អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

សង្រ្គាមត្រជាក់៖ ការប្រជែងគ្នា​ខាង​ផ្នែក​អវកាស​រវាង​អាមេរិក​និង​សូវៀត

សំឡេង ០៨:៣៦
ការបញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​នៅ​លើ​ព្រះចន្ទ​នៅ​ឆ្នាំ​១៩៦៩ គឺ​ជា​ជោគជ័យ​របស់​អាមេរិក នៅ​ក្នុង​ការ​ប្រជែង​ផ្នែក​អវកាស​ជាមួយ​សហភាព​សូវៀត
ការបញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​នៅ​លើ​ព្រះចន្ទ​នៅ​ឆ្នាំ​១៩៦៩ គឺ​ជា​ជោគជ័យ​របស់​អាមេរិក នៅ​ក្នុង​ការ​ប្រជែង​ផ្នែក​អវកាស​ជាមួយ​សហភាព​សូវៀត

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​ការ​ប្រកួតប្រជែងគ្នា​ខាង​ផ្នែក​អវកាស រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត ធ្វើការ​​ប្រកួតប្រជែងគ្នា​នៅ​ស្ទើរតែ​គ្រប់​វិស័យ ដើម្បី​បង្ហាញ​ពីឫទ្ធានុភាព​រៀងខ្លួន ក្នុងគោលដៅ​ឆ្ពោះទៅ​​ត្រួតត្រា​ពិភពលោក។ ការប្រកួតប្រជែងគ្នា​នេះ​បាន​កើតមាន​តាំងពី​​ផ្នែក​នយោបាយ សេដ្ឋកិច្ច គ្រឿងសព្វាវុធ ​រហូត​ទៅដល់​ទីអវកាស។

នៅ​ឆ្នាំ​១៩៤៩ នៅ​ក្រោយ​ពេល​ដែល​សហភាព​សូវៀត​មាន​សមត្ថភាព​ផលិត​​អាវុធ​នុយក្លេអ៊ែរ ភាព​ជា​មហាអំណាច​នុយក្លេអ៊ែរ​ផ្តាច់មុខ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បិទបញ្ចប់ ​ហើយ​គូបដិបក្ខ​ទាំងពីរ​​បាន​ចាប់ផ្តើម​ធ្វើការ​ប្រណាំងប្រជែងគ្នា​កាន់តែ​ខ្លាំងខាងផ្នែក​នុយក្លេអ៊ែរ ជាពិសេស គឺ​ការ​​អភិវឌ្ឍ​បច្ចេកវិទ្យា​ផលិត​មីស៊ីល​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ឆ្លងទ្វីប​ទៅដល់ទឹកដី​របស់​គូសត្រូវ។

ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​មីស៊ីល​អន្តរទ្វីប​នេះ​​ក៏ជា​ការ​បើកផ្លូវ​ផងដែរ ឆ្ពោះទៅរក​ការ​ប្រកួតប្រជែងគ្នា​​ក្នុង​ទីអវកាស ដែល​ចាប់ផ្តើម​ឡើង នៅ​ឆ្នាំ​១៩៥៥ នៅ​ពេល​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​មេដឹកនាំ​សហភាព​សូវៀត​បាន​ប្រកាស​ស្ទើរតែ​ព្រមពេល​ជាមួយគ្នា​ថា ពួកគេ​នឹង​ប្រើ​បច្ចេកវិទ្យា​មីស៊ីល​អន្តរទ្វីប ដើម្បី​បាញ់​បង្ហោះ​ផ្កាយរណប​​ទៅ​ក្នុង​ទីអវកាស នៅ​ក្នុង​ចន្លោះ​ពេល​ពី២ ទៅ​៣ឆ្នាំ​ខាងមុខ។

ក៏ប៉ុន្តែ នៅ​ក្នុង​​ការប្រកួតប្រជែង​គ្នា​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នេះ គឺ​សហភាព​សូវៀត​ដែល​បាន​ឈាន​មួយ​ជំហាន​មុន ដោយ​បាន​បាញ់​បង្ហោះ​ផ្កាយរណប​របស់​ខ្លួន​ប្រកប​ដោយ​ជោគជ័យ នៅ​​ថ្ងៃ​ទី៤ ខែ​តុលា​ ឆ្នាំ​១៩៥៧។ ផ្កាយរណប​របស់​សូវៀត​ដែល​​មាន​ឈ្មោះ​ថា “Sputnik” បាន​ក្លាយ​ទៅជា​ឧបករណ៍​ដំបូង​បង្អស់​ ដែល​ផលិត​ដោយ​មនុស្ស​ ហើយ​ដែល​អាច​ត្រូវ​បាន​គេ​បាញ់​បង្ហោះ​យក​ទៅដាក់​ក្នុង​​​គន្លង​តារាវិថី​ជុំវិញ​ផែនដី​។
 

ជោគជ័យ​របស់ Sputnik បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ផង និង​ព្រួយបារម្ភ​ផង នៅ​ក្នុង​ចំណោម​មេដឹកនាំ​សហរដ្ឋ​អាមេរិក។ ភ្ញាក់ផ្អើល​ដោយ​មើលឃើញ​ពី​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​អវកាស​​របស់​សូវៀត និង​ព្រួយបារម្ភ​ខ្លាច​ចាញ់​ប្រៀប​សូវៀត​ក្នុងវិស័យ​មីស៊ីល​នុយក្លេអ៊ែរអន្តរទ្វីប។ លោក Dwight Eisenhower ប្រធានាធិបតី​អាមេរិក​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុមការងារ​ផ្នែក​អវកាស​អាមេរិក​ពន្លឿន​គម្រោង​បាញ់បង្ហោះ​ផ្កាយរណប​ឲ្យ​បាន​ឆាប់​ជាងការ​គ្រោង​ទុក​ពីមុន។ ក៏ប៉ុន្តែ ការ​បាញ់​បង្ហោះ​ផ្កាយរណប​នេះ​ត្រូវ​ទទួល​បរាជ័យ នៅ​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​១៩៥៧ ដោយ​រ៉ុកកែត​ផ្ទុក​ផ្កាយរណប​ត្រូវ​ផ្ទុះ​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ក្រោយ​ពេល​ហោះ​ចេញ​ពី Cape Canaveral (Florida)។

រហូត​ទាល់តែ​ដល់​​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ១៩៥៨ ពោលគឺ ៤ខែ​ក្រោយ​ពី​ជោគជ័យ​របស់​សហភាព​សូវៀត ទើប​សហរដ្ឋ​អាមេរិក​អាច​ទទួល​ជោគជ័យ​ក្នុងការ​​បាញ់​បង្ហោះ​ផ្កាយរណប​របស់​ខ្លួន​​ទៅអវកាស។ ប៉ុន្មាន​ខែ​ក្រោយមកទៀត លោក Eisenhower ក៏​បាន​សម្រេច​បង្កើត​ស្ថាប័ន​ស៊ីវិល​មួយ​ឲ្យ​ទទួលបន្ទុក​ខាង​វិស័យ​អវកាស គឺ​ទីភ្នាក់ងារ​ NASA (National Aeronautics and Space Administration)។

ចាប់ពីឆ្នាំ​១៩៥៨ ការប្រកួតប្រជែង​ខាងផ្នែក​អវកាស​ រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​បាន​កើតឡើង​​យ៉ាង​ពេញ​ទំហឹង ក៏ប៉ុន្តែ សហភាព​សូវៀត​នៅតែ​ដើរមួយជំហាន​មុន​អាមេរិក ដោយ​បាន​បញ្ជូនយាន​គ្មាន​មនុស្ស​បើក​មួយគ្រឿង​ (Space probe/Sonde spatiale) ឲ្យ​ទៅ​ចុះចត​នៅលើ​ព្រះចន្ទ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៥៩ ហើយ​ជិត​២ឆ្នាំ​ក្រោយ​មកទៀត គឺ​នៅ​ខែ​មេសា ឆ្នាំ​១៩៦១ អវកាសយានិក​សូវៀត គឺ​លោក Yuri Gagarin ក៏​បាន​ក្លាយ​ទៅជា​មនុស្ស​ដំបូង​បង្អស់​ ដែល​បាន​ធ្វើ​ដំណើរ​​ទៅដល់​ទីអវកាស ព្រមទាំង​បាន​ហោះ​​​មួយ​ជុំ​ផែនដី​នៅ​ក្នុង​គន្លង​តារាវិថី។

ប្រមាណ​ជា ១ខែ​ក្រោយ​ពី​ជោគជ័យ​របស់ Yuri Gagarin លោក​ប្រធានាធិបតី​អាមេរិក John Kennedy ក៏​បាន​ប្រកាស​ជា​សាធារណៈ​ថា អាមេរិក​នឹង​បញ្ជូន​មនុស្ស​ឲ្យ​ទៅចុះចត​លើ​ដី​ព្រះចន្ទ​​ឲ្យ​បាន​មុន​ដំណាច់​ទសវត្សរ៍​ឆ្នាំ​៦០។ បេសកកម្ម​ទៅ​កាន់​ព្រះចន្ទ ដែល​គេ​ឲ្យឈ្មោះ​ថា Apollo ក៏​ត្រូវ​បាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៦២ ថវិកា​របស់​ទីភ្នាក់ងារ NASA ត្រូវ​បាន​សភា​អាមេរិក​បង្កើន​រហូតដល់​ទៅ​ជិត ៥០០% ហើយ​បន្តិចម្តងៗ កម្មវិធី​អវកាស​របស់​អាមេរិក​ក៏​ចាប់ផ្តើម​​មាន​ប្រៀប​លើ​សហភាព​សូវៀត​វិញ​ម្តង ដោយ​បាន​ទទួល​ជោគជ័យ​ក្នុងការ​​បញ្ជូន​យាន​ដឹក​អវកាសយានិក​ ៣នាក់ ឲ្យ​ទៅ​ហោះ​ជុំវិញ​ព្រះចន្ទ​ជាលើកដំបូង​បង្អស់​​ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៦៨។

ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​១៩៦៩ ម៉ោង ៩ និង​៣២នាទីព្រឹក ម៉ោង​នៅ​រដ្ឋ​ Florida សហដ្ឋ​អាមេរិក យានអវកាស​ដែល​គេ​ឲ្យឈ្មោះ​ថា “Apollo 11” ត្រូវ​បាន​អាមេរិក​បាញ់​បង្ហោះ​ចេញ​ពី Cape Canaveral ដោយ​នាំ​ទៅ​ជាមួយ​នូវ​អវកាស​យានិក​៣រូប គឺ​ Neil Armstrong, Buzz Aldrin និង Michael Collins។ គោលដៅ គឺ​ទៅ​ចុះចត​លើ​ព្រះចន្ទ។

៧៦ម៉ោងក្រោយមក ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​កាត់ទីអវកាស​ ក្នុង​ចម្ងាយផ្លូវ​ជិត ៤០ម៉ឺន​គីឡូម៉ែត្រ Apollo 11 ក៏​បាន​មក​ដល់​គន្លង​តារាវិថី​ជុំវិញ​ព្រះចន្ទ នៅថ្ងៃ​ទី១៩​កក្កដា ហើយ​មួយ​ថ្ងៃ​ក្រោយមក គឺ​នៅថ្ងៃ​ទី២០​កក្កដា Neil Armstrong និង Buzz Aldrin បាន​ធ្វើដំណើរ​តាម​យានតូច​មួយ​សំដៅ​ទៅ​ចុះចត​លើ​ព្រះចន្ទ ដោយ​ទុក​ឲ្យ Michael Collins ជា​អ្នក​បើកបរ​យានធំ នៅ​ចាំ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ព្រះចន្ទ។
 

Buzz Aldrin នៅ​ពេល​កំពុង​ចុះ​ពី​យាន​នៅលើ​ព្រះចន្ទ។ Neil Armstrong ដែល​ជា​អ្នក​ចុះ​ពី​យានមុន គឺ​ជា​អ្នក​ថតរូបនេះ។
Buzz Aldrin នៅ​ពេល​កំពុង​ចុះ​ពី​យាន​នៅលើ​ព្រះចន្ទ។ Neil Armstrong ដែល​ជា​អ្នក​ចុះ​ពី​យានមុន គឺ​ជា​អ្នក​ថតរូបនេះ។

នៅក្រោយ​ពេលដែល​កូនយាន​បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ព្រះចន្ទ Neil Armstrong គឺ​ជា​អ្នក​ដែល​បាន​ចេញ​ពី​យាន​​ឈានជើង​ជាន់ដី​ព្រះចន្ទ​មុន ហើយ ១៩នាទី​ក្រោយមក​ទៀត Buzz Aldrin ចេញ​ពី​កូនយាន។ បើទោះបី​ជា​មាន​គម្លាតគ្នា​តែ​ប៉ុន្មាន​នាទី Neil Armstrong ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មនុស្ស​ដំបូងបង្អស់ ដែល​បាន​ឈានជើង​ជាន់ដី​ព្រះចន្ទ ដោយ​បាន​ពោលពាក្យ​មួយ​ឃ្លា ដែល​ល្បីល្បាញ​រហូតមកទល់​នឹង​សព្វថ្ងៃ “That’s one small step for man, one giant leap for mankind”។

ជោគជ័យ​នៃ​បេសកកម្ម Apollo 11 នៅ​ឆ្នាំ​១៩៦៩ គឺ​ជា​ជោគជ័យ​ដ៏ធំមួយ​របស់​សហរដ្ឋ​អាមេរិក ដែល​បំពេញ​ទៅតាម​​ការ​ប្តេជ្ញា​របស់​លោក​ប្រធានាធិបតី John Kennedy ដែល​ថា​នឹង​បញ្ជូន​មនុស្ស​ទៅស្ថានព្រះចន្ទ​ឲ្យ​បាន​មុន​ដំណាច់​ទសវត្សរ៍​ឆ្នាំ​៦០ ហើយ​តាមរយៈ​ជោគជ័យ​ក្នុងការ​បញ្ជូន​មនុស្ស​ទៅ​ចុះចត​នៅ​លើ​ដី​ព្រះចន្ទ​នេះ សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ប្រវត្តិសាស្រ្ត​កត់ត្រា​ទុក​ថា​ជា​អ្នក​ឈ្នះ នៅ​ក្នុង​ការ​ប្រកួតប្រជែង​អវកាស ក្នុង​សង្រ្គាម​ត្រជាក់។

គិត​ជាសរុប នៅ​ក្នុង​ចន្លោះ ពី​ឆ្នាំ​១៩៦៩ ដល់​ឆ្នាំ១៩៧២​ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​មនុស្ស ១២នាក់​ឲ្យ​ទៅចុះចត​លើ​ព្រះចន្ទ នៅ​ក្នុង​បេសកកម្ម​ចំនួន ៦លើក។ សហភាព​សូវៀតវិញ បាន​ព្យាយាម​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ព្រះចន្ទ​ចំនួន ៤លើក ក៏ប៉ុន្តែ សុទ្ធតែ​ត្រូវ​​ទទួល​បរាជ័យ​។ មេដឹកនាំ​សូវៀត ក៏​បាន​សម្រេច​បញ្ឈប់​ជា​ស្ថាពរ​នូវ​​គម្រោង​បញ្ជូន​មនុស្ស​ទៅ​កាន់​ស្ថានព្រះចន្ទ នៅ​​ត្រឹម​ឆ្នាំ​១៩៧៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ