អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លីប៊ី៖គូភាគី​​ជម្លោះ​​លីប៊ី​​​ព្រមព្រៀង​គ្នា​​ដោះស្រាយ​​វិបត្តិ​​ ផ្អែក​លើ​​គោលការណ៍​​នៃ​​បទឈប់បាញ់​​និង​​ការ​បោះឆ្នោត​

នាយករដ្ឋមន្ត្រី​លីប៊ី លោក​អាល់ សារ៉ា (ឆ្វេង) ចាប់ដៃគ្នា​ជាមួយ​​​ប្រមុខកងទ័ពលីប៊ី​ លោក​​ហាហ្វតា(ស្តាំ) ដោយ​មាន​វត្តមាន​របស់​ប្រធានាធិបតីបារាំង លោក​ម៉ាក្រុង
នាយករដ្ឋមន្ត្រី​លីប៊ី លោក​អាល់ សារ៉ា (ឆ្វេង) ចាប់ដៃគ្នា​ជាមួយ​​​ប្រមុខកងទ័ពលីប៊ី​ លោក​​ហាហ្វតា(ស្តាំ) ដោយ​មាន​វត្តមាន​របស់​ប្រធានាធិបតីបារាំង លោក​ម៉ាក្រុង REUTERS

នៅ​ប្រទេស​បារាំង ​ថ្ងៃអង្គារ​ម្សិលមិញ ​នាយករដ្ឋមន្ត្រី​លីប៊ី​ លោក​ហ្វាយេ អាល់ សារ៉ា​ និង​ប្រមុខ​កងទ័ព​លីប៊ី លោក​ខាលីហ្វា ហាហ្វតា ដែល​ជា​គូភាគី​ជម្លោះ​នយោបាយ​លីប៊ី បាន​ចេញ​សេចក្តីថ្លែងការណ៍​​រួមគ្នា ព្រមព្រៀង​គ្នា​ដោះស្រាយ​ជម្លោះ​​ ដោយផ្អែក​លើ​គោលការណ៍​​នៃ​បទឈប់បាញ់ និង​ការរៀបចំ​ការ​បោះឆ្នោត​​​​នៅ​លីប៊ី អោយបាន​ឆាប់រហ័ស​បំផុត។ ៦ឆ្នាំ​មកនេះ ក្រោយ​ការ​ដួលរលំ​របប​ខាដាហ្វ៊ី​ លីប៊ី​បាន​ផុងជ្រៅ​ក្នុង​​​ជម្លោះ​​រវាង​ក្រុមប្រដាប់អាវុធ​ជាច្រើន​ រួមទាំង​អំពើភេរវកម្ម​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​គូភាគីជម្លោះ​លីប៊ី​ទាំង២​រូប នៅ​បារាំង​ម្សិលមិញ​​ ជាការ​ផ្តួចផ្តើម​របស់​​ប្រធានាធីបតី​បារាំង ហើយ​ក៏មានវត្តមាន​ចូលរួម​របស់លោក​សាឡាមេ ជា​​បេសកជនថ្មី​របស់​​​អង្គការ​សហប្រជាជាតិ​សម្រាប់​លីប៊ី​ផងដែរ។

ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍រួម​​របស់​​នាយករដ្ឋមន្ត្រីលីប៊ី​​ អាល់ សារ៉ា និង​ប្រមុខ​កងទ័ព​​លីប៊ី ហាហ្វតា

សេចក្តីថ្លែងការណ៍រួម​របស់​មេដឺកនាំ​លីប៊ី​ទាំង២​ មាន​១០ចំណុច ​ផ្តោត​ជាគោល​លើ​បទឈប់បាញ់ និង​ការរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី និង​សភា​អោយបាន​ឆាប់រហ័ស​បំផុត។ បើយោងតាម​​ប្រធានាធិបតី​បារាំង​ដែល​ជាអ្នកផ្តួចផ្តើម​អោយ​មានជំនួប​រវាង​ភាគី​ជម្លោះ​ទាំង២នេះ​​ ​ការបោះឆ្នោត​លីប៊ី​អាច​ធ្វើនៅ​អំឡុង​ដើមឆ្នាំ​២០១៨​ខាងមុខ។ ​លោក​ហ្វាយេ អាល់ សារ៉ា ជា​នាយករដ្ឋមន្ត្រី​លីប៊ី និង​លោក​ខាលីហ្វា ហាហ្វតា ជាមេបញ្ជាការ​កងទ័ព​លីប៊ី ​បាន​លើកឡើង​រួមគ្នា​ពី​សារៈសំខាន់​នៃ​ការផ្សះផ្សា​ជាតិ ផ្សះផ្សា​រវាង​ប្រជាជន​​លីប៊ី​គ្រប់រូប ​ក្នុង​ការ​​ដោះស្រាយ​វិបត្តិ។​ ​​ នាយករដ្ឋមន្ត្រី និង​មេបញ្ជាការ​កងទ័ព​លីប៊ី​បាន​សន្យា​ផ្អាកឈប់ប្រយុទ្ធ​គ្នា​​ ប៉ុន្តែការ​​​​​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្មក្នុងស្រុក នៅ​តែ​បន្ត​ធ្វើ។ គូភាគីជម្លោះ​ទាំង២​​ ព្រមព្រៀងទៀតថា​ ថា​នឹង​រំសាយ​កងកម្លាំង​ប្រដាប់អាវុធ ព្រមទាំង​បង្កើត​អោយ​មាន​កងទ័ព​ជាតិ​ទៀងទាត់​មួយសម្រាប់​លីប៊ី។

ដោយឡែក ​គូភាគីជម្លោះ​លីប៊ី​ទាំង២​ ​មិនបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អ្វីទេ ការព្រមព្រៀង​គ្នា​ម្សិលមិញនេះ គឺជា​ធ្វើឡើង​​ផ្ទាល់មាត់​ប៉ុណ្ណោះ។ ​ទោះយ៉ាងនេះ​ក្តី វា​ក៏ប្រសើរ​ជាជាង​មិនព្រមព្រៀង​គ្នា​ដែរ ព្រោះ​គូភាគី​ជម្លោះ​លីប៊ី​ទាំង២រូបនេះ ធ្លាប់​ជួបចរចា​គ្នា​កាលពី​ខែ​ឧសភា នៅ​ទីក្រុង​អាប៊ូដាប៊ី រួចហើយ តែ​កាលនោះ​ មិនបាន​សម្រេចចេញ​អ្វី​ទេ។ ក្រោយ​របប​លោក​ខាដាហ្វ៊ី​ដួលរលំ​ លីប៊ី​ធ្លាក់​ក្នុង​វិបត្តិ​ដណ្តើម​អំណាច ដែនដី​គ្នា​រវាង​ក្រុម​ប្រដាប់អាវុធ​ជាច្រើន​ សេដ្ឋកិច្ច​ក៏​ធ្លាក់ដុនដាប។ ក្រុមអ៊ីស្លាមជ្រុលនិយម​ក៏ឆ្លៀត​បង្កភេរវកម្ម​​សម្លាប់​ជនស្លូតត្រង់ ធ្វើអោយ​ប្រជាជន​សន្ធឹកសន្ធាប់​​ ​ភៀសខ្លួន។ ​បើកិច្ចព្រមព្រៀង​​​ពេលនេះ អាច​អនុវត្ត​ទៅបាន​ នោះ​វាជា​រឿងល្អ​សម្រាប់​ប្រជាជន​លីប៊ី។

បារាំង​មើលឃើញ​ថា ប្រមុខ​កងទ័ព​ហាហ្វតា ដែល​កាន់អំណាច​នៅ​ភាគខាងកើត ​និង​នាយករដ្ឋមន្ត្រី​អាល់ សារ៉ា ដែល​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ សុទ្ធតែ​ជាអ្នកមានឥទ្ធិពល​លើ​ក្រុមជម្លោះ​នានា​នៅ​លីប៊ី។

​បារាំង​មានមុខមាត់ ដោយសារ​​គូភាគី​ជម្លោះ​លីប៊ី​​ស្រុះស្រួលគ្នា​ក្នុង​ទឹកដី​បារាំង​​ តែ​អ៊ីតាលី​មិន​សប្បាយចិត្ត​​

គូភាគីជម្លោះ​លីប៊ី ជួបចរចា​គ្នា​ក្នុង​ទឹកដីបារាំង និង​​​​ព្រមព្រៀង​គ្នា​ដោះស្រាយ​ជម្លោះ ដោយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា។ ​នេះ​ជាមុខមាត់​មួយ​របស់​បារាំង ព្រោះថា ប្រធានាធិបតី​​​​​ម៉ាក្រុង​ ​ជាអ្នក​ផ្តួចផ្តើម​​អោយ​មា​នជំនួប​​នេះឡើង។​ លោក​​អេម៉ានុយអែល ​ម៉ាក្រុង ជា​មេដឹកនាំទី១ នៅប្រទេស​​​​លោក​ខាងលិច​​ ដែល​ហ៊ាន​អញ្ជើញលោក​ហាហ្វតា ដែល​ជា​​ប្រមុខ​កងទ័ព​លីប៊ី អោយ​ចូល​មកចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​លីប៊ី អាល់ សារ៉ា ក្នុង​ទឹកដី​បារាំង។ ​

ប្រទេស​លោកខាងលិច​ជាទូទៅ មិនចូលចិត្ត​​​មេដឺកនាំ​ទ័ព​ហាហ្វតា​ទេ ព្រោះលោក​ហាហ្វតា ធ្លាប់​ជិតដិត​នឹងអតីត​​មេដឺកនាំ​ខាដាហ្វ៊ី។ លោក​ហាហ្វាតា ធ្លាប់​រងការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋសង្គ្រាម និង​ការ​សម្លាប់​អ្នកទោស។ វត្តមា​នលោក​ហាហ្វតា​នៅ​បារាំង ក្នុងជំនួប​ចរចាម្សិលមិញ​​ បូករួម​នឹង​វត្តមានរបស់​លោក​ហ្កាសាន​ សាឡាមេ ជា​​បេសកជន​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ ប្រៀបបាន​នឹង​ការជំរុញ​អោយ​មាន​ការ​ទទួលស្គាល់​​​ប្រមុខកងទ័ព​ហាហ្វតា ស្របច្បាប់​ដូច្នោះដែរ។ ​

​ប្រទេស​ដែលគាំទ្រ​ប្រមុខ​ទ័ព​លីប៊ី គឺ​អេហ្ស៊ីប ​និងអេមីរ៉ាតអារ៉ាប់រួម។ សូមរំលឹក​ថា លោក​អាល់ សារ៉ា បាន​ក្លាយជា​មេដឺកនាំ​រដ្ឋាភិបាល​ដែល​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ អង្គការ​សហ​ប្រជាជាតិ​ទទួលស្គាល់​ គឺ​​ក្រោយ​មា​នកិច្ចព្រមព្រៀង​ដោះស្រាយ​​វិបត្តិ​លីប៊ី ដែល​បាន​សម្រេច​ឡើង ​នៅម៉ារុក ឆ្នាំ​២០១៥។ ​​ប៉ុន្តែ ប្រមុខកងទ័ព​ហាហ្វតា ​មិនទទួលស្គាល់​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥​នេះទេ។

រដ្ឋាភិបាល​បារាំង​មានមោទនភាព​ ព្រោះ​​​បាន​រៀបចំ​ជំនួប​គូភាគី​ជម្លោះ​លីប៊ី​ក្នុងទឹកដី​ខ្លួន ហើយ​ភាគីជម្លោះ​​ក៏​សម្រេចបានកិច្ចព្រមព្រៀងផ្ទាល់មាត់​នឹងគ្នា ទោះ​គ្មានការ​​ចុះ​ហត្ថលេខា​ក៏ដោយ​ចុះ។ បារាំង​គាំទ្រ​ប្រមុខ​កងទ័ពលីប៊ី តាំងតែ​ពី​អាណត្តិ​ដឺកនាំ​របស់លោក​ហ្វ្រង់ស៊័រ ហូឡង់​ម្ល៉េះ។ បារាំង​មើលឃើញ​ថា លោក​ហាហ្វតា​ជា​បុរស​ខ្លាំង ក្នុង​យុទ្ធនាការ​កំចាត់​ភេរវកម្ម។ ជាក់ស្តែង ថ្មីៗនេះ កងកម្លាំង​លោក​ហាហ្វតា បាន​​វាយ​ដណ្តើម​យកបាន​ទីក្រុង​បិនហ្កាហ្ស៊ី ​មកវិញ​។ លោក​ហាហ្វតា គ្រប់គ្រង​ភាគ​ខាងកើត​លីប៊ី និង​មានការ​ទទួលស្គាល់​ពី​សភា​តូប្រ៊ុក​នៅទីនោះ។

ដោយឡែក​ បារាំង​ផ្តួចផ្តើម​​​​ជំនួប​គូភាគី​ជម្លោះ​លីប៊ី មិនបាន​ធ្វើអោយ​អ៊ីតាលី​សប្បាយចិត្ត​ទេ។ អ៊ីតាលី​ធ្លាប់​ដាក់អាណានិគម​នៅ​លីប៊ី។ អ៊ីតាលី​កំពុង​សកម្ម​​ការទូត​ក្នុង​ដំណោះស្រាយ​​​ជម្លោះ​លីប៊ី អ៊ីតាលី​កំពុង​មាមាញឹក​ជួយជនភៀសខ្លួន​នៅ​តាម​​ឆ្នេរ​លីប៊ី តែ​ឥឡូវ​ ​បារាំង​បែរជា​មក​កាត់មុខ​កាត់មាត់​​អ៊ីតាលី​ ដោះស្រាយ​ជម្លោះ​លីប៊ី​ទៅវិញ។​ រដ្ឋាភិបា​លអ៊ីតាលី​សំដែង​ការបារម្ភ​ដែលឃើញ​អ្នកផ្សះផ្សា​ជម្លោះ​លីប៊ី​កាន់តែ​មា​ន​ច្រើនគ្នា។​ ប្រធានាធិបតីបារាំង​លើកឡើងទៅវិញ​​ថា​ អ៊ីតាលី​និង​បារាំង​មានជំហរ​មិនខុសគ្នា​ទេ ចំពោះ​បញ្ហា​នៅ​លីប៊ី។

​ការអនុវត្ត​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ចែងក្នុង​​​សេចក្តីថ្លែងការណ៍​រួម​របស់​គូភាគី​ជម្លោះ​លីប៊ី អាច​ជួបការលំបាក

យោងតា​មក្រុមជំនាញ​ ការអនុវត្ត​កិច្ចព្រមព្រៀង​ដោះស្រាយ​វិបត្តិ​លីប៊ី អាច​នឹង​​ពិបាក​ធ្វើ​ដូចការ​រំពឹងទុក។ ឧទាហរណ៍​ គេចង់​អោយ​មាន​ការបោះឆ្នោត​អោយ​បាន ​នៅ​ដើមឆ្នាំ​ក្រោយនេះ ប៉ុន្តែសួរថា​ តើ​ក្រុមជម្លោះ​ក្នុងស្រុក​លីប៊ី​ឯណោះវិញ​ បាន​ព្រមព្រៀងគ្នា ត្រូវរ៉ូវគ្នា​ ត្រៀមខ្លួន ​ដូច​​​​​ការគិត​របស់​មេដឺកនាំ​​លីប៊ី​ទាំង២រូប​នេះទេ? សភា​តូប្រ៊ុក​ភាគ​ខាងកើត​​​វិញ​​ ក៏​​មិនបាន​​ទទួលស្គាល់​រដ្ឋាភិបាល​លោក​អាល់ សារ៉ា ​​នៅ​ទីក្រុង​ទ្រីប៉ូលី​ដែរ។ ​ក្រុមគាំទ្រ​​លោក​ហាហ្វតា អាច​នឹង​មិន​ស្រុះស្រួលគ្នា​លើ​គោលការណ៍​​ដោះស្រាយ​ដែលសម្រេច​បាននៅបារាំង​​ពេលនេះ។​

លោក​នាយករដ្ឋមន្ត្រីលីប៊ី​​អាល់ សារ៉ា​វិញ មកចរចា​ជាមួយ​ប្រមុខ​ទ័ពហាហ្វតា ក៏​មិនបាន​ទទួល​ការ​អនុញ្ញាតអ្វី​ពីអ្នកគាំទ្រ​លោក​ដែរ។ អន្តរជាតិ​ទទួលស្គាល់​​លោក​អាល់សារ៉ាមែន តែ​​លោក​អាល់សារ៉ា គ្មា​នកម្លាំង​ទ័ព​ ​​ក្រោម​បញ្ជា​លោកទេ លោក​គ្មានឥទ្ធិពល​លើ​សភា​ទេ។ អញ្ចឹង​ ​​ការ​ដោះស្រាយ​​វិបត្តិ​ តាម​សេចក្តីថ្លែងការណ៍​រួម​របស់​លោក​អាល់ សារ៉ា និង​លោក​ហាហ្វតា ប្រហែល​ជា​ពិបាក​អនុវត្ត៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ