អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើត្រូវមានផែនការថ្មីជួយសង្គ្រោះក្រិក ដែរ​ឬទេ?

សំឡេង ០៤:០១
ហាង​ទំនិញ​ជា​ច្រើន​នៅ​ទីក្រុង​ Athènes ត្រូវ​បិទ​ទ្វារ​ដោយ​វិបត្តិ​សេដ្ឋកិច្ច រូបថត​ថ្ងៃ​ទី ១២​ សីហា២០១៣
ហាង​ទំនិញ​ជា​ច្រើន​នៅ​ទីក្រុង​ Athènes ត្រូវ​បិទ​ទ្វារ​ដោយ​វិបត្តិ​សេដ្ឋកិច្ច រូបថត​ថ្ងៃ​ទី ១២​ សីហា២០១៣ REUTERS/Yorgos Karahalis

សញ្ញា​វិជ្ជមាន​បានកើត​មាន​ជាបន្ត​បន្ទាប់​​នៅ​ក្នុង​តំបន់​អឺរ៉ូ អឺរ៉ុប កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ច្រក​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ។​ នៅ​ប្រទេសបារាំង​​ផលិតផល​សរុប​ក្នុង​ស្រុក​មាន​កំណើន (០,៥%) ​ជាង​ការ​គ្រោងទុក។ ហើយ​កាលពី​ថ្ងៃ​អង្គារ​ តួលេខ​របស់​អឺរ៉ូស្តាត បាន​បង្ហាញ​ថា​ផលិតផល​ឧស្សាហកម្ម​នៅតំបន់​អឺរូ​បាន​កើន​ឡើង ០,៧% ដែល​ខ្ពស់​ហួសពី​ការ​ស្មាន​ទុក។ បើ​គិត​តាម​​ប្រទេស​មួយ​ដាច់​ដោយ​ឡែក​ពី​គ្នា ក្រិក មាន​កំណើនផលិតកម្ម​ដល់​ទៅ​២,៥%។ បើ​មាន​កំណើន​ផលិតកម្ម​​វិញ​ហើយ តើ​ក្រិក​ ដែល​បាន​ស្គាល់​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​តាំង​ពី​​៦​ឆ្នាំ​មុន​មក នៅ​តែ​ត្រូវ​ការ​ផែនការ​ជួយ​សង្គ្រោះ​ពី​អឺរ៉ុប​ទៀត​ឬ​យ៉ាងណា ?!

ផ្សាយពាណិជ្ជកម្ម

 

នេះ​គឺ​ជា​សំណួរ​ដែល​មាន​​ចោទសួរ​​ខ្លាំង យ៉ាង​ទទូច ​នៅ​ប្រទេស​អាល្លឺម៉ង់។ ​ប៉ុន្តែ​រដ្ឋាភិបាល​​របស់​លោកស្រី មែរគែល​ មិន​ចង់​ធ្វើ​អត្ថាធិប្បាយ ឬ​ ​បក​ស្រាយ​បន្ថែម​បន្ថយ​អ្វី​ឡើយ បន្ទាប់​ពី​កាសែត​អាល្លឺម៉ង់​មួយ​បាន​បង្ហើប​បង្ហាញ​អំពី​ផែនការ​ជួយ​សង្គ្រោះ​ក្រិក​ នៅ​ឆ្នាំ​២០១៤​។ កាសែត​បាន​ចុះ​ផ្សាយ​របាយការណ៍​ផ្ទៃក្នុង​របស់​ធនាគារ​កណ្តាល​អាល្លឺម៉ង់ ដែល​ទំនង​សម្រាប់​ផ្ញើ​ទៅ​ក្រសួង​ហិរញ្ញវត្ថុ និង​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ ថា​ ​អន្តរជាតិ​គួរ​តែ​ព្រមព្រៀង​ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រិក​ នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​អាល្លឺម៉ង់ ថ្ងៃ​ទី ២២​កញ្ញា២០១៣ ឬ យ៉ាងយូរ​នៅ​ដើម​ឆ្នាំ​២០១៤។ ប្រាក់​កម្ចី​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត ព្រោះ​រដ្ឋាភិបាល​ក្រិក​បច្ចុប្បន្ន​មិន​បាន​បញ្ចេញ​លទ្ធភាព​គួរជាទី​ពេញ​ចិត្ត​នៅ​ឡើយ​ទេ។

មាន​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ តាំង​ពី​៦​ឆ្នាំ ក្រិក​បាន​ទទួល​ផែនការ​សង្គ្រោះ​ពី​រ​លើក នៅឆ្នាំ​២០១០ និង​២០១២ ពី​មូលនិធិ​រូបិយវត្ថុ គណៈកម្មការអឺរ៉ុប និង​ធនាគារ​កណ្តាល​អឺរ៉ុប ក្នុង​ទំហំ​ទឹក​ប្រាក់ ២៤០​ពាន់​លានអឺរ៉ូ។ ប៉ុន្តែ​ប្រាក់​កម្ចី​នេះ​នឹង​ត្រូវផ្តល់​ជា​ដំណាក់កាលៗ ទៅ​តាម​ស្ថាន​ភាព​ជាក់ស្តែង​នៃ​សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុង​អាថែន។ កាលពី​ថ្ងៃទី​៤​កក្កដា ប្រទេស​ក្នុង​តំបន់​អឺរ៉ូ បាន​ទម្លាយ​ប្រាក់​៤ពាន់​លានអឺរ៉ូ​​ឱ្យ​ក្រិក ប៉ុន្តែ​ពេល​នោះ​អាល្លឺម៉ង់​ប្រឆាំង​យ៉ាងខ្លាំង​ដោយ​យល់​ថា​រដ្ឋាភិបាល​លោក សាម៉ារ៉ា​ មិន​បាន​ប្រឹង​ប្រែង​បំពេញ​អាទិភាព​ដូច​ការ​ទាមទារ។

ពេល​នេះ​ កំណើន​ផលិតកម្ម​ក៏​មាន ផលិតផលសរុប​ក្នុង​ស្រុក​ក៏​ធ្លាក់​ចុះ​តិច​ជាង​ការ​គ្រោងទុក ! ជា​សរុប​សេដ្ឋកិច្ច​ក្រិក​មាន​សុខភាព​ប្រសើរ​ឡើង​បន្តិច ព្រោះ​ដំបូង​ឡើយ​អ្នក​ជំនាញ​សេដ្ឋកិច្ច​គិត​ថា​នៅ​ត្រីមាន​ទីពីរ​នេះ ក្រិក​អាច​នឹង​មាន​ផលិតផល​សរុប​ក្នុង​ស្រុក​ធ្លាក់​ចុះ​ដល់​ទៅ ៥% ប៉ុន្តែ​សម្រេច​សម្រួច​ទៅ​គឺ​ធ្លាក់​តែ​៤,៦%​ប៉ុណ្ណោះ។ ​នៅ​ចុង​ឆ្នាំ ការ​ធ្លាក់​ចុះ​នឹង​រួញ​មក​​ត្រឹម​តែ​៤,២%​ទេ ព្រោះ​តែ​ឥទ្ធិពល​នៃ​សកម្មភាព​ទេសចរណ៍​ក្នុង​រដូវ​ក្តៅ​នេះ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក្រិក​បន្ត​ធ្វើ​ឯកជនភាវូបនីកម្ម​ ឱ្យ​បាន​ប្រាក់​ជាង​១ពាន់​លាន​អឺរ៉ូ​កន្លះ​បន្ថែម​ទៀត ស្រប​តាម​ពាក្យ​សន្យា​ជាមួយ​នឹង​ម្ចាស់​បំណុល​អន្តរជាតិ​។
អត្រា​អ្នកអត់​ការងារ​ធ្វើ​នៅ​ខ្ពស់ ឡើង​ដល់​កំរិត​កំពូល​កាលពី​ខែ​ឧសភា នឹង​ត្រូវ​ធ្លាក់​ចុះ​មក​វិញ​​នៅ​រវាងឆ្នាំ​២០១៥។ បំណុល​សាធារណៈ​លើស​ពី​១៦០,៥%​ នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ក៏​នឹង​ត្រូវ​កាត់បន្ថយ​ នៅ​ក្នុង​រយៈ​ពេល​តែ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

គ្រប់​អ្នក​ឯកទេស​​​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ជំនួយ​សង្គ្រោះក្រិក សុទ្ធ​តែ​បង្ហាញ​អំពី​ការ​សង្ស័យ​លើ​សមត្ថភាព​របស់​ក្រុង​អាថែន​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​វិបត្តិ។ ធនាគារ​កណ្តាល​អាល្លឺម៉ង់ ​មាន​មន្ទិល​ថា​ផែនការ​២៤០​ពាន់​លាន​ ព្រមព្រៀង​កាលពី​ឆ្នាំ​មុន គ្រប់គ្រាន់​ហើយ​សម្រាប់​ក្រិក។ ការចរចា​ថ្មី​ដែល​ថា​ចាំ​បាច់​ត្រូវ​ធ្វើ​នៅ​ពីរ​បី​ខែ​ខាង​មុខ​នេះ​ គឺ​ដើម្បី​កំណត់​អំពីការ​​ផ្តល់​ប្រាក់​មួយ​វគ្គ​ទៀត​។ បើ​តាម​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ ក្រិក​ត្រូវការ​ប្រមាណ​១១​ពាន់​លាន​អឺរ៉ូ សម្រាប់​ធានា​ចិញ្ចឹម​ប្រទេស​ក្នុង​ឆ្នាំ​២០១៤ និង​ ២០១៥។ ប្រសិន​បើ​មាន​ការ​ពិភាក្សា​គ្នា​មែន​ នោះនឹង​មាន​ការ​ជជែក​តឹង​សរសែ​កខ្លាំង​ ព្រោះ​អាល្លឺម៉ង់ មាន​ជំហរ​​ប្រឆាំង​ដាច់​ខាតនឹង​អ្វី​ដែល​គ្រប់គ្នា​យល់​ថា​សមហេតុ​សមផល ៖ សើរើ​មើល​រចនាសម្ព័ន្ធ​បំណុល​ក្រិក​ជា​ថ្មី​ទៀត​នោះ​។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​​អាល្លឺម៉ង់​ ដែល​ល្បី​ថា​ជា​អ្នក​មាន​ជំហរ​ដាច់​ខាត​ខ្លាំង​នឹង​ផែនការ​សង្គ្រោះ​ប្រទេស​ជួប​វិបត្តិ​ បាន​មើល​ឃើញ​ថា​ក្រិក​កំពុង​ធ្វើ​ដំណើរ​តាម​ទិស​ល្អ និងមិន​ចាំ​​ត្រូវ​ការ​ជំនួយ​បន្ថែម​ទេ។

យ៉ាង​ណាក៏​ដោយ​ សំណុំ​រឿង​ក្រិក​នឹង​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​សម្រាប់​អាល្លឺម៉ង់ ក្នុង​ដំណាក់កាល​ឃោសនា​បោះឆ្នោត​សភា ដែល​ភាគី​បក្ខដិបក្ខ​អាច​យក​មក​ធ្វើ​នុយ​សម្រាប់​វាយប្រហារ​ភាគី​ម្ខាង​ទៀត​ឱ្យ​បាត់​លំនឹង។ រដ្ឋាភិបាល​របស់​លោក​ស្រី​អង់ហ្គឺឡា​ មែរគែល បាន​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​​បក្ស​ប្រឆាំង​ ថា​បាន​បិទ​បាំង​ និង​ភូត​ភរ​​ស្ថានភាព​ពិត ដ៏​ធ្ងន់ធ្ងរ​របស់​ក្រិក​ ដល់​ម្ចាស់​ឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ