អានតួអត្ថបទ
អាមេរិក-ឥណ្ឌា

អាមេរិក​-​ឥណ្ឌា​ចរចា​ពាណិជ្ជ​មិន​សូវ​បានផល​​ ហើយ​រួម​រឹត​ដោយ​បាតុកម្មនៅរដ្ឋធានី​

ប្រធានា​ធិបតី​អាមេរិក និង​ប្រមុខរដ្ឋ​​ឥណ្ឌា
ប្រធានា​ធិបតី​អាមេរិក និង​ប្រមុខរដ្ឋ​​ឥណ្ឌា MANDEL NGAN / AFP

ថ្ងៃទី​២៥កុម្ភៈ ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច ចំនួន​ពីរថ្ងៃ ​នៅ​ឥណ្ឌា។ គេ​កត់​សម្គាល់​ថា ការ​ចរចាផ្នែក​ពាណិជ្ជ​កម្ម​ទ្វេភាគី ហាក់​មិន​សូវ​បាន​ផល​ច្រើនប៉ុន្មាន​ឡើយ​ ​ ហើយ​ទស្សនកិច្ច​នេះទៀត​សោត​ បាន​រួម​រឹត​ដោយសារ​បាតុកម្ម​និង​​អំពើហិង្សា​ នៅ​រដ្ឋធានី​ញ៉ូវ​ដេលី តែម្តង​។ នោះ​គឺជា​ការ​ប៉ះទង្គិច​គ្នា​​រវាង​អាជ្ញាធរឥណ្ឌា​​និង​ក្រុម​ប្រជាពលរដ្ឋ​​បាតុករកាន់​សាសនា​​អ៊ីស្លាម ដែល​បណ្តាល​ឱ្យ​ មាន​មនុស្ស​ស្លាប់ យ៉ាងហោច​​១០នាក់ ។ 

ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​ប្រមុខ​រដ្ឋ​នៃ​មហាអំណាច​អាមេរិក​-ឥណ្ឌា គឺ​មិន​សូវ​បាន​ផលខ្លាំង​ លើ​ទិដ្ឋភាព​ពាណិជ្ជកម្ម​នោះទេ។ មានតែ​​កិច្ចសន្យា​​​មួយ​​ដែល​គេ​បាន​ដឹង គឺ​ឥណ្ឌា​សន្យា​ទិញ​ឧទ្ធម្ភាកចក្រ​យោធា​អាមេរិក​ ​តម្លៃ​ទឹកប្រាក់​ ២ពាន់​លាន​ដុល្លារ។ ក្រៅពីនេះ​ គ្មាន​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​ធំដុំ​ណា​មួយ បាន​ត្រូវ​ចុះ​ហត្ថលេខា​នោះឡើយ។

ទោះយ៉ាងនេះ​ក្តី លោក ដូណាល់ ត្រាំ​ មាន​ប្រសាសន៍ ​នៅ​ពេល​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​ប្រមុខរដ្ឋ​ឥណ្ឌា ថា ភាគី​ទាំងពីរ​បាន​ចរចាទៅលើ​ទិដ្ឋភាព​ពាណិជ្ជកម្ម​ជា​​ច្រើន​ចំណុច។​ ពី​ចំណែក​ឥណ្ឌា លោកប្រធានធិបតី នរិន្ទ្រា ម៉ូឌី បញ្ជាក់ថា លោកទាំងទ្វេ​​បាន​ពិភាក្សា​គ្នា​គ្រប់​ទិដ្ឋភាព​នៃ​ទំនាក់​ទំនង​រដ្ឋនិងរដ្ឋ, ទៅលើផ្នែក​ពាណិជ្ជកម្ម, ទំនាក់​ទំនង​រវា​ងពលរដ្ឋ​​អាមេរិក​និង​ឥណ្ឌា ព្រ​មទាំង​កិច្ច​សហការ​ផ្នែក​សន្តិសុខ​និងការ​ពារជាតិ ជាដើម​។​

គួរ​ជ្រាបថា ទស្សនកិច្ច​របស់​ប្រធានា​ធិបតី​អាមេរិកនៅ​ឥណ្ឌា កើត​ឡើង​​ក្រោយ​ពេល​ដែល​ប្រទេស​ទាំងពីរ​បាន​ប៉ះ​ទង្គិច​ពាក្យ​សម្តី​គ្នា អស់​ជា​ច្រើន​ខែមកហើយ​ ជុំវិញ​បញ្ហា​យក​ពន្ធគយ​ទំនិញ​និង​សេវាកម្ម​ ក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​​រវាង​អាមេរិកនិង​ចិន។ បើទោះបី​ជា​មិន​បាន​ចុះ​កិច្ច​ព្រមពាណិជ្ជកម្ម​ថ្មី​ធំដុំ ក៏ដោយ​ចុះ​ តែទស្សកិច្ច​​របស់​ប្រមុខ​រដ្ឋ​អាមេរិក បាន​បង្ហាញ​ពីការ​ពង្រឹង​យុទ្ធសាស្ត្រ​របស់​អាមេរិក​នៅ​អាស៊ី​។ ប្រឈម​មុខ​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ី សហរដ្ឋ​អាមេរិក​ត្រូវតែ​ប្រឹង​ពង្រឹង​យុទ្ធសាស្ត្រ​ជាមួយ​ឥណ្ឌា​និងតំបន់​​អាស៊ីប៉ាស៊ីហ្វិក​ ហើយ​អាមេរិក​មិន​អាច​ទុក​ឱ្យ​ចិន​ចែចង់​ឥណ្ឌាតែម្នាក់​ឯងឡើយ​។

នៅលើទិដ្ឋភាព​ផ្នែក​សិទ្ធិម​នុស្ស​​វិញ កាសែត​ Le Monde របស់​បារាំង បាន​កត់​សម្គាល់ថា លោក ដូណាល់ ត្រាំ ហាក់​គ្មាន​បាន​និយាយ​អ្វីមួយ​ម៉ាត់​សោះ​ ​ពីការ​កៀបសង្កត់​របស់ឥណ្ឌានៅ​តំបន់​កាស្មៀរ​។ រឿង​សិទ្ធិម​នុស្សដែរ គឺ​​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ឥណ្ឌា​កាន់​សាសនា​អ៊ីស្លាម ពាក់ព័ន្ធ​នឹង​​ច្បាប់​សញ្ជាតិ​ ក៏​លោក​ ដូណាល់ ត្រាំ ថា​បាន​គ្រាន់តែ​ដឹងឮ តែ​មិន​បាន​យកទៅ​ជជែក​ដេញដោល​លោក ម៉ូឌី នោះទេ។​ នេះក៏​ព្រោះតែ​ ​លោក ត្រាំ ចាត់ទុកថា ជា​រឿង​ផ្ទៃក្នុង​របស់​ឥណ្ឌា។

គួរ​ជ្រាបដែរថា តាំង​ពី​មួយ​ថ្ងៃ​មុន​ដំណើរ​មកដល់​របស់​ប្រមុខរដ្ឋ​អាមេរិក ដែល​តំណាង​បិតា​ប្រជាធិបតេយ្យ, ​ប្រជាពលរដ្ឋ​ឥណ្ឌា​កាន់​សាសនា​អ៊ីស្លាម ជា​ច្រើន​រយនាក់ បាន​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ញូវដេលី​ ប្រឆាំង​នឹងច្បាប់​សញ្ជាតិ​ ដែល​ពួក​គេ​យល់ថា មាន​ភាព​​រើសអើង​ចំពោះ​សហគម​អ៊ីស្លាម​។ ព្រឹត្តិការណ៍​​នេះបណ្តាល​ឱ្យ​មាន​ការ​បង្ក្រាប​និង​ប៉ះទង្គិចគ្នា រហូត​ស្លាប់​មនុស្ស​យ៉ាងហោច​​១០នាក់។​ ក្នុងនោះ មានប៉ូលីសម្នាក់ផង ហើយ អ្នករងរបួស មានចំនួនជាង១៣០នាក់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ