អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីត​ឧទ្ទាម​ម៉ៅនិយម​ឡើង​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី

សំឡេង ០៦:២២
លោក បាប៊ូរ៉ាម បាតតារ៉ៃ (Baburam Bhattarai) (រូបកណ្តាល) ទើបជាប់ឆ្នោត​នាយករដ្ឋមន្រ្តី​នេប៉ាល់ ថ្ងៃទី ២៨ សីហា ឆ្នំា ២០១១
លោក បាប៊ូរ៉ាម បាតតារ៉ៃ (Baburam Bhattarai) (រូបកណ្តាល) ទើបជាប់ឆ្នោត​នាយករដ្ឋមន្រ្តី​នេប៉ាល់ ថ្ងៃទី ២៨ សីហា ឆ្នំា ២០១១ REUTERS/Navesh Chitrakar

នៅ​ថ្ងៃ​អាទិត្យ ទី២៨ សីហា​ម្សិលមិញ ប្រទេស​នេប៉ាល់​ទើប​បាន​រក​ឃើញ​នាយករដ្ឋមន្រ្តី​ថ្មី​ម្នាក់​ទៀត គឺ​លោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) ជា​អនុប្រធាន​គណបក្ស​ម៉ៅនិយម។ ជម្រើស​យក​ឥស្សរជន​ម៉ៅនិយម​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ការ​លា​ឈប់​ពី​មុខ​តំណែង​របស់​លោក ហ្សាឡាណាត ខាណាល់ (Jhalanath Khanal) កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​កន្លង​ទៅ។

ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត លោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) ត្រូវ​បាន​តំណាងរាស្រ្ត​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ថ្មី ដោយ​មាន​សំឡេង​​គំាទ្រ ៣៤០ នៅ​ក្នុង​ចំណោម​សំឡេង​ទំាង ៥៧៤ នៅ​ក្នុង​រដ្ឋសភា។ លោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) ត្រូវ​ចូល​ជំនួស​កន្លែង​លោក Jhalanath Khanal មក​ពី​គណបក្ស​ម៉ាក្ស-ឡេលីននិយម​រួបរួម​ដែល​បាន​លា​ឈប់​ពី​មុខ​តំណែង​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា ឆ្នំា ២០១១ បន្ទាប់​ពី​បាន​កាន់​តំណែង​នេះ​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នំា ២០១១។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ឡើង​កាន់​តំណែង​របស់​លោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​នេប៉ាល់​កំពុង​ឆ្លង​កាត់​នូវ​វិបត្តិនយោបាយ​មួយ​ដ៏​​ធ្ងន់ធ្ងរ និង​អូសបន្លាយ។ លោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឥស្សរជន​ម៉ៅនិយម​ម្នាក់​ដែល​ធ្លាប់​បាន​ធ្វើ​សង្រ្គាម​ប្រឆំាង​រដ្ឋាភិបាល​កាតម៉ានឌូ​ពី​ឆ្នំា ១៩៩៦ ដល់​ឆ្នំា ២០០៦។ សង្រ្គាមស៊ីវិល​រយៈពេល ១០ឆ្នំា​ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​១៦ ០០០​នាក់។

គេ​ត្រូវ​រង់ចំា​រហូត​ដល់​ខែ​វិច្ឆិកា ឆ្នំា ២០០៦ ទើប​ក្រុម​ឧទ្ទាមម៉ៅនិយម និង​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព។ តំាង​ពី​ពេល​នោះ​មក ក្រុម​អតីត​ឧទ្ទាមម៉ៅនិយម​ក៏​បាន​ក្លាយ​ជា​កម្លំាង​នយោបាយ​ស្រប​ច្បាប់​មួយ​នៅ​ក្នុង​ឆាកនយោបាយ​នេប៉ាល់។ បន្ទាប់​មក នៅ​ថ្ងៃទី ១០ មេសា ឆ្នំា ២០០៨ នេប៉ាល់​បាន​រៀបចំ​ការ​បោះឆ្នោត​សភា​ដែល​គណបក្ស​ម៉ៅនិយម​បាន​ទទួល​សំឡេង​​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​ថ្មី តែ​ជា​សំឡេង​មិន​គ្រប់គ្រាន់​ដើម្បី​អាច​ឲ្យ​ក្រុម​គេ​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន។

វិបត្តិ​ដណ្តើម​តំណែង​នាយករដ្ឋមន្រ្តី

វិបត្តិ​ដណ្តើម​កៅអី​នាយករដ្ឋមន្រ្តី​រវាង​គណបក្ស​ម៉ៅនិយម និង​គណបក្ស​តូចៗ ពិសេស គណបក្ស​ម៉ាក្ស-ឡេលីន​និយម​រួបរួម​បាន​ធ្វើ​ឲ្យ​នេប៉ាល់​ធ្លាក់​ក្នុង​អស្ថិរភាព​នយោបាយ​មួយ​ដ៏​ធ្ងន់ធ្ងរ និង​អូសបន្លាយ។ គ្រាន់​តែ​ក្នុង​រយៈពេល​ជិត ៤ឆ្នំា​ចុង​ក្រោយ​នេះ នេប៉ាល់​បាន​ស្គាល់​នាយករដ្ឋមន្រ្តី​ដល់​ទៅ ៤​រូប ទី១៖ គឺ​មេ​ចលនា​ម៉ៅនិយម លោក Pushpa Kamal Dahal ទី២៖ គឺ​លោក Madhav Kumar Népal មក​ពី​ គណបក្ស​ម៉ាក្ស-ឡេលីន​និយម​រួបរួម ទី៣៖ គឺ​លោក Jhalanath Khanal មក​ពី​គណបក្ស​ម៉ាក្ស-ឡេលីន​និយម​រួបរួម និង​ទី៤​ចុងក្រោយ​ដែល​ទើប​តែងតំាង​នា​ថ្ងៃ​អាទិត្យ ទី២៨ សីហា​ម្សិលមិញ គឺ​លោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) ជា​អនុប្រធាន​គណបក្ស​ម៉ៅនិយម។

គិត​តំាង​ពី​ទំព័រ​សង្រ្គាមស៊ីវិល​បាន​បិទបញ្ចប់​ជា​ស្ថាពរ​ក្នុង​ឆ្នំា ២០០៦ មក មាន​បញ្ហា​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ថ្មី​ត្រូវ​ដោះស្រាយ។ ក្រោយ​ពី​ការ​បោះឆ្នោត​សភា​ក្នុង​ថ្ងៃទី ១០ មេសា ឆ្នំា ២០០៨ រដ្ឋសភា​ថ្មី​ក៏​បាន​បោះឆ្នោត​បង្កើត​សាធារណរដ្ឋ​សហព័ន្ធ​នេប៉ាល់ ដោយ​បាន​ប្រកាស​កប់​ចោល​ទំាង​ស្រុង​នូវ​របប​រាជានិយម​ដែល​មាន​អាយុកាល ២៤០ឆ្នំា​នៅ​នេប៉ាល់។ ក្រោយ​មក​ទៀត និង​អ្វី​ដែល​បន្ទាន់​បំផុត គឺ​ការ​រៀបចំ​តាក់តែង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី និង​ដំណើរការ​បង្រួបបង្រួមជាតិ។ ការ​លា​ឈប់​ពី​មុខ​តំណែង​នាយករដ្ឋមន្រ្តី​របស់​លោក ហ្សាឡាណាត ខាណាល់ (Jhalanath Khanal) កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ គឺ​ជា​សក្ខីកម្ម​មួយ​មិន​អាច​ប្រកែក​បាន។ លោក ខាណាល់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​លា​ឈប់​របស់​លោក គឺ​មក​ពី​លោក​នឿយហត់ អស់​លទ្ធផល​និយាយ​បញ្ចុះបញ្ចូល​គណបក្ស​ក្នុង​រដ្ឋាភិបាល​ឲ្យ​ទទួល​យក​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ណា​មួយ ពិសេស ទាក់ទង​នឹង​ការ​បញ្ចូល​ពួក​អតីត​ឧទ្ទាមម៉ៅនិយម​​ទំាង ១៩ ០០០នាក់ ទៅ​ក្នុង​ជួរ​កងទ័ព​នេប៉ាល់​បច្ចុប្បន្ន។

ដល់​វេន​ពួកម៉ៅនិយម​ឡើង​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម្តង

ឥឡូវ​នេះ នាយករដ្ឋមន្រ្តី​ថ្មី​ដែល​សភា​ទើប​បោះឆ្នោត​តែងតំាង​នៅ​ថ្ងៃអាទិត្យ ទី២៨ សីហា​​ម្សិលមិញ គឺ​ជា​ឥស្សរជន​ដែល​ចេញ​មក​ពី​គណបក្ស​ម៉ៅនិយម។ តែ​គេ​នៅ​មិន​ទាន់​ហ៊ាន​និយាយ​ថា លោក បាប៊ូរ៉ាម បាតតារ៉ៃ ( Baburam Bhattarai ) អាច​នឹង​បំពេញ​ការងារ​គ្រាន់​បើ​ជាង​លោក ហ្សាឡាណាត ខាណាល់ (Jhalanath Khanal) ទេ។ ទោះ​បី​ជា​នៅ​ក្នុង​ករណី​ណា​ក៏​ដោយ ក៏​គណបក្ស​ម៉ៅនិយម​ត្រូវ​ការ​សំឡេង​គំាទ្រ​ពី​គណបក្ស​តូចៗ​ដោយ​ចៀស​មិន​រួច។ ដូច​ករណី​ការ​ជ្រើសរើស​យក​លោក បាប៊ូរ៉ាម បាតតារ៉ៃ ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី បើ​កុំ​តែ​មាន​ការ​គំាទ្រ​ពី​គណបក្ស​តូចៗ ម្ល៉េះ​បេក្ខជន​ម៉ៅនិយម​រូប​នេះ​ក៏​គ្មាន​ភ័ព្វសំណាង​នឹង​ឡើង​មក​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី​ដែរ។

អ្វី​ដែល​សំខាន់ គឺ​មិន​មែន​រូប​នាយករដ្ឋមន្រ្តី​ចេញ​មក​ពី​គណបក្ស​មួយ​នេះ ឬ​គណបក្ស​មួយ​នោះ​ទេ តែ​គឺ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​គិត​ផលប្រយោជន៍​ជាតិ ជា​ធំ ពិសេស គឺ​ការ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ជាក់ស្តែង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គ្រប់​គណបក្ស​នៅ​តែ​បន្ត​ប្រជែង​គ្នា​ខាង​នយោបាយ​ទៀត នោះ​អស្ថិរភាព​នយោបាយ​នៅ​តែ​បន្ត​អូស​បន្លាយ។  ចំណែក​នាយករដ្ឋមន្រ្តី​ចៀស​មិន​រួច​ពី​ការ​លា​ឈប់​ពី​តំណែង ទោះ​បី​ជា​រូប​នាយករដ្ឋមន្រ្តី​នោះ​មក​ពី​បក្ស​ណា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ