អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ផែនការត្បិតត្បៀត១២ពាន់លានអឺរ៉ូរបស់រដ្ឋាភិបាលហ្វ្រង់ស្វ័រហ្វីយ៉ុង

សំឡេង ០៥:៤០
លោក​នាយករដ្ឋមន្ត្រី​ បារាំង​ហ្វ្រង់ស្វ័រ​ហ្វីយ៉ុង
លោក​នាយករដ្ឋមន្ត្រី​ បារាំង​ហ្វ្រង់ស្វ័រ​ហ្វីយ៉ុង ©​ REUTERS/Benoit Tessier

វិបត្តិហិរញ្ញវត្ថុ​និង​វិបត្តិសេដ្ឋកិច្ច​តម្រូវឲ្យ​រដ្ឋាភិបាល​ បារាំង​រៀបចំ​ឲ្យ​មាន​ផែនការ​ត្បិតត្បៀត​មួយ​ដែល​លោក​នាយករដ្ឋមន្ត្រី​ បារាំង​ហ្វ្រង់ស្វ័រ​ហ្វីយ៉ុង​បាន​បង្ហាញ​ឲ្យដឹង​នៅថ្ងៃពុធ​ទី២៤​សីហា​ ឆ្នាំ២០១១។​ ផែនការ​ត្បិតត្បៀត​នេះ​អាច​ធ្វើឲ្យ​សំចៃ​ប្រាក់​បាន​ប្រមាណ​១២ពាន់លាន​អឺរ៉ូ ​សម្រាប់​ឆ្នាំ២០១១​និង​ឆ្នាំ២០១២។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​សន្សំ​សំចៃ​ប្រាក់​និង​ដើម្បី​រកប្រាក់​ចំណូល​បន្ថែម​ឲ្យ​ហិបប្រាក់​រដ្ឋ​ ​ ផែនការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​បារាំង​ក្រោមការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ហ្វ្រង់ស្វ័រ​ហ្វីយ៉ុង​មាន​វិធានការ​ដូចតទៅ៖

 
-ដាក់ពន្ធបន្ថែម​ទៅលើ​អ្នកមាន​ប្រាក់ចំណូលខ្ពស់
ជាពន្ធបន្ថែម​ពិសេស​ដែលមាន​អត្រា៣%​ដាក់​ទៅលើ​អ្នកដែល​មាន​ប្រាក់ចំណូល​បាន​មកពី​ប្រកប​ការងារ​ឬ​បាន​មកពី​មូលធន​លើសពី​៥០០ ០០០អឺរ៉ូ​ក្នុង១ឆ្នាំ។​ ពន្ធដារ​ពិសេសនេះ​នឹង​ចាប់​អនុវត្ត​ចាប់ពី​ឆ្នាំ២០១២​ទៅ​ ​ ហើយ​អាចឲ្យ​ហិបប្រាក់​រដ្ឋ​ទទួល​បាន​ចំណូល​បន្ថែម​ប្រមាណ​២០០លាន​អឺរ៉ូ។​ (​ប្រជាជន​បារាំង​ប្រមាណជា​១ម៉ឺននាក់​អាច​នឹង​ត្រូវ​បង់​ពន្ធពិសេសនេះ​)។

-ដំឡើង​ពន្ធ​បារី​ ​ ពន្ធ​សុរា​ ​ និងពន្ធ​លើភេសជ្ជៈ​សូដាផ្អែម
តម្លៃកញ្ចាប់​បារី​នឹងត្រូវ​ឡើងថ្លៃ​៦%​នៅខែ​តុលា​ឆ្នាំ២០១១ ​ ​ ហើយនឹងត្រូវ​ឡើងថ្លៃ​៦%​ទៀត​នៅ​ពាក់កណ្តាល​ឆ្នាំ២០១២​ខាងមុខ។​ ចំណែកឯ​តម្លៃ​សុរា​វិញ​ក៏​នឹង​ត្រូវ​ឡើងថ្លៃ​៩០សេន​ក្នុង១លីត្រ​ ​ សម្រាប់​សុរា​ខ្លាំង​ចាប់ពី​៤០អង្សា​ឡើងទៅ។​ វិធានការ​នេះ​ ​ អាច​ធ្វើឲ្យ​ហិបប្រាក់​រដ្ឋ​បារាំង​រកបាន​ប្រាក់ចំណូល​បន្ថែម​ប្រមាណ​១,១៥ពាន់លាន​អឺរ៉ូ​នៅឆ្នាំ២០១២។

-ដំឡើងពន្ធ​អចលនទ្រព្យ
សម្រាប់​លំនៅដ្ឋាន​ចម្បង​ឬ​ résidences principales គ្មាន​អ្វី​ប្រែប្រួលឡើយ។​ ក៏​ប៉ុន្តែ​សម្រាប់​លំនៅដ្ឋាន​ឯទៀតៗ​អត្រាពន្ធ​នឹង​ត្រូវ​ដំឡើង​ ​ នៅពេល​ដែល​គេ​ទិញលក់​ទទួល​បាន​ប្រាក់ចំណេញ។​ វិធានការនេះ​ ​ ធ្វើឲ្យ​រដ្ឋបារាំង​ទទួល​បាន​ប្រាក់ចំណូល​បន្ថែម​ប្រមាណ​៣,៥ពាន់លាន​អឺរ៉ូ។

-ពន្ធលើ​ម៉ោងការងារ​បន្ថែម
សម្រាប់​អ្នកធ្វើការ​គ្មាន​អ្វី​ប្រែប្រួលឡើយ។​ ក៏​ប៉ុន្តែ​សម្រាប់​សហគ្រាស​វិញ​ ​ គេត្រូវ​បង់ពន្ធ​សង្គមកិច្ច​លើ​ម៉ោងការងារ​បន្ថែម
។​ វិធានការ​នេះ​ ​ ធ្វើឲ្យ​រដ្ឋបារាំង​ចំណេញ​បាន​ប្រាក់ចំណូល​ប្រមាណ​៦០០លានអឺរ៉ូ​នៅឆ្នាំ២០១២។

ក្រៅពីនេះ​ ​ រដ្ឋាភិបាល​បារាំង​គ្រោង​ចាត់វិធានការ​ផ្សេងៗទៀត​មាន​ដូចជា៖

-ដំឡើង​ពន្ធ​លើតម្លៃ​បន្ថែម​ TVA ​ទៅលើ​ឧទ្យាន​ល្បែងកំសាន្ត​ឬ​les parcs d’attractions
អត្រា​ពន្ធលើ​តម្លៃបន្ថែម​ដាក់​ទៅលើ​សំបុត្រ​ចូលលេង​ឧទ្យាន​ល្បែងកំសាន្ត​ឬ​les parcs d’attractions​បច្ចុប្បន្ន​មាន​ត្រឹមតែ​៥,៥%​ ​ នឹង​ត្រូវ​ដំឡើង​ដល់​១៩,៦%​។​ វិធានការនេះ​ ​ ធ្វើឲ្យ​ហិបប្រាក់​រដ្ឋបារាំង​ចំណេញ​បាន​១០០លានអឺរ៉ូ។

-ដាក់កម្រិត​ទៅលើ​ការយក​ប្រាក់ខាតបង់​របស់​សហគ្រាស​ទៅកាត់​បន្ថយ​លើ​ប្រាក់ចំណេញ​ ​ ដើម្បី​ចៀសការ​បង់ពន្ធ
នៅ​ប្រទេស​បារាំង​សហគ្រាស​អាច​យក​បរិមាណ​នៃ​ប្រាក់ខាតបង់​កាលពី​ឆ្នាំទៅ​មក​កាត់បន្ថយ​បរិមាណ​នៃ​ប្រាក់ចំណេញ​ឆ្នាំនេះ​ ​ ដើម្បី​ធ្វើការ​កាត់​បន្ថយ​បរិមាណ​ពន្ធដារ​លើ​​ប្រាក់​ចំណេញ​ឬ​គេច​ចៀស​ពីការ​បង់ពន្ធ​តែ​ម្តង។​ រដ្ឋាភិបាល​បារាំង​នឹង​យក​តម្រាប់​តាម​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ធ្វើការ​រឹតបន្តឹង​ក្នុង​វិស័យនេះ។​ វិធានការ​នេះ​ ​ នឹង​បណ្តាលឲ្យ​ហិបប្រាក់​រដ្ឋបារាំង​ចំណេញ​បាន​ប្រាក់​១,៥ពាន់លាន​អឺរ៉ូ​នៅឆ្នាំ២០១២។

-សហគ្រាស​នៅឯដែនដី​នាយសមុទ្រ​នឹងត្រូវ​បង់ពន្ធ​ច្រើន​ជាងមុន
សហគ្រាស​ដែលមាន​សកម្មភាព​នៅលើ​ដែនដី​នាយសមុទ្រ​នឹង​ត្រូវ​បង់ពន្ធ​លើប្រាក់​ចំណេញ​ទាំងស្រុង​ដូចគេ​ដូចឯង​ ​ ដោយហេតុថា​មកទល់​ពេលនេះ ​ ​ សហគ្រាស​ដែលមាន​សកម្មភាព​នៅ​ដែនដី​នាយសមុទ្រ​បង់ពន្ធ​លើប្រាក់​ចំណេញ​តែ​ប្រមាណ​ជា​២/៣​ប៉ុណ្ណោះ។​ វិធានការ​នេះ​ ​ នឹង​ធ្វើឲ្យ​រដ្ឋបារាំង​ចំណេញ​បាន​ប្រាក់​១០០លាន​អឺរ៉ូ​។​ ,,,,,,។ល។,,,,,,

សម្រាប់​បក្ស​ប្រឆាំង​បារាំង​និង​ក្រុម​សហជីព​ ​ ផែនការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​ហ្វ្រង់ស្វ័រ​ហ្វីយ៉ុង​បាន​ចាត់​វិធានការ​តិចតួច​ស្តួចស្តើង​ណាស់​ ​ សម្រាប់​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​វិបត្តិសេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ។ ​ក៏​ប៉ុន្តែ​សម្រាប់​លោក​ប្រមុខ​រដ្ឋាភិបាល​ហ្វ្រង់ស្វ័រ​ហ្វីយ៉ុង​វិញ​ ​ ផែនការ​ត្បិតត្បៀត​នេះ​សម្ដែង​បង្ហាញ​ឲ្យ​ប្រជាជន​បារាំង​ឃើញថា​ ​ ប្រជាជន​បារាំង​ទាំងអស់​ទាំងអ្នកមាន​ទាំងអ្នកក្រ​សុទ្ធតែ​បាន​ចូលរួម​ធ្វើការ​កាត់បន្ថយ​ឧនភាព​សាធារណៈ។

គួរកត់​សម្គាល់ថា​ ​ ពិតមែន​តែ​ផែនការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​ហ្វ្រង់ស្វ័រ​ហ្វីយ៉ុង​ ​ អាច​សន្សំ​សំចៃ​ប្រាក់​បាន​១២ពាន់លាន​អឺរ៉ូ​ឲ្យ​ហិបប្រាក់​រដ្ឋ​បារាំង​សម្រាប់​ឆ្នាំ២០១១​និង​ឆ្នាំ២០១២​ ​ ​ប៉ុន្តែ​បរិមាណ​នេះ​មាន​លក្ខណៈ​ស្តួចស្តើង​ណាស់​ ​ បើប្រៀប​ផ្ទឹម​ទៅនឹង​ចំនួន​ប្រាក់​បំណុល​សាធារណៈ​បារាំង​ដែលមាន​ដល់ទៅ​១ ៦៤៦,១ពាន់លាន​អឺរ៉ូ​នៅ​ត្រីមាស​ទី១​ឆ្នាំ២០១១​នេះ។​ ប្រាក់​បំណុល​សាធារណៈ​បារាំង​ ១ ៦៤៦,១ពាន់លាន​អឺរ៉ូ​នេះ​ស្មើនឹង​៨៤,៥%​នៃ​ផលិតផល​ដុល​សរុប​នៃ​ប្រទេស​បារាំង​។

ហើយបើ​គេ​ប្រៀបផ្ទឹម​ផែនការ​ត្បិតត្បៀត​របស់​ប្រទេស​អាល្លឺម៉ង់​ដែលមាន​ចំនួន​ទឹកប្រាក់​ដល់ទៅ​៨០ពាន់លាន​អឺរ៉ូ​ ​ ឃើញថា​ ផែនការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​ហ្វ្រង់ស្វ័រ​ហ្វីយ៉ុង​ដែលមាន​១២ពាន់លាន​អឺរ៉ូ​ពិតជា​មាន​លក្ខណៈ​ស្តួចស្តើង​ពេកក្រៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ