អានតួអត្ថបទ
អវកាស

អាចម៍ផ្កាយ​ហោះកាត់​ជិត​ផែនដី​រំឭកពី​ការ​គំរាមកំហែង​ដល់​មនុស្សជាតិ

អ្នកវិទ្យាសាស្រ្ត​បាន​ប៉ាន់ស្មាន​ថា មាន​អាចម៍ផ្កាយ​ប្រមាណ​ជា ៥០០០ ដែល​ស្ថិត​នៅ​ក្បែរ​ភពផែនដី ហើយ​ដែល​មាន​សក្តានុពល​អាច​នឹង​បង្ក​វិនាសកម្ម​ដល់​មនុស្សជាតិ​ទៅថ្ងៃ​អនាគត
អ្នកវិទ្យាសាស្រ្ត​បាន​ប៉ាន់ស្មាន​ថា មាន​អាចម៍ផ្កាយ​ប្រមាណ​ជា ៥០០០ ដែល​ស្ថិត​នៅ​ក្បែរ​ភពផែនដី ហើយ​ដែល​មាន​សក្តានុពល​អាច​នឹង​បង្ក​វិនាសកម្ម​ដល់​មនុស្សជាតិ​ទៅថ្ងៃ​អនាគត Getty Images/Dieter Spannknebel

អាចម៍ផ្កាយដ៏ធំមួយ​ហោះកាត់​ជិត​ភពផែនដី នៅ​យប់ថ្ងៃ​សៅរ៍ ៣១តុលា។ នេះ​បើ​យោងតាម​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) ដែល​បាន​បញ្ជាក់​បន្ថែម​ថា អាចម៍ផ្កាយនេះ​មិនបង្ក​គ្រោះថ្នាក់​ណាមួយ​ដល់​ភព​ផែនដី​នោះទេ។ ក៏ប៉ុន្តែ ការហោះកាត់​នៃ​អាចម៍ផ្កាយ​ដែល​គេ​មិនធ្លាប់​ស្គាល់​ពីមុនមកនេះ គឺ​ជា​ការ​បង្ហាញ​ឲ្យឃើញ​ពី​ដែនកំណត់​នៃ​បច្ចេកវិទ្យា​របស់​មនុស្ស ក្នុងការ​ត្រៀមខ្លួន​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​អវកាស។

ផ្សាយពាណិជ្ជកម្ម

អាចម៍ផ្កាយ (ដែល​គេ​ឲ្យឈ្មោះ​ថា TB145) មាន​​ទំហំ​ប្រមាណ​ជា ៦០០ម៉ែត្រ​ ហោះ​កាត់​ក្បែរ​ភពផែនដី ក្នុង​ល្បឿន​ប្រមាណ​ជា ៣៥គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី នៅ​វេលាម៉ោង ៥ល្ងាច​ម៉ោងសកល ត្រូវ​នឹង​ម៉ោង ១២កណ្តាល​អធ្រាត​ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅពេល​ហោះកាត់ភពផែនដី គេ​មិន​អាច​មើល​ឃើញ​អាចម៍ផ្កាយ​នេះ​ដោយ​ភ្នែក​ទទេ​បាន​នោះទេ ដោយសារ​តែ​វា​ហោះ​នៅ​ចម្ងាយ​រហូតដល់​ទៅ​ប្រមាណ​ជាកន្លះលាន​គីឡូម៉ែត្រ ពី​ភពផែនដី ពោលគឺ នៅ​ឆ្ងាយ​ជាង​ចម្ងាយ ពី​ផែនដី​ទៅ​ព្រះចន្ទ​ទៅទៀត ហើយ​បើ​យោងតាម​​​ទីភ្នាក់ងារ NASA អាចម៍ផ្កាយនេះ​​ក៏​នឹង​មិន​បង្ក​គ្រោះថ្នាក់​ណាមួយ​ដល់​ភពផែនដី​នោះដែរ។

ក៏ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ អាចម៍ផ្កាយ​ដ៏ធំបង្គួរ ហើយ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភពផែនដី​នេះ ទើប​នឹង​ត្រូវ​បាន​គេ​រកឃើញ​ កាល​ពី​ថ្ងៃ​ទី១០ខែ​តុលា​ថ្មីៗ​នេះ​ប៉ុណ្ណោះ ហើយ​នេះ​បើទោះបីជា​ទីភ្នាក់ងារ NASA បាន​បង្កើត​កម្មវិធី​ពិសេស មាន​ប្រើ​ឧបករណ៍​ទំនើបៗ និង​មាន​ក្រុមការងារ​ពិសេស ដើម្បី​តាម​ឃ្លាំមើល​អាចម៍ផ្កាយ ដែល​ស្ថិត​នៅ​ក្បែរៗ​ភពផែនដី។

គួរបញ្ជាក់ថា ​កម្មវិធីពិសេស​​ដើម្បី​តាម​ឃ្លាំមើល​អាចម៍ផ្កាយ ត្រូវ​បាន​​ទីភ្នាក់ងារ NASA បង្កើតឡើង ដោយសារ​តែ​អ្នក​វិទ្យសាស្រ្ត​ជាទូទៅ​នាំគ្នា​គិត​ថា ករណី​អាចម៍ផ្កាយ​ធ្លាក់លើ​ភពផែនដី​​ធ្លាប់​កើតមាន​​ជាច្រើន​លើក​រាប់មិនអស់​​កាល​ពីអតីតកាល ជាពិសេស គឺ​អាចម៍ផ្កាយ​ដែល​គេ​សង្ស័យ​ថា​បាន​សម្លាប់​ផុតពូជ​សត្វ​ឌីណូស័រ កាល​ពី ៦៦លាន​ឆ្នាំមុន ដូច្នេះ វាពិត​ជា​អាច​កើតមាន​ឡើង​ទៀត ទៅថ្ងៃ​អនាគត។ មធ្យោបាយ​តែមួយគត់ ដើម្បី​បញ្ចៀសវិនាសកម្ម​ដោយសារ​អាចម៍ផ្កាយ គឺ​គេ​ត្រូវតែ​តាមឃ្លាំមើល​គន្លងវិថី​របស់​វា ដើម្បី​អាច​ដឹង​ជាមុន​ក្នុងរយៈពេល​មួយ​គ្រប់គ្រាន់​ក្នុងការ​ប្រុងប្រៀបខ្លួន​ទប់ទល់ ហើយ​យោងតាម​អ្នក​វិទ្យាសាស្រ្ត រយៈពេល​គ្រប់គ្រាន់​ គឺ​ត្រូវគិតជា​ឆ្នាំ។

ចំពោះ​ករណី​អាចម៍ផ្កាយ​ដែល​ហោះក្បែរ​ភពផែនដី​នៅយប់ថ្ងៃ​សៅរ៍ គេ​ទើប​នឹង​រកវាឃើញ កាល​ពី៣សប្តាហ៍​មុននេះ​តែ​ប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើ​វា​ហោះ​ក្នុង​ទិសដៅ ដែល​ត្រូវ​បុក​ជាមួយភពផែនដី​វិញ​នោះ គ្មាន​អ្នកណា​អាច​រកវិធី​ទប់ស្កាត់​បាន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ