អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​បង្កើត​បញ្ជី​សេវាសាធារណៈ​ដើម្បី​ប្រឆាំង​អំពើពុករលួយ

លោក​​ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា
លោក​​ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា ©វណ្ណារ៉ា

ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​​ភាព​មិន​ប្រក្រតី​ ជាពិសេស​ប្រឆាំង​នឹង​អំពើពុករលួយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​នូវ​ការ​បង្កើត​បញ្ជី​សេវាសាធារណៈ​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​នានា​។ បញ្ជី​នោះ​កំណត់​អំពី​កម្រៃ​សេវា ក្នុង​ការ​ធ្វើ​លិខិត​ស្នាម ការ​ចុះ​បញ្ជី និង​ការ​ធ្វើ​ស្លាក​លេខ​ម៉តូ​ឡាន ជា​ដើម ហើយ​បើ​សិន​ជា​មន្ត្រី​រាជការ យក​លុយ​លើស​បញ្ជី​កំណត់​សេវា​កម្រៃ​នោះ នឹង​ត្រូវ​មានទោស​។​

ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា របស់​វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ នៅ​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៣ លោក​នាយកដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ការបង្កើត​នូវ​តារាងបញ្ជី​សេវា​សាធារណៈ ដោយ​មាន​កំណត់​ពី​តម្លៃ​សេវា​នានា ដែល​ត្រូវ​បង់​ចូល​រដ្ឋ ក្នុងការ​ធ្វើ​លិខិតស្នាម​នានា ដូចជា នៅ​សាលាសង្កាត់ និង​ការសុំច្បាប់ បើក​អាជីវកម្ម ជាដើម​។ លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ការបង្កើត​បញ្ជី​សេវា​សាធារណៈ ដែល​បង្កើតឡើង​រួមគ្នា រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គឺ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ភាពមិនប្រក្រតី ពិសេស​គឺ​ប្រឆាំងនឹង​អំពើពុករលួយ​។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រកាស​ចេញ​នូវ​បញ្ជី​នៃ​សេវាសាធារណៈ​។ ក្នុង​ស្ថាប័ន​មួយ មាន​សេវា​អី​ខ្លះ ? ហើយ​សេវា​មួយៗ យក​ប៉ុន្មាន ?​។ នេះ​ជា​កម្មវិធី​ប្រយុទ្ធ​នឹង​ភាព​មិន​ប្រក្រតី​។ ប្រយុទ្ធ​នឹង​អំពើពុករលួយ ហើយ​និង​ការជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​សម្រាប់​ក្នុង​វិស័យ​ប្រជាពលរដ្ឋ​របស់​យើង ក៏​ដូច​ជា​រាប់ទាំង​ការ​វិនិយោគ​របស់​បរទេស និង​ក្នុង​ស្រុក​ផង​ដែរ​។ អីចឹង​ទេ ចាប់​ពី​នេះ តទៅ យើង​មាន​ក្បួនខ្នាត​របស់​យើង​មួយ​ទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​អសកម្ម​នានា​"។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បន្ថែម​ថា មក​ដល់​ពេល​នេះ នៅ​សល់​តែ​ក្រសួង​មហាផ្ទៃ​មួយ​ទេ ដែល​កំពុង​តែ​រៀបចំ​បញ្ជី​សេវាសាធារណៈ​។ ក្រសួង​មហាផ្ទៃ ជា​ស្ថាប័ន​គ្រប់គ្រង​លើ​សាលាឃុំ​សង្កាត់ ស្រុក​ខណ្ឌ ក្រុង​រាជធានី​ខេត្ត ព្រម​ទាំង​គ្រប់គ្រង​ប៉ូលិស ដែល​ត្រូវ​បាន​គេ​ដឹង​ថា បាន​យក​លុយ​យ៉ាង​ច្រើន ក្នុង​ការ​បញ្ជាក់​លិខិតស្នាម ទិញ​លក់​ដី​ផ្ទះ និង​ការធ្វើ​សៀវភៅ​ស្នាក់នៅ ជាដើម។ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា “​ប៉ុន្តែ​សេវា​នៅ​ស្ថាប័ន​នេះ ត្រូវ​បាន​រៀប​ចំ​ឲ្យ​ប្រកាស​រួច​ហើយ​។ ឥឡូវ​ត្រូវ​ប៉ុន្មាន​កន្លែង ?។ ឧទាហរណ៍​ថា ចុះ​បញ្ជី​ពាណិជ្ជកម្ម​ត្រូវ​ធ្វើ​អ្វីខ្លះ​? កម្រៃ ត្រូវ​បង់​ប៉ុន្មាន​? បើ​លើស​ពី​នេះ គឺ​ខុសច្បាប់​។ ខាង​ផ្នែក​សាធារណៈការ ថា​ធ្វើ​លេខ​ឡាន ត្រូវ​ធ្វើ​ប៉ុន្មាន​កន្លែង​? ចេញ​ពី​កន្លែង​ណា ទៅ​កន្លែង​ណា​? ត្រូវ​បង់ថ្លៃ​ប៉ុន្មាន​? គឺ​បង់​តែ​ប៉ុណ្ណឹង​។ ខុស​ពី​នឹង អ្នក​បង់​ឲ្យ​លើស ក៏​ត្រូវ​ជាប់ទោស ឯ​អ្នក​ទទួល​លើស ក៏​ត្រូវ​ជាប់ទោស​។ អា​នឹង បង្កើត​ទៅ​ជា​ស្តង់ដារ​មួយ ដើម្បី​ឲ្យ​យើង​មាន​បែបបទ​នៃ​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ មិន​អាច​ចេះ​តែ​ព្រាលៗ ចេះ​តែ​ចោទ​លេងៗ​ទេ​។ ដាក់ចេញ​ជា​ក្របខ័ណ្ឌ​អីចឹង​តែម្តង​"​។​

ជាមួយគ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យចូល​ទាំងអស់គ្នា ដើម្បី​កសាង​សង្គមជាតិ ឲ្យ​រីកចម្រើន ហើយ​លោកនាយក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា កម្ពុជា​នឹង​អាច​ប្រឆាំង​អំពើពុករលួយ​បាន​។​ សូម​រម្លឹកថា លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៧​មករា ឆ្នាំ​២០១៣ ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋាភិបាល នឹង​ចាប់ផ្តើម​អនុវត្ត​ផែនការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ ពិសេស​ចាត់ការ​លើ​មន្ត្រីឃុំ​សង្កាត់ ដែល​យក​លុយ​លើស​ចំនួន​កំណត់ ពាក់ព័ន្ធ​ថ្លៃ​កម្រៃ​សេវា បញ្ជាក់​លិខិតស្នាម នានា​។ ក្នុងនោះ ប៉ូលិស​ចរាចរណ៍ ដែល​តែងតែ​ឈរ​យក​លុយ​ឡាន​ដឹក​ទំនិញ​តាមផ្លូវ និង​ផាកពិន័យ​លើស​កំណត់ ក៏​នឹង​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ ចាប់ពី​ខែ​កុម្ភៈ​នេះ​តទៅ ត្បិត​អី​នៅ​ខែ​មករា​នេះ ជា​រយៈពេល​ដែល​មន្ត្រី​ជាប់​កាតព្វកិច្ច ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល លើក​ទី​២។ នៅ​ឆ្នាំ​២០១២ អង្គការ​តម្លាភាព​កម្ពុ​ជា បានប្រកាសថា កម្ពុជា​មាន​ចំណាត់ថ្នាក់​លេខ ១៥៧ ក្នុងចំណោម ១៧៦ ប្រទេស ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ