អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ្វីទៅ​ជា​ផលវិបាក​ដែល​បង្កឡើង​ដោយ​ការ​ឡើងកម្តៅ​ផែនដី?

សំឡេង ០៤:០៧
អ្នកវិទ្យាសាស្រ្ត​សម្តែង​ក្តីព្រួយបារម្ភ​ចំពោះ​ល្បឿន​នៃ​ការ​រលាយ​ផ្ទាំងទឹកកក​នៅ​តំបន់​ប៉ូល
អ្នកវិទ្យាសាស្រ្ត​សម្តែង​ក្តីព្រួយបារម្ភ​ចំពោះ​ល្បឿន​នៃ​ការ​រលាយ​ផ្ទាំងទឹកកក​នៅ​តំបន់​ប៉ូល REUTERS/British Antarctic Survey/Handout

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ សហគមន៍​អន្តរជាតិ​កំពុងតែ​ខ្នះខ្នែង​ចរចាគ្នា ស្វះស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ នៅ​ក្នុង​សន្និសីទ​ក្រុងប៉ារីស ដើម្បី​រួមគ្នា​ទប់ស្កាត់​ការ​ឡើងកម្តៅនៃ​ភពផែនដី និង​បញ្ចៀស​នូវ​គ្រោះមហន្តរាយ​​ដល់​មនុស្សជាតិ។ តើអ្វីខ្លះ​ជា​ផលប៉ះពាល់​ដែល​អាច​បង្កឡើង​ដោយ​ការឡើងកម្តៅនៃ​ភពផែនដី?

ផ្សាយពាណិជ្ជកម្ម

មកទល់​នឹង​ពេល​បច្ចុប្បន្ននេះ ថ្វីដ្បិត​តែ​គេ​នៅមិនទាន់​អាច​កំណត់​បាន​នូវ​ទំហំ និង​វិសាលភាព​ពិតប្រាកដ​នៃ​ផលវិបាក​ដែល​បង្កឡើង​ដោយ​​ការ​ឡើងកម្តៅ​ភពផែនដី ក៏ប៉ុន្តែ អ្នក​វិទ្យាសាស្រ្ត​ជំនាញ​ខាង​អាកាសធាតុ​ភាគច្រើន​តែងតែ​បាន​អះអាង​ថា ផលប៉ះពាល់​នឹង​កើតមានឡើង​នៅ​ទូទាំង​ពិភពលោក​ទាំងមូល ហើយ​កើតមាន​ទាំងទៅលើ​រុក្ខជាតិ សត្វ និង​ទៅលើ​មនុស្ស។

ផលប៉ះពាល់​ដែល​កើតឡើង​ជាក់ស្តែង​ជាងគេ គឺ​ការ​កើនឡើង​នៃ​សីតុណ្ហភាព។ នៅក្នុង​របាយការណ៍​ចេញផ្សាយ កាល​ពីឆ្នាំ​២០០៧ ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​របស់​អ.ស.ប​ បាន​ព្យាករ​ថា ប្រសិនបើ​គេ​មិនរកវិធី​ទប់ស្កាត់​ពីពេល​ឥឡូវនេះ​ទេ នៅ​ចុងសតវត្សរ៍​ទី២១​នេះ សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី​នឹង​ត្រូវ​កើនឡើង ក្នុងចន្លោះ​ពី ២ ទៅ ៦អង្សា។ នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី​បាន​កើនឡើង​ជិត​១អង្សា​រួចទៅហើយ បើធៀប​នឹង​កាល​ពីដើម​សតវត្សរ៍​ទី២០​កន្លងទៅ។

គួរបញ្ជាក់ថា ការកើនឡើង​​​សីតុណ្ហភាព​មធ្យមនៃភពផែនដី​១អង្សាមិនមែនមានន័យថា សីតុណ្ហភាព​ត្រូវ​កើនឡើង១អង្សា​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នោះទេ។ តំបន់​ខ្លះ​សីតុណ្ហភាព​កើនឡើង​១អង្សា តំបន់​ខ្លះ​ សីតុណ្ហភាព​កើនឡើង ១០​អង្សា ឬ​លើស​ពីនេះ ចំណែក​ឯ​តំបន់​ខ្លះ​ទៀត​សីតុណ្ហភាព​អាច​ត្រូវ​ធ្លាក់​ចុះ​ត្រជាក់​ជាង​ពេលមុន​ក៏​មាន។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេតែងតែ​និយាយ​អំពី​ “ការប្រែប្រួល​អាកាសធាតុ”។ ការប្រែប្រួល​ខុសធម្មតា​នៃ​សីតុណ្ហភាព​នេះ ជាពិសេស ការឡើងកម្តៅ គឺ​ជា​ការគំរាមកំហែង​ដ៏ធំមួយ ដល់​សុខភាព​របស់​មនុស្ស ដូច​ដែល​គេ​បាន​ឃើញ​ជាក់ស្តែង​រួច​ទៅហើយ កាល​ពីពេលថ្មីៗ​នេះ គឺ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន ដែល​​​មាន​មនុស្ស​រហូតដល់​ទៅ​រាប់ពាន់​នាក់​ត្រូវ​ស្លាប់ ដោយសារ​តែ​អាកាសធាតុ​ក្តៅខ្លាំង។

ផលប៉ះពាល់​ដ៏​ធំមួយ​ទៀត ដែល​អ្នក​វិទ្យាសាស្រ្ត​តែងតែ​លើកឡើង គឺ​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​ ដែលបណ្តាល​មកពី​​បាតុភូតពីរ​រួមបញ្ចូល​គ្នា។ ទីមួយ ទឹក​គឺ​ជា​វត្ថុរាវ ដែល​រីកមាឌ នៅ​ពេល​ឡើងកម្តៅ។ ទីពីរ ការឡើងកម្តៅធ្វើ​ឲ្យ​ផ្ទាំងទឹកកក​នៅ​តំបន់​ប៉ូល​​ត្រូវ​រលាយ​ក្លាយ​ជា​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ទឹកសមុទ្រ។ កត្តា​ទាំងពីរ​រួមបញ្ចូល​គ្នា បង្កឲ្យ​កម្រិត​កម្ពស់​ទឹកសមុទ្រ​នៅ​ទូទាំង​ពិភពលោក​ត្រូវ​កើនឡើង។ នៅ​ពេលនោះ​ប្រទេស​ដែល​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង​ខ្លាំងជាងគេ គឺ​បណ្តា​ប្រទេស​ដែល​នៅជាប់​នឹង​សមុទ្រ ជាពិសេស គឺ​បណ្តា​ប្រទេស​ដែល​ជា​កូនកោះ នៅ​កណ្តាល​មហាសមុទ្រ។

យោងតាម​ការព្យាករ​របស់​អ្នក​វិទ្យាសាស្រ្ត​ជំនាញ​ខាង​អាកាសធាតុ ការឡើង​កម្តៅ​នៃ​ភពផែនដី​អាច​នឹង​ធ្វើ​ឲ្យ​កម្រិត​កម្ពស់​ទឹកសមុទ្រ​នៅទូទាំង​ពិភពលោក​កើនឡើង​ប្រមាណ​ជា​ជិត​១ម៉ែត្រ នៅ​ចុងសតវត្សរ៍​ទី២១​នេះ។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​ទូទាំង​ពិភពលោក​ទាំងមូល មាន​មនុស្ស​ប្រមាណ​ជា ១០០លាននាក់ កំពុងរស់​នៅ​តាម​តំបន់ ដែល​អាច​ទទួល​រង​ការ​ជន់លិច នៅ​ពេល​ដែល​កម្ពស់​ទឹកសមុទ្រ​កើនឡើង​១ម៉ែត្រ។

ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​មួយទៀត​នៃ​ការ​ឡើងកម្តៅផែនដី គឺ​ការប្រែប្រួល​ខុសប្រក្រតី​នៃ​អាកាសធាតុ ដែល​នឹង​បង្ក​ឲ្យ​មាន​ការកើនឡើង​នូវ​បាតុភូតធម្មជាតិ​ប្លែកៗ និង​ធ្ងន់ធ្ងរ ដូចជា គ្រោះរាំងស្ងួត អគ្គិភ័យ ទឹកជំនន់ ព្យុះសង្ឃារា ។ល។

អ្នក​ដែល​ងាយរងគ្រោះ​ជាងគេ ពី​ផលប៉ះពាល់​ដោយ​ការប្រែប្រួល​អាកាសធាតុ​នេះ គឺ​ប្រជាជន​ដែល​រស់នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ ដោយសារ​តែ​ពួកគេ​ភាគច្រើន​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ពឹងផ្អែក​ខ្លាំង​លើ​ធម្មជាតិ ហើយ​ម្យ៉ាងទៀត បណ្តា​ប្រទេស​ក្រីក្រ​ទាំងនេះ​មិនមាន​​សមត្ថភាព​គ្រប់គ្រាន់ ទាំង​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​ខាង​ផ្នែក​បច្ចេកវិទ្យា ដើម្បី​​ជួយ​ប្រជាជន​ក្នុងការ​ទប់ទល់ និង​សម្របខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ។

ក្រៅពី​បង្ក​ការខូចខាត​ដល់​មនុស្ស ការប្រែប្រួល​អាកាសធាតុ​​ក៏​អាច​នឹង​បង្ក​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​ដល់​​​សត្វ និង​រុក្ខជាតិ​មួយ​ចំនួន ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការ​​វិនាស​ផុតពូជ ដោយសារតែ​មិន​អាច​សម្របខ្លួន​ទៅនឹង​ការ​ប្រែប្រួល​លឿន​ហួស​ពី​ប្រក្រតី​នៃ​អាកាសធាតុ។

បើ​និយាយ​ជារួម​ក្នុង​ផ្នែក​សេដ្ឋកិច្ច យោងតាម​ការ​សិក្សា​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​អង់គ្លេស ការប្រែប្រួល​អាកាសធាតុ​អាច​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​ត្រូវ​បាត់បង់​កំណើន​ជា​មធ្យម ក្នុង​ចន្លោះ ពី ៥% ទៅ ២០% ក្នុងមួយឆ្នាំៗ។ ផ្ទុយទៅវិញ កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ នឹង​ត្រូវ​ចំណាយ​តែ​ប្រមាណ​ជា ១% ប៉ុណ្ណោះ នៃ​ផលិតផល​ក្នុងស្រុកសរុប​គិតជាមធ្យម​នៅ​ទូទាំង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ