អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

សង្រ្គាមវៀតណាម៖ ចលនា​ប្រឆាំង​នឹង​សង្រ្គាម

សំឡេង ០៨:៣២
បាតុកម្ម​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម នៅ​រដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋ​អាមេរិក ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​១៩៦៧
បាតុកម្ម​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម នៅ​រដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋ​អាមេរិក ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​១៩៦៧

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​ អំពី​សង្រ្គាម​វៀតណាម ដោយ​លើកឡើង​ពី​ចលនា​ប្រឆាំង​នឹង​សង្រ្គាម ដែល​ជា​បច្ច័យ​ដ៏​សំខាន់​មួយ នៃ​បរាជ័យ​របស់​អាមេរិក​នៅ​វៀតណាម។

ផ្សាយពាណិជ្ជកម្ម

ចលនា​ប្រឆាំង​នឹង​អន្តរាគមន៍​យោធា​អាមេរិក​នៅ​វៀតណាម​បាន​ចាប់កំណើតឡើង​តាំង​ពី​ពេល​សង្រ្គាម​ទើប​នឹង​ផ្ទុះឡើង​ភ្លាម ដោយ​ដុះពន្លក​ដំបូង​ចេញ​ពី​ចលនា​និស្សិត​អាមេរិក ដែល​មាន​និន្នាការ​ឆ្វេងនិយម។ ក៏ប៉ុន្តែ នៅពេលនោះ ចលនា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម​នេះ គ្រាន់តែ​ជា​សំឡេង​ភាគតិច​តែ​ប៉ុណ្ណោះ នៅ​អាមេរិក។ ប្រជាជន​អាមេរិក​ភាគច្រើន​នាំគ្នា​គាំទ្រ​​អន្តរាគមន៍​យោធា​អាមេរិក​នៅ​វៀតណាម ដោយសារ​តែ​ពួកគេ​យល់ថា វា​ជា​រឿងចាំបាច់ ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​ទល់​នឹង​ពួក​កុម្មុយនិស្ត។

ក៏ប៉ុន្តែ បន្តិចម្តងៗ នៅ​ពេល​ដែល​សង្រ្គាម​វៀតណាម​ត្រូវ​អូសបន្លាយ​ពេល​កាន់តែ​យូរ ចំណាយ​អាយុ​ជីវិត​ទាហាន​អាមេរិក និង​​ថវិកា​កាន់តែ​ច្រើន ហើយ​ព័ត៌មាន​ស្តីពី​ការ​ស្លាប់​ជនស៊ីវិល​ស្លូតត្រង់​ចេះតែ​លេចឮ​ជា​ហូរហែរ ចលនា​ប្រឆាំង​​នឹង​សង្រ្គាម​វៀតណាម​ក៏​បាន​រីករាលដាល​ចេញ​ពី​មជ្ឈដ្ឋាន​សកលវិទ្យាល័យ ទៅជា​ចលនា​ប្រឆាំងទ្រង់ទ្រាយ​ធំ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ទាំងមូល។

មានកត្តា​ដ៏សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម​រីកដុះដាល​នៅ​ក្នុង​មជ្ឈដ្ឋាន​និស្សិត​អាមេរិក នោះ​គឺ​កាតព្វកិច្ច​យោធា ពោលគឺ ការ​តម្រូវ​ឲ្យ​យុវជន​ចូល​ធ្វើ​ទាហាន ហើយ​កេណ្ឌ​យក​ទៅ​ច្បាំង​នៅ​វៀតណាម។ បន្ថែម​ពីលើ​នេះ​ទៅទៀត ការបើក​ចំហ​នូវ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ លំហូរ​ដោយសេរី​នៃ​សារព័ត៌មាន បូករួម​ជាមួយ​នឹង​ការរីកដុះដាល​នៃ​ចលនា​ទាមទារ​សិទ្ធិពលរដ្ឋ​របស់​ពួក​ស្បែក​ខ្មៅ​អាមេរិក សុទ្ធសឹង​ជា​កត្តា​សំខាន់ៗ ដែល​ធ្វើ​ឲ្យ​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម​ត្រូវ​រីករាលដាល​នៅ​សហរដ្ឋ​អាមេរិក។
 

គិត​ត្រឹម​១៩៦៧ ចំនួន​កងទ័ព​អាមេរិក​​ដែល​​ត្រូវ​បញ្ជូន​ទៅ​ច្បាំង​នៅ​វៀតណាម​បាន​កើនឡើង​ដល់​ជិត​កន្លះលាននាក់, ចំនួន​កងទ័ព​អាមេរិក​ដែល​ស្លាប់​ក្នុង​សង្រ្គាម​បាន​កើនឡើង​ដល់​ទៅជាង​១ម៉ឺន៥ពាន់នាក់ ហើយ​របួស​រហូតដល់​ទៅ​ជិត​១១ម៉ឺននាក់, ថវិកា​ដែល​ត្រូវ​ចំណាយ​ក្នុងការ​ធ្វើ​សង្រ្គាម​បាន​កើនឡើង​ដល់​ទៅ​ប្រមាណ​ជា ២៥ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំ ហើយ​ចំនួន​អ្នក​ជាប់កាតព្វកិច្ច​យោធា​និង​ដែល​​អាច​ត្រូវ​បញ្ជូន​ទៅ​ច្បាំង​នៅ​វៀតណាម​​បាន​កើនឡើង​ដល់​ទៅ​៤ម៉ឺននាក់​ក្នុងមួយខែ។ នៅ​ពេលនោះ​ហើយ​ដែល​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម​ចាប់ផ្តើម​ផ្ទុះឡើង​ខ្លាំង។

អ្នក​ដែល​ធ្លាប់​ជឿ​ថា អន្តរាគមន៍​យោធា​របស់​អាមេរិក​នៅ​វៀតណាម គឺ​ជា​រឿង​ត្រឹមត្រូវ ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ ទល់​នឹង​របប​កុម្មុយនិស្ត​ផ្តាច់ការ ក៏​នាំគ្នា​បាត់បង់​ជំនឿ ដោយសារ​តែ​គេ​មើលឃើញ​ថា របបដឹកនាំ​វៀតណាម​ខាង​ត្បូង​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នោះ ក៏​​មិនមែន​ជា​របប​ប្រជាធិបតេយ្យ​សេរីនោះដែរ តែ​តាមពិត​មេដឹកនាំ​វៀតណាម​ខាង​ត្បូង ក៏​ជា​មេដឹកនាំ​ឃោរឃៅ​ផ្តាច់ការ​ដូចតែ​គ្នា ហើយ​អាក្រក់​ជាងរបប​​កុម្មុយនិស្ត​វៀតណាម​ខាងជើង​ទៅទៀត​នោះ គឺ​​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង​ជា​រដ្ឋាភិបាល​ដែល​ពោរពេញ​ទៅដោយ​អំពើ​ពុករលួយ និង​អសមត្ថភាព​ក្នុងការ​ចាត់ចែង​កិច្ចការ​ប្រទេសជាតិ។

នៅ​ខែ​មេសា ឆ្នាំ​១៩៦៧ ​លោក Martin Luther King មេដឹកនាំ​ចលនា​ទាមទារ​សិទ្ធិ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​បាន​ចេញមុខ​ជា​សាធារណៈ​ប្រឆាំង​នឹង​អន្តរាគមន៍​យោធា​អាមេរិក​នៅ​វៀតណាម។ សំឡេង​របស់​លោក Martin Luther King បាន​ទាក់ទាញ​​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ជាច្រើន​ឲ្យ​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម។ ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ ដែល​​មាន​ច្រើន​​ត្រូវ​ជាប់កាត្វកិច្ច​យោធា ហើយ​ត្រូវ​ស្លាប់ និង​របួស​ជាច្រើន​​នៅ​ក្នុង​សង្រ្គាម​វៀតណាម​។
 

លោក Martin Luther King នៅ​ពេល​ថ្លែង​សន្ទុរកថា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម នៅថ្ងៃទី២៧ ខែ​មេសា ឆ្នាំ​១៩៦៧
លោក Martin Luther King នៅ​ពេល​ថ្លែង​សន្ទុរកថា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម នៅថ្ងៃទី២៧ ខែ​មេសា ឆ្នាំ​១៩៦៧

នៅថ្ងៃ​ទី២១​ ខែ​តុលា ឆ្នាំ​១៩៦៧ បាតុកម្ម​ដ៏ធំមួយ​បាន​ផ្ទុះឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន ដោយ​បាតុករ​ប្រមាណ​ជា​១០ម៉ឺននាក់​​បាន​មក​ប្រមូលផ្តុំគ្នា​នៅឯ Lincoln Memorial ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម។ ក្នុង​ចំណោម​នោះ មាន​បាតុករ​ប្រមាណ​ជា ៣ម៉ឺននាក់ បាន​នាំគ្នា​ដើរដង្ហែក្បួន​ទាំងយប់ ឆ្ពោះទៅកាន់​មន្ទីរប៉ង់តាហ្គោន រហូត​ដល់​មាន​ការប៉ះទង្គិចគ្នា​ដោយ​ហិង្សា​ជាមួយ​នឹង​ទាហាន​​និង​កងសន្តិសុខ​​ ហើយ​បាតុករ​រាប់រយនាក់​ត្រូវ​បាន​ចាប់ខ្លួន។

នៅ​ដើមឆ្នាំ​១៩៦៨ ការស្ទាបស្ទង់មតិ​មួយ​បង្ហាញ​ថា ប្រជាជន​អាមេរិក​ប្រមាណ​ជា ៥០% ប្រឆាំង​នឹងនយោបាយ​របស់​លោក​ប្រធានាធិបតី Lyndon Johnson នៅវៀតណាម ហើយ​មានតែ​ ៣៥%​ប៉ុណ្ណោះដែលគាំទ្រ។ ចលនា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម​ក៏​បាន​ក្លាយ​ទៅជា​បញ្ហា​នយោបាយ​ផ្ទៃក្នុង​អាមេរិក​កាន់តែ​ធ្ងន់ធ្ងរ​ រហូត​ធ្វើ​​ឲ្យ​លោក Lyndon Johnson ត្រូវ​បង្ខំ​ចិត្ត​ដកខ្លួន​លែងឈរឈ្មោះ​ជា​ប្រធានាធិបតីសម្រាប់​អាណត្តិ​ថ្មី។

លោក Richard Nixon បាន​ជាប់​ឆ្នោត​ឡើង​មក​ធ្វើ​ជា​ប្រធានាធិបតី​ជំនួស​លោក Lyndon Johnson នៅ​ឆ្នាំ​១៩៦៩ ក៏ប៉ុន្តែ ការ​ផ្លាស់ប្តូរ​ប្រធានាធិបតី​អាមេរិក​នេះ​មិនបាន​ធ្វើ​ឲ្យ​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម​ត្រូវ​ថមថយ​ចុះ​នោះទេ ផ្ទុយទៅវិញ មានតែ​កើនឡើង​កាន់តែ​ខ្លាំង ជាពិសេស គឺ​នៅ​ក្រោយ​ពេល​ដែល​លោក Richard Nixon សម្រេច​ពង្រីក​ប្រតិបត្តិការ​យោធា​ចូល​ទៅឈ្លានពាន​ដល់​ទឹកដី​កម្ពុជា។
 

លោក​រីឆាត និចសុន (Richard Nixon) ប្រធានាធិបតី​អាមេរិក នៅ​ក្នុង​ពេល​ប្រកាស​ឲ្យដឹង​អំពី​ការ​ទម្លាក់គ្រាប់បែក​លើ​កម្ពុជា នៅថ្ងៃ​ទី៣០ មេសា ១៩៧០
លោក​រីឆាត និចសុន (Richard Nixon) ប្រធានាធិបតី​អាមេរិក នៅ​ក្នុង​ពេល​ប្រកាស​ឲ្យដឹង​អំពី​ការ​ទម្លាក់គ្រាប់បែក​លើ​កម្ពុជា នៅថ្ងៃ​ទី៣០ មេសា ១៩៧០

នៅថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​១៩៧០ លោក Richard Nixon បាន​ចេញមុខ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ ដោយ​ប្រកាស​ជា​សាធារណៈ​អំពី​ប្រតិបត្តិការ​​យោធា​អាមេរិក​​ឈ្លានពាន​ទៅលើ​ទឹកដី​កម្ពុជា​ ព្រមទាំង​ប្រកាស​កេណ្ឌទាហាន​ចំនួន ១៥ម៉ឺននាក់​បន្ថែម​ទៀត ដើម្បី​ពង្រីក​សង្រ្គាម​នៅ​វៀតណាម។ ភ្លាមៗ​ក្រោយ​ពី​មាន​សេចក្តីប្រកាស​នេះ បាតុកម្ម​ទ្រង់ទ្រាយធំ​​ជាច្រើន​បាន​កើតមានឡើង​នៅ​ស្ទើរតែ​គ្រប់កន្លែង នៅ​ពាសពេញ​សហរដ្ឋ​អាមេរិក ជាពិសេស នៅ​តាម​សកលវិទ្យាល័យ។

នៅថ្ងៃ​ទី៤​ឧសភា បាតុកម្ម​​​ប្រឆាំង​នឹង​ការឈ្លានពាន​កម្ពុជា ដែល​ធ្វើឡើង​ដោយ​និស្សិត​នៅ​សកលវិទ្យាល័យ​ Kent State រដ្ឋ Ohio បាន​រាលដាល​ទៅជា​អំពើ​ហិង្សា ហើយ​ទាហាន​ (National Guard) ដែល​ត្រូវ​បាន​ដាក់ពង្រាយ​ឲ្យ​ទៅ​ទប់ស្កាត់​បាតុកម្ម បាន​បើក​ការ​បាញ់​ប្រហារ​ទៅលើ​ហ្វូងបាតុករ​ដោយ​ឥតរើសមុខ ដោយ​បណ្តាល​ឲ្យ​និស្សិត ៤នាក់​ត្រូវ​បាត់បង់​ជីវិត និង​៩នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។ ១០ថ្ងៃ​ក្រោយ​មក​ទៀត​ ហេតុការណ៍​ស្រដៀងគ្នា​បាន​កើតមានឡើង នៅ​ឯ​សកលវិទ្យាល័យ Jackson State ក្នុង​រដ្ឋ Mississipi ដោយ​បាតុករ​និស្សិត​២នាក់​ត្រូវ​ស្លាប់ ដោយ​ការ​បាញ់​បង្រ្កាប​ពី​សំណាក់​​កងកម្លាំង​សមត្ថកិច្ច​។

ហេតុការណ៍​ទាំងពីរ​នេះ​បាន​ដុតបញ្ឆេះ​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម​ឲ្យ​​​ឆេះសន្ធោរសន្ធៅ​កាន់តែ​ខ្លាំង បង្ក​ឲ្យ​មាន​បាតុកម្មហិង្សា​នៅ​ទូទាំង​ប្រទេស ហើយ​សកលវិទ្យាល័យ​រហូតដល់​ទៅ​ជិត​៥០០​កន្លែង​​ត្រូវ​បិទទ្វារ​លែង​ដំណើរការ ដោយសារ​តែ​បាតុកម្ម​ប្រឆាំង​សង្រ្គាម។

នៅថ្ងៃទី២៣ ខែ​មេសា ឆ្នាំ​១៩៧១ អតីត​ទាហាន​អាមេរិក​ដែល​ធ្លាប់​ទៅ​ច្បាំង​នៅ​វៀតណាម​បាននាំគ្នា​​យក​មេដាយ​ប្រមាណ​ជា ៧០០ ទៅ​បោះចោល​នៅ​ជើងជណ្ដើរ​វិមាន​កាពីតូល (វិមាន​សភាអាមេរិក) ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​សង្រ្គាម ហើយមួយថ្ងៃ​ក្រោយ​មក​ទៀត បាតុកម្ម​ដ៏ធំបំផុត​មិន​ធ្លាប់​មាន ​បាន​ផ្ទុះឡើង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន ដោយ​បាតុករ​​ប្រមាណ ៥០ម៉ឺននាក់ បាន​នាំគ្នា​ដើរដង្ហែក្បួន​ទាមទារ​ឲ្យ​អាមេរិក​ដកទ័ព​ចេញ​ពី​វៀតណាម។

ចលនា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម​នេះ​ចេះតែ​បន្ត​កើតមាន​រហូត​ទាល់តែ​អាមេរិក​ដក​កងទ័ព​ចេញ​ពីវៀតណាម នៅ​ឆ្នាំ​១៩៧៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ