អានតួអត្ថបទ
អ៊ីរ៉ាក់

អង្គការ​សហ​ប្រជាជាតិ​​​បញ្ជូន​ជំនួយមនុស្សធម៌​​ទៅ​អ៊ីរ៉ាក់​

ជនភៀសខ្លួន​​សាសនា​យ៉ាហ្ស៊ីឌី (គោរពព្រះតែមួយអង្គ) បាន​ធ្វើបាតុកម្ម កាលពីថ្ងៃ​​១៧សីហា ​ទាមទារ​អោយ​មាន​ការការពារ​និង​ជម្លៀស​ពួកគេ​ទៅ​ប្រទេស​មាន​​​សុវត្ថិភាព នៅ​​អឺរ៉ុប និង​អាមេរិក។
ជនភៀសខ្លួន​​សាសនា​យ៉ាហ្ស៊ីឌី (គោរពព្រះតែមួយអង្គ) បាន​ធ្វើបាតុកម្ម កាលពីថ្ងៃ​​១៧សីហា ​ទាមទារ​អោយ​មាន​ការការពារ​និង​ជម្លៀស​ពួកគេ​ទៅ​ប្រទេស​មាន​​​សុវត្ថិភាព នៅ​​អឺរ៉ុប និង​អាមេរិក។ REUTERS/Youssef Boudlal (IRAQ - Tags: CIVIL UNREST POLITICS) Ed

នៅថ្ងៃពុធ​២០សីហា​នេះ ឧត្តមស្នងការ​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​ជន​ភៀសខ្លួន ​HCR ​​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ភាគខាងជើង​អ៊ីរ៉ាក់ ដើម្បី​ជួយ​ជនភៀសខ្លួន​​​កន្លះលាននាក់ នៅ​ទីនោះ។ យោងតាម​​អង្គការ​ HCR បច្ចុប្បន្ន​នេះ ជនភៀសខ្លួន​ពី​ការប្រយុទ្ធ​ហិង្សា​នៅ​អ៊ីរ៉ាក់ ​មាន​ប្រមាណ​១លាន២សែននាក់។ ពេលនេះ អាមេរិក​កំពុង​​ជួយ​កងទ័ព​​អ៊ីរ៉ាក់តាមផ្លូវអាកាស​​ប្រឆាំង​នឹង​ក្រុម​ជីហាត។ កងទ័ពអ៊ីរ៉ាក់​​កំពុងប្រយុទ្ធ​​​​​ដណ្តើម​យក​​​​ក្រុង​ទីគ្រីត​ ពី​ក្រុម​ជីហាត​មកវិញ។​​

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ​នេះ ឧត្តមស្នងការ​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ​HCR បើក​​​​ប្រតិបត្តិការ​​ផ្តល់​ជំនួយ​​មនុស្សធម៌ដល់​​ជនភៀសខ្លួន​កន្លះលាន​នាក់ ​នៅ​ភាគ​ខាងជើង​​​​អ៊ីរ៉ាក់។ ប្រតិបត្តិការ​មនុស្សធម៌​​ដ៏ធំ​នេះ​ ត្រូវ​​ធ្វើឡើង​តាម​ផ្លូវអាកាស ផ្លូវទឹក និង​ជើងគោក។​ ​​​​ក្នុង​​រយៈ​ពេល​៤ថ្ងៃ ​តាម​ផ្លូវអាកាស​​ ជំនួយនឹង​បញ្ជូន​​​ចាប់ពី​ក្រុង​ឆ្នេរ​អាកាបា នៅ​ភាគខាងត្បូង​​​​ហ្សកដានី រហូត​ដល់​រដ្ឋធានី​អ៊ែរប៊ីល ​ក្នុង​តំបន់ស្វ័យត​គៀឌីស្តង់ ភាគខាងជើង​អ៊ីរ៉ាក់។ ​បន្ទាប់មក ​​ អង្គការ​ HCR ​បន្ត​​បញ្ជូន​ជំនួយ​​តាម​ជើងគោក ​ចេញ​ពី​តួកគី ​និង​ហ្សកដានី យក​ទៅ​​អ៊ីរ៉ាក់ទៀត។ ក្នុង​ពេល​ដំបូង ​អង្គការ​ HCR ​បញ្ជូន​សម្ភារៈ​ដូចជា​ ជំរំ​ ភួយ ចានឆ្នាំង​ដាំបាយ ​ជាដើម ទៅ​អោយ​ជនភៀសខ្លួន។

យោងតាម​លោក​អេដវ៉ាដ អាឌ្រីយាន ជា​អ្នកនាំពាក្យ​អង្គការ​HCR ​ក្នុង​ប៉ុន្មាន​ថ្ងៃ​​ខាងមុខ​នេះ ​នឹង​មាន​ការបោះ​​ជំរំ​ថ្មីៗច្រើន​ទៀត ​សម្រាប់​ជនភៀសខ្លួន​ នៅ​​ក្រុង​ដូហ៊ូក និង​អ៊ែរប៊ីល ក្នុង​តំបន់​ស្វ័យត​គៀឌីស្តង់អ៊ីរ៉ាក់។ ​យោងតាម​​អង្គការ​ HCR ​​ជនភៀសខ្លួន​ភាគច្រើន​ កំពុង​ជ្រកកោន​នៅ​តាម​សាលារៀន អគារ​ផ្សេងៗ និង​​វិហារ​ ​ទាំង​វិហារ​សាសនា​អ៊ីស្លាម ទាំង​វិហារ​គ្រិស្ត​សាសនា។ ​ឧត្តមស្នងការ​ជាន់ខ្ពស់​​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀសខ្លួន​​ HCR ​​សង្ឃឹម​ថា ​នឹង​ទទួល​​បាន​​ជនភៀសខ្លួន​​១សែន៤ម៉ឺននាក់ ​ក្នុង​តំបន់។ 

​នៅអ៊ីរ៉ាក់ ​​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​បាន​វាយលុក​ដណ្តើម​​តំបន់​ជាច្រើន ​ពី​រដ្ឋអំណាច​ នៅ​តាម​ភាគខាងជើង ខាងលិច និង​ខាងកើត យក​មក​កាន់កាប់។ ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​ក៏បាន​វាយលុក​​​យក​ដែនដី​ផ្សេងទៀត នៅ​ប្រទេស​ស៊ីរី ​ក្បែរនោះ​ដែរ។ ​ដោយសារ​ហិង្សា​ក្រុមជីហាត ​​ ​​​​ជនភៀសខ្លួន​​សាសនា​យីហ្ស៊ីឌី​ បាន​នាំគ្នា​ចាកចេញ​ពី​តំបន់​ស៊ីនចានៅ​ស៊ីរី ធ្វើដំណើរ​មក​ជ្រកតាម​ភ្នំ ក្នុង​តំបន់​គៀឌីស្តង់។ ​ពេលនេះ ​ចំនួន​​មនុស្ស​ដែល​​ភៀសខ្លួន​​ ពី​តំបន់​​ស៊ីនចា ​ចូល​ទៅ​តំបន់​ដូហ៊ុកអ៊ីរ៉ាក់​​ បាន​ថយចុះហើយ ថយ​មកនៅត្រឹម​​ជាង​១០០នាក់​ ក្នុង​មួយថ្ងៃ ខុសពី​​​កាលដើមខែ​សីហា ដែល​​​មាន​រហូត​ដល់​ទៅ​រាប់ពាន់នាក់ ក្នុង​មួយថ្ងៃៗ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ