អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស្ថានីយ៍​អវកាស​អន្តរជាតិ៖ ​និមិត្តរូប​នៃ​សហប្រតិបត្តិការ​ដោយ​មិនប្រកាន់​ជាតិសាសន៍

សំឡេង ០៤:១៧
ស្ថានីយ៍​អវកាស​អន្តរជាតិ (International Space Station/Station spatiale internationale)
ស្ថានីយ៍​អវកាស​អន្តរជាតិ (International Space Station/Station spatiale internationale)

ថ្ងៃ​ចន្ទ ទី២​វិច្ឆិកា ដើមសប្តាហ៍​កន្លងទៅនេះ គឺ​ជា​ថ្ងៃ​ខួប​គម្រប់ ១៥ឆ្នាំ​គត់ ដែល​មនុស្ស​មាន​វត្តមាន​ជា​ប្រចាំ​ឥតដាច់ នៅ​ក្នុង​ស្ថានីយ៍អវកាស​អន្តរជាតិ។ ខាងផ្នែក​វិទ្យាសាស្រ្ត នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​របស់​មនុស្ស​ជាតិ នៅ​ក្នុង​ការសិក្សា​ឈ្វេងយល់​អំពី​អវកាស។ ខាងផ្នែក​ភូមិសាស្រ្ត​នយោបាយវិញ ស្ថានីយ៍​អវកាស​អន្តរជាតិ​នេះ​ក៏​ជា​និមិត្តរូប​ដ៏​ធំមួយ​ដែរ នៃ​កិច្ចសហប្រតិបត្តិការ​​ជា​អន្តរជាតិ ជាពិសេស គឺ​រវាង​​អតីត​គូសត្រូវ​ក្នុង​សង្រ្គាម​ត្រជាក់ ដែលធ្លាប់​តែ​ប្រជែងគ្នា​ក្នុង​ផ្នែក​អវកាស។

ផ្សាយពាណិជ្ជកម្ម

កាលពី ១៥ឆ្នាំមុន នៅថ្ងៃ​ទី២ ខែវិច្ឆិកា ឆ្នាំ​២០០០ ​យាន​អវកាស​មួយគ្រឿង បាញ់​បង្ហោះ​ដោយ​រ៉ុកកែត​របស់​រុស្ស៊ី ឈ្មោះ Soyuz បាន​ធ្វើ​ដំណើរ​ទៅដល់​ស្ថានីយ៍​អវកាស​អន្តរជាតិ (International Space Station) ដោយ​នាំ​ទៅជាមួយ​នូវ​អវកាសយានិក​៣នាក់ (អាមេរិក​ម្នាក់ និង​រុស្ស៊ី​ពីរនាក់)។ ពួកគេ​ទាំង ៣នាក់ គឺ​ជា​មនុស្ស​ដំបូង​បង្អស់ ដែល​ទៅរស់នៅ​ក្នុង​ទីអវកាស ក្នុងរយៈពេល​វែង គឺ​ជាង ៤ខែ​កន្លះ (១៣៦ថ្ងៃ ១៧ម៉ោង និង ៩នាទី)។

ចាប់ពីពេលនោះមក ស្ថានីយ៍​អវកាស​អន្តរជាតិ​តែងតែ​មាន​មនុស្ស​នៅ​ជាប់ជា​ប្រចាំ​ឥតដាច់ ដោយ​អវកាសយានិក​ក្នុងមួយក្រុមៗ មាន​គ្នា​ ៦នាក់ បណ្តាក់វេនគ្នា រស់នៅ​ ធ្វើការពិសោធន៍ និង​សិក្សា​​ពី​អវកាស ដោយមួយក្រុមៗ ចំណាយ​ពេល​ប្រមាណ​ជា ៦ខែ នៅ​ក្នុង​ស្ថានីយ៍​អវកាស ដែល​មាន​ទំហំ​ប៉ុន​ទីលាន​បាល់ទាត់ ហោះនៅ​កម្ពស់ ប្រមាណ​ជា ៣៧០គីឡូម៉ែត្រ​ ហើយ​វិលជុំវិញ​ផែនដី ១៦ជុំ ក្នុងមួយថ្ងៃ ក្នុងល្បឿន​រហូតដល់​ទៅ​ ២ម៉ឺន ៨ពាន់​គីឡូម៉ែត្រ​ក្នុងមួយម៉ោង។

ស្ថានីយ៍អវកាស​អន្តរជាតិ​នេះ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​ឡើង កាល​ពីឆ្នាំ​១៩៩៨ ក្រោម​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​ចំនួន ១៦ ក្នុងនោះ ប្រទេស​ដែល​ដើរតួ​សំខាន់ជាងគេ គឺ​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី។ កិច្ចសហប្រតិបត្តិការ​របស់​ប្រទេស​ទាំងពីរ​នេះ គឺ​ជា​និមិត្តរូប​ដ៏សំខាន់​មួយ នៃ​យុគសម័យ​ក្រោយ​សង្រ្គាម​ត្រជាក់ ពីព្រោះ គេ​នៅ​ចាំបាន​ថា ពេញ​នៅ​ក្នុង​​សង្រ្គាម​ត្រជាក់​ អាមេរិក និង​សហភាព​សូវៀត បាន​ប្រកួតប្រជែង​គ្នា​យ៉ាងស្រួចស្រាវបំផុត នៅ​ក្នុង​ទីអវកាស។ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ ប្រទេស​ទាំងពីរ​បាន​​យក​​ចំណេះដឹង និង​បច្ចេកវិទ្យា​ដែល​ខ្លួន​ខិតខំ​អភិវឌ្ឍ ដើម្បី​ប្រជែងគ្នា បង្វែរ​មក​ដាក់​រួមគ្នា នៅ​ក្នុងស្ថានីយ៍​អវកាស​អន្តរជាតិ។

នៅ​ក្នុងរយៈពេល ១៥ឆ្នាំ​កន្លងទៅនេះ អវកាសយានិក​អាមេរិក និង​រុស្ស៊ី ធ្វើ​ដំណើរ​ជាមួយគ្នា រស់នៅ​ជាមួយគ្នា និង​ធ្វើការ​ជាមួយគ្នា នៅ​ក្នុង​ស្ថានីយ៍​អវកាស​អន្តរជាតិ។ ចាប់ពីឆ្នាំ​២០១១មក គឺ​រ៉ុកកែត Soyuz របស់​រុស្ស៊ី ដែល​ទទួល​បន្ទុក​ដឹកជញ្ជូន​អវកាសយានិក​​អាមេរិក ព្រមទាំង​ស្បៀង​អាហារ​ និង​គ្រឿងបរិក្ខា​ ទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ។ រហូតមក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ បើទោះបីជា​អាមេរិក និង​រុស្ស៊ី ត្រូវ​ប្រឈមមុខដាក់គ្នា​ខ្លាំង ដោយសារ​តែ​វិបត្តិ​នៅ​អ៊ុយក្រែន និង​នៅ​ស៊ីរី ហើយ​កិច្ចសហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំងពី​ត្រូវ​កាត់ផ្តាច់ស្ទើរតែ​គ្រប់វិស័យ ក៏ប៉ុន្តែ កិច្ចសហប្រតិបត្តិការ​នៅក្នុង​ស្ថានីយ៍​អវកាស​អន្តរជាតិ នៅតែ​បន្ត​ធ្វើ​៖ ​រ៉ុកកែត Soyuz របស់​រុស្ស៊ី នៅតែ​បន្ត​ទទួល​ដឹក​អវកាស​យានិក​អាមេរិក​ទៅ និង​មកពី​ស្ថានីយ៍​អវកាស​អន្តរជាតិ​ ហើយ​អវកាសយានិក​អាមេរិក និង​រុស្ស៊ី នៅតែ​បន្ត​រស់នៅ និង​ធ្វើការ​ជាមួយគ្នា​ជាក្រុម​ជាធម្មតា​ដូចកាល​ពីមុន។

នៅ​ក្នុង​ន័យនេះហើយ​ដែល​មន្រ្តី​ជាន់ខ្ពស់​សេតវិមាន ដែល​ជា​អ្នក​ទទួល​បន្ទុក​​ខាងផ្នែក​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​ បាន​​ថ្លែង​ក្នុងឱកាស​ខួប ១៥ឆ្នាំ កាល​ពីថ្ងៃ​ចន្ទ​ថា កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅ​ក្នុង​គម្រោង​សាងសង់​និង​ថែទាំ​ស្ថានីយ៍​អវកាស​អន្តរជាតិ​នេះ គឺ​ជា​គំរូ​បង្ហាញ​ឲ្យឃើញ​ថា “នៅពេល​ដែល​មនុស្សជាតិ​យើង​ចេះ​ធ្វើ​ការ​ជាមួយគ្នា​ដោយ​សុខសន្តិភាព គឺ​យើង​អាច​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​អស្ចារ្យ​​មួយ​ដែល​មិន​គួរ​ឲ្យជឿ”។

គេ​នៅចាំបាន​ថា កន្លង​មក នាយក​ទីភ្នាក់ងារ​អវកាសអាមេរិក (NASA) ក៏​ធ្លាប់​បាន​លើកឡើងដែរ​ថា កិច្ចសហប្រតិបត្តិការ​លើ​គម្រោង​បង្កើត​ស្ថានីយ៍​អវកាស​អន្តរជាតិ​នេះ គួរតែ​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព។

ក្នុងរយៈពេល ១៥ឆ្នាំ​កន្លងទៅនេះ ស្ថានីយ៍អវកាស​អន្តរជាតិ​បាន​ទទួល​អវកាសយានិក​​​ មក​ពីចម្រុះជាតិសាសន៍ ដល់​ទៅ​ជាង ២២០នាក់ ឲ្យ​ស្នាក់​នៅ និង​ធ្វើពិសោធន៍​ ហើយ​ការសិក្សា​ស្រាវជ្រាវ​ជាង ១២០០ ​ត្រូវ​បាន​ចុះផ្សាយ ដោយ​ផ្អែក​លើ​​លទ្ធផល​នៃ​ការពិសោធន៍​ទាំងនេះ។ ហើយ​នេះ​មិនមែន​ជា​ចុងបញ្ចប់​នោះទេ ពីព្រោះ​ថា ស្ថានីយ៍​អវកាស​អន្តរជាតិ​នេះ​ត្រូវ​បាន​គេ​គ្រោង​​បន្ត​ដាក់ដំណើរការ​យ៉ាងពេញលេញ រហូតដល់​ឆ្នាំ​២០២៤។

បច្ចុប្បន្ន​នេះ ស្ថានីយ៍​អវកាស​អន្តរជាតិ ដើរតួនាទី​​ជា​មន្ទីរពិសោធន៍​ដ៏សំខាន់​បំផុតមួយ នៅ​ក្នុង​ការសិក្សា អំពី​ផលប៉ះពាល់​ទាំង​ខាង​រូបកាយ និង​ខាង​ចិត្តសាស្រ្ត នៃ​ការ​ធ្វើ​ដំណើរ​កាត់ទីអវកាស នៅ​ក្នុងរយៈពេល​យូរ ហើយ​​នេះ​គឺ​ជា​គន្លឹះ​​នៃ​គម្រោង​​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​នៅលើ​ភព​ព្រះអង្គារ ដែល​ជា​ដំណើរ​ដ៏វែងឆ្ងាយ​ ដោយ​អវកាស​យានិក​ត្រូវ​ចំណាយ​ពេល​រហូតដល់​ទៅ​រាប់ឆ្នាំ នៅ​ក្នុង​ទីអវកាស ឆ្ងាយ​ពី​ភពផែនដី៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ