អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

ភាពធូរស្រាល​ក្នុងការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ប្លុកសេរី​និង​កុម្មុយនិស្ត​ក្នុង​សង្រ្គាមត្រជាក់

សំឡេង ០៧:១៥
លោក​រីឆាត និចសុន ប្រធានាធិបតី​អាមេរិក (ស្តាំ) ពេល​ជួប​ជាមួយ​លោក​ឡេអូនីត ប្រេស្នេវ មេដឹកនាំ​សហភាព​សូវៀត នៅ​វ៉ាស៊ីងតោន ឆ្នាំ​១៩៧៣
លោក​រីឆាត និចសុន ប្រធានាធិបតី​អាមេរិក (ស្តាំ) ពេល​ជួប​ជាមួយ​លោក​ឡេអូនីត ប្រេស្នេវ មេដឹកនាំ​សហភាព​សូវៀត នៅ​វ៉ាស៊ីងតោន ឆ្នាំ​១៩៧៣

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​ភាពធូរស្រាល​នៃ​ការ​ប្រឈមមុខដាក់គ្នា​ រវាង​ប្លុកសេរី និង​ប្លុក​កុម្មុយនិស្ត នៅ​ក្នុង​សង្រ្គាមត្រជាក់។ ភាពធូរស្រាល ដែល​កើត​ចេញ​ពី​លទ្ធផល នៃ​ការ​បែកបាក់គ្នា ក្នុង​ប្លុក​កុម្មុយនិស្ត គឺ​ការបែកបាក់គ្នា រវាង​សហភាព​សូវៀត និង​ចិន។

ផ្សាយពាណិជ្ជកម្ម

នៅ​ពេញ​ក្នុង​សង្រ្គាម​ត្រជាក់ ពិភពលោក​ស្ថិត​ក្នុង​ការ​ប្រឈមមុខ​ដាក់គ្នា​យ៉ាងតឹងតែង​ និង​ជា​ប្រចាំ រវាង​ប្លុក​ពីរ គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត។ ក៏ប៉ុន្តែ ចាប់ពី​ទសវត្សរ៍​ឆ្នាំ​៦០ វិបត្តិផ្ទៃ​ក្នុង​ប្លុក​កុម្មុយនិស្ត​បាន​ចាប់ផ្ទុះឡើង ក្រោយ​ពី​មាន​​ការបែកបាក់គ្នា រវាង​សូវៀត និង​ចិន ហើយជម្លោះ​ផ្ទៃក្នុង​ប្លុក​កុម្មុយនិស្ត​បាន​នាំ​ទៅរក​ចំណុចរបត់​ដ៏សំខាន់​មួយ នៅ​ក្នុង​សង្រ្គាម​ត្រជាក់ គឺ​​ភាពធូរស្រាល​នៅ​ក្នុង​ទំនាក់ទំនង​ រវាង​អាមេរិក និង​សូវៀត។

នៅក្រោយ​វិបត្តិ​មីស៊ីល​គុយបា មេដឹកនាំ​អាមេរិក និង​សូវៀត បាន​ព្រមព្រៀងគ្នា​បង្កើត​ខ្សែទូរស័ព្ទ​ពិសេស​មួយ​ទុក​ធ្វើ​ជា​មធ្យោបាយ​​ទាក់ទង​និយាយ​គ្នា​ដោយផ្ទាល់ ដើម្បី​ដោះស្រាយ​ជម្លោះ​ជា​យថាហេតុ និង​​បញ្ចៀស​កុំ​ឲ្យ​ផ្ទុះ​ទៅ​ជា​សង្រ្គាម។

ស្មារតី​ចង់​ដោះស្រាយ​ជម្លោះ​តាមរយៈ​ការ​ជជែក​គ្នា​នេះ គឺ​ជា​ជំហាន​ដំបូង​ដ៏សំខាន់​មួយ ឆ្ពោះទៅ​រក​​កិច្ចចរចា​​បង្កើត​បាន​ជា​កិច្ចព្រមព្រៀង​សំខាន់ៗ​មួយ​ចំនួន ជាពិសេស សន្ធិសញ្ញា​ស្តីពី​ការ​ហាមឃាត់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ (ឆ្នាំ​១៩៦៣), កិច្ចព្រមព្រៀង​ស្តីពី​​ការ​គ្រប់គ្រង​សកម្មភាព​​ក្នុង​ទីអវកាស (ឆ្នាំ​១៩៦៧), សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ (ឆ្នាំ​១៩៦៨) និងកិច្ចសន្ទនា​ ​ស្តីពី​ការ​កម្រិត​គ្រឿងសព្វាវុធ​នុយក្លេអ៊ែរ (Strategic Arms Limitation Talks/SALT) ដែល​​ចាប់ផ្តើម​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហ៊ែលស៊ីនគី ប្រទេស​ហ្វាំងឡង់ នៅ​ឆ្នាំ​១៩៦៩ ហើយ​សម្រេច​បាន​ជា​កិច្ចព្រមព្រៀង​ នៅ​ឆ្នាំ​១៩៧២។
 

នៅ​ក្នុង​អំឡុង​ពេលនោះ សហភាព​សូវៀត​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក ឡេអូនីត ប្រេស្នេវ (Leonid Brezhnev) ដែល​ឡើង​មក​កាន់​អំណាច​ជំនួស​លោក​នីគីតា គ្រូឆេវ កាល​ពីឆ្នាំ​១៩៦៤។ ចំណែក​ឯ​សហរដ្ឋ​អាមេរិក​វិញ លោក​​រីឆាត និចសុន មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ជាប់ឆ្នោត​ឡើង​មក​កាន់​តំណែង​ជា​ប្រធានាធិបតី នៅ​ខែ​មករា ឆ្នាំ​១៩៦៩។ នៅ​ក្នុង​អំឡុង​អាណត្តិ​របស់​លោក​រីឆាត និចសុន​​នេះ​ហើយ ដែល​​ការប្រឈមមុខ​ដាក់គ្នា រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនិស្ត​បាន​ស្គាល់​នូវ​ភាព​ធូរស្រាល​​ខ្លាំង ដោយ​លោក​រីឆាត និចសុន បាន​ស្តារទំនាក់ទំនង​ឲ្យ​មាន​ភាព​ប្រសើរ​ឡើងវិញ ទាំងជាមួយ​សហភាព​សូវៀត និង​ជាមួយ​ចិន។

នៅ​ក្នុងពេល​ដែល​លោក​រីឆាត និចសុន ឡើង​មក​កាន់​អំណាច អាមេរិក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ដ៏​គួរ​ឲ្យ​ឈឺក្បាល​មួយ គឺ​សង្រ្គាម​វៀតណាម។ ​ដោយសារ​តែ​ត្រូវ​ប្រឈមមុខ​នឹង​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​​ ដែល​ផ្ទុះឡើង​យ៉ាងក្តៅគគុក​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក អាទិភាព​សំខាន់​បំផុត​របស់​លោក​រីឆាត និចសុន គឺ​ត្រូវ​ស្វែងរក​វិធី​ធ្វើ​យ៉ាងណា បញ្ចប់​សង្រ្គាម​​វៀតណាម​ឲ្យ​បាន​ឆាប់ ហើយ​ដើម្បី​បញ្ចប់​សង្រ្គាម​វៀតណាម អាមេរិក​ត្រូវការ​ចិន ដែល​នៅពេលនោះ គឺ​ជា​ខ្នងបង្អែក​ដ៏​ធំបំផុត​របស់​ក្រុង​ហាណូយ។

ស្របពេល​ជាមួយគ្នា​នោះ ចិន និង​សហភាព​សូវៀត​កំពុងតែ​មាន​ជម្លោះ​នឹង​គ្នា​យ៉ាងខ្លាំង ហើយមេដឹកនាំ​កុម្មុយនិស្ត​ចិន​​យល់ឃើញ​ថា ចិន​មិន​អាច​ប្រឈមមុខ​ជាមួយ​នឹង​អាមេរិក​ផង និង​សូវៀត​ផង ក្នុងពេល​តែមួយ​បែបនេះ​ទេ គឺ​ត្រូវ​តែ​ជ្រើសរើស​យក​មួយ។ នៅពេលនោះ ម៉ៅសេទុង​​បាន​កំណត់​យក​​សហភាព​សូវៀត​ធ្វើ​ជា​គូសត្រូវ​ធំ ហើយ​ក៏​បាន​សម្រេច​​ងាក​ទៅ​ស្តារ​ទំនាក់ទំនង​ជាមួយ​អាមេរិក។

ភាពធូរស្រាល​នៃ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​នេះ​ហើយ ដែល​បាន​ជួយ​ឲ្យ​ចិន អាច​ក្លាយ​ជា​សមាជិក​អ.ស.ប នៅ​ឆ្នាំ​១៩៧១ ហើយ​អាសនៈ​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ពីមុន​ត្រូវ​កាន់កាប់​ដោយ​​សាធារណរដ្ឋ​ចិន (តៃវ៉ាន់) ក៏​ត្រូវ​បាន​គេ​ប្រគល់​មក​​ឲ្យ​ចិន​​វិញ។ នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៧២ ទំនាក់ទំនង​ រវាង​សហរដ្ឋ​អាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ស្គាល់​នូវ​ការ​វិវឌ្ឍ​ជា​ប្រវត្តិសាស្រ្ត​មួយ​ទៀត ជាមួយ​នឹង​ដំណើរទស្សនកិច្ច​របស់​លោក​រីឆាត និចសុន នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​ជា​ដំណើរទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​ប្រធានាធិបតី​អាមេរិក ទៅកាន់​ប្រទេស​ចិន ចាប់តាំង​ពី​បក្ស​កុម្មុយនិស្ត​ឡើង​កាន់​អំណាច នៅ​ឆ្នាំ​១៩៤៩។
 

ភាព​ធូរស្រាល​នៃ​ទំនាក់ទំនង​ចិន-អាមេរិក មិនបាន​រំលង​ពីក្រសែភ្នែក​របស់​មេដឹកនាំ​សហភាព​សូវៀតនោះទេ ហើយ​ក្រុង​ម៉ូស្គូ ក៏​មិន​ចង់​ទុកបណ្តោយ​ឲ្យ​គូសត្រូវ​ដ៏ធំទាំងពីរ​របស់ខ្លួន​ចាប់ដៃគ្នា​មក​​ប្រឆាំង​នឹង​សូវៀតនោះដែរ។ ប៉ុន្មាន​ខែ​ក្រោយ​ពី​ដំណើរទស្សនកិច្ច​របស់​លោក​រីឆាត និចសុន នៅ​ប៉េកាំង ជំនួបកំពូល រវាង​លោក​ប្រេស្នេវ និង​លោក​និចសុន ក៏​ត្រូវ​បាន​គេ​រៀបចំ​ធ្វើឡើង នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ នៅ​ខែ​ឧសភា ឆ្នាំ​១៩៧២ ហើយ​មួយឆ្នាំ​ក្រោយ​មក​ទៀត នៅ​ខែមិថុនា ឆ្នាំ​១៩៧៣ គឺ​លោក​ប្រេស្នេវ​ម្តង ដែល​ធ្វើ​ដំណើរទៅ​បំពេញ​ទស្សនកិច្ច នៅ​រដ្ឋធានី​វ៉ាស៊ីងតោន ដើម្បី​បើក​ធ្វើ​ជំនួបកំពូល​លើកទី២ ជាមួយ​លោក​រីឆាត និចសុន។

គិត​ជា​សរុប​ នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៧២ ដល់​ឆ្នាំ​១៩៧៩ មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត បាន​បើក​ធ្វើ​ជំនួបកំពូល​ទ្វេភាគី រហូតដល់​ទៅ ៦លើក ហើយ​ជំនួបកំពូល​នៅ​ទីក្រុង​ហ៊ែលស៊ីនគី ប្រទេស​ហ្វាំងឡង់ នៅ​ឆ្នាំ​១៩៧៥ បាន​សម្រេច​ចេញ​ជា​លទ្ធផល​​ជា​ប្រវត្តិសាស្រ្ត​មួយ​នៃ​សង្រ្គាម​ត្រជាក់ គឺ​កិច្ចព្រមព្រៀង​បង្កើត​ “អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប” ហៅកាត់ថា “OSCE” (Organization for Security and Co-operation in Europe/Organisation pour la sécurité et la coopération en Europe) ដែល​ជា​អង្គការ​អន្តរជាតិ​ផ្នែក​សន្តិសុខ​ដ៏ធំបំផុត​នៅលើ​ពិភពលោក ហើយ​ជាពិសេស ជា​អង្គការ​ដែល​មាន​ប្រទេស​​សមាជិក​ទាំង​មក​ពី​បក្ស​សម្ព័ន្ធ​អូតង់ (ប្លុកសេរី) និង​បក្ស​សម្ព័ន្ធ​វ៉ាសូវី (ប្លុកកុម្មុយនិស្ត) រួមបញ្ចូល​គ្នា​តែមួយ។

គិតជាសរុប ដំណាក់កាល​ធូរស្រាល​នៃ​សង្រ្គាម​ត្រជាក់ ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសា​បារាំង​ថា “Détente” មាន​រយៈពេល​ ១៧ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៦២ នៅ​ក្រោយ​វិបត្តិ​មីស៊ីល​គុយ​បា រហូត​ដល់​ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​សូវៀត​ចូលឈ្លាន​ពាន​ប្រទេស​អាហ្វហ្កានីស្ថាន ហើយ​បង្ក​ឲ្យ​ផ្ទុះឡើងវិញ នូវការ​ប្រឈមមុខដាក់គ្នា​ខាង​ផ្នែក​យោធា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ