អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិផ្ទះសំបែង និងឬសគល់នៃវិបត្តិសេដ្ឋកិច្ច ក្នុងប្រទេសអភិវឌ្ឍ

សំឡេង ០៣:៤៩
វិបត្តិផ្ទះសំបែង និងឬសគល់នៃវិបត្តិសេដ្ឋកិច្ច ក្នុងប្រទេសអភិវឌ្ឍ
វិបត្តិផ្ទះសំបែង និងឬសគល់នៃវិបត្តិសេដ្ឋកិច្ច ក្នុងប្រទេសអភិវឌ្ឍ AFP

ការកើនឡើងតម្លៃផ្ទះសំបែងខ្លាំងជ្រុល ជាពិសេស នៅបណ្ដាប្រទេសអភិវឌ្ឍ ដោយសារ​មនុស្សត្រូវចំណាយច្រើន ហើយប្រសិនបើការចំណាយទាំងនោះ មានប្រភពចេញពីបំណុល រហូតដល់កម្រិតមួយ ដែលពលរដ្ឋភាគច្រើនក្នុងសង្គម មិនមានលទ្ធភាពសង នុ៎ះបញ្ហាពិតជាអាចបង្កឱ្យមានភាពផុយស្រួយខ្លាំងណាស់ដល់​សេដ្ឋកិច្ចជាតិ។ តើមកពីមូលហេតុអ្វី?

ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមការសិក្សាអំពី ប្រវត្តិនៃឥទ្ធិពលរបស់វិបត្តិផ្ទះសំបែងលើសេដ្ឋកិច្ចជាតិ ដោយសារព័ត៌មាន The Economist បង្ហាញថា តម្លៃផ្ទះសំបែងឡើងថ្លៃខ្លាំង តែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវិបត្តិសេដ្ឋកិច្ច។​ ជាឧទាហរណ៍ នៅពេលណាដែល​តម្លៃផ្ទះឡើងខ្ពស់ខ្លាំងជ្រុល លទ្ធភាពនៃការផ្តល់កម្ចីមិន​ទទួលខុសត្រូវ ហើយពេលខ្លះ ជាកម្ចីខុសច្បាប់ផងក៏មាន អាចកើតមានឡើងក្នុងចំនួនច្រើន ហើយស្ថានភាពអាច​ធ្វើឱ្យ​បំណុលគ្រួសារ កាន់តែកើនឡើង រហូតដល់ កម្រិតមួយដែលពួកគេមិនមានលទ្ធភាពសងវិញបាន។ អំឡុងចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ​២០០៧ បំណុលគ្រួសាររបស់ពលរដ្ឋអាមេរិក បានកើនឡើងពី១០៤ភាគរយ ទៅ១៤៤ភាគរយ។ តម្លៃផ្ទះបានកើនឡើងជាង៥០ភាគរយ។ ក្រោយមក វិបត្តិបំណុលនេះ បានរុញច្រានឱ្យមានវិបត្តិសេដ្ឋកិច្ច និងការធ្លាក់ចុះនៃប្រព័ន្ធហិរញ្ញវត្ថុ កាលពីអំឡុងឆ្នាំ២០០៨។

ចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ២០០០ ចំនួនមួយភាគបួននៃវិបត្តិសេដ្ឋកិច្ច នៅបណ្ដាប្រទេសអភិវឌ្ឍ ឬប្រទេសអ្នកមាន មានទំនាក់ទំនងជាមួយនឹងតម្លៃផ្ទះ។ វិបត្តិសេដ្ឋកិច្ច ដែលមានឬសគល់ពី បញ្ហាបំណុល និង​តម្លៃផ្ទះ មានលក្ខណៈជ្រៅ និងមានរយៈពេលយូរជាង វិបត្តិសេដ្ឋកិច្ចផ្សេងៗទៀត។ ការខាតបង់សេដ្ឋកិច្ច ដែល​បណ្តាលមកពីការគ្រប់គ្រង​ទីផ្សារផ្ទះសំបែងមិនបានល្អ អាច​មានសភាពធ្ងន់ធ្ងរជាង។ នៅក្នុងប្រទេសអភិវឌ្ឍ ជាពិសេសនៅក្នុងបណ្ដាប្រទេស​និយាយភាសាអង់គ្លេស ផ្ទះមានតម្លៃថ្លៃខ្លាំង ហើយ​មានពេលខ្លះ វាបាន​បង្កការខូចខាតដល់សេដ្ឋកិច្ច និងអាចបំពុលបរិបទនយោបាយតែម្ដង។ ចាប់តាំងពីក្រោយវិបត្តិសេដ្ឋកិច្ចឆ្នាំ​២០០៨ តម្លៃផ្ទះនៅលើពិភពលោក បានកើនឡើង១៥ភាគរយ ធៀបទៅនឹងតម្លៃខ្ពស់បំផុតពីមុនពេលមានវិបត្តិសេដ្ឋកិច្ច។

ជាធម្មតា មានពេលខ្លះ អ្នកនយោបាយសប្បាយចិត្ត នៅពេលណាដែលតម្លៃផ្ទះឡើងថ្លៃ ព្រោះពួកគេគិតថា មនុស្សមានទ្រព្យច្រើន ហើយដូច្នេះ មនុស្សអាចខ្ចីប្រាក់ និងចំណាយកាន់តែច្រើន។ ចុងក្រោយ វាអាចធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើនផងដែរ។ ល្គឹកណាតែមនុស្សគ្រប់គ្នាមានអារម្មណ៍ល្អអំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ អ្នកនយោបាយដែលកំពុងកាន់អំណាច ក៏អាចមានឱកាសខ្ពស់ផងដែរ ក្នុងការឈ្នះឆ្នោតឡើងវិញ។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា បញ្ហាផ្សេងៗក៏អាចកើតមានឡើងផងដែរ។ តម្លៃផ្ទះខ្ពស់ខ្លាំង គឺបង្កផលអាក្រក់ណាស់ ដល់អ្នក​ជួលផ្ទះ និងចំនួនប្រជាជនពិភពលោកដែលកំពុងកើនឡើង។ ក្នុងន័យនេះ ពួកគេនឹងត្រូវបង្ខំកាត់បន្ថយការចំណាយលើទំនិញ និងសេវាកម្មផ្សេងៗ។ ហើយ នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច ដែល​អ្នក​ទិញផ្ទះជំពាក់បំណុលច្រើន វានឹងមិនមានចីរភាពនោះទេ។

ផ្អែកតាមការសិក្សាមួយរបស់ មូលនិធិរូបិយវត្ថុអន្ដរជាតិ (FMI) បង្ហាញថា នៅក្នុងរយៈពេលខ្លី ការកើនឡើងបំណុលគ្រួសារ អាចជំរុញកំណើនសេដ្ឋកិច្ច និងការងារ។ ប៉ុន្តែ គ្រួសារនីមួយៗ នឹងចាំបាច់ត្រូវចំណាយច្រើនវិញ ដើម្បីសងប្រាក់កម្ចីរបស់ពួកគេ។ ដូច្នេះ អំឡុងរយៈពេលពី ៣ឆ្នាំ ទៅ ៥ឆ្នាំបន្ទាប់ លទ្ធផលនឹង​ត្រូវបញ្ច្រាសមកវិញ។ កំណើនសេដ្ឋកិច្ច នឹងដើរយឺតជាងមុន ដូច្នេះ ប្រូបាប៊ីលីតេនៃការកើតមានវិបត្តិសេដ្ឋកិច្ច ក៏នឹងកើនឡើងផងដែរ។ សរុបជារួម ការកើនឡើងតម្លៃផ្ទះសំបែងខ្លាំងជ្រុល ជាពិសេស នៅបណ្ដាប្រទេសអភិវឌ្ឍ ដោយសារ​មនុស្សត្រូវចំណាយច្រើន ហើយប្រសិនបើការចំណាយទាំងនោះ មានប្រភពចេញពីបំណុល រហូតដល់កម្រិតមួយ ដែលពលរដ្ឋភាគច្រើនក្នុងសង្គម មិនមានលទ្ធភាពសង នុ៎ះបញ្ហាពិតជាអាចបង្កឱ្យមានភាពផុយស្រួយខ្លាំងណាស់ដល់​សេដ្ឋកិច្ចជាតិ។ ក្នុងករណីធ្ងន់ធ្ងរ បញ្ហាផ្ទះសំបែង អាចបង្កឱ្យ​មានវិបត្តិធនាគារ វិបត្តិប្រព័ន្ធហិរញ្ញវត្ថុ និងចុងក្រោយ វិបត្តិសេដ្ឋកិច្ចទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ