អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឡូរ៉ង់បាក់បូ​នៅតែតស៊ូ​ជានិច្ច​នៅកូតឌីវ័រ​

សំឡេង ០៣:៣៤
ការ​វាយលុក​​ដោយ​កងកម្លាំង​​របស់​​វ៉ាត់តារ៉ា​​ទៅលើ​​វិមាន​​ប្រធានាធិបតី​​នៅ​ទីក្រុង​​អាបីដហ្សង់​​ដើម្បី​​ចាប់ខ្លួន​​ឡូរ៉ង់​បាកបូ​​កាលពី​​ថ្ងៃពុធ​ទី៦មីនាឆ្នាំ២០១១
ការ​វាយលុក​​ដោយ​កងកម្លាំង​​របស់​​វ៉ាត់តារ៉ា​​ទៅលើ​​វិមាន​​ប្រធានាធិបតី​​នៅ​ទីក្រុង​​អាបីដហ្សង់​​ដើម្បី​​ចាប់ខ្លួន​​ឡូរ៉ង់​បាកបូ​​កាលពី​​ថ្ងៃពុធ​ទី៦មីនាឆ្នាំ២០១១ ® Reuters/Emmanuel Braun

ឡូរ៉ង់​បាក់បូ​ដែល​ការពារ​ដោយ​យុទ្ធជន​ស្មោះស្ម័គ្រ​នឹង​ខ្លួន​ប្រដាប់​ដោយ​អាវុធ​ទំនើបៗ​ ​ នៅតែ​ពួនលាក់ខ្លួន​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​អាបីដហ្សង់​ ​ ក្រោយពី​បាន​រុញច្រាន​ការ​វាយលុក​របស់​កងកម្លាំង​យោធា​របស់​វ៉ាត់តារ៉ា​កាលពី​ថ្ងៃពុធ​ម្សិលមិញ។រីឯ​កងកម្លាំង​យោធា​បារាំង​ក៏បាន​ធ្វើការ​វាយ​ប្រហារ​ជាថ្មី​ទៀត​នៅ​យប់​ថ្ងៃពុធ ​ម្សិលមិញ​ទៅលើ​ចំណុច​ទីតាំង​យោធា​ដែល​មាន​នៅ​វិមាន​របស់​ឡូរ៉ង់​បាក់បូ​នៅ​ ទីក្រុង​អាបីដហ្សង់។ 

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​បរាជ័យ​ក្នុង​ការ​វាយលុក​ដោយ​កងកម្លាំង​របស់​វ៉ាត់តារ៉ា​ទៅលើ​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​អាបីដហ្សង់​ដើម្បី​ចាប់ខ្លួន​ឡូរ៉ង់​បាក់បូ​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៧​មីនា​នេះ​ ​ អ្វីៗ​នៅ​មាន​លក្ខណៈ​ពុំ​ជាក់ច្បាស់​នៅឡើយ។​ បើយោងតាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ ​ គេ​ឮសូរ​មាន​កាំភ្លើង​ស្វ័យប្រវត្ត​បាញ់​តទល់គ្នា​ហើយ​និង​មាន​ឮស្នូរ​កាំភ្លើង​ធំ​បាញ់​លាន់ឮ​រប៉េះ​រប៉ោះ។​ ចំណែកឯ​ កងកម្លាំង​យោធា​របស់​ប្រធានាធិបតី​វ៉ាត់តារ៉ា​បាន​បន្ត​ដំណើរ​សម្រុក​ចូល​ទីក្រុង​អាបីដហ្សង់។​ ទាហាន​របស់​ប្រធានាធិបតី​វ៉ាត់តារ៉ា​បាន​ធ្វើការ​យាម​ល្បាត​នៅ​តាម​សង្កាត់​Cocody ដែល​​ឋិត​នៅ​ប៉ែក​ខាងជើង​នៃ​ទីក្រុង​អាបីដហ្សង់​ហើយ​ដែល​មាន​វិមាន​របស់​ឡូរ៉ង់​បាក់បូ​នៅទីនោះ។​ កងកម្លាំង​យោធា​របស់​វ៉ាត់តារ៉ា​ក៏​បាន​ចាប់​ក្តោបក្តាប់​សង្កាត់​Plateau​ ​ ដោយហេតុថា​គោល​បំណង​ធំ​របស់​គេ​គឺ​វាយយក​វិមាន​ប្រធានាធិបតី។

 
ចំណែកឯ​ឡូរ៉ង់​បាក់បូ​និង​ភរិយា​នៅតែ​ពួនលាក់ខ្លួន​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​អាបីដហ្សង់​ ​ ក្រោយពី​បាន​រុញច្រាន​ការ​វាយ​សម្រុក​របស់​កងកម្លាំង​យោធា​របស់​វ៉ាត់តារ៉ា​កាលពី​ថ្ងៃពុធ​ម្សិលមិញ។

ការ​ប្រឆាំង​ទទឹង​រឹងរូស​របស់​ឡូរ៉ង់​បាក់បូ​គឺ​ពិតជា​ទង្វើ​ឆ្កួត​លីលា​គ្មានន័យ​ ​ ដោយ​ឡូរ៉ង់​បាក់បូ​នៅតែ​ថ្លែង​ប្រកាស​ថា​ ​ ខ្លួន​ជា​អ្នក​ឈ្នះឆ្នោត​ ​ ដូច្នេះ​គេ​គ្មាន​ត្រូវការ​ចាកចេញ​ពី​មុខ​តំណែង​ប្រធានាធិបតី​កូតឌីវ័រ​ឡើយ​ ​ ទោះបី​ជា​មាន​សម្ពាធ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​និង​ពី​សំណាក់​ប្រទេស​បារាំង​យ៉ាង​ណាក្តី។

ហើយ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង​លោក​Gérard Longuet ​ ប្រទេស​បារាំង​ពុំ​ចូល​​ធ្វើ​អន្តរាគមន៍​យោធា​ដើម្បី​ទម្លាក់​ឡូរ៉ង់​បាក់បូ​ចេញ​ពី​តំណែង​ប្រធានាធិបតី​កូតឌីវ័រ​ឡើយ។​ ក៏​ប៉ុន្តែ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​កងកម្លាំង​យោធា​របស់​ប្រធានាធិបតី​វ៉ាត់តារ៉ា​ពុំបាន​ទទួល​ជោគជ័យ​ក្នុង​ការ​វាយលុក​ទៅលើ​វិមាន​របស់​ឡូរ៉ង់​បាក់បូ​ ​ កងកម្លាំង​យោធា​បារាំង​ក៏បាន​ធ្វើការ​វាយ​ប្រហារ​ជាថ្មី​ទៀត​នៅ​យប់​ថ្ងៃពុធ​ម្សិលមិញ​ទៅលើ​ចំណុច​ទីតាំង​យោធា​ដែល​មាន​នៅ​វិមាន​របស់​ឡូរ៉ង់​បាក់បូ​នៅ​ទីក្រុង​អាបីដហ្សង់។

រីឯ​​ឧទ្ថម្ភាគចក្រ​នៃ​កងកម្លាំង​យោធា​បារាំង​ក៏បាន​បាញ់​វាយលុក​ទៅលើ​តំបន់​ដែល​ឋិត​នៅ​ជិត​វិមាន​របស់​ឡូរ៉ង់​បាក់បូ​ដើម្បី​ធ្វើការ​រំដោះ​លោក​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ជប៉ុន​នៅ​កូតឌីវ័រ។​ ទាំងនេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​សុំ​របស់​អ ស ប ។

ការ​វាយលុក​ដោយ​កងកម្លាំង​របស់​វ៉ាត់តារ៉ា​ទៅលើ​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​អាបីដហ្សង់​ដើម្បី​ចាប់ខ្លួន​ឡូរ៉ង់​បាក់បូ​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ពុំ​បាន​ទទួល​ជោគជ័យ​គឺ​បណ្តាល​មកពី​ឡូរ៉ង់​បាក់បូ​នៅ​មាន​កាំភ្លើងធំ​និង​នៅ​មាន​យុទ្ធជន​ស្មោះស្ម័គ្រ​រាប់​ពាន់​នាក់​នៅឡើយ​តាម​ការពារ​រូបលោក។​ នៅ​ចំពោះមុខ​សភាពការណ៍​បែបនេះ​ ​ កងកម្លាំង​យោធា​របស់​វ៉ាត់តារ៉ា​ដែល​ពុំសូវ​មាន​សព្វាវុធ​ធុនធ្ងន់​ហើយនិង​នៅ​មាន​កង្វះខាត​ពិសោធន៍​ច្រើន​នៅឡើយ​ ​ ពិតជា​មាន​ការ​ពិបាក​នឹង​ដណ្តើម​យក​ជោគជ័យ​ក្នុង​ការ​វាយ​លុក​ចូលចាប់​ឡូរ៉ង់​បាក់បូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ