គេចចេញ​ពី​ការយាយី​របស់​សត្វព្រៃ និង​សត្វឆ្កែ ដែល​ចេះ​តែ​ក្រវែល​ក្បែរ​សាកសពដែល​នៅ​ដេក​​រណូករណែល​លើ​ដី អស់​ប៉ុន្មាន​ថ្ងៃ​មកហើយ៕ ​  ​​  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ