អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ឧស្ម័ន​ផ្ទះកញ្ចក់​ជាអ្វី​ហើយ​មាន​ប្រភព​ចេញ​ពី​ណា?

សំឡេង ០៤:០១
រោងចក្រ​ឧស្សាហកម្ម ព្រមទាំង​សកម្មភាព​ផលិត​អគ្គិសនី​​ដោយ​ប្រើ​ប្រេង និង​ធ្យូងថ្ម គឺ​ជា​ដើមហេតុ​ចម្បង​មួយ​នៃ​ការ​បញ្ចេញ​​ឧស្ម័ន​កាបូនិកទៅ​​ក្នុង​បរិយាកាស​
រោងចក្រ​ឧស្សាហកម្ម ព្រមទាំង​សកម្មភាព​ផលិត​អគ្គិសនី​​ដោយ​ប្រើ​ប្រេង និង​ធ្យូងថ្ម គឺ​ជា​ដើមហេតុ​ចម្បង​មួយ​នៃ​ការ​បញ្ចេញ​​ឧស្ម័ន​កាបូនិកទៅ​​ក្នុង​បរិយាកាស​ REUTERS/PETER ANDREWS

នៅ​ក្នុង​ពេល​ដែល​ពិភពលោក​ទាំងមូល​កំពុងនាំគ្នា​ផ្តោត​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ គេតែងតែ​ឮ​ការទាមទារ​ឲ្យ​កាត់បន្ថយ​​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដើម្បី​ទប់ស្កាត់​ការ​ឡើង​កម្តៅនៃ​ភពផែនដី។ តើ​អ្វីទៅ​ជា​ឧស្ម័ន​ផ្ទះកញ្ចក់? តើ​ឧស្ម័ន​នេះ​មាន​ប្រភព​ចេញមក​ពីណា ហើយ​តើ​ហេតុអ្វី​បាន​ជា​វា​ធ្វើ​ឲ្យ​ផែនដី​ឡើងកម្តៅ?

ផ្សាយពាណិជ្ជកម្ម

“ឧស្ម័នផ្ទះកញ្ចក់” គឺ​ជា​ពាក្យ​ដែល​បកប្រែ​ពី​ភាសា​បារាំងថា Gaz à effet de serre និង​ភាសាអង់គ្លេស​ថា Greenhouse Gas។ ជាភាសាខ្មែរ ពាក្យថា “ឧស្ម័នផ្ទះកញ្ចក់” (ឬ​ឧស្ម័ន​ដែល​មាន​ឥទ្ធិពល​ដូចផ្ទះកញ្ចក់) ហាក់ដូចជា​មិនមានអត្ថន័យ​ដែល​អាច​ឲ្យ​គេ​​យល់​ភ្លាមៗ ដើម្បី​ទាញភ្ជាប់​ទៅនឹង​ការ​ឡើងកម្តៅនៃ​ភព​ផែនដី​នោះទេ។ នេះគឺដោយសារ​តែ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​តំបន់​ត្រូពិច ដែល​មាន​អាកាសធាតុ​ក្តៅ។ ហេតុដូច្នេះហើយ​បាន​ជា​គេ​មិន​សូវ​ឃើញ​មាន​អ្នកណា​ធ្វើ​​ “ផ្ទះកញ្ចក់” (Serre ឬ Greenhouse) ដើម្បី​ដាំដំណាំ។

នៅ​ក្នុង​តំបន់​អឺរ៉ុប និង​នៅ​អាមេរិក​ខាងជើងវិញ​ ដែលជា​តំបន់​​មាន​អាកាសធាតុ​ត្រជាក់ ដើម្បី​អាច​ដាំរុក្ខជាតិ​ដែល​ត្រូវការ​អាកាសធាតុ​ក្តៅ គេចាំបាច់​ត្រូវ​តែ​ដាំ​នៅ​ក្នុង​ផ្ទះកញ្ចក់។ ផ្ទះ​ដែល​ធ្វើ​ពី​កញ្ចក់ អាច​ឲ្យ​ពន្លឺថ្ងៃ​ចាំងចូល​មក​បាន ហើយ​ក្នុងពេល​ជាមួយគ្នា អាច​ទប់​កម្តៅថ្ងៃ​​មួយផ្នែក​មិន​ឲ្យ​ភាយចេញ​ទៅវិញ ដែល​ជាហេតុធ្វើ​ឲ្យ​សីតុណ្ហភាព​នៅ​ក្នុង​ផ្ទះកញ្ចក់​ត្រូវ​កើនឡើង។

ឧស្ម័នផ្ទះកញ្ចក់​ក៏​មាន​យន្តការស្រដៀងគ្នា​នេះ​ដែរ។ ឧស្ម័ន​នេះ​មាន​វត្តមាន​នៅ​ក្នុង​បរិយាកាស​ជុំវិញ​ភពផែនដី ហើយ​អាច​ទប់​កម្តៅ​ព្រះអាទិត្យ​មួយផ្នែក​មិន​ឲ្យ​ភាយចេញ​ទៅវិញ។

តាមការពិត​ឧស្ម័ន​ផ្ទះកញ្ចក់​នេះ ដែល​រួមមាន​ដូចជា​ចំហាយទឹក (H2O) ឧស្ម័នកាបូនិក (CO2) និង​មេតាន (CH4) ជាដើម មាន​នៅ​ក្នុង​បរិយាកាស​ជុំវិញ​ផែនដី​ជាលក្ខណៈ​ធម្មជាតិ​ជាយូរលង់ណាស់មកហើយ។ បើ​យោងតាម​អ្នក​វិទ្យាសាស្រ្ត ប្រសិនបើ​នៅ​ក្នុង​បរិយាកាស​ជុំវិញ​ភពផែនដី គ្មាន​ឧស្ម័ន​ផ្ទះកញ្ចក់​នេះ​ទេ សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី​ទាំងមូល​ត្រូវ​មាន​កម្រិត​ទាប​ជាង​បច្ចុប្បន្ន​ រហូតដល់​ទៅ ៣០អង្សា ដែល​ធ្វើ​ឲ្យ​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ​នៅលើ​ភពផែនដី ពិបាក​នឹង​រស់បាន។

នេះ​មានន័យថា ឧស្ម័ន​ផ្ទះកញ្ចក់​ គឺ​ជា​លក្ខខណ្ឌ​ប្រកប​ដោយ​អំណោយផល​មួយ សម្រាប់​ជីវិត​នៅលើ​ភពផែនដី។ ក៏ប៉ុន្តែ បើ​ពិតជាដូច្នេះមែន តើ​ហេតុអ្វី​បាន​ជា​នៅពេល​បច្ចុប្បន្ន​នេះ គេនាំគ្នា​ទម្លាក់​កំហុស​ទៅលើ​ឧស្ម័ន​ផ្ទះកញ្ចក់​​ថា​ជា​ដើមហេតុ​ដែល​នាំ​ឲ្យ​មាន​ការប្រែប្រួល​អាកាសធាតុ ដែល​អាច​បង្ក​វិនាសកម្ម​ដល់​មនុស្ស​ជាតិ​ទៅវិញ?

តាមការពិត អ្វី​ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ​នៅ​ពេលនេះ គឺមិនមែន​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​មាន​ពីធម្មជាតិ​នោះទេ តែ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​កើតចេញ​ពី​សកម្មភាព​របស់​មនុស្ស ហើយ​ដែល​ទៅ​បន្ថែម​ពីលើ​ឧស្ម័ន​ដែល​មាន​ស្រាប់​ពី​ធម្មជាតិ។ នៅពេល​ដែល​​ឧស្ម័ន​ផ្ទះកញ្ចក់​មាន​នៅ​ក្នុង​បរិយាកាស​កាន់តែ​ច្រើន វា​អាច​ទប់កម្តៅ​ព្រះអាទិត្យ​បាន​កាន់តែ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សីតុណ្ហភាព​លើ​ភពផែនដី​ត្រូវ​កើនឡើងកាន់តែ​ខ្ពស់។

អ្នក​វិទ្យាសាស្រ្ត​ជំនាញ​ខាង​អាកាសធាតុ​បាន​ធ្វើការ​ប៉ាន់ស្មាន​ជាទូទៅ​ថា ឧស្ម័ន​ផ្ទះកញ្ចក់​ចម្បងបំផុត ​​ដែល​កើតចេញ​​​ពី​សកម្មភាព​របស់​មនុស្ស គឺ​ឧស្ម័ន​កាបូនិក ដែល​មាន​ប្រភព​​ចម្បង​​ចេញ​ពី​គ្រឿង​ម៉ាស៊ីន​ដែល​ដើរ​ដោយ​ប្រេង និង​ធ្យូងថ្ម ដូចជា ​គ្រឿងម៉ាស៊ីន​ក្នុង​វិស័យ​ឧស្សាហកម្ម​ រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ម៉ាស៊ីន​យានយន្ត ។ល។ និង​​ ។ល។ ការ​កាប់បំផ្លាញ​ព្រៃឈើ​ក៏​ជា​ដើមហេតុ​ដែល​នាំ​ឲ្យ​​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​បរិយាកាស​កើនឡើង​ផងដែរ។ ចំណែក​ឯ​សកម្មភាពកសិកម្ម​​វិញ គឺ​ជាប្រភព​ចម្បង​នៃ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន។

បើ​គិត​តាម​វិស័យ​នីមួយៗ​វិញ គិត​ជា​មធ្យម​នៅ​ទូទាំង​ពិភពលោក វិស័យ​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស​ច្រើន​ជាងគេ ​ គឺ​វិស័យ​ឋាមពល (សកម្មភាព​ផលិត​ថាមពល​អគ្គិសនី) បន្ទាប់​មក​ទៀត​ តាមលំដាប់លំដោយ គឺ​ វិស័យព្រៃឈើ ​វិស័យ​ឧស្សាហកម្ម វិស័យ​​ដឹកជញ្ជូន ​វិស័យ​កសិកម្ម និង​ចុងក្រោយ គឺ​វិស័យ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន។

នៅ​ក្នុងការ​សិក្សា​ទៅលើ​ដំណើរវិវឌ្ឍ​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅក្នុង​បរិយាកាស អ្នក​វិទ្យាសាស្រ្ត​បាន​រកឃើញ​ថា គិត​ចាប់តាំង​ពី​មាន​បដិវត្តន៍​ឧស្សាហកម្ម​​នៅ​សតវត្សរ៍​ទី១៨​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន កម្រិត​ឧស្ម័ន​កាបូនិក​នៅក្នុង​បរិយាកាស​មាន​ការ​កើនឡើងជាង ៤០% ចំណែក​ឯ​មេតានវិញ កើនឡើងពីចន្លោះ​ ១៥០% ទៅ ១៧០%។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ថែមទៀត គឺ​គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បរិមាណ​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​បរិយាកាស​មាន​កម្រិត​ខ្ពស់​បំផុត ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន នៅ​ក្នុងរយៈពេល​ប្រមាណ​ជា​ ៨០ម៉ឺនឆ្នាំ​កន្លងទៅនេះ។ ក្នុងពេល​ជាមួយគ្នា ការ​បញ្ចេញឧស្ម័ន​កាបូនិក​បន្ថែម​ទៅ​ក្នុង​បរិយាកាស ដោយ​សកម្មភាព​របស់​មនុស្ស​ចេះតែ​បន្ត​កើនឡើង​ឥតឈប់ឈរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ