អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

​កញ្ឆា​ និង​ការ​ស្រាវជ្រាវ​រក​ថ្នាំ​បំបាត់​ញៀន​

សំឡេង ០៧:៥៤
ការរៀប​ចំ​ដាក់​កញ្ឆា​ជា​កញ្ចប់ៗ​សម្រាប់​លក់​ជួន​អតិថិជន​នៅ​កូឡូរ៉ាដូ សហរដ្ឋ​អាមេរិក
ការរៀប​ចំ​ដាក់​កញ្ឆា​ជា​កញ្ចប់ៗ​សម្រាប់​លក់​ជួន​អតិថិជន​នៅ​កូឡូរ៉ាដូ សហរដ្ឋ​អាមេរិក © Reuters

ចាប់​ពី​ថ្ងៃ​ទី ០១​មករា ២០១៤ នៅ​រដ្ឋ​កូឡូរ៉ាដូ​សហរដ្ឋអាមេរិក កញ្ឆា ក្លាយ​ជា​របស់​ស្រប​ច្បាប់​ មាន​ដាក់​លក់​ និង​រក​ទិញ​ដោយ​សេរី។ នេះ​អាច​ចាត់​ទុក​ថា​លើក​ទីមួយ នៅ​សហរដ្ឋ​អាមេរិក​ ឬ​នៅ​លើ​ពិភពលោក ដែល​កញ្ឆា​ត្រូវ​ទទួល​ស្គាល់​ដោយ​ច្បាប់។ ពេល​នេះ​សម្ពាធ​សង្គម សម្ពាធ​សេដ្ឋកិច្ច​ បាន​ទទួល​ជោគជ័យ​មែន នៅ​រដ្ឋ​កូឡូរ៉ាដូ ប៉ុន្តែ​ផលវិបាក​នៃ​ការ​ជក់​កញ្ឆា​ចំពោះ​សុខភាព​​ ក៏​គ្មាន​នរណា​អាច​បដិសេធ​បាន​ឡើយ បើ​ទោះ​បី​ជា​ពេល​ខ្លះ​វេជ្ជសាស្ត្រ​ងាក​ទៅ​រំពឹង​​កញ្ឆា​​ ដើម្បី​ព្យាបាល​ជំងឺ​ក៏​ដោយ​ក្តី។ ទន្ទឹម​នឹង​ការ​បំផុស​បំផុល​អំពី​គ្រោះ​ថ្នាក់ ក្រុម​អ្នក​ស្រាវជ្រាវ​កំពុង​រក​ឃើញ​ជា​បណ្តើរៗ​ ​ថ្នាំ​ប្រឆាំង​ភាព​ញៀន​ជួយ​សង្គ្រោះ​អ្នក​​​ចង់​ផ្តាច់​​​កញ្ឆា។

ផ្សាយពាណិជ្ជកម្ម

ជា​ការ​កំសាន្ត​ បែប​ផ្សេង ! ចង់​មាន​អារម្មណ៍​រំភើប រីករាយ ភ្លើន​ភ្លើន ចង់​សាកល្បង​ស្វែង​សុភមង្គល​ក្នុង​ផ្លូវ​អារម្មណ៍ បន្ធូរ​ភាព​តានតឹង និង​សាកល្បង​ស្វែង​រក​អារម្មណ៍​ថ្មី​ប្លែកៗ ឱ្យ​កាន់​តែ​អណ្តែត​អណ្តូង នេះ​ហើយ​ជា​ចំណង់​ដំបូង​ដែល​ជំរុញ​ឱ្យ​ចង់​ភ្លក្ស​កញ្ឆា ភ្លក្ស​គ្រឿង​ញៀន ! មួយ​ខ្សឺត ​ពី​ខ្សឺត​ដំបូង ហាក់​នាំ​អារម្មណ៍​យើង ឱ្យ​បាន​ជួប​នឹង​សេចក្តី​សុខ សប្បាយមែន​ ប៉ុន្តែ​នៅ​ពេល​ដែល​អារម្មណ៍​សប្បាយ​រីករាយសិប្បនិម្មិត​រសាត់ បាត់​ទៅ តើ​មាន​អ្វី​នៅ​បន្សល់ទុក​ក្នុង​ខ្លួនទេ ? មាន​ នោះ​គឺ​ភាព​ញៀន ភាព​ត្រូវ​ការ​ដែល​មិន​អាច​ខ្វះ​បាន ​នោះ​ការ​ជក់​កញ្ឆា ក្លាយ​ជា​កង្វះ ​ជា​តម្រូវ​ការ​មិន​អាច​ខាន​បាន។

កញ្ឆា​ជា​ប្រភេទ​គ្រឿង​ញៀន​ម្យ៉ាង​ដែល​ច្បាប់​អន្តរជាតិ​ចាត់​ទុក​ថា​ជា​គ្រឿង​ញៀន​ខ្សោយ តាំងពី​សតវត្ស​ទី ២០ មក ជា​ហេតុ​ធ្វើ​ឱ្យ​គេ​មិន​សូវ​ចាប់​អារម្មណ៍ខ្លាំង ​ពី​គ្រោះថ្នាក់​នៃ​ការ​ជក់វា​​ទេ។ ការ​ពិត​កញ្ឆា​ ឬ ជា​ភាសា​បារាំង Cannabis Marijuana, joint, Haschich, Hach, ឬ Shit អាច​បង្ក​ផល​វិបាក​យ៉ាង​ច្រើន​ណាស់​ដល់​សុខភាព។ កាន់​តែ​ឆាប់​ចាបផ្តើម (ក្មេង) កាន់​តែ​គ្រោះថ្នាក់​ខ្លាំង។

 
ពាក្យ​ថា​ខ្សោយ ព្រោះ​កញ្ឆា​ ជា​គ្រឿង​ញៀន ដែល​មាន​ប្រតិកម្ម​យឺត ប៉ុណ្ណោះ ! តែ​នៅ​ពេល​បាន​ចូល​ជ្រាប​ដល់​ក្នុង​សពាង្គកាយ​មនុស្ស​ណា​ហើយ មនុស្ស​នោះ​ត្រូវ​ការ ពេល​វេលា​យូរ​ណាស់​សម្រាប់ បំផ្លាញ​សារធាតុ THC​របស់​កញ្ឆា​នេះ​វិញ។

 
បើតាម​លោក សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Pr. Costentin, បណ្ឌិត​ឱសថសាស្ត្រ នៅ Rouen  ប្រទេស​បារាំង៖
 
"នៅពេលដែលសារធាតុសកម្មរបស់កញ្ឆា បានចូលទៅដល់ខួរក្បាល វានឹងធ្វើការវិវត្តន៍ ឥទ្ធិពលពិសេសរបស់វា បានន័យថា សារធាតុនេះមិនរលាយ ឬ មិនត្រូវបានបំផ្លាញ ចោលទៅវិញទេ តែវាទៅរលាយចូលក្នុងខួរក្បាល​ ហើយសំងំលាក់ខ្លួននៅ​ទីនោះ រាប់ថ្ងៃ រាប់ អាទិត្យក៏មាន។ កញ្ឆាមិនមែនជាគ្រឿងញៀនខ្សោយធម្មតាទេ តែវាជាគ្រឿងញៀនយឺត។ វាមាន​សកម្មភាពយឺតៗ មកកកប្រមូលផ្តុំគ្នានៅក្នុងខួរក្បាល ដែលជាហេតុធ្វើឱ្យអ្នកជក់ វ័យ​កាន់​តែ​ក្មេងកាន់តែញៀន ខ្លាំង​ឡើងៗ កាន់​តែ​ត្រូវការ​ឡើងៗ ក្លាយជាតម្រូវការ ដែលមិនអាចខានបាន មិនអាចទប់ជាប់។"

ឥទ្ធិពល​ដែល​បង្ក​ឡើង​ដោយ​កញ្ឆា​មិនមែន​ជា​គ្រោះថ្នាក់​ស្រាល​សាមញ្ញ​ធម្មតា ដូចការ ដែល​គ្រប់គ្នា​បាន​គិត​នោះ​ទេ។ ពេល​ខ្លះ កញ្ឆា​ផ្តល់​គ្រោះ​មហន្តរាយ​យ៉ាង​ខ្លាំង​ចំពោះ សុខភាព និង​សង្គម។ មិន​ខុស​ពី​បារី​ទេ ផ្សែង​កញ្ឆា​ក៏​មាន​បង្កប់​ទៅ​ដោយ​សារធាតុ​ពុល​ពី​ធម្មជាតិ​ងាយ​​បង្ក​ជំងឺ​មហារីក។

តើ​អ្វី​ទៅ​ជា​កញ្ឆា ? គេ​អាច​សម្គាល់​អ្នក​ជក់​កញ្ឆា​បាន​ដោយ​របៀបណា និង​មាន​គ្រោះ​ថ្នាក់​យ៉ាងណា ? សូម​ស្តាប់​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត មាស វរិន្ទ

គ្រោះ​ថ្នាក់​ចម្បង​នៃ​កញ្ឆា​គឺ​ ការ​ញៀន ! គ្រប់​គ្នា​បាន​ដឹង បាន​ឮ តែ​នៅ​តែ​ចង់​ប្រព្រឹត្ត​ទៀត ! នៅលើ​ពិភពលោក​យើង​នេះ មាន​មនុស្ស​មិន​តិច​ជាង ២០​លាន​នាក់​ទេ ដែល​ញៀន​ ត្រូវ​ការ​ជក់​កញ្ឆា។ ចុះ​បើ​គេ​អាច​រក​ឃើញ​ថ្នាំ​ផ្តាច់ការ​ញៀន ជួយខួរ​ក្បាល​កុំ​ឱ្យ​រង​ឥទ្ធិពល​កញ្ឆា​បាន ?!

ការ​សិក្សា​មួយ​ ដែល​ទើប​បោះផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​អាមេរិក ក្រុម​អ្នក​ស្រាវជ្រាវ​​ពី​ក្រុង​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ក្រុង​ប័រដូ ប្រទេស​បារាំង កំពុង​ពិសោធន៍​ដាក់​ឱ្យ​ដំនើរ​ការ​ ម៉ូលេគុល មួយ​ មាន​សមត្ថភាព​អាច​ទប់​ស្កាត់​ការ​ញៀន​វក់វី។ ការសិក្សា​នេះ​នឹង​អាច​ត្រូវ​ដាក់​ធ្វើ​ចរាចរណ៍​​គ្លីនិក​នៅ​ឆ្នាំ២០១៥។

របក​គំហើញ​ថ្មី​នេះ នឹង​ធ្វើ​ឱ្យ​ការ​​ជក់​កញ្ឆា​ សាប គ្មាន​រសជាតិ ដូច្នេះ​គ្មាន​ប្រយោជន៍​អ្វី​នឹង​ត្រូវ​ជក់​ឡើយ។ អ្នក​ស្រាវជ្រាវ​ បាន​ផ្តោត​​លើ​សកម្មភាព​របស់​សារធាតុ​អ័រមូន​ម្យ៉ាង​ហៅ​ថា prégnénolone ដែល​ខួរ​ក្បាល​ជា​អ្នក​ផលិត​ឡើង។ អ័រមូន​នេះ​មិន​អាច​បង្ក្រាប​ឥទ្ធិពលទាំង​អស់​​​របស់​កញ្ឆា​ តែ​យ៉ាង​ហោច​ណាស់​អាច​បញ្ចេញ​ប្រតិកម្ម​លើ​ផលប៉ះពាល់​ដ៏​សំខាន់​មួយ គឺ​ចំណង់​ ដែល​បង្កើត​ភាព​ញៀន « ការញៀន​ដែល​ធ្វើ​ឱ្យ​ខូច​ការ​ចង​ចាំ លែង​ឃ្លាន​ និង​ដែល​ធ្វើ​ឱ្យ​មនុស្ស​​ចេះ​តែ​ខ្លិល​​ »។ នេះ​បើ​តាម​ការ​ពន្យល់​បំភ្លឺ​របស់​លោក​នាយក​ស្រាវជ្រាវ Pier Vincenzo Piazza។

សម្រាប់​អ្នក​វិទ្យាសាស្ត្រ កម្មវត្ថុ ​ថ្ងៃ​អនាគត​ គឺ​ផលិត​ជា​គ្រាប់​ថ្នាំ​។ ហើយ​អាច​ចេញ​វេជ្ជបញ្ជា​ឱ្យ​ដល់​ជន​គ្រប់រូប ដែល​ចង់​ផ្តាច់​ខ្លួន​ពី​កញ្ឆា។ កញ្ឆា ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វត្ថុ​តម្រូវការ​បន្ថែម​ទីពីរ​បន្ទាប់​ពី​សុរា។ ការសិក្សា​គ្លីនិក នឹង​អាច​ចាប់​ផ្តើម​នៅ​រវាង​ មួយ​ឆ្នាំ​កន្លះ​ទៀត។ ប៉ុន្តែ​គោលការណ៍​ស្រាវជ្រាវ​នេះ មិន​អាច​ជួយ​អ្នក​ញៀន​គ្រឿង​ញៀន​ខ្លាំងៗ​ដូចជា​កូកាអ៊ីន ឬ​ហេរ៉ូអ៊ីន​ទេ។

សម្រាប់​ពេល​នេះ ការស្រាវជ្រាវ​បាន​ចូល​ដល់​ដំណាក់​កាល​​​ធ្វើ​តេស្ត​សាកល្បង​លើ​សត្វ​កណ្តុរ។ គេ​បាន​ចាក់​​បញ្ចូល​​ជាតិ​កញ្ឆា​ក្នុង​សត្វ​នេះ ក្នុង​កំរិត​ច្រើន​ជាង​អ្នក​ជក់​កញ្ឆា​ជា​ប្រចាំ​​ ពី​បី​ទៅ​១០​ដង ទៅ​ទៀត ដើម្បី​សាក​ល្បង​មើលប្រសិទ្ធិភាព​​របស់​អ័រមូន​ prégnénolone។ ការ​បង្កើន​សារធាតុ​អ័រម៉ូន prégnénolone ​ ទៅ​ឱ្យ​ខួរក្បាល បាន​បង្ហាញ​​អ្នក​ស្រាវជ្រាវមើល​ឃើញ ការ​​បិទ​ខ្ទប់​ឥទ្ធិពល​អាក្រក់​នៃ​សារធាតុ​សកម្មរបស់​កញ្ឆា​ មិន​ឱ្យ​សាយភាយ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ