អានតួអត្ថបទ
ជប៉ុន

ជប៉ុន​ប្រារព្ធ​​ខួប​​ទំលាក់​គ្រាប់បែក​​បរមាណូ​​របស់​​អាមេរិក​ ​​នៅ​​ហ៊ីរ៉ូស្ហ៊ីម៉ា​

ប្រជាជន​ជប៉ុន​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយ​គ្រាប់បែក​បរមាណូ​អាមេរិក នៅHiroshima
ប្រជាជន​ជប៉ុន​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយ​គ្រាប់បែក​បរមាណូ​អាមេរិក នៅHiroshima Reuters

ថ្ងៃសៅរ៍​​៦សីហា​នេះ ជា​ខួប​៧១ឆ្នាំ នៃ​ការទំលាក់គ្រាប់បែក​បរមាណូ​ នៅ​ក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ភាគខាងត្បូង​ប្រទេស​ជប៉ុន។ នាយករដ្ឋមន្ត្រី​ស្ហ៊ីនហ្សូ អាបេ​ និង​តំណាង​ប្រទេស​ជាង​១០ បានចូលរួម​រំលឹក​ខួប​នេះ​ ដោយបាន​ស្មឹងស្មាធ​រយៈពេល​១នាទី។ ​ពិធី​រំលឹកខួប​​ឆ្នាំនេះ ​ធ្វើឡើង​​​តែ​ប៉ុន្មាន​ខែប៉ុណ្ណោះ ​ក្រោយ​​​​​ទស្សនកិច្ច​ជាប្រវត្តិសាស្ត្រ​​របស់​លោក​អូបាម៉ា​ នៅ​ក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹកម៉ោង​៨​និង​១៥នាទី ​ថ្ងៃ៦សីហា​ ឆ្នាំ១៩៤៥ យន្តហោះ​បេ-២៩ របស់​អាមេរិក ឈ្មោះថា Enola Gay បាន​ទំលាក់​គ្រាប់បែក​បរមាណូ ឈ្មោះ Little Boy​ កំទេច​ក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ភាគខាងត្បូង​ជប៉ុន។ មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់។ មនុស្ស​ខ្លះទៀត​ស្លាប់​ដោយសារ​របួស​ធ្ងន់ធ្ងរ ខ្លះ​ដោយសារ​ការរលាក រឺ​ជំងឺ​បង្កឡើង​ដោយ​ធាតុវិទ្យុសកម្ម ​​ជួនកាល​មិនស្លាប់​ភ្លាមទេ គឺស្លាប់​ប៉ុន្មានខែ រឺ​ប៉ុន្មានឆ្នាំ​ក្រោយ​ហេតុការណ៍។

៣ថ្ងៃ​ក្រោ​យទំលាក់​គ្រាប់បរមាណូ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា ​គ្រាប់បែក​បរមាណូ​ទី២​ ឈ្មោះFat Man ​បាន​វាយប្រហារ​ក្រុងណាហ្កាសាគី ភាគខាងត្បូង​ជប៉ុន។ ​ថ្ងៃ​១៥សីហា ជប៉ុន​ប្រកាស​ចុះចាញ់​ ធ្វើអោយ​សង្គ្រាមលោក​លើកទី២​បិទបញ្ចប់។

ប្រជាជន​ជប៉ុនភាគច្រើន​ចាត់ទុក​ ការទំលាក់គ្រាប់បែក​បរមាណូ​អាមេរិក ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ជា​ទង្វើ​ព្រៃផ្សៃ ព្រោះ​វាបាន​សម្លាប់​ជនស៊ីវិល ហើយ​គ្រាប់បែក​បរមាណូ​ទៀតសោត ក៏​ជាគ្រាប់បែក​មាន​កម្លាំង​មហិមា មិនគួរ​ប្រើ​សម្លាប់​ជនស៊ីវិល​ដូច្នេះទេ។

ថ្ងៃសៅរ៍នេះ អភិបាលក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា ​លោក​Kazumi Matsui ​បាន​រំលឹក​ដល់​ទស្សនកិច្ច​​ប្រវត្តិសាស្ត្រ​​របស់​លោក​អូបាម៉ា ​នៅ​ក្រុងនេះ កាលពី​ប៉ុន្មានខែមុន។ ប៉ុន្មានខែ​មុននេះ លោក​អូបាម៉ា​បាន​ឧទ្ទិស​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រាប់បែក​បរមាណូ។

ត្បិតថា ប្រធានាធិបតី​អាមេរិក​​​មិនបាន​ធ្វើការ​​សូមទោស ចំពោះ​ការសម្រេច​ទំលាក់​គ្រាប់បែក​បរមាណូ របស់​ប្រធានាធិបតីអាមេរិក សម័យ​សង្គ្រាម​លោក​​ក្តី ក៏​ទង្វើ​លោកអូបាម៉ា​ចំពោះជនរងគ្រោះ​នៅ​ជប៉ុន​ ធ្វើអោយ​ប្រជាជន​ជប៉ុន​​កោតសរសើរ​ដែរ។  អភិបាល​ក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​​​​​បាន​អំពាវនាវ​អោយ​​ពិភពលោក​ចាត់វិធានការ​​​​​ហាមឃាត់​អាវុធ​បរមាណូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ