អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គួរ​បិទ​ទំព័រ​នៃ​យុគសម័យ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា!

សំឡេង ០៤:៤២
អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ
អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ ©វណ្ណារ៉ា

សវនាការ​កាត់ទោស​លោ​ក​ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ ដែល​ចាប់ផ្តើម​បើក​ធ្វើ​តាំង​ពីថ្ងៃ​អង្គារ គឺជា​សំណុំរឿង​ដ៏​ធំ​មួយ​នៅក្នុង​បញ្ហា​ដីធ្លី​នៅ​កម្ពុជា។ សំណុំ​រឿងនេះ​បាន​បង្ហាញថា ជម្លោះដីធ្លី​បានក្លាយ​ជា​បញ្ហា​ធំធេង​រហូតដល់​មានការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ។ ទោះបី​ជា​មាន​ការ​បកស្រាយ​ខុស​គ្នា​អំពី​ជម្រៅ​នៃ​បញ្ហា​នេះ ប៉ុន្តែ សំណុំ​រឿង​នេះ​ផ្តើម​ចេញ​ពី​បញ្ហា​ដីធ្លី។ តើ​គេ​គួរ​បណ្តោយ​ឲ្យ​បញ្ហា​ដីធ្លី​ក្លាយ​ជា​អណ្តាតភ្លើង​ដុត​រោល​ភាព​សុខ​សាន​របស់​ពលរដ្ឋ​ខ្មែរ​ត​ទៅ​ទៀត​ដែរឬទេ?

ផ្សាយពាណិជ្ជកម្ម

សវនាការ​រឿងក្តី​លោក ម៉ម សូណង់ដូ អាច​ចាត់ទុកថា​ជា​សំណុំរឿង​ដ៏​ធំជាងគេ​មួយ​ក្នុង​ចំណោម​សំណុំរឿង​ដីធ្លីធំៗជាច្រើន​នៅ​ទូទាំងប្រទេស​ដែល​ធ្លាប់​បានកើត​ឡើងជា​ហូរហែ។ កាល​ពី​មុននេះ ករណី​ដីធ្លី​ធ្លាប់មាន​ការចោទប្រកាន់​ត្រឹមតែ​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ឬ​បទ​ប្រើ​អំពើហិង្សាផ្សេងៗតែប៉ុណ្ណោះ។ ប៉ុន្តែ ពេលនេះ បទចោទប្រកាន់​បាន​ឈាន​ដល់​ការប៉ុនប៉ង​បង្កើត«តំបន់អបគមន៍»ដែលជា​ទោសឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​មួយ។

សវនាការ​សំណុំរឿង​ដ៏​ធំ​នេះ​ក៏បាន​កើតឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​កំពុង​ស្រូត​រូតរះ​ដោះស្រាយ​បញ្ហាដីធ្លី​នៅ​ទូទាំងប្រទេស​តាមរយៈ​ការបញ្ជូន​ក្រុមនិស្សិត​ស្ម​គ្រ័​ចិត្ត​ឲ្យ​ចុះទៅ​វាស់វែង​ដី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មានទំនាស់។ បើ​យោងតាម​គោលការណ៍​ដែល​ប្រកាស​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពលរដ្ឋ​ទាំងឡាយណា​ដែល​កំពុងមាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​ឯកជន ឬ​កំពុង​រស់នៅ​លើដី​របស់​រដ្ឋ ឬក៏​មាន​បញ្ហា​ដី​បរិស្ថាន រដ្ឋាភិបាល​នឹង​កាត់​ដី​ទាំងនោះ​ប្រគល់ជូន​ពួកគេ​ទាំងនោះគ្រប់ៗគ្នា។ មានតែ​ករណី​មួយគត់​ដែល​រដ្ឋាភិបាល​មិនអាច​អារកាត់​បាន នោះ​គឺ​ដី​ដែលមាន​ទំនាស់​រវាង​ពលរដ្ឋ​មួយក្រុម​ជាមួយ​ពលរដ្ឋ​មួយក្រុម​ទៀត​ដែល​មិនទាន់​ដោះស្រាយបាន។

ប្រសិនបើ​គោលការណ៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ត្រូវបាន​អនុវត្ត​ដោយ​ស្មើភាព និង​តម្លាភាព ទំនាស់​ដីធ្លី​អាច​នឹង​ដោះស្រាយបាន​ស្ទើរតែ​ទាំងស្រុង​នៅ​ទូទាំងប្រទេស​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ។ ម្យ៉ាងទៀត ដំណោះស្រាយ​បញ្ហាដីធ្លី​របស់​រដ្ឋាភិបាល បើទោះបីជា​មានការ​រិះគន់ខ្លះៗអំពី​រូបភាព​ដែល​បាន​ធ្វើឡើង​ក៏ដោយ ក៏​វា​បង្ហាញ​ឲ្យ​ឃើញថា បញ្ហា​ដ៏​ក្តៅគគុក​មួយ​នេះ​ត្រូវបាន​រដ្ឋាភិបាល​ចាត់ការ​ដោយ​មិនអាច​បណ្តែតបណ្តោយ​ទៀត​បានឡើយ។

ជា​ការ​ពិត​ណាស់ បញ្ហា​ដីធ្លី​ដែល​បាន​ផ្ទុះឡើង​ស្ទើរតែ​គ្រប់ទិសទី​ជា​យូរណាស់​មកហើយ​នោះ បាន​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​សម្រាប់​សង្គម​កម្ពុជា​ក្នុង​សម័យកាល​អភិវឌ្ឍ​ន៍​នេះ។ ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​បាន​ងើបឡើង​ការពារ​ដី​របស់​ពួកគេ​ប្រឆាំងនឹង​ក្រុមហ៊ុន​ឯកជន ឬ​អ្នក​បំពាន​ដី​របស់ខ្លួន​នៅ​ស្ទើរតែ​គ្រប់ទិសទី។ ករណី​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ដែល​ឈានដល់​ការចោទប្រកាន់​លោក​ម៉ម សូណង់ដូ​នៅពេលនេះ ក៏​ជា​អធិករណ៍​ចុងក្រោយ​មួយ​នៅក្នុង​​បរិបទជម្លោះដីធ្លី​នេះដែរ។

បើ​ទោះ​បី​ជា​សំណុំ​រឿងនេះ​កំពុងស្ថិត​ក្នុង​ដំណាក់កាល​តទល់​គ្នា​នៅ​ឯ​តុលាការ​ដែល​គេ​នៅ​មិនទាន់​ដឹង​ស​ខ្មៅ​ពិតប្រាកដ​នៅឡើយ ក៏​ប៉ុន្តែ អ្វី​ដែល​គេ​បានដឹង​ច្បាស់លាស់​រួច​ទៅ​ហើយ​នោះ គឺ​ផលវិបាក​របស់​វា​ដែល​បាន​កើត​ឡើង៖ ទាំង​អ្នកស្លាប់ ទាំង​អ្នករត់​គេចខ្លួន និង​ទាំង​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​ពន្ធនាគារ គឺ​សុទ្ធសឹង​ជា​ពលរដ្ឋ​ខ្មែរ។ រីឯ​ដី​ដែលមាន​ទំនាស់​នោះ​ក៏​ជា​ដី​របស់​ខ្មែរ​ដែរ។ ដូច្នេះ តើ​ហេតុអ្វី​ក៏​ចាំបាច់​មានរឿង​រ៉ាវ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នេះ?

ពិត​ហើយ​ថា គ្រួសារ​មាន​វិន័យ រីឯ​ប្រទេស​មានច្បាប់ ប៉ុន្តែ រឿង​បែបនេះ​ពិតជា​មិនគួរ​នឹង​កើតមាន​ឡើយ ប្រសិនណាបើ​គ្រប់គ្នា និង​គ្រប់ភាគី​ពាក់​ព​ន្ធ័​រួមគ្នា​រក​ដំណោះស្រាយ​ជំនួស​ឲ្យ​ការប្រឈមមុខ​ដាក់គ្នា​នោះ។ តែ​បើ​វា​ជ្រុល​ជា​កើត​មាន​ទៅ​ហើយ ហើយ​បើ​រដ្ឋាភិបាល​គង់​តែ​នឹង​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​តែ​ដដែល​នោះ សំណុំរឿង​លោក​ម៉ម សូណង់ដូ គួរ​តែ​ត្រូវ​បិទ​បញ្ចប់​ដោយ​សង្ឃឹម។

សម្រាប់​ក្រសែភ្នែក​ក្រុមអ្នកវិភាគ​បញ្ហា​សង្គម​កម្ពុជា ការ​បិទ​ចោល​នូវ​យុគសម័យ​បញ្ហា​ដីធ្លី​គឺ​ជា​រឿង​ចាំបាច់​ដើម្បី​ភាព​សុខ​សាន​នៃ​សង្គម​ខ្មែរ។ ដើម្បី​បិទ​បញ្ចប់​ទំព័រ​ដីធ្លី​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព រដ្ឋ​ត្រូវ​ធានាថា គ្រប់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​មានកម្ម​សិទ្ធិ​ដីធ្លី​ដោយ​គ្មាន​លើកលែង។ ក្នុង​ករណី​មាន​ទំនាស់​ដីធ្លី​កើត​ឡើង​ជា​យថាហេតុ គ្រប់​ភាគី​ពាក់ពន្ធ័​គួរ​រួម​គ្នា​រក​ដំណោះស្រាយ​ជា​ជាង​ការ​យក​បញ្ហា​នយោបាយ​ទៅ​លាយឡំ។ ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​អាច​បិទ​ទំព័រ​បញ្ហា​ដីធ្លី​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ មែន បក្ស​កាន់អំណាច​នឹង​ទទួល​បាន​ប្រជាប្រិយភាព រីឯ​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​ក៏​នឹង​កើត​មាន​ឡើង​ដែរ ពោល​គឺ ពួក​គេ​នឹង​លែង​រំខាន​ដោយ​បញ្ហាដីធ្លី​ទៀតហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ