អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​ប្រារព្ធ​ពិធី​កំចាត់​ជំងឺ​ស្វិតដៃ ជើង​បាន​ដោយ​ជោគជ័យ

កុមារី​ម្នាក់​កំពុងទទួល​ការចាក់ថ្នំា​បង្ការ​រោគ​ស្វិតដៃជើង
កុមារី​ម្នាក់​កំពុងទទួល​ការចាក់ថ្នំា​បង្ការ​រោគ​ស្វិតដៃជើង Karin Brulliard/The Washington Post via Getty Images

នៅ​ថ្ងៃ​ចន្ទ ទី១៣ មករា​នេះ ឥណ្ឌា​បាន​រៀបចំ​ប្រារព្ធ​ពិធី​គ្មាន​ករណី​ជំងឺ​ស្វិតដៃ ជើង​ក្នុង​រយៈពេល ៣ឆ្នំា​កន្លង​ទៅ។ នៅ​ពេល​ខាង​មុខ និង​ប្រសិន​បើ​ករណី​ជំងឺ​ស្វិតដៃ ជើង​នឹង​លែង​លេច​ជា​រូបរាង​នៅ​ក្នុង​ទឹកដី​ឥណ្ឌា​ទៀត​នោះ រដ្ឋាភិបាល​ទីក្រុង​ញូដែលី​នឹង​អាច​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​កំចាត់​ជំងឺ​ស្វិត​ដៃ ជើង​បាន​ជា​ស្ថាពរ​លើ​ទឹកដី​របស់​ខ្លួន។ គួរ​ជម្រាប​ជូន​ថា អវត្តមាន​ជំងឺ​ស្វិតដៃ ជើង​ក្នុង​ទឹកដី​ឥណ្ឌា​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ករណី​ជំងឺ​មួយ​នេះ​ក៏​កំពុង​ចុះ​ឥទ្ធិពល​នៅ​ទូទំាង​ពិភពលោក​ដែរ។

ផ្សាយពាណិជ្ជកម្ម

 

គឺ​ជា​ការ​បញ្ជាក់​ជា​ផ្លូវការ​របស់​អង្គការ​សុខភាពពិភពលោក​ដែល​ថា ក្នុង​រយៈពេល ៣ឆ្នំា​ជាប់ៗ​គ្នា​ចុង​ក្រោយ​នេះ គ្មាន​ករណី​ជំងឺ​ស្វិតដៃ ជើង​ណា​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹកដី​ឥណ្ឌា​ឡើយ។ តែ​គេ​ត្រូវ​រង់ចំា​ការ​បិទបញ្ចប់​បេសកកម្ម​ផ្ទៀងផ្ទាត់​របស់​អង្គការ​សុខភាពពិភពលោក​លើក​ទឹកដី​ឥណ្ឌា​នា​ខែ​មីនា​ខាង​មុខ​នេះ​សិន ទើប​គេ​អាច​សន្និដ្ឋាន​ចុង​ក្រោយ​ថា រដ្ឋាភិបាល​ទីក្រុង​ញូដែលី​កំចាត់​បាន​ជា​ស្ថាពរ​នូវ​ជំងឺ​ស្វិត​ដៃ ជើង​លើ​ទឹកដី​របស់​ខ្លួន។ គួរ​រម្លឹក​ជូន​ថា វត្តមាន​ជំងឺ​ស្វិតដៃ ជើង​ចុង​ក្រោយ​នៅ​ឥណ្ឌា​បាន​កើត​មាន​កាល​ពី​ថ្ងៃទី១៣ មករា ឆ្នំា ២០១១ នៅ​លើ​ទារកស្រី​ម្នាក់​អាយុ ១៨ខែ ក្នុង​សង្កាត់​អានាធិបតេយ្យ​មួយ​ក្នុង​ទីក្រុង Calcutta។

ជោគជ័យ​របស់​រដ្ឋាភិបាល​ទីក្រុង​ញូដែលី​ក្នុង​ការ​កំចាត់​មេរោគ​ស្វិតដៃ ជើង​ត្រូវ​បាន​ធ្វើ​ឡើង តាម​រយៈ​យុទ្ធនាការ​ចាក់ថ្នំាបង្ការ។ ប្រមុខ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆំាង​នឹង​ជំងឺ​ស្វិតដៃ ជើង​របស់​អង្គការ Unicef ប្រចំា​ប្រទេស​ឥណ្ឌា​បាន​ប្រកាស​ទទួល​ស្គាល់​ថា ឥណ្ឌា​ពិត​ជា​បាន​បង្ហាញ​ពិភពលោក​អំពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​កំចាត់​មេរោគ​មួយ​នេះ បើ​ទោះ​បី​ជា​ខ្លួន​មាន​ប្រជាជន​ច្រើន និង​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​អនាម័យ​ក៏​ដោយ។

អ្វី​ជា​ការ​កត់សម្គាល់​នោះ​គឺ​ថា ចំ​ពេល​ដែល​ឥណ្ឌា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ស្វិតដៃ ជើង ករណី​មេរោគ​មួយ​នេះ​ក៏​កំពុង​ចុះ​ថយ​ឥទ្ធិពល​របស់​វា​នៅ​ទូទំាង​ពិភពលោក​ដែរ។ ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា និង​អាហ្វហ្កានីស្ថាន​ដែល​ជា​ប្រទេស​ពីរ​ក្នុង​ចំណោម​ប្រទេស​ទំាង​បី​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ដែល​ជំងឺ​ស្វតដៃ ជើង​បាន​ក្លាយ​ជា​ជំងឺ​រាតត្បាត​ខ្លំាង។ តំាង​ពី​ឆ្នំា ២០១២ មក គេ​សង្កេត​ឃើញ​អត្រា​នៃ​ជំងឺ​នេះ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​ដែល​ឆ្លង​រាតត្បាត​ដោយ​ជំងឺ​ស្វិតដៃ ជើង។ យោង​តាម​អ្នកឯកទេស​ជំងឺ​ស្វិតដៃ ជើង​របស់​អង្គការ​សុខភាពពិភពលោក ប្រសិន​បើ​ការ​ធ្លាក់​ចុះ​នៅ​បន្ត​មាន​យ៉ាង​ដូច​នេះ គេ​អាច​សន្និដ្ឋាន​ថា​ប្រទេស​អាហ្វហ្កានីស្ថាន និង​នីហ្សេរីយ៉ា​លែង​មាន​ជំងឺ​ស្វិតដៃ ជើង​ទៀត​ឡើយ​ក្នុង​ឆ្នំា ២០១៤ នេះ។ តែ​អ្វី​ដែល​អង្គការ​សុខភាពពិភពលោក​កំពុង​ព្រួយបារម្ភ​នោះ គឺ​វត្តមាន​ជំងឺ​នេះ​នៅ​ក្នុង​ទ្វីបអាហ្រ្វិក ពិសេស​ប្រទេស​សូម៉ាលី។ រីឯ​ប្រទេស​ស៊ីរី​ក៏​កំពុង​ក្លាយ​ជា​ដែនដី​ថ្មី​របស់​ជំងឺ​ស្វិតដៃ ជើង​នេះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ